ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Global Witness ​សុំ​ឱ្យ​ស.រ.អា​ដាក់​ទណ្ឌកម្ម​​ឧកញ៉ា​៤នាក់


យោងតាមអង្គការ Global Witness ឧកញ៉ាដែលពាក់ព័ន្ធនឹងនយោបាយទាំងបួនរូបនេះ​ ទទួលបានផលប្រយោជន៍ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពីឆ្វេងទៅស្តាំ៖ ឧកញ៉ា ម៉ុង ឫទ្ធី​ ឧកញ៉ា លី យ៉ុងផាត់​ ឧកញ៉ា ទ្រី ភាព ឧកញ៉ា ឡាវ ម៉េងឃីន។ (AP/REUTERS)

សេដ្ឋី​ទាំងបួន​ មាន​បីនាក់​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​​​​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។

អង្គការ​ Global Witness ​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ​ ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​៤រូប​ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ បាន​ដើរ​តួនាទី​សំខាន់​ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។

សេដ្ឋី​ទាំងបួន​ មាន​បីនាក់​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។

អង្គការ ​Global Witness ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖

«ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ​Global Witness ​សូមអំពាវនាវ​ឱ្យ​បញ្ចូល​បុគ្គល​ទាំងនេះ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង​ដោយសារ​តែ​ពួកគេ​មាន​តួនាទី​ក្នុង​ការធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ប្រព្រឹត្តឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ពួកគេ‍»។​

ទង្វើ​ខុសឆ្គង​របស់​សេដ្ឋី​ទាំង​បួន​រូប​មាន​ការរឹបអូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​កាប់បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើខុសច្បាប់​ បូមខ្សាច់​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម​។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ​ពួកគេ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

វីដេអូ​មួយ​ពី​យុទ្ធនាការ​របស់ Global Witness

នៅក្នុង​យុទ្ធនាការ​ថ្មី​នេះ​អង្គការ​ Global Witness ​បាន​ចាត់ទុកថា​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩ខែ​កក្កដា​ខាងមុខ​នេះ​គឺជា​ការឆក់ប្លន់​សន្លឹកឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ឆក់ប្លន់​សំឡេង​របស់​ពួកគេ​ក្នុង​ពេល​កន្លងមក​និង​ឆក់ប្លន់​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ។​

លោកស្រី ​Emma Burnett ​អ្នកធ្វើ​យុទ្ធនាការ​បាន​បញ្ជាក់ក្នុង​បទសម្ភាសន៍​មួយជាមួយ VOA ថា (ចុច​ស្តាប់​បទសម្ភាសន៍​ទាំងស្រុង​ត្រង់​នេះ)

«នេះ​គឺ​ជា​ការ​ក្បត់​ពលរដ្ឋ​កម្ពុជា​និង​ប្រទេស​ទាំងអស់​ដែល​បាន​ផ្តល់​ប្រាក់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពី​ការវិនាស​ដោយ​របបខ្មែរ​ក្រហម​ដើម្បី​បាន​ប្រព័ន្ធ​មួយ​ដែល​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។ ដល់ពេល​ដែល​គេ​ត្រូវ​ឱ្យ​ក្រុម​វរជន​ដែល​បាន​ឆក់ប្លន់​យក​ស្នាដៃ​ទាំងនេះ​ពី​ពលរដ្ឋ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ហើយ‍»។

អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​នេះ​ក៏បាន​ចេញផ្សាយ​គំនូរ​ថ្លុក​មួយចំនួន​ដែល​បង្ហាញ​ថា​ឧកញ៉ា​ទាំង​បួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធនឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន​និង​ក្រុមគ្រួសារ​និង​ជា​ប្រភព​ថវិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ខណៈពេល​ដែល​ក្រុមគ្រួសា​រលោក​នាយក​រដ្ឋមន្ត្រី​ដែល​មាន​កូនស្រី​ឈ្មោះលោកស្រី ហ៊ុន ម៉ាណា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជីករករ៉ែ​ហើយ​ធ្លាប់​ជា​នាយិការ​ក្រុម​ហ៊ុន ​WS Mining​ដែល​ក្រុមហ៊ុន​នេះ​ប្រើ​ប្រាស់​ទាហាន​រដ្ឋាភិបាល​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ចូលទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ក្បែរ​នោះ​ហើយ​បំពុល​ទឹក​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺ​និង​ងាប់​សត្វ​ពាហនៈ​ជាដើម។ ក្មួយប្រុស​លោកហ៊ុនសែន​គឺ​លោក​ឧកញ៉ា​ហ៊ុនតូ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ប្រេង​ឥន្ធនៈ​ដ៏ធំ​ក៏ដូច​ជាត្រូវ​បាន​គេសង្ស័យ​ថា​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​រត់​ពន្ធ​គ្រឿង​ញៀន​និង​លាង​លុយ​កខ្វក់​ប៉ុន្តែ​លោក​បាន​ប្រកែក។ ​ ​រីឯ​កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺលោក​សុខ ពុទ្ធិវុធ​គឺ​ជា​អគ្គនាយ​ក្រុមហ៊ុន​Soma Group ​ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​និង​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​នៅ​តំបន់​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

អង្គការ​ Global Witness ​ថា​អ្នក​ទាំងនេះ​នឹង​បាត់បង់​ផលប្រយោជន៍​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​ដូច្នេះ​ហើយ​ទើប​គណបក្ស​កាន់អំណាច​ត្រូវ​ធ្វើ​កិច្ចការ​សព្វបែប​យ៉ាង។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃ​អាទិត្យ​ទី២៩ខែ​កក្កដា​ខាងមុខនេះ៕

XS
SM
MD
LG