នាយក​រដ្ឋមន្ត្រី​ជប៉ុន​និយាយ​ថា​ការ​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​​កូរ៉េ​ខាង​ជើង​ចូល​​ក្នុង​សមុទ្រ​ជប៉ុន​គឺ​«មិន​អាច​អត់​ឱន​ឱ្យ​បាន»

បុរស​ម្នាក់​កំពុង​មើល​កម្មវិធី​នៅ​លើ​កញ្ចក់​ទូរសទ្សន៍​ដែល​រាយការណ៍​អំពី​ការ​បាញ់​កាំជ្រួច​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១២ ខៃ​កុម្ភៈ។

លោក ​Abe ​បាន​និយាយ​ដូច្នេះ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ដោយ​លោក​ឈរ​នៅ​ជិត​លោក​ប្រធានាធិបតី ​ស.រ.អា. ដូណាល់ ត្រាំ​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ត្រូវ​រៀប​ចំ​ជា​បន្ទាន់​នៅ​ក្នុង​បន្ទប់​មួយ​មាន​ការ​លម្អ​ឆើត​ឆាយ​នៅ​ក្នុង​គេហដ្ឋាន​ធំមួយ​របស់​លោក​ ត្រាំ​ មាន​ឈ្មោះ​ថា​ Mar-a-Lago estate ក្នុង​រដ្ឋ​ Florida ដែល​នៅ​ទីនោះ​លោក​ Abe​ បាន​ទៅ​ទស្សនា​ជាមួយ​លោក ត្រាំ​ កាល​ពី​ដំណាច់​សប្តាហ៍​នេះ។​

មេដឹក​នាំ​ជប៉ុន​រូប​នេះ​បាន​និយាយ​ថា៖ «ប្រទេស​កូរ៉េខាង​ជើង​ត្រូវ​តែ​គោរព​ពេញ​លេញ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដែល​មាន​ពាក់​ព័ន្ធ​នឹងបញ្ហា​នេះ។ នៅ​ក្នុង​ជំនួប​កំពូល​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​លោក​ប្រធានាធិបតី​ ត្រាំ​ លោក​បាន​ធានា​រ៉ាប់​រង​ដល់​ខ្ញុំ​ថា​ ស.រ.អា. ​នឹង​ឋិត​នៅ​១០០​ភាគរយ​ជា​មួយ​ប្រទេស​ជប៉ុន​ជានិច្ច​ ហើយ​ដើម្បី​បង្ហាញ​ការ​ប្តេជ្ញា​របស់​លោក​ លោក​នៅ​ទី​នេះ​ជាមួយ​ខ្ញុំ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ»។

លោក ត្រាំ​ បាន​និយាយ​នៅ​ក្នុង​អត្ថាធិប្បាយ​កំបុត​កំបុយ​របស់​លោក​នៅ​ក្នុង​សន្និសីទកាសែត​នេះ​ថា៖ «ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំង​អស់​គ្នា​យល់​និង​ដឹង​ដោយ​ពេញ​លេញ​ថា​ ស.រ.អា. ​ឈរ​១០០​ភាគ​រយ​ពី​ក្រោយ​ប្រទេស​ជប៉ុន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ធំ​មួយ​របស់​ផង​ខ្លួន»។ ​ការ​បាញ់​ពិសោធន៍​កាំ​ជ្រួច​មីស៊ីល​នេះ​ដោយ​ប្រទេស​កូរ៉េខាង​ជើង​បាន​ត្រូវ​បក​ស្រាយ​ថា​ជា​ការ​ប្រឆាំង​នឹង​រដ្ឋបាល​របស់​លោក​ ត្រាំ៕