លោក James Mattis រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងទីក្រុងតូក្យូនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំ ១០០ភាគរយ ដោយស្មាប្រកៀកស្មាជាមួយនឹងប្រទេសជប៉ុន។
លោក Mattis បានធ្វើដំណើរទៅក្រៅប្រទេសជាលើកទីមួយចាប់តាំងពីលោកបានក្លាយជារដ្ឋមន្ត្រីការពារជាតិ ហើយលោកបានធ្វើអត្ថាធិប្បាយនេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនឹងលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន។
លោកក៏បានបញ្ជាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃសុក្រថា បើសិនជាប្រទេសកូរ៉េខាងជើងហ៊ានវាយប្រហារដោយអាវុធនុយក្លេអ៊ែរមកលើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាមួយរបស់ខ្លួនគឺនឹងរងការឆ្លើយតបវិញប្រកបដោយប្រសិទ្ធភាព និងធ្ងន់ធ្ងរ។
ដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនគឺដើម្បីធានាដល់សម្ព័ន្ធមិត្តអាស៊ីទាំងពីរពីចំណងសម្ព័ន្ធភាពយូរអង្វែងជាមួយនឹងប្រទេសទាំងពីរនេះ។
លោកប្រធានាធិបតី ដូណល់ ត្រាំ បានគំរាមកាលពីក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថា លោកនឹងដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសកូរ៉េខាងត្បូង និងជប៉ុនប្រសិនបើពួកគេមិនបង់ប្រាក់ដល់ការគាំទ្រផ្នែកយោធាដែលពួកគេទទួលពីសហរដ្ឋអាមេរិកទេ។ មានទាហានអាមេរិកចំនួន២៨.៥០០នាក់ឈរជើងនៅប្រទេសកូរ៉េខាងត្បូង និង៤៧.០០០នាក់ឈរជើងនៅប្រទេសជប៉ុន៕