ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ អង្គការ​Global Witness ​ស្នើ​សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋី​៤នាក់


អង្គការ ​Global Witness​ ចេញ​ផ្សាយ​របាយការណ៍ដែល​មាន​ចំណង​ជើង​ថា «នរណា​ខ្លះ​ទទួល​ផល​ពី​ការ​ស្លាប់នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា»? (រូបថតពីគេហទំព័រ Global Witness)
អង្គការ ​Global Witness​ ចេញ​ផ្សាយ​របាយការណ៍ដែល​មាន​ចំណង​ជើង​ថា «នរណា​ខ្លះ​ទទួល​ផល​ពី​ការ​ស្លាប់នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា»? (រូបថតពីគេហទំព័រ Global Witness)

លោក ម៉ែន គឹមសេង នៃ VOAបាន​សម្ភាស​លោកស្រី​ Emma Burnett ​អ្នក​ធ្វើ​យុទ្ធនាការ​នៃ​អង្គការ​ Global Witness ពី​យុទ្ធនាការ​នេះ​។

កំណត់​និពន្ធ៖ អង្គការ ​Global Witness​ កំពុង​តែ​ធ្វើ​យុទ្ធនាការ​មួយ​ដែល​បង្ហាញ​មុខ​សេដ្ឋី​ខ្មែរ​បួន​នាក់​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែលបាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គៃ​បន្លំ​ខាង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា​ ហើយ​បាន​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដូច​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ សេដ្ឋី​ទាំង​បួន​នាក់​មាន​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ​ឧកញ៉ា ឡៅ ម៉េងឃីន ឧកញ៉ា​ លី យ៉ុងផាត់ ​និង​ឧកញ៉ា ទ្រី ភាព។

លោក ម៉ែន គឹមសេង នៃ VOAបាន​សម្ភាស​លោកស្រី​ Emma Burnett ​អ្នក​ធ្វើ​យុទ្ធនាការ​នៃ​អង្គការ​ Global Witness ពី​យុទ្ធនាការ​នេះ​ដូចតទៅ៖ ​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ សូម​ជម្រាប​សួរ​លោកស្រី​ អេមម៉ា!

Emma Burnett៖ សូម​ជម្រាបសួរ!​

VOA៖ អង្គការ​Global Witness ស្នើសុំ​ឱ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​៤នាក់។ តើ​ហេតុអ្វី​បាន​ជា​កំណត់​លើ​បួននាក់នេះ?

Emma Burnett៖ យុទ្ធនាការ​របស់​អង្គការ​Global Witness​គឺផ្តោត​លើ​សេដ្ឋី​៤នាក់ដែល​មាន​ឈ្មោះ​ជាញឹកញាប់​នៅក្នុង​ការស៊ើបអង្កេត​របស់​យើង។ យើង​បានចងក្រង​ឯកសារស្តីពី​អំពើ​ពុករលួយ​និង​ការរំលោភសិទ្ធិ​មនុស្ស​ជាង​២០ឆ្នាំមកហើយ។ យើង​រកឃើញ​ថា​លោក​ ហ៊ុន សែន​អាច​បន្ត​អំណាច​ដោយសារ​មាន​បណ្តាញ​គាំទ្រ​ពីក្រុម​ឧកញ៉ា​ទាំងនេះ​ដែល​អ្នកខ្លះ​ជា​សមាជិក​ព្រឹទ្ធសភា​តាម​រយៈ​ការផ្តល់ថវិកា​ចូលបក្ស​និង​ឧបត្ថម្ភ​ក្រុមយោធា​ជាដើម។ ជាថ្នូរវិញ​គឺ​រដ្ឋាភិបាលផ្តល់​ដី​និង​កិច្ចសន្យា​ការងារ​ដែល​ធ្វើឱ្យ​ពួកគេ​មាន​ឱកាស​លួច​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​ជាតិ។ ដូច្នេះ​ហើយ​យើង​យល់​ថា​ពួកគេ​គួរតែ​ទទួល​រងទណ្ឌកម្ម។ អ្នកដែល​ទទួល​ទណ្ឌកម្ម​អាច​មានច្រើន​ប៉ុន្តែ​សេដ្ឋី​ទាំងបួននាក់​នេះ​លេចធ្លោ​ជាង​គេ​ក្នុង​ការស៊ើបអង្កេត​របស់​យើង។

VOA ៖ សូមអរគុណ។ ការផ្តល់ថវិកាចូល​គណបក្ស​ដែល​អាច​ឱ្យ​ពួកគេ​ធ្វើការ​ដោយ​មិន​ខ្លាច​ច្បាប់។ ដូច្នេះ​តើ​ទណ្ឌកម្ម​បែបណា​ដែល​អង្គការ​Global Witness ​ចង់​ឱ្យ​ដាក់​លើ​សេដ្ឋី​ទាំងបួន​រូប?

Emma Burnett៖ នៅពេល​បច្ចុប្បន្ន​នេះ​សភា​របស់​សហរដ្ឋ​អាមេរិក​កំពុង​តែ​ពិចារណាលើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាលនិង​យោធា​។ ទណ្ឌកម្មនោះអាច​មាន​ការហាមឃាត់​ទិដ្ឋាការ​និង​ផ្អឹបទុកទ្រព្យ​សម្បត្តិ​ហើយ​អាច​នឹង​មានការ​បិទ​គណនីយ​ធនាគារផង​ដែរ។ ការណ៍​នេះ​នឹង​នាំ​ឱ្យ​មានផលប៉ះពាល់​លើ​បុគ្គល​នោះ​ជា​លក្ខណៈ​អន្តរជាតិ​ពីព្រោះ​ធនាគារ​នៅ​ប្រទេស​ផ្សេង​ដូច​ជា​សិង្ហបុរីជាដើម​ក៏​នឹងមិន​ហ៊ាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដែរ។ យើង​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ចេញច្បាប់នោះដើម្បីដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​ដែល​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​ក៏ចង់​ឱ្យពង្រីក​បញ្ជីនោះដាក់​អ្នកជំនួញធំៗ​ព្រោះពួកគេក៏​ជា​អ្នកចូល​ដៃ​ចូល​ជើង​ដែរ។

VOA៖ ពួកគេ​មាន​ជាប់ពាក់​ព័ន្ធ​ជាង​២០ឆ្នាំហើយ​ចុះនៅក្នុង​ការបោះឆ្នោត​លើកនេះ​ពួកគេ​មាន​បាន​ធ្វើ​អ្វី​ខ្លះទៀត?

Emma Burnett៖ មាន​សេចក្តី​រាយការណ៍​ជា​អន្តរជាតិ​ច្រើន​ណាស់​ពី​ការបោះឆ្នោត​នេះ​ដោយសារ​តែ​ការរំលាយ​គណបក្ស​ប្រឆាំង​ហើយ​ប្រធាន​បក្ស​ប្រឆាំង​គឺលោក​កឹមសុខា​ជាប់ពន្ធនាគារ។ របាយការណ៍​អន្តរជាតិ​មួយចំនួន​ហាក់ផ្តោតតែ​លើ​នយោបាយ​ជុំវិញតែ​លោក​នាយករដ្ឋ​មន្ត្រី​ប៉ុន្តែ​សម្រាប់​យើង​គឺ​រឿងនេះ​កើតឡើង​ជាយូរមកហើយ​។ របបនេះ​បាន​លួចឆក់ប្លន់​រដ្ឋ​ដើម្បី​ធ្វើ​មានបាន​ផ្ទាល់ខ្លួននិង​បង្កើនអំណាច។ ពួកគេ​នៅ​រង់ចាំ​តែ​បំភ័យ​អ្នកណា​ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហើយ​តួនាទី​របស់​សេដ្ឋី​ទាំងនោះ​គឺ​ពួកគេ​ជា​ផ្នែក​មួយ​នៃ​អំពើ​ទាំងនេះ​។ ពួកគេ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​របបនេះ។ យើង​ចង់​ឱ្យ​អ្នក​សារព័ត៌មាន​ផ្តោត​លើ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​ដែល​នៅពីក្រោម​ប្រព័ន្ធ​នយោបាយនេះ។

VOA៖ អង្គការ​ Global Witness ក៏បាន​បញ្ជាក់​ថា​ពួកគេ​នឹង​បាត់​បង់​ផលប្រយោជន៍​ច្រើន​បើ​សិន​ជា​គណបក្ស​កាន់​អំណាច​ចាញ់ឆ្នោត។ ប្រទេស​មួយចំនួន​ក៏ដូចជា​អង្គការ ​Global Witness ​បានហៅការបោះឆ្នោត​នេះ​ថា​ជាការបោះឆ្នោត​ក្លែង​ក្លាយ​ប៉ុន្តែ​ប្រទេស​ជប៉ុននៅ​តែគាំទ្រ​ការបោះឆ្នោត​នេះ។ តើ​លោកស្រី​ព្រួយបារម្ភ​ទេ​ថា​ប្រទេស​ជប៉ុន​នឹង​ផ្តល់ភាព​ស្រប​ច្បាប់ដល់​រដ្ឋាភិបាល​ថ្មី?

Emma Burnett៖ ជាការពិតហើយ។ ខ្ញុំគិត​ថា​ជារឿង​គួរ​ឱ្យ​ខកចិត្ត​ណាស់​ដែល​ប្រទេស​ជប៉ុន​នៅ​បន្តគាំទ្រ​ព្រោះវា​ពាក់ព័ន្ធ​នឹង​ភាពស្របច្បាប់។ មានការអំពាវនាវ​ជាច្រើន​សុំ​ចិននិងជប៉ុន​ឱ្យ​ឈប់គាំទ្រ។ ជាការល្អ​ពួកគេ​គួរកុំ​គាំទ្រ។​

VOA៖ ក្រុមយុទ្ធនាការ​លើកឡើងថា​សន្លឹកឆ្នោត​របស់​ពលរដ្ឋ​នឹងត្រូវ​គេ​ឆក់ប្លន់នៅ​ក្រោយ​ពីការ​បោះឆ្នោត​ជាតិ​ខាងមុខប៉ុន្តែ​ការពិត​ទៅ​សន្លឹកឆ្នោត​របស់​ពួកគេ​ត្រូវ​បាន​ឆក់ប្លន់តាំងពី​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពីចុងឆ្នាំមុន។ ប៉ុន្តែ​ប្រទេស​មួយចំនួន​នៅតែ​ធ្វើការទាក់ទង​ជា​ធម្មតា​ជាមួយ​នឹង​រដ្ឋាភិបាល​លោក​ហ៊ុនសែន​ដដែល​។ តើ​លោកស្រី​យល់​យ៉ាងម៉េចដែរ?

Emma Burnett៖ ខ្ញុំ​គិត​ថា​នេះ​គឺជា​រឿង​អាស្រូវ​មួយ។ អង្គការ ​Global Witness ​បាន​លើក​ពីរឿងនេះ​ជាយូរ​មកហើយ។ យើងបាន​អំពាវនាវដល់ក្រុមហ៊ុន​វិនិយោគ​បរទេស​ឱ្យ​ពិនិត្យ​មើល​ថា​តើ​ពួកគេ​កំពុងតែ​ធ្វើការ​ជាមួយ​នឹង​អ្នកណាគេពីព្រោះ​ការធ្វើ​ជំនួញ​ជាមួយ​នឹង​ក្រុម​ពុករលួយ​ថ្នាក់​លើ​របស់​កម្ពុជា​គឺ​ប្រៀប​ដូច​ជា​គាំទ្រ​អំពើ​ពុករលួយ​និង​ការរំលោភសិទ្ធិមនុស្ស​។ ពួកគេនោះ​គឺ​ជា​អ្នក​ចូលដៃចូលជើង​របស់​រដ្ឋាភិបាល​ដូច្នេះ​ហើយ​បាន​ជា​យើង​អំពាវនាវ​ជាបន្ទាន់​ដល់​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​មួយចំនួន​ឱ្យ​ដកខ្លួនចេញនិង​កុំ​ចូល​ពាក់ព័ន្ធ។

VOA​៖ យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើមជាផ្លូវការនៅថ្ងៃសុក្រ​នេះ​ហើយ​ខ្ញុំ​ប៉ាន់ស្មានពីប្រតិកម្ម​របស់​រដ្ឋាភិបាល​គឺ​ពួកគេ​នឹង​ចាត់ទុក​ថា​វាជា​របាយការណ៍​ដែល​មាន​លក្ខណៈនយោបាយ។ តើ​ហេតុអ្វី​បាន​ជា​ធ្វើ​យុទ្ធនាការ​នៅ​ពេល​នេះ? ម៉េច​មិន​ចេញផ្សាយ​យូរ​ហើយ​ឬក្រោយពីការបោះឆ្នោត​ចប់?

Emma Burnett៖ ហេតុអីមិនចេញផ្សាយ​ក្រោយការបោះឆ្នោត! គឺមានហេតុផលជាច្រើន។ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិយាកាស​ដែល​គេ​បាន​បិទ​សារព័ត៌មាន​សេរី អង្គការ​សង្គម​ស៊ីវិល​រងការគាប​សង្កត់​ ពលរដ្ឋ​មានការភ័យខ្លាច​ហើយ​អាជ្ញាធរ​តាម​ឃ្លាំមើលបណ្តាញ​អ៊ីនធឺណិត​។ យើង​យល់​ថា​ត្រូវតែ​បង្ហាញ​ការពិត​ឱ្យ​ពលរដ្ឋ​បាន​ដឹងដើម្បីពួកគេ​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន។ ខ្ញុំ​ក៏​ចង់​ប្រើប្រាស់​ឱកាស​ដែលមាននៅក្នុង​សហរដ្ឋ​អាមេរិក​ដែល​គេ​កំពុង​តែពិភាក្សា​ពី​ការដាក់​ទណ្ឌកម្ម​។ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​វាជា​វិធី​ដ៏ល្អ​ក្នុងការ​បញ្ចេញព័ត៌មានសម្រាប់​ពលរដ្ឋ​កម្ពុជា​សហគមន៍​អន្តរជាតិនិង​បណ្តាញ​សារព័ត៌មាន​ពីព្រោះ​សេចក្តីរាយការណ៍​របស់​ពួកគេ​ហាក់​ដូច​ជា​ផ្តោតតែលើ​បញ្ហា​ក្នុងរយៈពេល​៦ខែ​ចុងក្រោយនេះដោយ​មិន​បាន​គិត​ថា​ទិសដៅ​នយោបាយ​ដូចនេះ​ត្រូវ​បាន​គេ​គូសវាស​ជាយូរមកហើយ​។ ដូច្នេះ​យើង​ចង់​បង្ហាញ​ពី​អំពើ​ពុករលួយនេះ​។

VOA ៖សូមអរគុណលោកស្រី​ អេមម៉ា ​ដែល​បាន​ផ្តល់​បទសម្ភាស​ដល់វីអូអេ!​

Emma៖ សូមអរគុណ៕

XS
SM
MD
LG