ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្នាំ​២០១៩​បិទ​បញ្ចប់​ដោយ​លោក​ហ៊ុន​សែន​បន្ត​ក្តាប់​អំណាច​យ៉ាង​ណែន


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ASEM នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០១៨ ។ (REUTERS)

ឆ្នាំ​២០១៩​ ត្រូវបានបិទ​បញ្ចប់​ដោយ​បង្ហាញ​យ៉ាង​ច្បាស់ពី​ការ​បន្ត​ក្តាប់​អំណាច​យ៉ាង​ណែនរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ការ​រក្សាអត្រា​កំណើនសេដ្ឋកិច្ច​នៅ​ថេរ បើ​ទោះ​បី​ជា​មានការ​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ពីសហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុបនិង​ការរិះគន់​យ៉ាង​ខ្លាំងលើ​ការដឹកនាំ​របស់​លោក​ក៏ដោយ។

រី​ឯ​គូបដិបក្ខ​នយោបាយ​ដ៏​មាន​សក្ដានុពល​របស់​លោក​ ហ៊ុន សែន គឺគណបក្ស​សង្គ្រោះ​ជាតិអាច​បន្ត​ធ្វើ​សកម្មភាព​បាន​តែ​នៅ​ខាង​ក្រៅ​ប្រទេសប៉ុណ្ណោះ ក្រោយ​ពី​ការ​ប៉ុនប៉ង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំ​គឺ​លោក សម រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​៩ខែវិច្ឆិកាមិន​សម្រេច​បាន​តាម​ផែនការ។​

រដ្ឋាភិបាល​កម្ពុជា​គ្រោងនឹង​បើក​ទំព័រ​ឆ្នាំ​ថ្មី​ដោយ​ផ្តោត​យ៉ាង​សំខាន់​លើ​ការ​ពង្រឹង​សន្តិភាព​ និង​ស្ថិរភាព ​ហើយ​បង្កើន​ឋានៈ​របស់​កម្ពុជាឱ្យ​ទៅជា​ប្រទេស ​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ក្នុង​រយៈពេល​១០ឆ្នាំ​ខាងមុខ​ទៀត ព្រម​ទាំង​ប្ដេជ្ញា​បង្កើត​ការងារ​បន្ថែម​និង​ឱកាស​សម្រាប់​ពលរដ្ឋ​ ជាពិសេស​អ្នក​រស់​នៅ​ជនបទ។ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​រហូត​ដល់​៨,២៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ​ដែល​ជា​ការ​បង្កើន​ការ​ចំណាយ​លើស​ឆ្នាំ​២០១៩ចំនួន​២៣ភាគរយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា។ ​

​ប្រទេស​កម្ពុជាបានរីក​ចម្រើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧ភាគរយ​ក្នុង​រយៈពេល​២០ឆ្នាំ​កន្លងមក​នេះ ​ដោយ​កត្តា​ជំរុញ​ដ៏សំខាន់​គឺមក​ពីវិស័យ​កាត់ដេរ ដែល​បាននាំ​ចេញ​ផលិតផល​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិកនិង​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក។

លោក ហ៊ុន សែន ​បាន​សម្ដែង​សុទិដ្ឋិនិយម​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​កន្លង​មក​នេះផង​ដែរ។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ ហ៊ុន សែន​ បាន​ថ្លែង​ថា៖

«ដំណើរការ​សេដ្ឋកិច្ច​របស់​យើង​ យើង​ក៏​នៅ​តែ​រំពឹង​ជាក់លាក់​ថា​អត្រា​៧,១ភាគរយ​នៅ​តែ​សម្រេច​បាន»។​

ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៩​បាន​បង្ហាញ​លក្ខណៈ​ប្រសើរ​ឡើង​សម្រាប់​កម្ពុជា។ កម្ពុជា​បាននាំ​ផលិតផល​ចេញ​ចំនួន​១០.៨១៣ ​លាន​ដុល្លារ​ក្នុង​រយៈពេល​១០ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៩នេះ ​ដែល​កើន​លើស​ឆ្នាំ២០១៨​ចំនួន​៦៥៤​លាន​ដុល្លារ ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នេះ។ ចំនួន​នេះ​គឺត្រូវ​ជា​៦០​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារដ៏​ធំ​បំផុត​របស់កម្ពុជា​ ដោយ​ទទួល​ទិញ​ទំនិញ​ជិត​៦ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ហើយ​សហរដ្ឋអាមេរិក​ទិញ​ទំនិញក្នុង​ទំហំ​៣,៩ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៩ខែដើមឆ្នាំ​២០១៩។ ទំនិញ​ភាគច្រើន​គឺសម្លៀក​បំពាក់ ​វាយនភណ្ឌ​ ស្បែកជើង ​កង់និង​អង្ករ។ នេះ​បើ​តាម​របាយការណ៍របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​និង​សហភាព​អឺរ៉ុប។

ប៉ុន្តែ​ក្រុម​សកម្មជន​សហជីពបាន​ព្រមាន​ថា ការ​រីក​ចម្រើន​នៅ​ឆ្នាំ​ក្រោយ​នេះ​ អាច​នឹង​រង​ផល​ប៉ះ​ពាល់ដោយ​សារ​តែ​ស្ថានភាព​មិន​ល្អ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ​ ដែល​អាច​នឹង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​បាន​វាយ​តម្លៃ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​ជា​ប្រព័ន្ធ​នឹង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​នយោបាយ ​សិទ្ធិ​សហជីព ​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជាដើម ហើយ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កែ​លម្អ។

លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជិត​៣៤ឆ្នាំ​ នៅតែ​បង្ហាញ​ភាព​មានៈ​ដោយ​ផ្ដោត​លើ​ការ​បណ្ដុះ​មនោសញ្ចេតនា​ជាតិ​និយម​ក្នុង​ចំណោម​អ្នកគាំទ្រ​ដោយ​លោកលើក​យកហេតុផល​សន្តិភាព​និង​អធិបតេយ្យ​ភាព ជាជាង​ការ​សម្រប​តាម​សម្ពាធ​ពី​ខាង​ក្រៅ បើ​ទោះបីជា​ក្រសួង​ការបរទេសបាន​វាយតម្លៃ​ថា​ផល​ប៉ះ​ពាល់​នឹង​មាន​ដល់​កម្មការិនីជិត​១លាន​នាក់ និង​ក្រុម​គ្រួសារ​របស់ពួក​គេ​ក៏​ដោយ។ លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា៖​

«យើង​មើល​ឃើញ​ថា​ការ​វាយ​តម្លៃ​របស់​សហគមន៍​អឺរ៉ុប​ដែល​ផ្ដោត​លើ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នេះ​ វា​មិន​ស្រប​ទៅតាម​សភាព​ការណ៍​ជាក់​ស្ដែង​នៅ​កម្ពុជា​ទេ។ បើ​យើង​ធ្វើ​ស្ថិតិ​ទៅ​សួរ​ប្រជាជន​ទាំង​១៦លាននាក់​គឺ​គ្មាន​អ្នក​ណា ដែល​គេ​ឯកភាព​តាម​ការ​វាយ​តម្លៃ​ដែល​ផ្ទុយ​ពី​ការ​ពិត​នេះ​ទេ»។​

បច្ចុប្បន្ន​ ​សហភាព​អឺរ៉ុប​កំពុង​តែ​សិក្សា​លើ​របាយការណ៍​ឆ្លើយតប​របស់​រដ្ឋាភិបាល​កម្ពុជា​មុន​នឹងសម្រេច​លើ​ឋានៈ​ពន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ» ឬ (EBA) នៅ​ត្រឹម​ថ្ងៃ​ទី១២ខែ​កុម្ភៈ​ឆ្នំា​២០២០។

សកម្មជន​សហជីព​ព្រួយ​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​កែ​លម្អ​តាម​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប​ទេ គឺកម្ពុជា​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធដែល​នឹង​មានផល​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច។

លោក រ៉ុង ឈុន ប្រធាន​សហភាពសហជីព​កម្ពុជា​បាន​បញ្ជាក់​ថា៖

«បញ្ហា​ទាំងអស់​នេះ​វា​មិន​អាច​ឱ្យ​គេ​តស៊ូ​នៅ​វិនិយោគ​នៅ​កម្ពុជា​យើង​ទេ ដោយសារ​តែ​រោងចក្រ​គេ​មក​ដាក់​វិនិយោគ​ទុន​នៅ​កម្ពុជា​យើង​ហ្នឹង​ដោយសារ​គេ​សំឡឹង​ឃើញ​ថា​ការ​នាំ​ចេញ​ទៅ សហភាព​អឺរ៉ុប​ក៏ដូចជា​សហរដ្ឋ​អាមេរិក​វា​បាន​ការលើកលែង​ការ​បង់​ពន្ធ​នាំ​ចូល»។​

តាមរយៈ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ គឺ​ទំនិញ​របស់​កម្ពុជា​បាន​រួច​ពន្ធ​ក្នុង​ទឹក​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ​ហើយ​បើ​សហភាព​អឺរ៉ុប​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​គឺ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ឆ្នាំ​២០២០។​

មូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) ​ក៏បាន​វាយតម្លៃ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​ប្រឈម​នឹង​ការ​ប្រថុយ​ប្រថាន​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ​នេះ។ នៅ​ក្នុង​ការវាយតម្លៃ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ IMF បាន​ព្រមាន​ថា​ ការបាត់បង់ EBA ​«អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដ៏​ធំ​លើ​សកម្មភាព​សេដ្ឋកិច្ច»។​ ការ​ប៉ះ​ពាល់​នេះ គឺ​នឹង​ធ្វើ​ឱ្យ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​អស់​៣​ភាគរយ​នៅ​ឆ្នាំ​ដំបូង។

កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​២ទសវត្សរ៍នេះ​បាន​នាំ​ឱ្យ​ភាព​ក្រីក្រ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ផង​ដែរ។ បើ​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភពលោក គឺ​នៅ​មាន​ពលរដ្ឋ​ចំនួន​ជាង​២លាននាក់​រស់នៅ​ក្នុង​ស្ថាន​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​(ដែល​ត្រូវ​ជា១៣,៥ភាគរយ) ។ ក្នុងចំណោមអ្នក​ក្រ​ទាំង​នេះ គឺប្រហែល​៩០ភាគរយ​រស់នៅ​តំបន់​ជនបទ។ ប៉ុន្តែ​ធនាគារ​ពិភពលោក​បាន​ព្រមាន​ថា មានពលរដ្ឋ​ចំនួន​៤,៥​លាន​នាក់​ (ដែល​ត្រូវ​ជា​២៨ភាគរយ) ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​វិញ បើ​មាន​បញ្ហា​សេដ្ឋកិច្ច​កើតឡើង។

ក្នុង​ខណៈ​ពេល​នេះ​ដែរ​សមាជិកព្រឹទ្ធសភា​និង​អ្នក​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឡើង​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា»​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ​ (GSP) ផង​ដែរ។ កម្ពុជា​បាន​នាំ​ទំនិញ​ចេញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​៧២០​លាន​ដុល្លារ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធGSP​ នៅ​ឆ្នាំ​២០១៨ ហើយ​វា​នឹង​ត្រូវផុត​កំណត់​ត្រឹម​ខែធ្នូ​ឆ្នាំ​២០២០។ ប៉ុន្តែ​ក្រុម​អ្នក​តាក់​តែង​ច្បាប់​អាមេរិកាំង​ហាក់​នៅ​ស្ទាក់​ស្ទើរ ដោយ​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែប្រែ​ស្ថានការណ៍​នយោបាយ​និង​សិទ្ធិមនុស្ស​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ហាក់​ដូចជា​កំពុង​សំឡឹង​រក​មើល​វិធី​កែ​លម្អ​ទំនាក់​ទំនង ដែល​បានធ្លាក់​ចុះ​ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

តាមរយៈ​ការ​ផ្លាស់​ប្តូរ​លិខិត​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ខែ​វិច្ឆិកា​គឺ​ភាគី​ទាំងពីរ​សំឡឹង​មើល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យដែល​ជា​ចំណុចរួម​នាំ​ឱ្យ​ចំណង​មិត្ត​ភាព​បាន​ប្រសើរ​ឡើង ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ក៏​ជា​ខួប​លើក​ទី​៧០នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។​

នៅ​ក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​ជាមួយ​VOA ​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ​ លោកW. Patrick Murphy ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្តែង​សុទិដ្ឋិនិយមថា​៖

«យើង​ចង់​គូស​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​ផ្នែក​ទាំងអស់​ ​ក៏ដូចជា​ផ្ដោត​យកចិត្ត​ទុកដាក់​ខ្លះ​ទៅ​លើ​ការ​ខ្វែង​គំនិត​គ្នា​ដែល​យើង​មាន។ យើង​សង្ឃឹម​ថា យើង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណុច​ខ្វះខាត​ទាំង​នោះ និង​ពង្រឹង​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ទំនាក់ទំនង​ទ្វេភាគី​នេះ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង‍»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ថែម​ថា៖

«យើង​មាន​ការ​លំបាក​ដោយសារតែ​អ្នក​តំណាងរាស្ត្រ​មួយ​ចំនួន​តូច​របស់​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​តូច​ ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ ​គឺ​យើង​ក៏​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ដែរ​ ពីព្រោះ​គាត់​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី ហើយ​សេរី​គឺ​ហាក់​ដូច​ជា​អង្គ​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ​ហ្នឹង​ហាក់​មិន​សូវ​ស៊ីគ្នា។ នេះ​ប្រហែលជា​លក្ខណៈ​សត្យានុម័ត​ធម្មតា​របស់​ប្រទេស​ប្រជាធិបតេយ្យ​សេរី‍»។​

ឆ្នាំ​២០១៩នេះ ​ក៏​កត់​សម្គាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​របស់​សហរដ្ឋ​អាមេរិក​លើមន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប​ និង​សេដ្ឋី​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ​ផងដែរ។ លោក​នាយ​ឧត្ដមសេនីយ​ គន់ គីម និង​លោក​ឧកញ៉ា​ ទ្រី ភាព ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិនិង​បិទ​ទិដ្ឋាការ​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​ទេ។

យ៉ាង​ណា​ក៏​ដោយ ​រដ្ឋាភិបាល​បាន​ផ្តល់​កាដូ​ដ៏​ភ្ញាក់​ផ្អើល​នៅ​ចុង​ឆ្នាំ ដោយ​បាន​ដោះ​លែងលោក កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់​ពី​ឃុំ​ឃាំង​អស់​រយៈពេល​ជាង​២ឆ្នាំ និង​ដោះលែង​សកម្មជន​សហគមន៍​និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជាង​៧០​នាក់ នៅ​មុន​សហភាព​អឺរ៉ុប​សម្រេច​លើ​ជោគ​វាសនាឋានៈ​អនុគ្រោះ​ពន្ធ។ ​

ប៉ុន្តែ​ការ​បិទ​បញ្ចប់ឆ្នាំ​២០១៩ ក៏បាន​បន្សល់​បញ្ហា​ដ៏​ធំ​មួយ ​ដែល​អាច​នឹង​វិល​ត្រឡប់​មក​លង​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ខាង​មុខ នោះ​គឺបញ្ហា​ព្រំ​ដែន​កម្ពុជា​និង​វៀតណាម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​និង​គណបក្ស​ប្រឆាំង​មិន​ពេញចិត្ត។ ព្រះមហាក្សត្រ​នរោត្តម​ សីហមុនី បាន​ឡាយ​ព្រះហស្ថលេខា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើសន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម។​

គណបក្ស​សង្គ្រោះជាតិ​បាន​សម្តែង«ការខកចិត្ត‍យ៉ាងខ្លាំង»​ដោយ​ចាត់​ទុកថាច្បាប់នេះធ្វើ​ឱ្យ​បាត់​បង់​បូរណភាព​ទឹកដី​ទៅ ប្រទេស​វៀតណាម។​

លោក អ៊ុំ សំអាន អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​និង​មាន​ជំនាញ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ពេលនេះ​គឺជា​ពេល​មិន​សម​ស្រប​ទេ ដោយ​សារ​អត់​មានគណបក្ស​ប្រឆាំង​ អត់​មាន​ការ​ឯក​ភាពជាតិ​ ដូច្នេះ​ការ​ចុះ​ហត្ថលេខា​ហ្នឹង​គឺ​ជា​ការ​ស៊ុំ​គ្រ​លំ​គ្នា ​ដើម្បី​កាត់​ដី​ឱ្យ​យួន​ដើម្បី សងគុណ​យួន​ដែល​យួន​បាន​លើក​បន្តុប​មេដឹកនាំ​សព្វ​ថ្ងៃ​នេះ ​តាំង​ពី​ទសវត្សរ៍​ទី​៨០​មក‍»។​

ប៉ុន្តែ​ការណ៍​នេះ​ហាក់​មាន​ផល​ប៉ះពាល់​តិចតួច​លើ​គោល​ជំហរ​របស់​លោក ហ៊ុន សែន។ នៅ​ក្នុង​កម្មវិធី​សម្ពោធ​ទីផ្សារ​គំរូ​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​នឹង​វៀតណាម​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤ខែ​ធ្នូ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូ​ងឃ្មុំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​ភាសាខ្មែរ​ផង​និង​ភាសា​វៀតណាម​ផង​ពីជំនឿ​លើ​អនាគត​កម្ពុជា​មួយ​ដែល​ផ្ដោត​លើពាណិជ្ជកម្ម​និងមិន​ភ្លេច​វាយបក​បក្ស​ប្រឆាំង​ដែល​តែងតែ​រិះគន់​ថា​លោក​ជា​អាយ៉ង​របស់​វៀតណាម​នោះ​ឡើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG