ដោយសង្ឃឹមថានឹងអាចធ្វើឲ្យសេដ្ឋកិច្ចមិនសូវល្អអាចប្រសើរឡើងវិញបាន រដ្ឋាភិបាលប្រទេសស៊ីមបាវ៉េ បានកំណត់ឲ្យក្រុមហ៊ុន និងបុគ្គលនានាផ្ទេរថវិកា១,៤ពាន់លានដុល្លារចូលក្នុងប្រទេសវិញ ដែលរដ្ឋាភិបាលយល់ថាទឹកប្រាក់ទាំងនេះបានផ្ទេរចេញខុសច្បាប់ទៅបរទេសក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងសប្តាហ៍នេះ លោកប្រធានាធិបតី Emmerson Mnangagwa បានបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនដែលមិនបានសហការក្នុងយុទ្ធនាការរបស់លោក។ លោកបានថ្លែងថាទឹកប្រាក់ជាង៨២០លានដុល្លារមិនទាន់បានផ្ទេរចូលក្នុងប្រទេសនៅឡើយ បើទោះជាលោកបានពន្យារការអនុគ្រោះ រយៈពេល៣ខែ រាប់ចាប់តាំងពីខែធ្នូក៏ដោយ។
លោក Tendai Biti ជាប្រធានគណបក្សប្រឆាំង និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសស៊ីមបាវ៉េ បាននិយាយថា បញ្ហារឿងថវិកាដែលត្រូវបញ្ជូនទៅក្រៅប្រទេសបានចប់តាំងពីឆ្នាំ២០០៩ គឺនៅពេលដែលប្រទេសស៊ីមបាវ៉េបានបោះបង់ចោលរូបិយប័ណ្ណដុល្លារគ្មានតម្លៃរបស់ខ្លួន និងសម្រេចអនុវត្តប្រព័ន្ធពហុរូបិយប័ណ្ណដែលគ្រប់ដណ្តប់យ៉ាងទូលំទូលាយដោយរូបិយប័ណ្ណដុល្លារអាមេរិក។
លោកបាននិយាយថា៖
"រូបិយប័ណ្ណដុល្លារអាមេរិកគឺជារូបិយប័ណ្ណប្រាក់ស្របច្បាប់ក្នុងប្រទេសនេះ។ នៅពេលលោកអ្នកនិយាយអំពីថវិកាទុកនៅក្រៅប្រទេស លោកអ្នកកំពុងនិយាយពីការទទួលរូបិយប័ណ្ណបរទេសដែលមិនមែនជារូបិយប័ណ្ណស្របច្បាប់នៅខាងក្រៅប្រទេសស៊ីមបាវ៉េ។ បញ្ហាចម្បង ដែលបង្កបញ្ហាដល់សេដ្ឋកិច្ចយើងបច្ចុប្បន្ន គឺមិនមែនថវិកាត្រូវបញ្ជូនទៅទុកប្រើប្រាស់នៅក្រៅប្រទេសទេ។ បញ្ហានោះគឺត្រង់ប្រទេសយើងមិនបានផលិតអ្វីសោះ។ យើងមិនមាននាំទំនិញចេញ តែនៅពេលដែលយើងនាំទំនិញចេញវិញ យើងក៏នឹងមិនអាចទទួលបានវិក្កយបត្រ ជារូបិយប័ណ្ណបរទេសដែរ”។
ប៉ុន្តែលោក Terence Mukupe អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសស៊ីមបាវ៉េ បាននិយាយថា ការផ្ទេរលុយចូលក្នុងប្រទេសវិញគឺជាកត្តាគន្លឹះសម្រាប់ធ្វើឲ្យសេដ្ឋកិច្ចដ៏ដុនដាបអស់រយៈពេលជាយូររបស់ប្រទេសស៊ីមបាវ៉េ បានប្រសើរឡើងវិញ។
លោក Terence Mukupe បាននិយាយថា៖
"ទឹកប្រាក់៨០០លានដុល្លារនៅលើបញ្ជី គឺជាចំនួនពិតប្រាកដ។ ឧបមាថាទឹកប្រាក់៨០០លានដុល្លារនេះចូលមកក្នុងគណនេយ្យធនាគារមួយ ដែលទទួលរូបិយប័ណ្ណបរទេសក្នុងប្រទេសយើងនោះ វានឹងមានភាពខុសប្លែកធំធេងណាស់។ យើងកំពុងតែនិយាយត្រឹមតែ២៥ភាគរយនៃទំហំទឹកប្រាក់នៃការនាំចូលតែប៉ុណ្ណោះ។ ប្រសិនបើយើងអាចយកទឹកប្រាប់រាប់ពាន់លានដុល្លារនោះមកវិញ នោះនឹងអាចដឹងថាយើងអាចប្រើប្រាស់វាសម្រាប់ប្រជាជនសាមញ្ញៗបានប៉ុណ្ណាហើយ។ ថវិកានោះនឹងអាចផ្លាស់ប្តូរជីវិតរស់នៅរបស់ប្រជាជនជាច្រើន”។
លោក Agency Gumbo ជាមេធាវីមួយរូប បាននិយាយថា រដ្ឋាភិបាលត្រូវតែរកវិធីសាស្រ្តដើម្បីលើកទឹកចិត្តក្រុមហ៊ុនទាំងនោះឲ្យផ្ទេរថវិកាមកវិញជាជាងការគំរាមកំហែងដោយពាក្យបណ្ដឹងផ្សេងៗ។
លោកបានបកស្រាយថា៖
"ខ្ញុំយល់ស្របថាការនាំយកថវិកាទៅក្រៅប្រទេស គឺជាចំណែកមួយនៃបញ្ហា ដែលយើងកំពុងមានក្នុងប្រទេសនេះ ប៉ុន្តែសូមក្រឡេកមើលរបបដឹកនាំស្របច្បាប់ដែលយើងបង្កើតនេះ ហើយពិនិត្យមើលរឿងរ៉ាវគ្រប់យ៉ាងដែលយើងដាក់នៅលើតុ ថាតើរដ្ឋាភិបាលអាចនឹងអនុវត្តបានទេ នៅពេលអនាគត?”។
មេធាវីរូបនេះ ឯកភាពនឹងមតិរបស់លោកBiti ដែលថាចាប់តាំងពីប្រទេសស៊ីមបាវ៉េសម្រេចជ្រើសរើសរូបិយប័ណ្ណអាមេរិកជាផ្នែកមួយនៃរូបិយប័ណ្ណខ្លួនមក បទចោទប្រកាន់នានាពាក់ព័ន្ធនឹងការបញ្ជូនថវិកាទៅទុកនៅក្រៅប្រទេស នឹងមិនបញ្ជូនទៅតុលាការដែលគួរឲ្យរដ្ឋាភិបាលលោកប្រធានាធិបតី Mnangagwa សម្រេចចាត់វិធានការផ្លូវច្បាប់ទៀតទេ។
លោកមេធាវី Gumbo ចាប់អាម្មណ៍ថា ក្រុមហ៊ុនមួយចំនួនដែលមានឈ្មោះក្នុងបញ្ជី ដែលពាក់ព័ន្ធនឹងការនាំប្រាក់របស់ខ្លួនទៅក្រៅប្រទេសនោះ កំពុងតែប្រឈមនឹងការលំបាកក្នុងការស្នើឲ្យអតិថិជនរបស់ពួកគេបង់ប្រាក់សងពួកគេវិញ៕
ប្រែសម្រួលដោយ កោះ សុគន្ធី