ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​​ស៊ីមបាវ៉េ​ចោទ​ប្រកាន់​ចិន​ថា​បាន​ផលិត​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ ទង់ជាតិចិនត្រូវបានហូតពាក់កណ្តាលដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ទង់ជាតិចិនត្រូវបានហូតពាក់កណ្តាលដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

លោក Zhao Baogang ឯក​អគ្គរដ្ឋ​ទូត​រង​នៃ​ប្រទេស​ចិន​ប្រចាំ​ប្រទេស​ស៊ីមបាវ៉េ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ស្ថានទូត​របស់​លោក​នឹង​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់​របស់រដ្ឋ​មន្ត្រី​ការពារ​ជាតិ ស៊ីមបាវ៉េ​គឺ​អ្នក​ស្រី Oppah Muchinguri នៅ​សប្ដាហ៍​ក្រោយ​នេះ ក្រោយ​ពេល​លោក​ទៅ​ដល់​ទីក្រុង​ប៉េកាំង ដោយសារ​វា​ជា «បញ្ហា​រសើប»។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ​អនឡាញ​មួយ​ ដែល​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្ដាញ​សង្គម រដ្ឋ​មន្ត្រីការពារ​ជាតិ​ អ្នកស្រី​ Muchinguri ដែល​ជា​ប្រធាន​ក្រុម​ការងារ​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ច​ការ​កូវីដ​១៩​ របស់​ប្រទេស​ស៊ីមបាវ៉េ​ផង​ដែរ​នោះ បាន​ថ្លែង​ថា ការ​រាត​ត្បាត​សាកល​នៃ​ជំងឺ​នេះ​ នា​ពេល​នេះ ​កំពុង​បំផ្លិច​បំផ្លាញ​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ប៉ែក​ខាង​ត្បូងមួយ​នេះ។

អ្នកស្រី​និយាយ​ថា ប្រទេស​ស៊ីមបាវ៉េ​មិន​ទាន់​មានវ៉ាក់សាំង​នៅ​ឡើយ​ទេ ហើយ​អ្នក​ស្រី​នឹង​មិន​ទទួល​យក​វ៉ាក់សាំង​ពី​ប្រទេស​ណា​មួយ​ផ្សេង​ទេ។ អ្នកស្រី​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ប្រទេស​ស៊ីមបាវ៉េ​មិន​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង បែរ​ជា​ទៅ​គិត​ថា វ៉ាក់សាំង​ចិន​នឹង​មាន​ភាព​ជោគជ័យ​ទៅវិញ។

ប៉ុន្តែ នៅ​ក្នុង​បទសម្ភាសន៍​ដ៏​ក្តុកក្តួល​នោះ​អ្នក​ស្រី Muchinguri បាន​ស្ដី​បន្ទោស​ទៅ​លើ​ប្រទេស​ចិន​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​វីរុស​នេះ​ ដែល​បាន​ឆ្លង​ដល់​ពលរដ្ឋ​ស៊ីមបាវ៉េ​ជិត​ ២ម៉ឺន​៧​ពាន់​នាក់ រួម​មាន​ទាំង​អ្នក​ស្លាប់​ចំនួន​ ៦៨៣​នាក់ ​ផង​ដែរ។

អ្នក​ស្រី Muchinguri ចោទ​សួរ​ថា តើ​នឹង​គ្មាន​ការ​កើន​ឡើង​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ករណី​កូវីដ១៩ ​នៅ​ប្រទេស​ចិន​ទៀត​ឬ​ទេ? អ្នក​ស្រី​ចោទ​ប្រកាន់​ថា គឺ​ប្រទេស​ចិន​នេះ​ហើយ​ដែល​ធ្វេស​ប្រហែស​ក្នុង​ការ​ធ្វើ​ពិសោធន៍​និង​បណ្ដាល​ឲ្យ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។

អ្នកស្រី​ត្អូញ​ត្អែ​ថា ការ​រីក​រាលដាល​នោះ​មិន​អាច​ត្រឡប់​ក្រោយ​បានឡើយ។ ចូរ​ក្រលេក​មើល​ទៅ​មនុស្ស​ ដែល​យើង​ហៅ​ថា​មិត្ត​ភក្តិ​នោះ នាំ​យើង​ទៅ​កន្លែង​ណា។

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៧​ ខែ​មករា អ្នកស្រី Muchinguri បដិសេដ​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ច​សម្ភាសន៍​របស់​អ្នកស្រី។

អ្នក​ស្រី Oppah Muchinguri រដ្ឋ​មន្ត្រី​ការពារ​ជាតិស៊ីមបាវ៉េ​ អះអាងថា អ្នកស្រីទទួលយកតែវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅប្រទេសស៊ីមបាវ៉េ។
អ្នក​ស្រី Oppah Muchinguri រដ្ឋ​មន្ត្រី​ការពារ​ជាតិស៊ីមបាវ៉េ​ អះអាងថា អ្នកស្រីទទួលយកតែវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅប្រទេសស៊ីមបាវ៉េ។

លោក Calvin Fambirai គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​វេជ្ជបណ្ឌិត​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ។ លោក​ថ្លែង​ថា អង្គការ​របស់​លោក​ថ្កោល​ទោស​ពាក្យ​ «សម្ដី​ឥត​ប្រយ័ត្នប្រយែង»​ របស់​អ្នកស្រី Muchinguri ជា​ពិសេស​អំពី​សារៈសំខាន់​នៃ​វ៉ាក់សាំង​ដើម្បី​ទប់ស្កាត់​វីរុស​នេះ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «នេះ​បង្ហាញ​ពី​ការ​ខ្វះ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាជំងឺ​ឆ្លង​រាតត្បាត​នេះ។ វ៉ាក់សាំង​ត្រូវ​បាន​គេ​បញ្ជាក់​តាម​បែប​វិទ្យាសាស្ត្រ​ថា​វា​មាន​ដំណើរ​ការ ហើយ​បាន​ឆ្លង​កាត់​ដំណើរ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​យ៉ាង​ប្រាកដ​ប្រជា។ ការ​លើក​ឡើង​ផ្ទុយ​ពី​នេះ​របស់​រដ្ឋ​មន្ត្រី​ម្នាក់​គឺ​ជា​ការ​លើក​ឡើង​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ហើយ​យើង​សង្ឃឹម​ថា អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​តែង​តាំង​រដ្ឋមន្ត្រី​នឹង​ចាត់វិធានការ​វិន័យ។

លោកបានបន្ថែមថា៖ «ស្ថានភាព​នៅ​ពី​ក្រោយ​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា​កំពុង​ស្ថិតក្រោម​ការ​ស៊ើបអង្កេត​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ហើយ​យើង​មិន​ត្រូវ​បង្កើន​ពាក្យ​សម្ដី​ដែល​បង្ក​ការភ័យ​ខ្លាច​ជន​បរទេស​លើ​បញ្ហា​នេះ​ទេ។ អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គឺ​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​នេះ បង្កើន​ការ​ត្រៀម​ខ្លួន​លើ​វិស័យ​សុខាភិបាល និង​ធ្វើ​ផែនការ​ចាក់​វ៉ាក់សាំង»។

នៅ​ក្នុង​ការ​វិវត្ត​មួយ​ដែល​អ្នក​វិភាគ​និយាយ​ថា ធ្វើ​ឡើង​ដើម្បី​ងាក​ចេញ​ពី​ភាព​រកាំរកូស​ផ្នែក​ការទូត​ដ៏​សំខាន់​ជាមួយ​ចិន ក្រសួង​ការបរទេស​ស៊ីមបាវ៉េ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៦ ខែ​មករា បាន​ដាក់​ខ្លួន​នៅ​ដាច់​ឆ្ងាយ​ពី​ការ​លើក​ឡើង​របស់​អ្នកស្រី Muchinguri អំពី​ប្រភព​ដើម​នៃ​ជំងឺ​ដែល​បង្ក​ពី​វីរុស​កូរ៉ូណា​នេះ។

អ្នកស្រី Constance Chemwayi អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ស៊ីមបាវ៉េ​បាន​ថ្លែង​ថា មនោសញ្ចេតនា​របស់​អ្នកស្រី Muchinguri មិន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​រដ្ឋាភិបាល​ស៊ីមបាវ៉េ​ទេ។

អ្នកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ប្រទេស​ស៊ីមបាវ៉េ​និង​ចិន កំពុង​តែ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​យ៉ាង​ល្អ​ប្រសើរ។ រដ្ឋាភិបាល​មិន​ដាក់​ប្រទេស​ចិន​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ការ​លេច​ឡើង​និង​ការ​រីក​រាល​ដាល​វីរុស​កូរ៉ូណា​ដែល​បង្ក​ការ​ប៉ះ​ពាល់​ដល់​មនុស្ស​ទូទាំង​សាកល​លោក​នោះ​ទេ។ រដ្ឋាភិបាល​កោត​សរសើ​ប្រទេស​ចិន​ដែល​បាន​ដើរ​តួ​ជា​អ្នកដឹក​នាំ​សាកល​ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​ប្រភព និង​ដំណោះ​ស្រាយ​លើ​ជំងឺ​រាត​ត្បាត​សាកល​នេះ»។

កាល​ពី​ឆ្នាំ​មុន អ្នក​ស្រី Muchinguri បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ម្ដង​រួច​ហើយ បន្ទាប់​ពី​អ្នកស្រី​បង្ហាញ​ក្ដី​រីករាយ​នឹង​ការ​រាត​ត្បាត​នៃ​វីរុស​នេះ ដែល​ពេល​នោះ​កើត​ឡើង​ភាគ​ច្រើន​នៅ​ប្រទេស​លោក​ខាង​លិច​ជាច្រើន ដូច​ជា​សហរដ្ឋ​អាមេរិក​ជា​ដើម។ អ្នក​ស្រី​បាន​និយាយ​ថា វា​ជាការ​ដាក់​ទណ្ឌកម្ម​របស់​ព្រះ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ប៉ែក​ខាង​ត្បូង​មួយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG