ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧកញ៉ា​ម្នាក់​ក្នុង​ចំណោម​ឧកញ៉ា​បួន​នាក់​បាន​ហៅ​ការ​ស្នើ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ ​Global Witness ​ថា​ជា​ការ​រំខាន​មុន​ការ​បោះឆ្នោត


យោងតាមអង្គការ Global Witness ឧកញ៉ាដែលពាក់ព័ន្ធនឹងនយោបាយទាំងបួនរូបនេះ​ ទទួលបានផលប្រយោជន៍ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពីឆ្វេងទៅស្តាំ៖ ឧកញ៉ា ម៉ុង ឫទ្ធី​ ឧកញ៉ា លី យ៉ុងផាត់​ ឧកញ៉ា ទ្រី ភាព ឧកញ៉ា ឡាវ ម៉េងឃីន។ (AP/REUTERS)

លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី​ បាន​ថ្លែង​ថា​ លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ធនធាន​ព្រៃឈើ​នោះ​ឡើយ។​ ផ្ទុយ​ទៅវិញ​ លោក​បាន​ខិត​ខំ​ដាំ​ដើម​ឈើ​ប្រមាណ​១ម៉ឺន​ដើម​ ជា​រៀង​រាល់​ឆ្នាំ។

មាន​ប្រតិកម្ម​ពី​ក្រុម​ឧកញ៉ា​ចំនួន​បួនរូប​ដែល​ត្រូវ​បាន​អង្គការ​ ​Global Witness ​ស្នើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ឲ្យ​ដាក់​ទណ្ឌកម្ម​តាម​អ្វី​ដែល​អង្គការ​ Global Witness ចោទ​ថា​ ក្រុម​ឧកញ៉ា​ទាំង​បួន​នាក់នេះ​ បាន​ធ្វើ​សកម្មភាព​កេង​ចំណេញ​នយោបាយ ក្នុង​ជំនួញ​កខ្វក់​ជា​ច្រើន ​និង​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ អង្គការ​ Global Witness ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុងដ៏​ ចក្រភព​អង់គ្លេស​ បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​៤រូបនោះ​ ដែល​អង្គការ​នេះ​អះអាង​ថា​ បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គៃ​បន្លំ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។​ សេដ្ឋី​ទាំង​បួន​នាក់​ មាន​បីនាក់​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោក​ឧកញ៉ា​ ​លី យ៉ុងផាត់​ លោក​ឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន។

លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សេដ្ឋី​ដែល​គេ​ដឹងថា​មាន​ឥទ្ធិពល​មួយ​រូប​នៅឯ​ខេត្តកោះកុង​ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។​ VOA​ ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ពី​លោក​ឧកញ៉ា​ ទ្រី ភាព​ និង​លោក​ឧកញ៉ា​ ឡៅ ម៉េងឃីន​ បាន​នោះ​ទេ​រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ។

ចំណែក​លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធីគ្រុប​ និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​មិន​បាន​ធ្វើ​សកម្មភាព​បំផ្លិច​បំផ្លាញ​ធនធាន​ព្រៃឈើ​ ដូច​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ Global Witnessនោះ​ទេ។ លោក​មិន​ខ្វល់​ពី​ការ​ស្នើ​របស់​អង្គការ​ Global Witness ដែល​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មក​លើ​រូប​លោក​ផង​ដែរ។

លោក​ថ្លែង​ថា៖​

«បើ​រឿង​ស្នើ​ វា​សិទ្ធិ​របស់​គាត់​ ឯ​ខ្ញុំ​ ក៏​ខ្ញុំ​មិន​ទៅ​ខ្វល់​អី​ អត់​ដឹង​ធ្វើ​ម៉េច​ បាន​គេ​ចោទ​ថា​ សំខាន់​ថា​ ខ្ញុំ​កាប់​បំផ្លាញ​ព្រៃឈើ​ សួរ​ថា​កាប់​នៅ​ឯ​ណា​ ហើយ​បើ​ យក​ស្រួល​ខ្លាំងណាស់​មក​ទល់​មុខ​គ្នា​ ឬក៏ទៅ​ទល់​កន្លែងណា​ខ្ញុំ​ទៅ​ សួរៗ ថា​តើ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅឯណា?»។

លោក​មាន​ប្រសាសន៍​ថា​ លោក​មាន​តែ​ចូលរួម​ដំា​ដើម​ឈើ​បន្ថែម​ទៀត​សម្រាប់​ពលរដ្ឋ​កម្ពុជា។

«ហើយ​បើ​ថា​ ខ្លាំង​ណាស់​ ឆ្លើយ​មក​កាប់​នៅ​ឯណា​ បើ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​នេះ​ អ្នកណា​ក៏​ដឹង​ដែរ។ ខ្ញុំ​ដាំ​រាល់​តែឆ្នាំ​ មួយ​ឆ្នាំ​១ម៉ឺនដើម​ ជាង​មួយ​ឆ្នាំ​២ម៉ឺនដើម​ រាល់តែ​ឆ្នាំ​ដាំ​ ទុក​អា​ពេល​ថា​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ខ្ញុំអត់​ដឹង​ ថាខ្ញុំ​កាប់​នៅ​ឯណា​ ដូច​អត់​ដែល​កាប់​ផង»។

លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី​ ក៏​បាន​ថ្លែង​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា អង្គការ​ Global Witness ​តែង​តែ​បាន​វាយ​ប្រហារ​មក​លើ​រូបលោក​ នៅ​រាល់​ពេល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ម្តងៗ។

លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៨​ក្នុង​ន័យ​ដើម​ថា៖

«ឲកយ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​ដូច​ជាខ្វះ​មនុស្ស​រករឿង​ណាស់​អីចឹង​ គេ​តែងតែ​មក​រក​រឿង​ខ្ញុំ​ជានិច្ច​ចាប់ផ្តើម​តាំង​តែ​ពី​ឆ្នាំ​១៩៩៧​មក។ កាល​ពី​ល្ងាច​ម្សិលមិញ​ មាន​វិទ្យុ​មួយបាន​ទូរស័ព្ទ​សួរ​ខ្ញុំ​ថា​ មាន​ដឹង​ទេ​ថា​អង្គការ​ Global Witness បាន​ចោទ​ប្រកាន់​ខ្ញុំ​បី​ករណី​ហើយ​គ្រោង​ស្នើសុំ​ទៅ​អាមេរិក​ដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​ខ្មៅ។ ទី​មួយ​ ចោទ​ថា​ជួញ​ដូរ​កញ្ឆា​កាល​ពី​ឆ្នាំ​៩៧​ ខ្ញុំ​ឆ្លើយ​តប​វិញ​បើ​អីចឹង​មែន​ហេតុ​អ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​ ប៉ាវ​ខ្ញុំ​អោយ​ដឹកនាំ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ក្រ​បំផុត​ចំនួន​១៦នាក់​ រយៈពេល​ពីរ​សប្ដាហ៍​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​នៅ​សហរដ្ឋ​អាមេរិក។ ទីពីរ​គេ​ចោទ​ថា​ ខ្ញុំ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ ខ្ញុំ​ឆ្លើយ​តបវិញ​ថា​ ខ្ញុំ​ដាំ​រាប់​ម៉ឺន​ដើម​ជា​រៀង​រាល់​ឆ្នាំ​មិន​និយាយ​ផង។ តើ​ខ្ញុំ​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ណា​ដែរ។ គេ​មិន​ឆ្លើយ​តប​វិញ​ទេ។ ទីបី​ ចោទ​ថា​ ខ្ញុំ​បូម​ខ្សាច់​ខ្ញុំ​ឆ្លើយ​តប​វិញ​ថា​ បើ​មិន​បូម​ធ្វើ​ម៉េច​និង​ឲ្យ​កប៉ាល់​ចេញ​ចូល​កំពង់​ផែ​បាន។ ដល់​ពេល​យក​ទៅ​ចាក់​ផ្សាយ​មិន​ហ៊ាន​ចាក់​ផ្សាយ​ទាំង​ស្រុង​ទេ​ចិត្ត​វា​មិន​សឿង​គឺ​កាត់​ត»។​

សេចក្តី​ប្រកាស​មួយ​របស់​អង្គការ​ Global Witness ​ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​ ត្រូវ​បាន​សរសរ​ក្នុងន័យ​ដើម​ថា៖

«ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ​ Global Witness ​សូម​អំពាវនាវ​ឱ្យ​បញ្ចូល​បុគ្គល​ទាំង​នេះ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង​ ដោយ​សារ​តែ​ពួកគេ​មាន​តួនាទី​ក្នុង​ការធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ប្រព្រឹត្ត​ឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ពួកគេ»។

ទង្វើ​ខុស​ឆ្គង​របស់​សេដ្ឋី​ទាំង​បួន​រូប​ មាន​ការ​រឹបអូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ការ​កាប់​បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើ​ខុសច្បាប់​ បូមខ្សាច់​ និង​អាជីវកម្ម​កាស៊ីណូ​ជាដើម។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ​ ពួកគេ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។នៅក្នុង​យុទ្ធនាការ​ថ្មី​នេះ​អង្គការ​ ​Global Witness​ ​ដែល​ជា​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ ​ក៏​បាន​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​ខាងមុខ​នេះ​ គឺជា​ការ​ឆក់​ប្លន់​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ឆក់​ប្លន់​សំឡេង​របស់​ពួកគេ​ក្នុង​ពេល​កន្លង​មក ​និង​ឆក់ប្លន់​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ។

លោកស្រី​ Emma Burnett​ អ្នក​ធ្វើ​យុទ្ធនាការ​បាន​បញ្ជាក់​ VOA​ ថា ​ទង្វើ​របស់​សេដ្ឋី​ទាំង​បួន​រូប​នេះ​ គឺ​ជា​ការ​ក្បត់​ពលរដ្ឋ​កម្ពុជា ​និង​ប្រទេស​ទាំងអស់​ដែល​បាន​ផ្តល់​ប្រាក់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពី​ការ​វិនាស​ដោយ​របប​ខ្មែរ​ក្រហម​ ដើម្បី​បាន​ប្រព័ន្ធ​មួយ​ដែល​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ ដល់​ពេល​ដែល​គេ​ត្រូវ​ឱ្យ​ក្រុម​វរជន​ដែល​បាន​ឆក់ប្លន់​យក​ស្នាដៃ​ទាំងនេះ​ពី​ពលរដ្ឋ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ហើយ។

បន្ថែម​លើការ​ចេញ​សេចក្តី​ប្រកាស​កាល​ពី​សប្តាហ៍​មុន​នោះ​ អង្គការ​ Global Witness បាន​ចេញផ្សាយ​គំនូរ​ថ្លុក​មួយ​ចំនួន​ ដែល​បង្ហាញ​ថា​ឧកញ៉ា​ទាំង​បួន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​ក្រុម​គ្រួសារ​ និង​ជា​ប្រភព​ថវិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ខណៈ​ពេល​ដែល​ក្រុមគ្រួសា​រលោក​នាយក​រដ្ឋមន្ត្រី​ ដែល​មាន​កូនស្រី​ឈ្មោះ​លោកស្រី​ ហ៊ុន ម៉ាណា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជីក​រក​រ៉ែ​ ហើយ​ធ្លាប់​ជា​នាយិកា​ក្រុម​ហ៊ុន ​WS Mining​ ដែល​ក្រុម​ហ៊ុន​នេះ​ប្រើ​ប្រាស់​ទាហាន​រដ្ឋាភិបាល​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ក្បែរ​នោះ​ ហើយ​បំពុល​ទឹក​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺ​ និង​ងាប់​សត្វ​ពាហនៈ​ជាដើម​នោះ ក្មួយ​ប្រុស​លោក ហ៊ុន សែន​ គឺ​លោក​ឧកញ៉ា​ ហ៊ុន​ តូ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ប្រេង​ឥន្ធនៈ​ដ៏ធំ​ ក៏​ដូច​ជាត្រូវ​បាន​គេសង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្តាញ​រត់​ពន្ធ​គ្រឿង​ញៀន​ និង​លាង​លុយ​កខ្វក់​ ប៉ុន្តែ​លោក​បាន​ប្រកែក។ ​រីឯ​កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺលោក​ សុខ ពុទ្ធិវុធ ​គឺ​ជា​អគ្គនាយ​ក្រុមហ៊ុន ​Soma Group ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ និង​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​នៅ​តំបន់​ក្បែរ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

​អង្គ​ការ​ Global Witness ​ថា ​អ្នក​ទាំងនេះ​នឹង​បាត់បង់​ផលប្រយោជន៍​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ ដូច្នេះ​ហើយ​ទើប​គណបក្ស​កាន់​អំណាច​ត្រូវ​ធ្វើ​កិច្ចការ​សព្វ​បែប​យ៉ាង។

ទោះបី​មាន​ការ​ចោទប្រកាន់​ពីអង្គការ​ Global Witness ​ថា ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ ​គឺជា​ការ​ឆក់ប្លន់​សន្លឹកឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា​ក៏​ដោយ​ក្តី​ ក៏​លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី​ បាន​អំពាវនាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ និង​សុំ​ឲ្យ​អ្នកគាំទ្រ​លោក​តាម​ដាន​ព័ត៌មាន​ថា​ តើ​លោក​អាច​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ ក្រោយ​ការ​បោះឆ្នោត​បាន​ឬយ៉ាង​ណា​នោះ។

លោក​បាន​សរសេរ​ក្នុងន័យដើម​ថា៖​

«ខ្ញុំ​សុំឲ្យប្រជា​ជន​ដែល​គ្រប់​អាយុបោះឆ្នោត ត្រូវតែ​ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ​ រួច​ហើយ​នាំគ្នា​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា។ សុំរង់​ចាំមើលថា ថ្ងៃ​ទី២២​ ខែសីហា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​តើខ្ញុំ​នឹង​គ្រួសារ​ អាច​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ទទួល​សញ្ញាប័ត្រ​ចៅស្រី​របស់​ខ្ញុំ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក​បាន​ដែរ​ឬ​អត់​ទេ»។

ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មិន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ ​VOA​ ​ពាក់​ព័ន្ធនឹង​ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទៅនឹង​សំណើ​របស់​អង្គការ​ Global Witness ​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ច័ន្ទនេះ។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​លើក​ទី៦ ​នៅថ្ងៃ​អាទិត្យ​ ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាងមុខ​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ ចូលរួម​ ក្នុង​នោះ​មាន​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។​ ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា​ ​និង​សហគមន៍​ប្រជាធិបតេយ្យ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ខ្វះភាព​ស្របច្បាប់​សម្រាប់​ការ​បោះឆ្នោត​នៅពេល​ខាងមុខ​នេះ​ ​នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ ត្រូវបាន​គេ​ផាត់​ចេញ​តាម​តែ​អំពើចិត្ត​ពី​ការ​ឈរ​បោះឆ្នោត​នោះ៕

XS
SM
MD
LG