លោក Calvin Fambirai ប្រធានសមាគមវេជ្ជបណ្ឌិតស៊ីមបាវ៉េសម្រាប់សិទ្ធិមនុស្សបាននិយាយថា អង្គការរបស់លោកស្វាគមន៍ការបន្តបិទសកម្មភាពសង្គមមួយរយៈនិងបម្រាមគោចរមិនឱ្យធ្វើដំណើររយៈពេល១២ម៉ោង ពីព្រលប់ទល់ព្រលឹមរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmerson Mnangagwa។
លោក Calvin Fambirai បាននិយាយក្នុងន័យដើមថា «វានឹងជារឿងមិនសមហេតុសមផលប្រសិនបើផ្អាកវិធានការនេះ ដោយសារតែកំណត់ត្រាកំណើនមរណភាពប្រចាំថ្ងៃ និងអត្រាឆ្លងជំងឺកូវីដ១៩ បើប្រៀបធៀបទៅនឹងអត្រាមុនខែមករា។ ទោះជាយ៉ាងនេះក្តី យើងគិតថា ចាំបាច់ត្រូវមានវិធានការបន្ថែមពីលើការបិទសកម្មភាពសង្គម ជាមួយនឹងការពង្រីកការធ្វើតេស្ត ការតាមដានករណីឆ្លង និងការដាក់អ្នកឆ្លងជំងឺឱ្យនៅដាច់ដោយឡែក និងទី២ មានតម្រូវការសម្រាប់ការពង្រីកសមត្ថភាពវិស័យសុខាភិបាលដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ធ្ងន់ធ្ងរដើម្បីកាត់បន្ថយអត្រាមរណៈឱ្យនៅក្នុងកម្រិតអប្បរមា និងទី៣ មានតម្រូវការសម្រាប់វិធីសាស្ត្រពន្លឿនការផ្តល់វ៉ាក់សាំងនៅទូទាំងប្រទេស»។
ដោយបានប្រកាសពីការបន្តបិទសកម្មភាពសង្គមកាលពីថ្ងៃទី២៩ ខែមករា លោក Constantino Chiwenga ប្រធានាធិបតីស្តីទីបានថ្លែងថា រដ្ឋាភិបាលមានការព្រួយបារម្ពពីការកើនឡើងនៃករណីឆ្លងនៅពេលថ្មីៗនេះ និងករណីមរណភាពពាក់ព័ន្ធនឹងវីរុសកូរ៉ូណានៅក្នុងប្រទេសស៊ីមបាវ៉េ ដែលមានទីតាំងនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។
កំណត់ត្រាផ្លូវការបង្ហាញថា ករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសនេះជាង៥២% គឺស្ថិតនៅក្នុងខែមករាតែមួយខែប៉ុណ្ណោះ ខណៈដែលចំនួននៅសល់ផ្សេងទៀត គឺជាករណីឆ្លងកាលពីឆ្នាំមុន នៅពេលប្រទេសនេះ មានករណីឆ្លងដំបូងនៅក្នុងខែមីនា។ លោក Chiwenga បានហៅស្ថានភាពនេះថា «ជាការព្រួយបារម្ភយ៉ាងខ្លាំង» នៅក្នុងសុន្ទរកថា ចាក់ផ្សាយតាមទូរទស្សន៍ជាតិ។
លោក Chiwenga បានថ្លែងក្នុងន័យដើមថា «យើងគិតថា ទំនងនឹងមានវីរុសប្រភេទថ្មីកំពុងរាតត្បាត។ វីរុសប្រភេទថ្មីនេះ ឆ្លងលឿនជាងមុន។ ដោយសារតែបញ្ហានេះហើយបានជាលោក Emmerson Mnangagwa ប្រធានាធិបតីសាធារណរដ្ឋស៊ីមបាវ៉េ បានសម្រេចចិត្តបន្តបិទសកម្មភាពសង្គមកម្រិត៤ នៅទូទាំងប្រទេស។ លោកប្រធានាធិបតីយល់យ៉ាងច្បាស់ពីផលលំបាកនៃការពន្យារពេលនេះ។ មានការរំខានដល់ជីវភាព ប៉ុន្តែយើងត្រូវបានជួយសង្គ្រោះជីវិត និងជាតិរបស់យើង»។
អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការបន្តបិទសកម្មភាពសង្គមនេះ គឺអ្នកលក់ដូរតូចតាច ដែលជាវិស័យធំបំផុតក្នុងការផ្តល់ការងារនៅក្នុងប្រទេស។ ពួកគេភាគច្រើន ដូចជាលោក Brian Mutera និយាយថា មិនដូចនៅក្នុងប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោកនោះទេ ពួកគេមិនទាន់ទទួលបានជំនួយពីរដ្ឋាភិបាលដែលបានសន្យាកាលពីខែមីនា ឆ្នាំមុននៅឡើយទេ។ ជាលទ្ធផល លោកត្រូវទៅហាងដើម្បីលក់បន្លែ ទោះបីជារដ្ឋាភិបាលអំពាវនាវឱ្យលោកស្នាក់នៅផ្ទះក្តី។
លោក Brian Mutera បាននិយាយក្នុងន័យដើមថា «ក្នុងរយៈពេលបិទសកម្មភាពសង្គមនេះ គ្រប់គ្នាមិនចង់ទៅទីក្រុងនោះទេ។ យើងរកប្រាក់បានតែមួយរស់ៗទេ ហើយវាជារឿងអកុសលមួយ។ នៅក្នុងប្រទេសលោកទី៣ ដូចនៅក្នុងប្រទេសស៊ីមបាវ៉េ មានការប្រថុយនឹងស្លាប់ និងការរស់។ ខ្ញុំនៅទីនេះ។ ខ្ញុំស៊ូប្តូរនឹងការស្លាប់។ ប៉ុន្តែខ្ញុំមិនអាចនៅផ្ទះបានទេ។ ខ្ញុំមានកូនពីរនាក់ត្រូវចិញ្ចឹម។ ខ្ញុំត្រូវមកហាង [ដើម្បីលក់បន្លែ]។ នៅក្នុងប្រទេសអភិវឌ្ឍន៍ រដ្ឋាភិបាលយកចិត្តទុកដាក់លើ [ប្រាក់ឧបត្ថម្ភសម្រាប់អ្នកក្រីក្រ]។ គ្រប់គ្នាដឹងពីស្ថានភាពនៃសេដ្ឋកិច្ចរបស់យើង។ វាជារឿងអកុសលមួយ។ យើងបន់ស្រន់ដល់ព្រះជាម្ចាស់ថា យើងត្រូវទទួលបានវ៉ាក់សាំង ឬអ្វីមួយសម្រាប់អាហ្វ្រិកខាងត្បូងនេះទាំងមូល»។
កាលពីចុងខែមករា លោក Chiwenga ដែលមានតំណែងជារដ្ឋមន្ត្រីសុខាភិបាលក្នុងប្រទេសស៊ីមបាវ៉េផងដែរនោះបាននិយាយថា ប្រទេសកំពុងស្ថិតក្នុងដំណើរការទិញវ៉ាក់សាំង។ មន្ត្រីសុខាភិបាលម្នាក់បានប្រាប់គណៈកម្មាធិការសភាថា ចិន និងរុស្ស៊ីស្ថិតក្នុងចំណោមប្រទេសដែលបានផ្តល់សំណើផ្គត់ផ្គង់វ៉ាក់សាំងទៅឱ្យស៊ីមបាវ៉េ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា