ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជម្លោះ​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​អាច​ប៉ះពាល់​កិច្ច​សហ​ប្រតិបត្តិការ​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង


លោក Yasumasa Nagamine ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កូរ៉េ​ខាង​ត្បូង (រូប​កណ្តាល) ចាកចេញ​ បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

ការ​តានតឹងបាន​ផ្ទុះ​ឡើង​ម្តង​ទៀត​រវាង​ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​អំពី​បញ្ហា​ទាសករ​ផ្លូវ​ភេទ​ក្នុង​អំឡុង​សង្គ្រាម​ជប៉ុន ​ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ត្រី​ភាគី​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់​ទល់​ភាព​គឃ្លើន​កាន់​តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាង​ជើង ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក។

ជម្លោះ​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​២​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​មុន​នៅ​ពេល​ដែល​រូប​សំណាក​ថ្មី​ដែល​តំណាង​ឲ្យ​ស្រ្តី​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ​ដែល​ជារឿយៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រី​បម្រើ​ផ្លូវភេទ​បាន​ត្រូវ​គេ​សាងសង់​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​ជប៉ុន​ក្នុង​ទីក្រុង​ប៊ូសាន ​ដែល​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

នៅ​ក្នុង​ការ​ឆ្លើយ​តប រដ្ឋាភិបាល​ជប៉ុន ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ដាក់​រូប​សំណាក​មួយ​ទៀត​ជា​ការ​រំលោភ​កិច្ចព្រម​ព្រៀង​ខែ​ធ្នូ ​ឆ្នាំ​២០១៥​ដែល​បាន​ធ្វើ​ឡើង​រវាង​ប្រទេស​ទាំង ២ដែល​នៅ​ក្នុង​នោះ​ប្រទេស​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រ្តី​បម្រើ​ផ្លូវ​ភេទ។ ​ជប៉ុន​បាន​អះអាង​ថា ​កូរ៉េ​ខាង​ត្បូងក៏​បាន​រំលោភ​អនុសញ្ញា​ទី​ក្រុង​វីយ៉េន​ស្តីពី​ទំនាក់ទំនង​ការ​ទូត​ដែល​តម្រូវ​ឲ្យ​ប្រទេស​ម្ចាស់​ផ្ទះការពារ​បេសកកម្មការ​ទូត​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ខ្លួន។

ជប៉ុន​បាន​កោះ​ហៅ​ឯកអគ្គរាជ​ទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​និង​អគ្គ​កុងស៊ុល​នៅ​ក្នុង​ទីក្រុងប៊ូសាន​នៅ​ដើម​ខែ​នេះ​ឲ្យ​ត្រឡប់​មក​កាន់​ប្រទេស​វិញ។

ភាព​ចម្រូង​ចម្រាស​នេះ​ធ្លាក់​ចូល​ដល់​បញ្ហា​ជម្លោះ​ប្រជុំ​កោះ Dokdo ហៅ​ជា​ភាសា​កូរ៉េ​និង​កោះ Takeshima ​ជា​ភាសា​ជប៉ុន​នៅ​សប្តាហ៍​នេះ នៅ​ពេល​ដែល​ជប៉ុនទាម​ទារ​ទឹក​ដី​ទាំង​នោះ។ ​ពួក​អ្នក​នយោបាយ​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ពួកគេ​មាន​ផែនការ​ដាក់​រូប​សំណាកស្រ្តី​បម្រើ​ផ្លូវ​ភេទ​មួយ​ទៀត​នៅ​លើ​ប្រជុំ​កោះ​នោះ៕

XS
SM
MD
LG