ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា​ ព្រឹទ្ធ​សភា​អាណត្តិ​ថ្មី​នឹង​ដើរ​លើ​វិថី​ចាស់


រូបឯកសារ៖ ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)
រូបឯកសារ៖ ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នោះ នឹង​លែង​មាន​សំឡេង​ជំទាស់​ទៀតហើយ​ ដោយហេតុថា​ ស្ថាប័ន​អនុម័ត​ច្បាប់​កំពូល​មួយ​នេះ​ នឹង​គ្របដណ្ដប់​ស្ទើរ​តែ​ទាំង​ស្រុង​ ដោយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

នៅ​ថ្ងៃ​ទី​២៣​ ​ខែ​មេសា​ ឆ្នាំ​ ២០១៨​ខាង​មុខ​នេះ​ ​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្តម សីហមុនី​ នឹង​យាង​ធ្វើ​ជា​ព្រះអធិបតី​បើក​សម័យ​ប្រជុំ​ដំបូង​នៃ​ព្រឹទ្ធសភា​ សម្រាប់​នីតិកាល​ទី​៤ ​ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ព្រឹទ្ធ​សភា​ជ្រើស​តាំង​ដោយ​អង្គ​ព្រះ​មហាក្សត្រ​ និង​រដ្ឋសភា។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ព្រឹទ្ធ​សភា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ព្រឹទ្ធសភា ​ក៏​បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​នា​ ​ឲ្យ​មក​ធ្វើ​ប័ណ្ណ​នៅ​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះ​ ដើម្បី​តាមដាន​ព្រឹត្តិការណ៍​នេះ។ ប៉ុន្តែ វីអូអេ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ តើ​ព្រះមហាក្សត្រ ​នឹង​យាង​បើក​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ដំបូង​នេះ​តាម​កាលបរិច្ឆេទ​ខាង​លើ​ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​ក្រុម​សង្កេត​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​ ការ​បើក​កិច្ច​ប្រជុំ​លើកដំបូង​របស់​ព្រឹទ្ធសភា​នេះ មិន​មាន​អ្វី​ថ្មី​ទេ​ ​ពោល​គឺ​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​សម្រាប់​នីតិកាល​ទី​៤​ នឹង​នៅ​បន្ត​ដំណើរ​លើ​វិថី​ចាស់​របស់​ខ្លួន​ដដែល។​

លោក​ ​កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ​ថ្លែង​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ថ្មី​នេះ​ នឹង​មិន​អាច​ធ្វើ​អ្វី​ថ្មី​ជាង​ព្រឹទ្ធសភា​ក្នុង​អាណត្តិ​ចាស់​នោះ​ឡើយ។​

លោក​លើក​ជា​ចម្ងល់​ថា​ ​នៅ​ក្នុង​អាណត្តិ​ចាស់​ ​សូម្បីតែ​មាន​សំឡេង​ជំទាស់​សម្រាប់​ការ​ពិភាក្សា​ផង​ ក៏​ព្រឹទ្ធសភា​មិន​អាច​ប្រកែក​នឹង​សភា​បាន​ផង​ ចុះ​ទម្រាំតែ​អាណត្តិ​ថ្មី​នេះ​ មានតែ​សមាជិក​បក្ស​កាន់​អំណាច​ស្ទើរ​តែ​ទាំងអស់​នោះ​ ​តើ​ព្រឹទ្ធសភា​នឹង​អាច​ធ្វើ​បាន​ទៅ?​

លោក​ ​កន សាវាង្ស​ ​មាន​ប្រសាសន៍​ថា៖​

«អញ្ចឹង​អា​នោះ​គឺ​ថា​ មាន​មតិ​គណបក្ស ​សំឡេង​របស់​គណបក្ស​ផ្សេង​ទៀត​ខ្លះ​ផង​ចូល​រួម​នែ៎ បាទ​គណបក្ស​ប្រឆាំង​ ចូលរួម​ផង​ គឺថា​ មាន​ មានៗ​ មិន​សូវ​មាន​ កា​រ​ពិចារណា​ច្រើន​ ទម្រាំ​តែ​ឥឡូវ​នេះ​ គឺថា​មាន​តែ​ខ្លួន​ឯង​១០០​ភាគរយ​ទៀត​ អា​ហ្នឹង​គឺ​ថា​ រឹតតែ​មិន​មាន​អ្វី​ដែល​ខុសប្លែក​ពីមុន​ទេ​បាទ​ នេះ​អ្វី​ដែល​យើង​មើល​ឃើញ​បាទ»។​

លោក កន សាវាង្ស​ ​មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​របស់​ Comfrel មើល​ឃើញ​ពី​ផល​អវិជ្ជមាន ដែល​កើត​ចេញពី​ការ​តាក់​តែង​ច្បាប់​ពី​សភា​ទៅ​ព្រឹទ្ធ​សភា​នៅ​ពេល​ខាងមុខ​ ប្រសិន​បើ​ក្នុង​ករណី​ដែល​ការបោះឆ្នោត​ជាតិ​ដំណើរ​ការ​ទៅ​មុខ​ ហើយ​រដ្ឋសភា​ថ្មី​ត្រូវ​បាន​បង្កើត​ ដោយ​មិន​មាន​វត្តមាន​បក្ស​ប្រឆាំង​ធំ​មួយ​ ​ដូច​ជា គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​រំលាយ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល។​

មន្ត្រី​ឃ្លាំ​មើល​ការ​បោះឆ្នោត​រូប​នេះ​ ថ្លែង​បន្ត​ថា​ ក្នុង​អាណត្តិ​ទី៥​របស់​សភា​ ក្រុម​ប្រឆាំង​សង្គ្រោះ​ជាតិ ​មាន​សំឡេង​ច្រើន​ អាច​មាន​លទ្ធភាព​ហៅ​មន្ត្រី​រដ្ឋាភិបាល​កំពូលៗមក​សួរ​ដេញ​ដោល​ ពាក់​ព័ន្ធ​បញ្ហា​ច្បាប់​ និង​កិច្ចការ​ផ្សេងៗ​ទៀត​ ដើម្បី​បង្កើត​បាន​ជា​ការពិភាក្សា​ដេញ​ដោល​គ្នា។ ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​៦​នេះ​ ការ​ដេញដោល​ និង​ពិភាក្សា​បែប​នោះ​ នឹង​ទំនង​ជា​ពិបាក​ធ្វើ​ឡើង​ចាប់​ពី​សភា​ ​ដល់​ព្រឹទ្ធសភា។​

«អញ្ចឹង​បើ​សិន​ជា​ អាណត្តិ​ទី៦​នេះ​ គណបក្ស​សំឡេង​ភាគតិច​នែ៎​ យើង​មិន​សំដៅ​ទៅលើ​សំឡេង​គណបក្ស​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ចង់​និយាយ​ថា​ គណបក្ស​ដែល​ចូលរួម​ជាប់​ហ្នឹង​ បើ​សិន​មាន​សំឡេង​តែ​តិចតួច​ មិន​មាន​ច្រើន​ទេ​ វា​រឹតតែ​ជា​បញ្ហា​មួយ​ ដែល​ការ​អនុម័ត​ច្បាប់​ អ្វី​ផ្សេង​ៗ​ហ្នឹង​ គឺថា​ វា​ វា​អាច​ទៅ​បាន​បាទ​ សំឡេង​ភាគច្រើន​ វា​ទៅ​បាន​ហើយ។ ក៏ប៉ុន្តែ​ យើង​មើល​ឃើញ​ថា​ ការ​បម្រើ​ ការ​បំពេញ​នូវ​សំឡេង​ភាគតិច​ហ្នឹង​ អាច​ហ្នឹង​ មាន​ការ​ចន្លោះប្រហោង​ហើយ​បាទ។ វា​មិន​អាច​ដូច​ ដែល​មាន​សំឡេង​គណបក្ស​ប្រឆាំង​ សំឡេង​ភាគតិច​ចូលរួម​ដើម្បី​ជជែក​ទេ​បាទ»។​

ការប្រជុំ​ព្រឹទ្ធសភា​កម្ពុជា​សម្រាប់​នីតិកាល​ទី៤​ ដែល​នឹង​មក​ដល់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ​នឹង​ប្រព្រឹត្ត​ទៅ​ បន្ទាប់ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​ ​ដោយ​ហេតុថា​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដឹកនាំ​ដោយ​លោក​ ​កឹម សុខា​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ចាប់​ដាក់គុក​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ និង​លោក​ សម រង្ស៊ី​ ​ដែល​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដើម្បី​គេច​ពី​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ តាម​បណ្ដឹង​របស់​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​នេះ។​

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ដែល​បាន​កន្លងទៅ​ជិត​បី​ខែ​មក​នេះ​ ​បាន​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ ដែល​ជា​ប្រទេស​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ថា​ ជា​ការ​បោះឆ្នោត​ដែល​មិន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពេញ​លេញ​ ​ពោល​គឺ​មាន​ការ​បិទ​សំឡេង​អ្នកជំទាស់។​

ទាក់ទិន​នឹង​ការ​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកដំបូង​របស់​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​ លោក​បណ្ឌិត​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នក​វិភាគ​នយោបាយ​ ទាយ​ទុក​ជា​មុន​ថា​ ព្រឹទ្ធសភា​នឹង​ដើរ​លើ​វិថី​ចាស់​ដដែល​ គឺ​ដូច​អ្វី​ដែល​អ្នក​សង្កេត​ការណ៍​បោះឆ្នោត ​បាន​រំពឹង​ទុក​ជា​មុន​នោះ។

លោក ​មាស​ នី មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​គិត​ថា​ ​មិន​មាន​អី​ថ្មី​ទេ​បាទ​ មូលហេតុ​ដែល​មិន​មាន​អី​ថ្មី​ ដោយសារ​តែ​ពីដើម​មក​គឺ​សភា​ហ្នឹង​ក៏​មាន​សមាស​ភាព​ ​ពី​គណបក្ស​ផ្សេង​ហ្នឹង​ក៏​តិច​ដែរ​ ហើយ​ឥឡូវនេះ​ គឺ​លែង​មាន​តែ​ម្ដង។​ ​អីចឹង​សម្រាប់​ដំណើរ​ការ​សភា​នេះ​ បើ​យើង​គិត​អំពី​ពហុបក្ស​ហ្នឹង​គឺ​វា​អត់​មាន​ទាល់​តែ​សោះ​ ហើយ​ម្ដង​នេះ​បាទ»។​

លោក​ ​មាស នី​ ​បាន​ថ្លែង​បន្ថែម​ថា​ ​ការ​បង្កើត​ច្បាប់​ដែល​មិនសូវ​មាន​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ​ក៏​ហាក់​ដូចជា​មិន​មាន​អ្វី​ប្រែប្រួល​ដែរ​ ​មានន័យ​ថា​ ការ​បង្កើត​ច្បាប់​របៀប​នោះ​នឹង​បន្ត​កើតមាន នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ថ្មី​នេះ។​

លោក​បន្ត​ថា ​សភា​ ​និង​ព្រឹទ្ធសភា ​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​តែមួយ​ ​ដែល​បើក​ផ្លូវ​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើ​អ្វី​បាន​តាម​ខ្លួន​ចង់​បាន។​

«យើង​ដឹង​ហើយ​ថា​ច្បាប់​ក៏​មាន​តួនាទី​មួយ​ការពារ​សុវត្ថិភាព​របស់​ពលរដ្ឋ​ទូទៅ​ដែរ​បាទ​ ប៉ុន្តែ​បើ​សិន​ជា​សភា​ហ្នឹង​នៅ​ក្នុង​ស្ថិត​នៅ​ក្រោម​ គណបក្ស​តែមួយ អីចឹង​ បើ​សិន​ជា​ ច្បាប់​ហ្នឹង​គេ​បង្កើត​ឡើង​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ ត្រួតត្រា​ទៅលើ​ពលរដ្ឋ​ ជា​ជាង​ការ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​នោះ​ ច្បាប់​នោះ​មិន​មាន​នរណា​ជំទាស់​ទេ​បាទ។ អញ្ចឹង បាន​ជា​យើង​ឃើញ​ថា ការ​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ ក្រោម​ការ​អនុម័ត​ទៅលើ​តែ​សភា​ ដែល​មាន​បក្ស​តែមួយ ហើយ​ច្បាប់​ហ្នឹង​ គឺ​ជា​ច្បាប់​ដែល​យើង​មើល​ទៅ​ហាក់​ដូច​ជា​ ឈាន​ទៅ​រក​ការ​រឹត​បន្តឹង​ សេរីភាព​របស់​ពលរដ្ឋ​ជាជាង​ ការ​ផ្ដល់​នូវសុវត្ថិភាព​ដល់​ពលរដ្ឋ​ទូទៅ​បាទ។ ខ្ញុំ​គិត​ថា​ ​មិន​មាន​អី​ប្លែក​បាទ»។​

លោក​ អ៊ុំ សារិទ្ធ​ អគ្គលេខាធិការ​ និង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ សុំ​មិន​ធ្វើការ​អធិប្បាយ​ ដោយ​លោក​ជាប់​រវល់​ក្នុង​កិច្ច​ប្រជុំ។​

ក្នុង​នីតិកាល​មុន​ ព្រឹទ្ធសភា​កម្ពុជា​ ត្រូវ​គេ​ដឹង​ថា​ ជា​ស្ថាប័ន​ច្បាប់​ដែល​រង់ចាំ​តែ​ប្រថាប់ត្រា​លើ​សេចក្ដី​ព្រាងច្បាប់​ដែល​ត្រូវ​បាន​បញ្ជូន​មក​ពី​រដ្ឋសភា​ដែល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​មេដឹកនាំ​កំពូល​របស់​គណបក្ស​កាន់អំណាច។​

នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​ខាង​នយោបាយ​យ៉ាង​ទូលំទូលាយ​ដែល​សហគមន៍​អន្តរជាតិ​ ​និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​ដឹង​ជាទូទៅ​នៅ​ឆ្នាំ​២០១៧ ព្រឹទ្ធសភា​កម្ពុជា​ បាន​អនុម័តច្បាប់​ជាច្រើន។

ក្នុង​នោះ​មាន​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​បួន​ពាក់​ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ តាំង​ពី​ថ្នាក់​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់​ជាតិ នៅ​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល។​

ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ សហគមន៍​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​ពីរ​រួមមាន​ សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​គំរាម​ដាក់​ទណ្ឌកម្ម​ជាបន្តបន្ទាប់​ ប្រសិន​បើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មិន​បក​ក្រោយ​ ដើម្បី​ស្តា​ដំណើរការប្រជាធិបតេយ្យ​ឡើង​វិញ​នោះ។​

លោក​ អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ​យល់​ឃើញ​ស្រដៀង​គ្នា​នឹង​ទស្សនៈ​របស់​អ្នកសង្កេតការណ៍​បោះឆ្នោត​ និង​អ្នកវិភាគ​នយោបាយ​កម្ពុជា​ ចំពោះ​ស្ថាប័ន​ព្រឹទ្ធសភា​ ដែល​បាន​ផ្ដល់​ការយល់​ព្រម​ឲ្យ​មាន​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​មើល​ឃើញ​ថា​ បាន​កំពុង​រឹតត្បិត​កាន់​តែ​ខ្លាំង​លើ​សិទ្ធិ​ជួប​ប្រជុំ​ និង​សំដែង​មតិ។​

លោក​ថ្លែង​ថា៖​

«ព្រឹទ្ធសភា​អាណត្តិ​ក្រោយនេះ​ ប្រហែល​ជា​ដូចតែ​មុនៗ​ ហើយ​វា​ងាយ ងាយ​ស្រួល​ទៅ​ទៀត​ក្នុង​ការ​សម្រេច។ ពី​មុន​មក​ មាន​ខាង​គណបក្ស​ជំទាស់​មាន​អី​ច្រើន​អីចឹង​ទៅ​ ​ប៉ុន្តែ​អាណត្តិ​នេះ​ ជា​ការ​ងាយ​ស្រួល​ហើយ​នៅ​ក្នុង​ការ​សម្រេច​ច្បាប់​ដែល​បញ្ជូន​មក​ពី​រដ្ឋសភា​នោះ​បាទ»។​

​ក្រុម​អ្នក​សង្កេត​ការណ៍ ​ក៏​យល់​ស្រប​ជា​រួម​ផង​ដែរ​ថា​ ​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី​៤​នេះ​ ​នឹង​មិន​មាន​លក្ខណៈ​អ្វី​ដែល​ថ្មី​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​នោះ​ឡើយ​ ​ហើយ​បើ​ទោះ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​យល់​ឃើញ​ថា​ច្បាប់​ដែល​បញ្ជូន​មកពី​រដ្ឋសភា​មិនស្រប​នឹង​ស្ថានការណ៍​កម្ពុជា​ ​ហើយ​ចង់​បង្វិល​ច្បាប់​នោះ​ទៅ​សភា​វិញ ក៏​សមាជិក​ព្រឹទ្ធ​សភា​នោះ​ មិន​អាច​ធ្វើ​ទៅ​រួច​បាន​ដែរ​ ​ដោយ​សារ​តែ​គំនាប​ពី​គណបក្ស​នយោបាយ​របស់​សមាជិកព្រឹទ្ធសភា​នោះ៕

XS
SM
MD
LG