ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​កម្ពុជា ខណៈ​ចាត់ទុក​ការ​បោះ​ឆ្នោត​«មិន​សេរី​និង​យុត្តិធម៌»


​រូប​ឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Matthew Miller ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣។
​រូប​ឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Matthew Miller ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣។

ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ កាល​ពី​ថ្ងៃអាទិត្យ​ សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ការ​បោះឆ្នោត​មួយ​នេះ​«មិន​សេរី និង​យុត្តិធម៌»​ឡើយ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែង​ និង​យាយី​ជា​បន្តបន្ទាប់​មក​លើ​គណក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ លោក Matthew Miller ស្តីពី​ការបោះឆ្នោត​នៅកម្ពុជា ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

បើ​តាមសេចក្តី​ថ្លែង​ការណ៍​ចុះថ្ងៃទី​ ២៣ ខែកក្កដា​ ឆ្នាំ​ ២០២៣ សហរដ្ឋ​អាមេរិក​នឹង ដាក់​ទណ្ឌកម្ម​តាម​រយៈ​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​បុគ្គល​មួយ​ចំនួន​ ដែល​អាមេរិក​ចាត់ទុក​ថា​បាន​ចូល​រួម​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រម​ទាំង​នឹង​ផ្អាក​កម្ម​វិធី​ជំនួយ​បរទេស​មួយ​ចំនួន​ផង​ដែរ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា៖ «​ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស បង្កើត​រដ្ឋាភិបាល​ថ្មី អាជ្ញាធរ​មាន​ឱកាស​កែ​លម្អ​កិត្តិនាម​ជា​អន្តរ​ជាតិ​របស់​ប្រទេស​កម្ពុជា ដូចជា​ស្តា​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ពិត​ប្រាកដ បញ្ចប់​ការ​កាត់ក្តី​ដែល​មាន​លក្ខណៈ​នយោបាយ កែ​ប្រែ​ការ​ដាក់​ទោស​ដោយ​តុលា​ការ​ទៅ​លើ​អ្នក​រិះ​គន់ រដ្ឋាភិបាល ហើយ​អនុញ្ញាត​ឱ្យផ្នែក​សារព័ត៌មាន​ឯករាជ្យ​បើក​ដំណើរ​ការ​ឡើង​វិញ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ប្រាប់​វីអូអេនៅ​ថ្ងៃចន្ទ​នេះ​ថា​ ការ​លើកឡើង​របស់​អាមេរិក ​គឺ​ខុស​ការពិត​ទាំង​ស្រុង។ ​លោក​បាន​ឆ្លើយតប​នឹង​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ ដូចជា​ការ​កាត់​ជំនួយ និង​រឹតត្បិត​ទិដ្ឋាការ ថា​ជា​ការ​ព្រមាន​មក​លើ​ប្រទេស​តូច ​ដូច​ជា​កម្ពុជា។
លោក​ថ្លែង​ថា៖ «អានេះ​ជា​ការ​គំរាម​កំហែង​ហើយ​ គាត់​កំពុង​និយាយ​ថា​ បាន​កាន់​អំណាច​គំរាម​កំហែង​បក្ស​ប្រឆាំង​ ក៏​ប៉ុន្តែ​គាត់​ដែល​និយាយ​នេះ​គឺ​គាត់​កំ​ពុង​គំរាម​កំហែង​ប្រទេស​ដែល​តូច​មួយ​ ដែល​កំពុង​មាន​ការរីក​ចម្រើន​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស»។

នៅ​ពេល​សួរ​ពាក់​ព័ន្ធ​ជាមួយ​ការ​រឹតត្បិត​ទិដ្ឋាការ​ និង​ការ​ផ្អាក​កម្មវិធី​ជំនួយ​បរទេស លោក សុខ​ ឥសាន អះ​អាង​ថា​ មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ឡើយ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ លោក ហង្ស ពុទ្ធា លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ច្បាប់ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​អ្នក​ដែល​ថា​ការបោះឆ្នោត​មិន​ប្រជាធិបតេយ្យ​ មិន​សេរី មិន​យុត្តិធម៌ គឺ​មាន​ការ​ភ័ន្តច្រឡំ​ចំពោះ​ការ​វាយ​តម្លៃ​នេះ​ហើយ ហើយ​អាច​ថា​អ្នក​វាយ​តម្លៃ​នេះ​ជា​អ្នក​ដែល​មិន​ជា​ជន​ប្រជាធិបតេយ្យ​នោះ​ទេ»។

នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​ ៧​ នេះ សមាជិក​ព្រឹទ្ធសភា​និង​តំណាងរាស្ត្រ​អាមេរិក​មួយ​ចំនួន​បាន​ស្នើ​ច្បាប់​មួយ​ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចំពោះ​ «ការ​បំពាន​នានា​និង​អំពើ​ពុករលួយ​ ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស» នៅ​កម្ពុជា។ ច្បាប់​នេះ​នឹង​ដាក់​ទណ្ឌកម្ម​នានា​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ហាម​ឃាត់​ទិដ្ឋាការ​មិន​ឱ្យចូល​សហរដ្ឋ​អាមេរិក​ និង​មិន​ឱ្យពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។

ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​បង្ហាញ​លទ្ធផល​បឋមៗ​ក្រៅផ្លូវការ​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្នះ​សំឡេង​លើស​លប់ លោក សម រង្ស៊ី មេដឹក​នាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​អះអាង​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្ស​ជំទាស់​ដ៏​សំខាន់​ចូលរួម​នោះ​ នឹង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ។ ​លោក​បន្ត​ថា​ ផែនការ​ផ្ទេរ​អំណាច​របស់​លោក ​ហ៊ុន សែន ដល់​លោក ហ៊ុន ម៉ាណែត​ ជា​កូន​ច្បង ​ក៏​មិន​អាច​ទៅ​រួចដែរ។

លោក​ថ្លែងនៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ថា៖ «មាន​ន័យ​ថា​ ការ​បោះ​ឆ្នោត​នេះ​សហគមន៍​អន្តរជាតិ​គេ​មិន​ទទួល​ស្គាល់​ទេ។ តាំង​ពី​ដើមទី​មក គេដឹង​ថា​ ការ​បោះឆ្នោត​នេះ​ជា​ការ​បោះ​ឆ្នោត​លេង​សើច​ គេ​អត់​លេង​ចូលទេ គេ​អត់​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ទេ។ ដូច្នេះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បែប​នេះ ក៏​គេ​មិន​ទទួល​យក​ដែរ»។

​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​កាល​ពី​ថ្ងៃ​ទី​ ១៦​ ​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧ ​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ​ដែល​ក្នុង​នោះ​រួម​មាន​ការ​បញ្ឈប់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) និង​ការរឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​នានា ​ដែល​អាមេរិក​យល់​ថា​បាន​ចូលរួម​ «បំផ្លិច​បំផ្លាញ» ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។

ទោះ​ជាយ៉ាងណា​ក្តី​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និកហ្វិច លោក សំ គន្ធាមី លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ធ្វើឡើង​ដោយ​រលូន ដោយ​មិន​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​ទេ។

ដោយ​ឡែក​ សមាជិក​សភា​អាស៊ាន​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក៏​បាន​ថ្កោល​ទោស​ចំពោះ​ការ​បោះ​ឆ្នោត​មិន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​មួយ​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ ដែល​ចុះថ្ងៃទី​ ២៤ ខែ​កក្កដា​នេះ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «ការ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​បែប​នេះ​បាន​ក្លាយ​ជា​ឧបករណ៍​របស់​មេដឹកនាំ​ផ្តាច់​ការកាន់​តែ​ខ្លាំង​ឡើង​ ក្នុង​ការ​ពង្រឹង​អំណាច​របស់​ពួក​គេ ដោយ​ធ្វើ​ឱ្យ​ខូច​ដល់​ការ​បោះ​ឆ្នោត​ដែល​ជា​សសរ​ស្តម្ភ​ស្នូល​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ សហគមន៍​អន្តរ​ជាតិ​មិន​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​ធ្វើ​ឱ្យ​មាន​ភាព​ស្រប​ច្បាប់​នៃ​ល្ខោន​នេះ​ទេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG