ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Mnangagwa​ ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស៊ីម​បាវ៉េ​សច្ចា​កាន់​តំណែង​នៅ​គណៈរដ្ឋមន្ត្រី​ថ្មី

  • Sebastian Mhofu

សមាជិក​គណៈរដ្ឋមន្ត្រី​របស់​ស៊ីមបាវ៉េ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស៊ីមបាវ៉េ​ លោក​ Emmerson Mnangagwa​ បាន​ផ្តល់​សច្ចា​ប្រណិធាន​ដល់​គណៈ​រដ្ឋមន្ត្រី​របស់​លោក។ ភ្លាមៗ​នោះ​ លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស្រុះ​ស្រួល​គ្នា​ ​នៅ​ពេល​ដែល​រដ្ឋា​ភិបាល​របស់​លោក​នឹង​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ដែល​បែក​បាក់​នេះ។​

សមាជិក​គណៈ​រដ្ឋមន្ត្រី​របស់​ប្រទេស​ស៊ីមបាវ៉េ​ បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ​ ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានា​ធិបតី​ថ្មី​ គឺ​លោក​ Emmerson Mnangagwa។ នេះ​គឺ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​ ៣៧​ ឆ្នាំ​របស់​ ប្រទេស​ស៊ីម​បាវ៉េ​ ដែល​ការ​ស្បថ​ចូល​កាន់​តំណែង​មិន​មែន​ដឹក​នាំ​ដោយ​លោក​ Robert Mugabe។

លោក​ Mnangagwa​ ដែល​មាន​អាយុ​ ៧៥​ឆ្នាំ​ បាន​ឆ្លើយ​តប​នឹង​សំនួរ​ខ្លះ​ៗ​បន្ទាប់​ពី​ពិធី​នេះ។

លោក​ MNANGAGWA​ បាន​មាន​ប្រសាសន៍​ថា៖

«គណៈ​រដ្ឋមន្ត្រី​ថ្មី​នេះ​ គឺ​សម្រាប់​បញ្ចប់​អាណត្តិ​លោក​អតី​ត​ប្រធានា​ធិបតី​ ដែល​មាន​រយៈពេល​ពី​ ៦​ខែ​ ទៅ​៧​ ខែ​ទៀត។ ​ភាព​ចលាចល​បាន​កើត​ឡើង​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ក្រុម​មន្ត្រី​របស់​ខ្ញុំ​នឹង​ទប់​ទល់​នឹង​ការ​លំបាក​នេះ​បាន។ ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​ស៊ីមបាវ៉េ​ស្រុះ​ស្រួល​គ្នា​ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​យើង​រីក​ចម្រើន​ឡើង»។

លោក​ Mnangagwa​ បាន​ឡើង​កាន់​តំណែង​កាល​ពី​ខែមុន​ដោយ​រដ្ឋ​ប្រហារ​យោធា​មួយ​ បន្ទាប់​ពី​លោក​ Mugabe​ អាយុ​ ៩៣​ឆ្នាំ​ បាន​បណ្តេញ​លោក​ចេញ​ពី​តំណែង​អនុ​ប្រធានា​ធិបតី។

លោក​ប្រធានា​ធិបតី​ថ្មី​នេះ​ មិន​បាន​បង្ហាញ​សញ្ញាណ​ថា​ លោក​នឹង​ប្រកួត​យក​តំណែង​ក្នុង​អាណត្តិ​ថ្មី​ដោយ​ការ​បោះ​ឆ្នោត​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នោះ​ទេ។

លោក​ Vengai Muhwahwa​ អ្នក​លក់​ដូរ​តាម​ផ្លូវ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​វិមាន​រដ្ឋាភិបាល​ស៊ីម​បាវ៉េ បាន​ធ្វើ​អត្ថាធិបាយ​ចំពោះ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​។

​លោក​ MUHWAHWA ​ បាន​ថ្លែង​ថា​ លោក​សង្ឃឹម​ថា​រដ្ឋា​ភិបាល​ថ្មី​នឹង​ដោះ​ស្រាយ​បញ្ហា​កង្វះ​លុយ​នៅ​ធនាគារ​ ជំនួស​ឲ្យ​ពឹង​ផ្អែក​លើ​លុយ​ផ្លាស្ទីក​ ហើយ​លោក​ថា​រដ្ឋា​ភិបាល​ត្រូវ​តែ​បង្កើត​ការងារ។ លោក​ថា​ អ្នក​លក់​ដូរ​តាម​ផ្លូវ​ចង់​ឲ្យ​សហគ្រិន​ផ្តល់​ការងារ​ជូន​ពួក​គេ​ ដើម្បី​ឲ្យ​ពួក​គេ​ឈប់​រក​ស៊ី​តាម​ចញ្ចើម​ផ្លូវ​ទៀត។

លោក​ Silas Mawera​ ជា​អ្នក​លក់​ដូរ​ម្នាក់​ទៀត​នៅ​ក្បែរ​នោះ​បាន​និយាយ​ថាសមាសភាគ​របស់​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នេះ​គឺ​ល្អ​ហើយ​ ហើយ​ពលរដ្ឋ​ស៊ីម​បាវ៉េ​កំពុង​រំពឹង​ថា​ គណៈ​រដ្ឋមន្ត្រី​ថ្មី នឹង​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ឲ្យ​បាន​លឿន​ ហើយ​អ្នក​លក់​ដូរ​តាម​ផ្លូវ​មិន​ចាំ​បាច់​នៅ​លក់​បែប​នេះ​ទៀត​ទេ។

ក្រៅ​ពី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស៊ីម​បាវ៉េ​ត្រូវ​បង្រួប​បង្រួម​គណបក្ស​ ZANU-PF​ របស់​លោក​ផង​ដែរ​ ដែល​បាន​បែក​ខ្ញែក​គ្នា​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ ពី​បញ្ហា​អ្នក​ដែល​ត្រូវ​ជំនួស​លោក Mugabe​។

សមាជិក​គណបក្ស​ជា​ច្រើន​នាក់​បាន​គាំទ្រ​លោក​ Mnangagwa​ ប៉ុន្តែ​សមាជិក​ផ្សេងៗទៀត​បាន​គាំ​ទ្រ​ភរិយា​លោក​ Mugabe។​ គ្រួសារ​ Mugabe​ ទទួល​បាន​អភ័យ​ឯកសិទ្ធិ​ពី​ការ​ផ្តទ្ទា​ទោស​ ហើយ​អាច​បន្ត​រស់​នៅ​ក្នុង​ប្រទេស​ស៊ីម​បាវ៉េ​ជា​ពលរដ្ឋ​ធម្មតា​បាន៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG