សមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រអាមេរិកមួយចំនួនបានស្នើច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹង«ការបំពាននានានិងអំពើពុករលួយដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ការិយាល័យលោក Edward J. Markey សមាជិកព្រឹទ្ធសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Massachusetts ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៤ ខែកក្កដា។
សមាជិកព្រឹទ្ធសភា ៣រូប និងតំណាងរាស្ត្រអាមេរិក ២រូប បានសហការគ្នាស្នើ«សេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២៣» ឬជាភាសាអង់គ្លេស “Cambodia Democracy and Human Rights Act of 2023” នេះឡើង។
សេចក្តីព្រាងច្បាប់ដែលមាន២៧ទំព័រ ត្រូវបានស្នើឡើងក្នុងគោលបំណង«លើកកម្ពស់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្ស និងដើម្បីគោលបំណងផ្សេងៗទៀត» ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយដាក់ទណ្ឌកម្មនានាលើមន្ត្រីរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិក និងមិនឱ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ។
ការស្នើច្បាប់នេះបានធ្វើឡើង ស្របពេលដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននិងកំពុងដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧ ដោយគ្មានគូប្រជែងពិតប្រាកដ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលរួមការបោះឆ្នោត ដោយសារបញ្ហាចម្រូងចម្រាសផ្នែកលិខិតស្នាម។
នេះមិនមែនជាលើកដំបូងទេដែលសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តអាមេរិកមួយចំនួនបានស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជាឡើយ។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Edward J. Markey ក៏ធ្លាប់បានស្នើសេចក្តីស្នើច្បាប់មួយ ស្តីពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះក៏តម្រូវឱ្យដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណាដែលរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដោយការបង្កកទ្រព្យសម្បត្តិដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិក និងដកហូតទិដ្ឋាការដែលមានស្រាប់។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក ដើម្បីបញ្ជូនទៅប្រធានាធិបតីអាមេរិក ដើម្បីចុះហត្ថលេខាឡើយ។
កាលពីខែសីហា ឆ្នាំ២០២២ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Edward J. Markeyបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលោកជំរុញកម្ពុជាសម្រេចឱ្យបាននូវការសន្យាតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយឈរលើការគោរពសិទ្ធិមនុស្ស។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការស្នើច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា គ្រាន់តែការបន្លឺសំឡេងឱ្យបានមុនការបោះឆ្នោតតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ការលើកឡើងហ្នឹង គ្រាន់តែជាឈុតឆាកនយោបាយ ដើម្បីបន្លឺនៅមុនពេលបោះឆ្នោតប៉ុណ្ណោះ មិនមានជាការអីឱ្យយើងចាប់អារម្មណ៍ខ្ពស់ណាស់ណាប៉ុន្មានទេ ពីព្រោះកម្ពុជានៅតែពង្រឹងបន្តនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក»។
លោកបន្ថែមទៀតថាលទ្ធិប្រជាធិបតេយ្យកម្ពុជាមានលក្ខណៈល្អប្រសើរជាងប្រទេសក្នុងតំបន់ ដែលមិនដូចទៅនឹងអ្វីដែលអាមេរិកបានលើកឡើងនោះឡើយ។
លោកបន្ថែមថា៖ «កម្ពុជាយើងមិនមែនបោះបង់ចោលលទ្ធិប្រជាធិបតេយ្យឯណា។ យើងមានគោលការណ៍ច្បាស់លាស់អំពីការបង្កើតឱ្យមានទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យពីថ្នាក់ក្រោមជាតិគឺ យើងបានធ្វើល្អណាស់ ដែលសមាជិកសភាសហរដ្ឋអាមេរិកហ្នឹង លោកអត់យល់ពីការប្រឹងប្រែងរបស់កម្ពុជា ដែលបង្កើតនូវលម្ហក្នុងការដោះស្រាយដោយកិច្ចសន្ទនាប្រកបដោយសន្តិភាព ប្រកបដោយគុណភាព ប្រកបដោយកិច្ចសហប្រតិបត្តិការដែលយើងខំប្រឹងប្រែង»។
លោកបញ្ជាក់ថាការស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មនេះ មិនមានអ្វីជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ GSP ឬ Generalized System of Preferences ដែលកម្ពុជាទទួលបានពីសហរដ្ឋអាមេរិកឡើយ ដោយលោកថា បើសិនជាកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ក៏កម្ពុជានៅតែមានលទ្ធភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា កន្លងមកក៏ធ្លាប់មានច្បាប់ដាក់ទណ្ឌកម្មទៅលើបណ្តាប្រទេសមួយចំនួនដែលរំលោភសិទ្ធិមនុស្ស ឬក៏មានអំពើពុករលួយជាដើម។
លោកថ្លែងថា៖ «កម្ពុជាគួរតែពិនិត្យឡើងវិញ និងកែលម្អទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កុំឱ្យមានចំពោះបុគ្គលណាមួយទៅថ្ងៃក្រោយទៀត ពីព្រោះការដាក់ទណ្ឌកម្មទោះបីជាបុគ្គលក៏ដោយ ក៏វាអាចជៀសឥទ្ធិពលមិនល្អសម្រាប់កម្ពុជាយើងផងដែរ»។
លោកបន្ថែមថា បើសិនជាប្រព័ន្ធអនុគ្រោះពន្ធGSP បាត់បង់ នោះវាជាការព្រួយបារម្ភមួយដែលធ្វើឱ្យកម្ពុជាបាត់បង់ផលចំណេញមួយកម្រិត៕