ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការព្រួយបារម្ភ​អំពី​បរិស្ថាន​កើន​ឡើងក្នុងពេល​មាន​ការសាងសង់​លើ​តំបន់​ដី​សើម​នៅ​ហ្ស៊ីមបាវ៉េ


Zivai Muchichwe បាន​សាងសង់​ផ្ទះ​របស់​លោក​នៅ​លើ​តំបន់​ដីសើម​នេះ​បី​ឆ្នាំ​មក​ហើយ​​ ខណៈ​ដែល​ទីក្រុង​Harareបាន​ប្រយុទ្ធ​ទប់ទល់​នឹង​លំហូរ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ។​​
Zivai Muchichwe បាន​សាងសង់​ផ្ទះ​របស់​លោក​នៅ​លើ​តំបន់​ដីសើម​នេះ​បី​ឆ្នាំ​មក​ហើយ​​ ខណៈ​ដែល​ទីក្រុង​Harareបាន​ប្រយុទ្ធ​ទប់ទល់​នឹង​លំហូរ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ។​​

នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ ការធ្វើ​ចំណាកស្រុក ពី​តំបន់​ដាច់​ស្រយាល​មក​ទីក្រុង បាន​បង្ក​ឲ្យ​មាន​តម្រូវការ​លំនៅដ្ឋាន ដែល​នាំ​ឲ្យ​មាន​ការសាងសង់​សំណង់​អាគារ​នៅ​លើ​តំបន់​ដី​សើម និង​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ជាច្រើន​អំពី​បរិស្ថាន និង​ការផ្គត់ផ្គង់​ទឹក។

ក្រុម​អ្នកអភិរក្ស​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ​បាន​ព្រមាន​ថា ការទន្រ្ទាន​យក​តំបន់​ដីសើម​មក​ធ្វើការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រើប្រាស់​ច្រាំងទន្លេ​នៅក្នុង​តំបន់​នេះ គំរាម​កំហែង​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​ក្រោមដី និង​ការប្រើប្រាស់​ធនធាន​ផ្សេងៗ​ទៀត។ ពួកគេ​បាន​និយាយ​ថា​ មនុស្ស​បាន​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ការផ្លាស់ប្តូរ​ទីលំនៅ​ពី​ជនបទ​មក​ទីក្រុង។

ក្នុង​ចំណោម​អ្នកផ្លាស់ប្តូរ​ទីលំនៅ​ទាំងនោះ មាន​លោក Zivai Muchichwe ដែល​មាន​កូន​៣នាក់​ផងដែរ។ លោក Muchichwe​ និយាយ​ថា​ លោក​បាន​សាងសង់​ផ្ទះ​របស់​លោក​នៅ​លើ​តំបន់​ដីសើម​នេះ​បី​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ទីក្រុង​Harareបាន​ប្រយុទ្ធ​ទប់ទល់​នឹង​លំហូរ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​ ផ្នែក​ខ្លះ​នៃ​ផ្ទះ​របស់​លោក​បាន​ប្រេះ និង​ដួល​រលំ។

លោក Muchichwe បាន​ថ្លែង​ថា លោក​កំពុងតែ​រង់ចាំ​អាជ្ញាធរ​ប្រាប់​លោក​ថា តើ​លោក​នឹង​ត្រូវ​នៅ​ទីនោះ​ជា​អចិន្រ្តៃយ៍ ឬ យ៉ាងណា​ ខណៈ​ពេល​ដែល​គម្រោង​អាគារ​ត្រូវ​ស្តារ​ឡើង​វិញ។ លោក​បន្ត​ទៀត​ថា​ អគារ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ប្រញាប់ប្រញាល់​និង​ដោយ​ប្រើប្រាស់​សម្ភារៈ​ថោកៗ​ ហើយនឹង​ដោយសារ​ទីតាំង​នេះ​មាន​ទឹក​នៅ​ក្រោម​ដី។

លោក Muchichwe ពោល​ទៀត​ថា៖

«ពួក​លោក​គិត​ថា ពួក​លោក​នឹង​នៅ​ទីនេះ​តែ​១ឆ្នាំ​ប៉ុណ្ណោះ»។

អាជ្ញាធរ​ទីក្រុង​ Harare​ ប្រកាស​ថា​ពួកគេ នឹង​ចាប់ផ្តើម​កំណត់​របប​ទឹក​ដោយសារតែ​កម្រិត​ទឹក​ទាប។ អ្នកស្រី Dorothy Wakeling សមាជិកា​របស់​ក្រុម​អភិរក្ស​តំបន់​ដីសើម និយាយ​ថា អ្នកស្រី មិនមាន​ការភ្ញាក់ផ្អើល​ចំពោះ​សេចក្តី​ប្រកាស​នោះ​ទេ។ អ្នកស្រី​ថា មនុស្ស​កំពុងតែ​លុកលុយ​តំបន់​ដី​សើម​ ដែល​តំបន់​នោះ​ជា​ផ្លូវ​បង្ហូរ​ទឹក​ទៅ​ក្នុង​ទន្លេ និង​បឹងបួរ។

អ្នកស្រី Dorothy Wakeling ថ្លែង​ថា៖

«បើ​យើង​មិនមាន​ដី​សើម​នេះ​ទេ​ ហើយ​យើង​អនុវត្ត​ឯកវប្បកម្ម​ទៀត​ យើង​នឹង​ជួប​បញ្ហា។ ហើយ​យើង បាន​បាត់បង់​ឱកាស​ដើម្បី​ឲ្យ​ទឹក​ជ្រាប​ចូល​ទៅ​ក្រោមដី​ ដែល​នេះ គឺ​ជា​អ្វី​ដែល​ធម្មជាតិ​បាន​រៀបចំ​អោយ។​ វា​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ។​ ហើយ​ឥឡូវ​យើង​កំពុងតែ​បោះបង់​វា ដោយ​ទៅ​សាងសង់​អាគារ​ពី​លើ​តំបន់​ដី​សើម​នេះ ដែល​តំបន់​ដី​សើម​នេះ គឺជា​ប្រភព​សម្រាប់​ផ្តល់​ទឹក​ដល់​ពួកយើង។ ពួកយើង​មិន​អាច​យក​ទឹក​តាម​វិធី​ផ្សេង​ទេ»។

កុ្រម​អ្នកអភិរក្ស​សង្ឃឹម​ថា​ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Emmerson Mnangagwa​ មិន​អនុញ្ញាតិ​ឲ្យ​មាន​ការសាងសង់​នៅ​លើ​តំបន់​ដី​សើម Monavale ទេ ពីព្រោះ​តំបន់​នេះ ផ្ទុក​ទឹក​ភាគច្រើន​នៃ​ទឹក​ទាំងអស់​របស់​ក្រុង​ហារ៉ារ៉េ។

លោក Steady Kangata នៃ​ទីភ្នាក់ងារ​បរិស្ថាន​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ​បាន​និយាយ​ថា​ ទីភ្នាក់ងារ​របស់​លោក កំពុងតែ​ធ្វើការ​ដើម្បី​ធានា​ថា ការរំខាន​តំបន់​ដី​សើម​និង​ច្រាំង​ទន្លេ នឹង​មាន​ចំនួន​តិចតួច​បំផុត។

«ពួកយើង​មិនត្រូវ​មាន​ភាពអាត្មា​និយម​ទេ នៅ​ពេល​ដែល​មាន​បញ្ហា​ទាក់ទងនឹង​បរិស្ថាន។ ពួកយើង កំពុងតែ​ជំរុញ​អ្នកទាំងឡាយណា ដែល​មាន​បំណង​ចង់​សាងសង់​អគារ​ឲ្យ​គិត​ឡើង​វិញ​អំពី​ធម្មជាតិ និង​សារៈសំខាន់​នៃ​ដី ដែល​គេ​ចង់​ធ្វើការ​សាងសង់។ ពិភពលោក​ទាំងមូល គឺ​ទាក់ទង​ទៅ​នឹង​សេដ្ឋកិច្ច​បៃតង សេដ្ឋកិច្ច​ដែល​ទាក់ទង​នឹង​បរិស្ថាន ពីព្រោះ​បរិស្ថាន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​សេដ្ឋកិច្ច ហើយ​យើង​គួរតែ​បញ្រ្ជាប​បញ្ហា​បរិស្ថាន​ទៅ​ក្នុង​កិច្ចការ​ទាំងអស់ ដែល​យើង​ធ្វើ»។

សម្រាប់​ពេល​នេះ​ គ្រួសារ​និង​អ្នកជិតខាង​របស់​លោក​ Muchichwe នៅ​មាន​ភាពស្រពិច​ស្រពិល​នៅ​ឡើយ​ថា តើ​ពួកគេ​នឹង​មាន​កន្លែង​រស់នៅ​ដែរ ឬ ទេ? ដោយសារ​ថា រដូវ​វស្សា​នឹង​ផុត គឺ​នៅ​ចុង​ខែមីនា ដូច្នេះ​ក្នុង​ពេល​នេះ ពួកគេ​អាច​នឹង​ដេក​នៅ​លើក​ដី​សើម៕

ប្រែសម្រួលដោយ លី វួចនា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG