នំប៉័ងនៅប្រទេសស៊ីមបាវ៉េឥឡូវនេះមានតម្លៃ ២ដុល្លារក្នុងមួយដើម ឬថ្លៃជាងនេះ ដែលនេះជាតម្លៃថ្លៃបំផុតសម្រាប់ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសដ៏ក្រីក្រមួយនេះ។ ប៉ុន្តែប្រជាពលរដ្ឋនៅតែរីករាយញ៉ាំតែសម្រាប់អាហារពេលព្រឹក បើទោះបីជាពួកគេគ្មានលទ្ធភាពទិញនំប៉័ងក៏ដោយ។
លោក Gibson Nhema អាយុ ៦៣ឆ្នាំ បាននិយាយថា៖
«ឥឡូវនេះ នំប៉័ងថ្លៃណាស់។ ពេលខ្លះ យើងញ៉ាំបបរខាប់ ដំឡូងផ្អែម និងពោតជំនួសវិញ។ យើងអាចទិញនំប៉័ងបានម្តងតែប៉ុណ្ណោះក្នុងមួយសប្តាហ៍ គឺមានតែប៉ុណ្ណឹង។ ប៉ុន្តែយើងលែងនឹកនាវាទៀតហើយ ពីព្រោះថា ឥឡូវនេះ នំប៉័ងថ្លៃណាស់។ អ្នកនៅផ្ទះអាចធ្វើម្ហូបឲ្យមានពណ៌ដូចជាពណ៌នំប៉័ង ដើម្បីកុំឲ្យយើងនឹកនាដល់នំប៉័ងទៀត។ ប្រសិនបើរដ្ឋាភិបាលអាចបន្ទាបតម្លៃនំប៉័ងនិងម្សៅបាន នោះការរស់នៅរបស់យើងនឹងមានភាពប្រសើរជាងមុន។ យើងគ្មានលុយទេ។ ប្រសិនបើវានៅតែថ្លៃ ខ្ញុំនឹងមិនអាចទិញអាហារពេលល្ងាចបានទេ។ ខ្ញុំមិនអាចទិញនំប័ុងបានទេ ដូច្នេះយើងទិញដំឡូងជំនួសវិញ»។
លោក Nhema និយាយថា តម្លៃដំឡូងនិងអាហារផ្សេងទៀតជំនួសឲ្យនំប៉័ងក៏កំពុងឡើងថ្លៃផងដែរ។
លោក Alwyn Mutero អ្នកលក់នំប៉័ងម្នាក់ បាននិយាយថា៖
«ប្រជាជនធ្លាប់ទិញនំប៉័ងច្រើន។ ប៉ុន្តែសព្វថ្ងៃនេះ ពួកគេមិនទិញនំប៉័ងទេ។ អ្នកមើលតែធ្នើដាក់នំប៉័ងទៅគឺដឹងហើយ។ ធ្លាប់មាននំប៉័ងច្រើននៅលើធ្នើនេះ ប៉ុន្តែប្រជាជនលែងទិញដូចពីមុនទៀតហើយ ដោយសារថ្លៃពេក។ យើងធ្លាប់លក់នំប៉័ង១ដើម ថ្លៃ១ដុល្លារ។ ឥឡូវនេះនំប៉័ងឡើងថ្លៃ២.៥០ដុល្លារក្នុង១ដើម។ ប្រជាជនគ្មានលទ្ធភាពទិញទេ»។
រដ្ឋមន្ត្រីឧស្សាហកម្មស៊ីមបាវ៉េលោក Mangaliso Ndlovu និយាយថា លោកបានដឹងពីបញ្ហា ដែលប្រជាជនស៊ីមបាវ៉េទូទៅកំពុងប្រឈមមុខ។
លោក Ndlovu បាននិយាយថា៖ «យើងកំពុងតែធ្វើការជាមួយនឹងហាងដុតនំប៉័ង ដោយធ្វើការពិនិត្យជាពិសេសលើបញ្ហាការផ្គត់ផ្គង់ និងតម្លៃនំប៉័ងនៅតាមទីផ្សារ ។ យើងព្រួយបារម្ភថាបញ្ហានេះដោយសារតែតម្រូវការនាំចូលស្រូវសាឡី។ យើងអាចនឹងមានលទ្ធភាពធ្វើនំប៉័ងដែលជាផលិតផលក្នុងស្រុក១០០ភាគរយ។ ក្នុងនាមជារដ្ឋាភិបាល យើងចង់ឲ្យប្រជាជនទូទៅអាចទិញនំប៉័ងបាន»។
ផ្នែកមួយនៃបញ្ហាគឺថា រោងចក្រកិនម្សៅ និងសិប្បកម្មដុតនំមានការខាតបង់ ដោយសារតែរដ្ឋាភិបាលជាអ្នកគ្រប់គ្រងលើតម្លៃ។ ហើយជាលទ្ធផល ពួកគេផលិតតិចជាងមុន ដើម្បីកាត់បន្ថយការខាតបង់នេះ។ ការណ៍នេះបណ្តាលឲ្យមានកង្វះខាតនំប៉័ងនៅលើទីផ្សារ និងនិងធ្វើមាននំប៉័ងឡើងថ្លៃជាងមុន។
ប៉ុន្តែលោក Ben Gilpin មកពីសហជីពពាណិជ្ជកម្មកសិករស៊ីមបាវ៉េ និយាយថា ការដាំស្រូវសាឡីត្រូវការចំណាយទុនច្រើន ដូច្នេះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmerson Mnangagwa ត្រូវតែធានាថា ទីផ្សារស្រូវសាឡីមានតម្លៃសមរម្យមួយ ដើម្បីដោះស្រាយកង្វះខាត និងតម្លៃនំប៉័ងនៅលើទីផ្សារ។
លោក Gilpin និយាយថា នៅក្នុងចំណោមកត្តាផ្សេងៗទៀត កសិករត្រូវមានចំណេះដឹង និងមានមធ្យោបាយដើម្បីសង្គ្រោះវិស័យកសិកម្ម ដែលកំពុងជួបបញ្ហាចាប់តាំងពីឆ្នាំ ២០០០មក នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមកាត់បន្ថយការជួលដីចំការឲ្យទៅកសិករពាណិជ្ជកម្មស្បែកស ហើយជួលចំការឲ្យទៅកសិករស្បែកខ្មៅជំនួសវិញដែលពួកគេទាំងនោះក្រីក្រនិងគ្មានបទពិសោធន៍។
លោក Gilpin បាននិយាយថា៖ «ប្រព័ន្ធធារាសាស្ត្រ និងផលប៉ះពាល់នៃការធ្វើកំណែទម្រង់ដីបានជះឥទ្ធិពលទៅលើផលិតកម្មស្រូវសាឡី។ តម្លៃស្រូវសាឡីបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ តម្លៃបានងើបឡើងវិញ ប៉ុន្តែដើម្បីឲ្យតម្លៃអាចឡើងខ្ពស់ប្រកបដោយចិរភាពនោះ កត្តាសំខាន់បំផុតគឺថា កសិករត្រូវការតម្លៃសមរម្យមួយ ហើយរោងចក្រកិនស្រូវត្រូវការទូទាត់ចំណាយរបស់ពួកគេបាន ហើយអ្នកម៉ៅការក៏ត្រូវការទិញទំនិញនៅក្នុងតម្លៃមួយដែលអាចទទួលយកបាន»។
ស្របពេលដែលរដ្ឋាភិបាល កសិករនិងអាជីវកម្មផ្សេងៗទៀតកំពុងស្វែងរកដំណោះស្រាយ ប្រជាពលរដ្ឋស៊ីមបាវ៉េដូចជា លោក Gibson Nhema ត្រូវតែស្វែងរកអាហារផ្សេងទៀតជំនួសឲ្យនំប៉័ងដែលជាអាហារប្រចាំថ្ងៃ ដូចជា ល្ពៅ ដំឡូងផ្អែម និងសណ្តែកដី ដោយក្តីសង្ឃឹមថាពួកគេនឹងមិនរងផលប៉ះពាល់ខ្លាំងពីការគ្រប់គ្រងតម្លៃ ដែលបណ្តាលឲ្យមានការខ្វះខាតក្នុងការផ្គត់ផ្គង់ទំនិញលើទីផ្សារនេះ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា