លោក ត្រាំ​ បញ្ជូន​ទាហាន​អាមេរិក១​ពាន់​នាក់​ថែម​ទៀត​ទៅ​កាន់​ប្រទេស​ប៉ូឡូញ

រូបឯកសារ៖ លោកប្រធានាធិបតី​ ដូណាល់ ត្រាំ និយាយ​ជាមួយ​លោក Marilyn Hewson​ ប្រធានប្រតិបត្តិ​ក្រុម​ហ៊ុន Lockheed Martin នៅ​ពីមុខ​យន្ត​ហោះ F-35 នៅ​ក្នុង​ពេល​មាន​ការ​បង្ហាញ​ផលិត​ផល​អាមេរិក នៅ​សេតវិមាន​ កាល​ពី​ឆ្នាំ​២០១៨។

លោក​ប្រធានាធិបតី​​ ដូណាល់ ត្រាំ និយាយ​ថា​ លោក​បញ្ជូន​ទាហាន​អាមេរិក​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ពង្រីក​​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នេះ។

​កិច្ចព្រម​ព្រៀង​នេះ​ក៏​មាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​លក់អាវុធ​អាមេរិកទៅ​ឱ្យ​ប្រទេស​ប៉ូឡូញ។ ​

នៅ​ពី​លើ​សេតវិមាន​ មានការ​ហោះ​នៃ​កងយន្ត​ហោះ​ប្រតិកម្ម​ប្រយុទ្ធ​ធុន​ F-35 ដែល​ជា​យន្ត​ហោះ​ទំនើប​បំផុត​នៅ​ក្នុង​កង​យោធា​អាមេរិក។

លោក​ប្រធានាធិបតី​ ត្រាំ និង​ប្រធានាធិបតី​នៃប្រទេស​ប៉ូឡូញ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លក់​យន្តហោះ​បែប​នេះ​ឱ្យ​ប្រទេស​ប៉ូឡូញ ​កាល​ពី​ថ្ងៃពុធ​ទី​១២ ខែ​មិថុនា។

លោក​ ត្រាំ បាន​និយាយថា៖ «កាល​ពី​ខែ​មុន​ ខ្ញុំ​មាន​ការ​ពេញ​ចិត្ត​ដែល​ប្រទេស​ប៉ូឡូញ ​បាន​ប្រកាស​ថា​ ខ្លួន​ចង់​ទិញ​យន្តហោះ​ប្រយុទ្ធ​ផលិត​ក្នុងសហរដ្ឋ​អាមេរិក​ធុន​ F-35 ៣២​គ្រឿង​ គឺ​ដូច​យន្តហោះ​ដែល​លោក​អ្នក​ទើប​បាន​ឃើញ​ទាំង​នេះ»។

បន្ថែម​លើ​ការ​លក់​កង​យន្តហោះ​ចម្បាំង​ធុន​ F-35 លោក ​ត្រាំ បាន​និយាយ​ថា​ លោក​បញ្ចូន​ទាហាន ​១​ពាន់​នាក់​ទៅ​កាន់​មូលដ្ឋាន​អាមេរិកក្នុង​ប្រទេស​ប៉ូឡូញ។ចំនួន​នេះ​មាន​បន្ថែម​លើ​បុគ្គលិក​យោធាអាមេរិកាំង​ ប្រមាណ​៤​ពាន់​នាក់​ដែល​បាន​តាំង​ទី​រួច​ស្រេច​ ហើយ​នៅ​ក្នុង​ប្រទេស​នេះ។

កាល​ពី​ឆ្នាំ​ទៅ​មិញ ប្រទេស​ប៉ូឡូញ ក៏​បាន​ទិញ​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​អាមេរិកាំង​មួយ​ចំនួន​ផង​ដែរ។

រូបឯកសារ៖ ទាហាន​អាមេរិក​កំពុង​ពិនិត្យ​មើល​សម្ភារៈ​ក្រោយ​ពេល​ដាក់​ពង្រាយ​ទៅ​ប្រទេស​ប៉ូឡូញ​ដើម្បី​ហាត់​សម នៅ​កន្លែង​ហ្វឹកហាត់ Drawsko Pomorskie ប្រទេស​ប៉ូឡូញ កាល​ពី​ខែ​មីនា ២០១៩។

លោក ​Duda​ ដែល​បាន​ឈ្នះ​ឆ្នោត​តាម​រយៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតនិយម​នយោបាយ​ខាង​ស្តាំ ជាតិ​និយម​ និង​ប្រឆាំង​នឹង​អន្តោប្រវេសន៍ ​បាន​ជំរុញ​ឱ្យ​មានមូលដ្ឋាន​យោធា​អាមេរិកមួយ​នៅ​ក្នុង​ប្រទេស​លោក​ដោយ​បាន​សន្យា​ថា​ នឹង​ដាក់​ឈ្មោះ​មូលដ្ឋាន​សឹក​នេះ​ថា «Fort ត្រាំ»​ ផងដែរ។​

លោក ​Duda ​ចង់​បង្កើន​វត្តមាន​យោធា​អាមេរិក ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ ដើម្បី​រារាំង​ដល់​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី។ លោក​ប្រធានាធិបតី​ប៉ូឡូញ Duda បាន​និយាយ​ថា៖ «ជា​ការ​ពិត ការណ៍​នេះ​តែងតែ​អាស្រ័យ​លើ​សេចក្តី​សម្រេច​របស់​សហរដ្ឋអាមេរិក»។

លោក ត្រាំ បាន​និយាយ​ថា៖ «លោក Duda ចង់​ឱ្យ​មាន​ទាហាន​យើង ​២​សែន​៥​ម៉ឺន​នាក់​ នៅ​ក្នុង​ប្រទេស​លោក។ ខ្ញុំ​បញ្ជូន​ទាហានយើង​តិច​ជាង​នេះ»។

សមាជិក​សភា​ប្រជាធិបតេយ្ យ​ដែល​ជា​ក្រុម​ប្រឆាំង​បាន​សុំ​ឱ្យ​លោក​ ត្រាំ ​ដាក់​គំនាប​សង្កត់​លើ​លោក ​Duda​ អំពីប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ អង្គការ​ការពារ​សិទ្ធិ​មនុស្សនិយាយ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​ប៉ូឡូញ ចុះ​ថម​ថយ ក៏ប៉ុន្តែ​លោក​ ត្រាំ ​បានថ្លែង​ថា​ លោក​មិន​ខ្វល់​ខ្វាយ​អំពី​ប្រទេស​ប៉ូឡូញ ​មាន​ដំណើរ​ថយ​ក្រោយ​ខាង​សិទ្ធិមនុស្ស​ទេ៕