លោក Juan Guaido មេដឹកនាំបក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា បានប្រកាសថា ការដឹកជំនួយមនុស្សធម៌ជាលើកដំបូងបានទៅដល់ប្រទេសវេណេស៊ុយអេឡា តាមព្រំដែនជាមួយប្រទេសប្រេស៊ីល នៅភាគខាងត្បូង។
លោកបាននិយាយតាម Twitter កាលពីថ្ងៃសៅរ៍ថា «នេះ គឺជា សមិទ្ធផលដ៏អស្ចារ្យមួយនៅប្រទេសវេណេស៊ុយអេឡា»។
មន្ត្រីក្រសួងការបរទេស ស.រ.អា.ម្នាក់ដែលធ្វើដំណើរជាមួយក្បួនជំនួយបានប្រាប់ វីអូអេ ថា ការដឹកជញ្ជូនម្ហូបអាហារនិងឱសថពីរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលប្រេស៊ីលត្រូវបានរក្សាទុកនៅមូលដ្ឋានយោធាមួយនៅទីក្រុង Bao Vista ប្រទេសប្រេស៊ីល។
ជំនួយក៏ត្រូវបានបញ្ជូនពីប្រទេសកូឡុំប៊ី ផងដែរ។ មានការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍រវាងកងទ័ពឆ្មាំជាតិវេណេស៊ុយអេឡា ដែលបិទស្ពាននិងអ្នកស្រុកដែលព្យាយាមបើកស្ពានសម្រាប់រថយន្តដឹកជញ្ជូនជំនួយពីប្រទេសកូឡុំប៊ីចូលក្នុងប្រទេសវេណេស៊ុយអេឡា។
ទោះជាមានអតិផរណានិងកង្វះស្បៀងអាហារយ៉ាងច្រើនក៏ដោយ ក៏លោកប្រធានាធិបតី Nicolas Maduro បានបដិសេធជំនួយពីប្រទេសដទៃទៀតដោយនិយាយថា ជនរួមជាតិរបស់លោកមិនមែនជាអ្នកសុំទានទេ។
ប៉ុន្តែលោក Guaido ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នបានប្ដេជ្ញាថា លោកនឹងព្យាយាមធ្វើឲ្យជំនួយដែលកកនៅឃ្លាំងនៅច្រកព្រំដែនវេណេស៊ុយអេឡា អាចដឹកឆ្លងព្រំដែនចូលក្នុងប្រទេសនេះ។ មនុស្សរាប់ពាន់នាក់បានបោះជំរំមួយយប់ដើម្បីជួយចែកស្បៀងនេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីរបស់ទីភ្នាក់ងារអន្តោប្រវេសន៍ប្រទេសកូឡុំប៊ី បានរាយការណ៍ថា កងទ័ពឆ្មាំជាតិវេណេស៊ុយអេឡា បីនាក់បានរត់ចោលប៉ុស្តិ៍របស់ពួកគេកាលពីព្រឹកថ្ងៃសៅរ៍ មុនពេលកិច្ចប្រឹងប្រែងនាំជំនួយទៅក្នុងប្រទេសវេណេស៊ុយអេឡា បានចាប់ផ្ដើម។
ក្រុមប្រឆាំងនិងប្រទេសដែលគាំទ្រការដឹកជំនួយបានជំរុញឱ្យយោធាវេណេស៊ុយអេឡា ប្រឆាំងនឹងបទបញ្ជារបស់លោក Maduro ដែលទប់ស្កាត់ការដឹកជញ្ជូនជំនួយ៕