ក្រុមសកម្មជនបរិស្ថានដ៏លេចធ្លោដែលឃ្លាំមើលការបំផ្លាញព្រៃឈើនិងការរំលោភអំណាចក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាល ឱ្យបង្ការបុគ្គលដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ កុំឱ្យបន្តកេងប្រវ័ញ្ចធនធានធម្មជាតិរបស់ប្រទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដែលជាទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ បានសម្រេចដាក់ទណ្ឌកម្មលើលោកឧកញ៉ា ទ្រី ភាព និងលោកនាយឧត្ដមសេនីយ៍ គន់ គីម ដោយប្រើច្បាប់ Magnitsky ដ៏តឹងរ៉ឹង ក្រោមបទចោទប្រកាន់អ្នកទាំងពីរថា បានប្រព្រឹត្តអំពើពុករលួយនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។
លោក គន់ គីម គឺជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជនមួយ។ រីឯ លោក ទ្រី ភាព គឺជាមេឈ្មួញឈើដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសកម្ពុជា។
ទណ្ឌកម្មដែលបានសំដៅដល់បុគ្គលទាំងពីររូបនេះ បានហាមប្រាមការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដែលជាប់ពាក់ព័ន្ធនឹងបុគ្គលទាំងពីរនៅក្នុងសហរដ្ឋអាមេរិកនិងហាមពលរដ្ឋអាមេរិកាំងនិងអ្នករស់នៅក្នុងសហរដ្ឋអាមេរិក មិនឱ្យធ្វើពាណិជ្ជកម្មជាមួយបុគ្គលទាំងពីរឡើយ។ ទណ្ឌកម្មនេះ ក៏បានរឹតត្បិតការធ្វើដំណើរចូលសហរដ្ឋអាមេរិកផងដែរ។
ក្រុមសកម្មជនបរិស្ថាន បានលើកឡើងថា លោក គន់ គីម និងលោក ទ្រី ភាព បានប្រមូលទ្រព្យសម្បត្តិដែលបានមកពីអំពើទុច្ចរិត ដោយការទាញប្រយោជន៍ពីធនធានធម្មជាតិរបស់កម្ពុជា ហើយថាបុគ្គលទាំងនេះ គួរតែត្រូវបានបញ្ឈប់ពីការរំលោភបំពានបន្ថែមទៀត។
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានប្រាប់ VOA ក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ថា រដ្ឋាភិបាលកម្ពុជា កន្លងមក បានផ្ដោតតែទៅលើមន្ត្រីថ្នាក់ក្រោមនិងអ្នកជំនួញតូចតាចប៉ុណ្ណោះ ពេលដែលមានការបង្ក្រាបទៅលើឧក្រិដ្ឋកម្មព្រៃឈើ។
លោកមានប្រសាសន៍ថា បុគ្គលនិងក្រុមហ៊ុនដែលមានឥទ្ធិពលធំៗ មិនដែលត្រូវបានចាប់ខ្លួនចំពោះសកម្មភាពស្រដៀងគ្នានេះទេ ប៉ុន្តែលោកថាពួកគេ នៅតែអាចបន្តធ្វើឱ្យខ្លួនពួកគេនិងក្រុមគ្រួសារពួកគេផ្ទាល់ ក្លាយជាអ្នកមានបាន ដោយទាញយកប្រយោជន៍សាធារណៈ។
លោក អ៊ូច ឡេង បញ្ជាក់ថា៖ «អ្វីដែលឧកញ៉ារកស៊ីឈើដុះស្លែហ្នឹង មុខដដែលៗ។ ទោះបីជាចាប់ឧកញ៉ាពីរនាក់គឺឧកញ៉ា សឹង សំអុល និងឧកញ៉ា គង់ ក្រឹងក៏ដោយ ប៉ុន្តែមានឧកញ៉ាផ្សេងទៀតដែលគាត់មិនបានចាប់ខ្លួនហ្នឹង គឺគាត់នៅតែធ្វើការបន្តរកស៊ីឈើតទៅទៀត»។
លោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ក្នុងពេលដែលមកបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
លោក អ៊ូច ឡេង ដែលជាជ័យលាភីពានរង្វាន់ឆ្នើមការពារបរិស្ថាន The Goldman Environmental Prize កាលពីឆ្នាំ២០១៦នោះ មានប្រសាសន៍បន្ថែមថា៖
«យើងសំណូមពរឱ្យខាងរាជរដ្ឋាភិបាលគឺថា ចាត់វិធានការទៅលើក្រុមហ៊ុនដែលកំពុងបន្តសកម្មភាពតទៅទៀត»។
បុគ្គលទាំងពីររូបដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ត្រូវបានអង្គការសិទ្ធិមនុស្សនិងក្រុមសកម្មជនរិះគន់ជាយូរយារណាស់មកហើយ ចំពោះសកម្មភាពរបស់ក្រុមហ៊ុនជាច្រើនដែលមានចំណងទាក់ទងជាមួយបុគ្គលទាំងនេះ ថាបានប្រឡូកក្នុងឧក្រិដ្ឋកម្មបរិស្ថាន។
សេចក្ដីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានចង្អុលបង្ហាញពីប្រតិបត្តិការ«កាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ»របស់លោក ទ្រី ភាព ដែលជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់មន្ត្រីឧទ្យានជាតិ ដើម្បីរក្សាការសម្ងាត់ចំពោះសកម្មភាពខុសច្បាប់របស់ខ្លួន។
អង្គការឃ្លាំមើលឧក្រិដ្ឋកម្មបរិស្ថាន Global Witness ធ្លាប់បានចងក្រងឯកសារស៊ើបអង្កេតរបស់ខ្លួនជាច្រើនស្ដីពីរបៀបដែលលោក ទ្រី ភាព បានគ្រប់គ្រងពាណិជ្ជកម្មឈើដែលមានតម្លៃរាប់លានដុល្លារ ដោយបានបំផ្លាញព្រៃឈើ ដោយមានការសមគំនិតពីមន្ត្រីរដ្ឋាភិបាល ប៉ូលិសនិងយោធា។
ចំពោះលោក គន់ គីម វិញ អង្គការ Global Witness ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងរបស់លោកជាមួយក្រុមហ៊ុនកាប់ឈើ GAT International របស់ម៉ាឡេស៊ី ដែលអាជ្ញាប័ណ្ណសម្បទានឈើចំនួនពីររបស់ក្រុមហ៊ុននេះ ត្រូវបានដកហូតវិញ ក្រោយពីមានការលាតត្រដាងពីសកម្មភាពកាប់ឈើខុសច្បាប់។
ក្នុងរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា Dirty Dozen អង្គការ Human Rights Watch បានបញ្ជាក់ថា លោក គន់ គីម បានប្រើឥទ្ធិពលយោធានិងនយោបាយ ដើម្បីរកលុយពីសកម្មភាពកាប់ឈើខុសច្បាប់ក្នុងតំបន់យោធភូមិភាគ២និង៤។
ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។ ជួរលើពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃនគរបាលជាតិ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។ ជួរកណ្តាលពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។ ជួរក្រោមពីឆ្វេងទៅស្តាំ៖ ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
កាលពីឆ្នាំ២០១៨ អង្គការ Forest Trends បានរាយការណ៍ថាឈើហុបដែលបានអាររួចហើយដែលមានតម្លៃ១៧៣លានដុល្លារ ត្រូវបាននាំចេញទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧។ ប្រទេសវៀតណាម គឺជាគោលដៅចម្បងមួយសម្រាប់សកម្មភាពកាប់ឈើខុសច្បាប់ក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាល បានច្រានចោលតួលេខនាំឈើចេញនេះ ទោះបីជាទិន្នន័យនេះ បានមកពីស្ថិតិគយវៀតណាមក៏ដោយ។
រូបឯកសារ៖ អ្នកល្បាតព្រៃមួយរូបឈរក្បែរឈើប្រណីតដែលត្រូវបានកាប់ដោយខុសច្បាប់នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត នៅខេត្តព្រះវិហារកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ (រូបផ្តល់ឲ្យដោយ Ben Davis)
លោក សេង សុខហេង អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់ ដែលរារាំងការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារ បានប្រាប់ VOA ក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ថា មានភស្តុតាងអំពីអំពើពុករលួយនិងផលប្រយោជន៍ទុច្ចរិតខាងហិរញ្ញវត្ថុដែលទាមទារឱ្យមានចំណាត់ការខាងផ្លូវច្បាប់។
លោក សេង សុខហេង ថ្លែងថា៖ «ទ្រព្យសម្បត្តិដែលបានមកពីអំពើទុច្ចរិត ពីអំពើពុករលួយ ក្នុងច្បាប់ប្រទេសកម្ពុជាគឺមានចែងច្បាស់ណាស់ គឺត្រូវដកហូតទាំងអស់មកជាសម្បត្តិរបស់រដ្ឋ»។
លោក សេង សុខហេង បន្ថែមទៀតថា៖ «ហើយមិនត្រឹមតែដកហូតទ្រព្យសម្បត្តិទេ គឺអ្នកនោះត្រូវតែទទួលទោសទណ្ឌ ទទួលទោសព្រហ្មទណ្ឌជាប់ពន្ធនាគារទៅតាមច្បាប់បានកំណត់»។
ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ក៏បានតម្រង់គោលដៅលើសមាជិក៣នាក់នៃគ្រួសាររបស់លោក គន់ គីម និងក្រុមហ៊ុនរបស់ពួកគេចំនួន៥ ខណៈក្រុមហ៊ុនចំនួន១១ដែលមានចំណងទាក់ទងនឹងលោក ទ្រី ភាព ក៏ត្រូវបានដាក់ទណ្ឌកម្មដែរ។
វីអូអេបានព្យាយាមទាក់ទងលោក ទ្រី ភាព លោក គន់ គីម និងភរិយារបស់លោកគឺអ្នកស្រី គីង ចាន់ឌី សម្រាប់អត្ថាធិប្បាយលើទណ្ឌកម្មនេះ ប៉ុន្តែមិនបានទទួលចម្លើយតបណាមួយទេ។
ប៉ុន្តែ អ្នកស្រី គីង ចាន់ឌី បានប្រាប់វិទ្យុអាស៊ីសេរីថា គ្រួសាររបស់អ្នកស្រី គ្មានទ្រព្យសម្បត្តិណាមួយនៅក្នុងទឹកដីសហរដ្ឋអាមេរិកនោះទេ។ អ្នកស្រី ថែមទាំងបានជំរុញឱ្យសហរដ្ឋអាមេរិក រឹបអូសទ្រព្យសម្បត្តិទាំងឡាយដែលគេរកឃើញមាននៅក្នុងប្រទេសនេះថែមទៀតផង៖
«ចង់គេបង្កកទ្រព្យសម្បត្តិ គេបង្កកលុយយើងអី យើងថាយើងអត់មានលុយនៅទីនោះផង។ បើគេយកក៏យកទៅ បើលុយយើងនៅលើទឹកដីគេស្រាប់ហើយ នៅរតនាគារគេស្រាប់ហើយ។ បើមានលុយនៅអាមេរិកមែន គេយកក៏យកទៅ អត់មានស្ដាយស្រណោះអីទេ យើងអត់មានតវ៉ាអីទេ បើយើងអត់មានលុយដាក់ផង»។
ទោះបីជាមានការអំពាវនាវឱ្យមានការស៊ើបអង្កេតក្នុងស្រុកក៏ដោយ ក៏សមាជិកព្រឹទ្ធសភាម្នាក់ខាងគណបក្សកាន់អំណាចគឺលោក សុខ ឥសាន្ត មានប្រសាសន៍ថារដ្ឋាភិបាលមិនអាចរឹបអូសទ្រព្យសម្បត្តិបុគ្គល ដោយគ្រាន់តែផ្អែកលើអ្វីមួយដែលលោកហៅថាជា«ទណ្ឌកម្មបរទេសបែបហ្នឹង»បានទេ។
«វាមិនអាចទៅរួច គ្រាន់តែមានការចោទប្រកាន់ពីជនបរទេស ហើយខាងក្នុងស្រុកហ្នឹងឱ្យរឹបអូសទ្រព្យសម្បត្តិគេដោយគ្មានមូលហេតុទេ។ គ្មាននរណា មានសិទ្ធិធំជាងរាជរដ្ឋាភិបាលនិងតុលាការកម្ពុជាទេក្នុងការសម្រេចចិត្តយ៉ាងណាៗ ចំពោះជនទុច្ចរិត។ ហើយខ្ញុំយល់ថា បើទុច្ចរិតអញ្ចឹងមែន អង្គភាពប្រឆាំងអំពើពុករលួយគេធ្វើការហើយ»។
លោក សុខ ឥសាន្ត ដែលជាអ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជាផងដែរនោះ បានបន្ថែមថា ក្រុមឃ្លាំមើលសិទ្ធិមនុស្សដូចជាអង្គការ Global Witness និងអង្គការHuman Rights Watch ជាដើម តែងតែមានទស្សនៈ «ចក្រពត្តិនិយម»ចំពោះកម្ពុជា។
«អង្គការ Human Rights Watch ក៏ដូចជា Global Witness ស្អីហ្នឹង សុទ្ធតែមានគំនិតចក្រពត្តិតាំងពីដើមមករហូតមកដល់ពេលនេះហើយនៅតែមិនទាន់បោះបង់ចោលគំនិតចក្រពត្តិហ្នឹងទេ។ សម្គាល់មកកម្ពុជា ហាក់ដូចជាស្ថិតនៅក្រោមអាណានិគមនិយមរបស់គាត់អញ្ចឹង»។
រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
VOA មិនអាចទាក់ទងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្នើសុំអត្ថាធិប្បាយណាមួយបានទេ។
ទោះបីជាមានភាពអល់អែកពីរដ្ឋាភិបាលក៏ដោយ ក៏ក្រុមសកម្មជននៅតែទទូចឱ្យមានចំណាត់ការប្រឆាំងនឹងឈ្មួញឈើទុច្ចរិត និងជនទាំងឡាយណាដែលពួកគេនិយាយថាកំពុងតែកេងប្រវ័ញ្ច ចម្រាញ់យកធនធានរបស់ជាតិ ទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមគ្រួសាររបស់ពួកគេដែរ។
លោក អ៊ូច ឡេង មានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំអំពាវនាវគឺចង់ឱ្យបិទរោងចក្រអារឈើទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាសិប្បកម្មឈើទាំងអស់ហើយមិនអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណនាំឈើចេញទេ ព្រោះថាពាក្យអាជ្ញាប័ណ្ណនាំឈើចេញហើយវាជាឱកាសនៃការប្រមូលឈើពីតំបន់ការពារពីដែនជម្រកសត្វព្រៃក៏ដូចជាឧទ្យានជាតិនានា»។
លោកបន្ថែមថា៖ «មួយវិញទៀតគឺឧកញ៉ាផ្សេងៗទៀត ដែលមានដីកាចាប់ខ្លួនឬមានឈ្មោះថាជាឧកញ៉ារកស៊ីឈើដុះស្លែនោះ អញ្ចឹងនៅពេលដែលយើងរកឃើញហើយ ត្រូវតែធ្វើការរឹបអូសទ្រព្យសម្បត្តិ»៕