ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​បរិស្ថាន​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize


លោក អ៊ូច ឡេង គឺជា​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ លោក​បាន​ចំណាយ​ពេល​តាមដាន ស៊ើប​អង្កេត និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ។ (រួបថត​ផ្តល់​ឲ្យ​ដោយ GEP)

លោក អ៊ូច ឡេង គឺជា​សកម្មជន​បរិស្ថាន​ការពារ​ព្រៃឈើ​ពី​កម្ពុជា​តំណាង​ឲ្យ​ទ្វីប​អាស៊ី​ទាំង​មូល ដែល​ត្រូវបាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ រួម​ជាមួយ​នឹង​សកម្មជន​បរិស្ថាន​ដ៏​សកម្ម​ប្រាំ​នាក់​​ទៀត​មក​ពី​ប្រទេស​ផ្សេងៗ សម្រាប់​ពាន​រង្វាន់​វីរៈជន​បរិស្ថាន​ឈ្មោះ Goldman Environmental Prize ឆ្នាំ២០១៦។

លោក អ៊ូច ឡេង គឺជា​សកម្មជន​បរិស្ថាន​ការពារ​ព្រៃឈើ​ពី​កម្ពុជា​តំណាង​ឲ្យ​ទ្វីប​អាស៊ី​ទាំង​មូល ដែល​ត្រូវបាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ រួម​ជាមួយ​នឹង​សកម្មជន​បរិស្ថាន​ដ៏​សកម្ម​ប្រាំ​នាក់ទៀត​មក​ពី​ប្រទេស​ផ្សេងៗ សម្រាប់​ពាន​រង្វាន់​វីរៈជន​បរិស្ថាន​ឈ្មោះ Goldman Environmental Prize ឆ្នាំ២០១៦។

លោក អ៊ូច ឡេង បាន​ប្រាប់ VOA ថា ការ​ទទួល​បាន​ពាន​រង្វាន់​ដ៏​ល្បីល្បាញ​នេះ គឺ​ជា​កិត្តិយស​របស់​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ លោក​ថា៖ «‍វា​ជា​កិត្តិយស​របស់​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​ប្រើប្រាស់​ពានរង្វាន់​នេះ ដើម្បី​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់ ហើយ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​កំណែ​ទម្រង់​ព្រៃឈើ ការពារ​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព»។

ចាប់តាំង​ពី​ឆ្នាំ២០០០​មក រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គម្រោង​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ទុន​ក្នុង​វិស័យ​ឧស្សាហកម្ម​កសិកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​ផ្តល់​ដី​ជា​ច្រើន​ហិកតា​ដល់​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​មួយ​ចំនួន​ធំ។

ខាង​ក្រោម​នេះ​គឺជា​ខ្សែ​វីដេអូ​ខ្លី​នេះ​ ដែល​បង្ហាញ​ពី​សកម្មភាព​តាមដាន ស៊ើបអង្កេត និង​ចងក្រង​ជា​ឯកសារ​របស់​លោក អ៊ូច ឡេង និង​ក្រុម​ការងារ​របស់​លោក​នៅ​តាម​តំបន់​ព្រៃ​ដែល​ទទួល​រងការ​បំផ្លិច​បំផ្លាញ​ដោយ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់។ (វីដេអូ​ផ្តល់​ឲ្យ​ដោយ​មូលនិធិ Goldman Environmental Foundation)

លោក​បាន​បញ្ជាក់​ថា ព្រៃឈើ​ដែល​នៅ​សេសសល់​ដែល​ជា​កេរមរតក​ដូនតា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ឈ្មួញ​ឈើ ដែល​ជា​អ្នក​មាន​ទ្រព្យ និង​មាន​អំណាច​មួយ​ចំនួន ដែល​បាន​ទទួល​ការ​សម្រួល​ពី​មន្ត្រី​រដ្ឋាភិបាល​ពុក​រលួយ​ក្នុង​អំឡុង​រយៈពេល​៣០ឆ្នាំ​កន្លង​ទៅ​នេះ។

ការ​ផ្តល់​ពាន​រង្វាន់​វីរៈជន​បរិស្ថាន​របស់​មូលនិធិ​បរិស្ថាន Goldman Environmental Foundation ​នេះ​គឺ​ដើម្បី​ផ្តល់​កិត្តិយស និង​ទទួល​ស្គាល់​ការ​តស៊ូ និង​ជោគជ័យ​ក្នុងការ​ការពារ​បរិស្ថាន ដោយ​ជម្នះ​ការ​លំបាក និង​គ្រោះថ្នាក់​ជា​ច្រើន​របស់​សកម្មជន​បរិស្ថាន​នៅ​ជុំវិញ​ពិភពលោក។ ពាន​រង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ ដោយ​លោក Richard N. Goldman និង​ភរិយា​របស់​លោក​គឺ​លោកស្រី Rhoda H. Goldman។ ពាន់រង្វាន់​នេះ​នឹង​ជួយ​គាំទ្រ​កិច្ចការ និង​យុទ្ធនាការ​របស់​សកម្មជន​ជា​លក្ខណៈ​អន្តរជាតិ និង​ការ​ឧបត្ថម្ភ​ជា​មូលនិធិ​ចំនួន​១៧ម៉ឺន​៥ពាន់​ដុល្លារ​អាមេរិក​ផងដែរ​ដល់​វីរៈជន​បរិស្ថាន​ទាំង​ប្រាំមួយ​នាក់​នេះ។

លោក អ៊ូច ឡេង គឺជា​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ លោក​បាន​ចំណាយ​ពេល​តាមដាន ស៊ើប​អង្កេត និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ។ (រួបថត​ផ្តល់​ឲ្យ​ដោយ GEP)
លោក អ៊ូច ឡេង គឺជា​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ លោក​បាន​ចំណាយ​ពេល​តាមដាន ស៊ើប​អង្កេត និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ។ (រួបថត​ផ្តល់​ឲ្យ​ដោយ GEP)

លោក អ៊ូច ឡេង បាន​ប្រឡូក​ក្នុង​ការ​តស៊ូ​ការពារ​សិទ្ធិ​ពលរដ្ឋ​ ការពារ​បរិស្ថាន និង​ការពារ​ព្រៃឈើ​ នៅ​កម្ពុជា ដែល​ត្រូវបាន​រងការ​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​ ក្នុង​រយៈពេល​ជាង​២០ឆ្នាំ​មក​ហើយ ដោយ​ធ្វើការ​ជាមួយ​នឹង​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន ដូចជា អង្គការ​លីកាដូ អង្គការ​អាដហុក ជា​ដើម។ លោក​ប្តេជ្ញា​ថា នឹង​ប្រើប្រាស់​ធនធាន​ដែល​ទទួល​បាន​ពី​មូលនិធិ​បរិស្ថាន Goldman Environmental Foundation ដើម្បី​តស៊ូ​ការពារ​ព្រៃឈើ​កម្ពុជា ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា។

លោក​ថា៖ «‍ខ្ញុំ​នឹង​ប្រើ​ធនធាន​ទាំង​ថវិកា ទាំង​ចំណេះដឹង ទាំង​សមត្ថភាព ទាំង​កេរ្តិ៍ឈ្មោះ​ពាន​រង្វាន់​ពិភពលោក ដែល​បាន​ផ្តល់​ជូន​ដល់​ខ្ញុំ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទាំង​អស់ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ពិភពលោក ឲ្យ​បាន​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​មោទនភាព​ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ។ ហើយ​ខ្ញុំ​សូម​ប្តេជ្ញា​ថា នឹង​បន្ត​សកម្មភាព​របស់​ខ្ញុំ​ការពារ​ព្រៃឈើ អំពាវនាវ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ទូទាំង​ពិភពលោក ក្រោក​ឈរ​ឡើង​ដើម្បី​ការពារ​ព្រៃឈើ ប្រសិន​បើ​រដ្ឋាភិបាល​មិនមាន​សមត្ថភាព​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ទាំង​នេះ​ទាល់​តែ​សោះ»។

លោក​បាន​បញ្ជាក់​ថា ឆន្ទៈ​របស់​លោក​ក្នុងការ​ការពារ​ព្រៃឈើ និង​ពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោក គឺធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត ដោយ​ស្មោះ និង​ដោយ​គ្មាន​ម្ចាស់​ជំនួយ​អ្វី​នោះ​ទេ។

លោក​ថា៖ «‍យើង​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត។ យើង​ធ្វើការ​ដោយ​ខំប្រឹងប្រែង ដឹកនាំ​សហគមន៍​ដើម្បី​ល្បាត​ព្រៃឈើ​ការពារ​ព្រៃឈើ​ដោយ​ស្មោះស្ម័គ្រ មិន​មាន​បំណង​យក​ព្រៃឈើ​ធ្វើ​អាជីវកម្ម ឬ​ធ្វើ​សកម្មភាព​ដើម្បី​ទទួល​កម្រៃ​អ្វី​នោះ​ទេ។ យើង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ព្រៃឈើ និង​ការពារ​កេរមរតក​ដូនតា ដែល​បន្សល់​ទុក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ទាំង​អស់​គ្នា»។

លោក អ៊ូច ឡេង ​បាន​កើត​នៅ​ក្នុង​គ្រួសារ​កសិករ​ដ៏​ក្រីក្រ​មួយ នៅ​ក្នុង​ខេត្តតាកែវ។ លោក​បាន​ប្រាប់ VOA ថា ដីធ្វើ​ចម្ការ​របស់​ឪពុកម្តាយ​របស់​លោក​ត្រូវបាន​គេ​រឹបអូស ហើយ​ត្រូវ​បង្ខំ​ចិត្ត​រស់នៅ​ក្នុង​ព្រៃ។ ដោយ​គ្មាន​ដី​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត គ្រួសារ​របស់​លោក​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​មក​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៨៣។

ដោយសារ​តែ​ជីវភាព​ក្រីក្រ​ពេក លោក​មិន​បាន​ចុះឈ្មោះ​ចូលរៀន​ជា​ផ្លូវការ​ដូច​ក្មេង​ដទៃ​ទៀត​ទេ។ លោក​ថា កាល​ណោះ​លោក​រៀន​តាម​បង្អួច​សាលា​ជាមួយ​នឹង​សិស្ស​ដ៏ទៃទៀត។

លោក​ថា៖ «‍អញ្ចឹង​អត់បាន​រៀន អត់​បាន​សូត្រ ទាល់​តែ​ឆ្នាំ​៨៧ ៨៨ ទើប​ខ្ញុំ​បាន​រៀន ដោយសារ​តែ​ខ្ញុំ​រៀន​ពូកែ ហើយ​យើង​រៀន​លួច​មើល​គ្រូ​តាម​បង្អួច​ជាដើម។ ដូច្នេះ គ្រូ​គាត់​អាណិត​ទើប​គាត់​ឲ្យ​ចុះ​ឈ្មោះ​ចូលរៀន»។

ក្នុង​វ័យ​សិក្សា លោក អ៊ូច ឡេង គឺជា​សិស្ស​វិទ្យាល័យ​ដ៏​ឆ្នើម​ម្នាក់​ខាង​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ។ នៅ​ឆ្នាំ​១៩៩៣ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ហើយ​ទទួល​បាន​អាហារូបករណ៍​ឲ្យ​ចូលរៀន​ផ្នែក​ច្បាប់ ​នៅ​សកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ ហើយ​ទទួល​បាន​បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ជំនាន់​ទី១​នៅ​ឆ្នាំ​១៩៩៧។

លោក​រៀបរាប់​ពី​ការតស៊ូ​រៀន​សូត្រ​របស់​លោក​ទាំង​អួល​ដើមក​ថា៖ «‍ពិបាក​មែន​ទែន គឺ​ម្តាយ​ខ្ញុំ​ជា​អ្នក​សុំ​ទាន ដោយសារ​គាត់​បាត់បង់​ព្រៃឈើ បាត់បង់​ស្រែ​អស់​អាលីង​ទៅ គាត់​តូចចិត្ត​គាត់ គាត់​ក៏​ក្លាយ​ជា​មនុស្ស​ឆ្កួត ហើយ​សុំ​ទាន​គេ​ជាដើម ដើម្បី​ចិញ្ចឹម​គ្រួសារ។ ហើយ​ឪពុក​ខ្ញុំ​ជា​អ្នក​ធាក់​ស៊ីក្លូ រកស៊ី​ធាក់​ស៊ីក្លូ ដើម្បី​ចិញ្ចឹម​គ្រួសារ​ខ្ញុំ។ ហើយ​ខ្ញុំ​អត់​មាន​មុខរបរ​អី យើង​លក់​បន្លែ​ផង យើង​រើស​អេតចាយ រើស​ក្រដាស​អី ដើម្បី​បន្ត​ការសិក្សា​រៀន​សូត្រ​តទៅ​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ប្រឹង​តស៊ូ»។

លោក អ៊ូច ឡេង បាន​បញ្ជាក់​ថា សកម្មភាព​ការពារ​ព្រៃឈើ​របស់​លោក និង​ប្រជា​ពលរដ្ឋ​របស់​សហគមន៍​ក្នុង​តំបន់ គឺជ្រោក​នៅ​ក្រោម​អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) ដោយ​គ្មាន​ទីស្នាក់ការ​អ្វី​ទេ។ ក្នុង​អំឡុងពេល​បំពេញ​ភារកិច្ច លោក និង​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ចូលរួម​ការពារ​ព្រៃឈើ តែងតែ​បោះតង់​រស់នៅ​ក្នុង​ព្រៃ ដើម្បី​តាមដាន​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ។

លោក អ៊ូច ឡេង គឺជា​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ លោក​បាន​ចំណាយ​ពេល​តាមដាន ស៊ើប​អង្កេត និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ។ (រួបថត​ផ្តល់​ឲ្យ​ដោយ GEP)
លោក អ៊ូច ឡេង គឺជា​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ លោក​បាន​ចំណាយ​ពេល​តាមដាន ស៊ើប​អង្កេត និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ។ (រួបថត​ផ្តល់​ឲ្យ​ដោយ GEP)

លោក​ថា រាល់​សកម្មភាព​តាមដាន និង​ប្រមូល​ភ័ស្តុតាង​នៃ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​របស់​ពួក​ក្រុម​ឈ្មួញ គឺ​ធ្វើឡើង​ជា​ក្រុម និង​ដោយ​សម្ងាត់ ដោយ​ក្រុម​របស់​លោក​ក្លែង​ខ្លួន​ធ្វើ​ជា​កម្មករ ឈ្មួញ​ទិញ​ឈើ អ្នក​បើកបរ អ្នក​ទេសចរ និង​ជា​ចុងភៅ​ជា​ដើម។ ការណ៍​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ផ្តិត​យក​ជា​រូបភាព ​ខ្សែ​វីដេអូ​ និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​ខុស​ច្បាប់​ទាំងនោះ ហើយ​ផ្សព្វផ្សាយ​ជូន​សាធារណៈ​ជន រដ្ឋាភិបាល ​អង្គការ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ។

លោក អ៊ូច ឡេង បាន​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការ​គំរាមកំហែង​ជា​ច្រើន​លើក​ជា​ច្រើន​សារ ដោយសារ​តែ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​លោក ដែល​មិន​ខុស​គ្នា​ពី​សកម្មជន​ឆ្នើម​ ឈុត វុទ្ធី ដែល​ជា​អតីត​មិត្ត​រួម​ការងារ​របស់​លោក ដែល​ត្រូវបាន​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ២០១២ ដោយ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក អ៊ូច ឡេង និង​ក្រុម​ការងារ​របស់​លោក​ទទួល​បាន​ការ​ឆ្លើយតប​មួយ​ចំនួន​ពី​រដ្ឋាភិបាល។ ឧទាហរណ៍ កាលពី​ឆ្នាំ២០១៣ រដ្ឋាភិបាល​បាន​បញ្ចប់​គម្រោង​គោលនយោបាយ​ដីសម្បទាន​សេដ្ឋកិច្ច ហើយ​ក៏​បាន​ប្រគល់​ដី​មួយ​ចំនួន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់​ដោយ​សារ​គោល​នយោបាយ​នេះ។ បន្ថែម​លើ​នេះ កាលពី​ដើម​ឆ្នាំ២០១៦ រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បង្កើត​គណៈកម្មាការ​បង្រ្កាប​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ អ៊ូច ឡេង អះអាង​ថា​ ទឹកចិត្ត​ស្រឡាញ់ និង​ការពារ​ព្រៃឈើ​របស់​ប្រជា​ពលរដ្ឋ​តាម​សហគមន៍​ដែល​មាន​មក​លើ​រូប​លោក នៅតែ​បន្ត​លើក​ទឹក​ចិត្ត​ឲ្យ​លោក​តស៊ូ​ការពារ​ព្រៃឈើ​តទៅ​មុខ​ទៀត​ដោយ​គ្មាន​រួញ​រាឡើយ ហើយ​ក៏​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន​កម្ពុជា​ទាំង​អស់ ឲ្យ​ក្រោក​ឈរ រួបរួមគ្នា​ដើម្បី​ការពារ​ព្រៃឈើ​កម្ពុជា ដែល​នៅ​សេសសល់​តែ​បន្តិច​បន្តួច​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG