ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Zelenskyy ព្រមាន​ពី​កិច្ចប្រតិបត្តិការ​យោធា​ដ៏​ធំ​មួយ​របស់​រុស្ស៊ី​​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន


នៅ​ក្នុង​រូបថត​ថត​ពី​វីដេអូ​នេះ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​នៅ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២។ (AP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ព្រមាន​ថា កង​ទ័ព​រុស្ស៊ី នឹង​ធ្វើ​កិច្ចប្រតិបត្តិការ​យោធាដ៏​ធំ​មួយ​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ខណៈ​ដែល​លោក​ថា កង​កម្លាំង​របស់​លោក​ កំពុងត្រៀមរួច​ជា​ស្រេច​ហើយ​ ដើម្បី​ឆ្លើយ​តប​នឹង​ការវាយ​ប្រហារ​របស់​រុស្ស៊ី។

នៅ​ក្នុង​សុន្ទកថា​តាម​វីដេអូ​ប្រចាំ​រាត្រី​កាលពី​ថ្ងៃ​អាទិត្យ លោក Zelenskyy បាន​ថ្លែង​ថា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​សារៈសំខាន់​ដូចថ្ងៃ​ផ្សេង​ទៀត​ដែរ​នៃ​សង្គ្រាម​ដែល​មាន​រយៈ​ពេល​៦​សប្តាហ៍​នេះ។

លោកក៏​បាននិយាយ​ផង​ដែរនៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចសម្ភាសន៍​មួយជាមួយកម្មវិធី​«60 Minutes» របស់​ទូរទស្សន៍ CBS ដែល​ត្រូវ​បាន​ចាក់ផ្សាយកាលពី​យប់ថ្ងៃអាទិត្យ​ថា ការរស់រានមាន​ជីវិត​របស់អ៊ុយក្រែន អាស្រ័យទៅ​លើសហរដ្ឋ​អាមេរិក​ក្នុងការបង្កើន​ការ​ដឹក​ជញ្ជូន​អាវុធ​ទៅឲ្យ​អ៊ុយក្រែន​ ហើយ​ថា លោកបានផ្តល់​បញ្ជី​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ​រួច​ហើយ​នូវ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ។

លោក Zelenskyy បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី Biden បាន​ទទួល​បញ្ជី​នោះ​រួច​ហើយ​ ហើយ​លោក Bidenអាច​ចូលរួម​នៅ​ក្នុង​ប្រវត្តិសាស្រ្តថា ជា​មនុស្ស​ដែល​បាន​ប្រគៀក​ស្មា​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន​ដែលបាន​ឈ្នះ​ ហើយ​បាន​ជ្រើសរើស​សិទ្ធិដើម្បី​ឲ្យ​មាន​ប្រទេសរបស់​គេ។ ការណ៍​នេះអាស្រ័យ​ទៅ​លើ​លោក Biden ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ពិភាក្សា​ការដាក់​ទណ្ឌកម្ម​ជុំថ្មី​មួយ​ទៀត​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។

ដោយ​ឡែក​នៅ​ទីក្រុង​មូស្គូ​ឯណោះ​វិញ អធិការបរតី​នៃ​ប្រទេស​អូទ្រីស​លោកKarl Nehammer បានជួប​ជាមួយ​ប្រធាធិបតី​រុស្ស៊ី​លោក Vladimir Putinដែល​នេះជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១​របស់មេដឹកនាំ​នៃ​ប្រទេសក្នុង​សហភាព​អឺរ៉ុបទៅ​កាន់ប្រទេស​រុស្ស៊ី​ចាប់តាំងពី​លោក Putin បើក​ការឈ្លាន ពានទៅលើ​ប្រទេស​អ៊ុយក្រែន​ចាប់តាំងពី​ចុងខែ​កុម្ភៈ​មក។

ប្រធាធិបតី​អាមេរិក​លោក Joe Biden ក៏​បានធ្វើការ​ពិភាក្សា​តាម​អនឡាញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ ជា​មួយនាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi។ ស្របពេល​ដែល​សហរដ្ឋអាមេរិក កំពុងរកវិធី​ដើម្បី​ដាក់​ទណ្ឌកម្មបន្ថែមទៅ​លើ​រុស្ស៊ី​នោះ ឥណ្ឌា បាន​រក្សា​ជំហរ​អព្យាក្រឹត​របស់​ខ្លួនដោយ​បន្តទិញ​ប្រេងនិង​ឧស្ម័ន្ធ​ពី​រុស្ស៊ី​ហើយ​ក៏​បាន​បោះឆ្នោត​អនុប្បវាទដើម្បី​ព្យួរ​រុស្ស៊ី​ពី​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

អ្នកនាំពាក្យ​សេតវិមាន​លោកស្រី Jen Psaki បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក Biden នឹង​ប្រើប្រាស់​ជំនួប​នេះ​ដើម្បី​ពិភាក្សា​ពី​ផល​វិបាក​នានា​នៃសង្គ្រាមដ៏​ឃោរឃៅ​របស់​រុស្ស៊ីប្រឆាំង​នឹង​អ៊ុយក្រែន​ ក៏​ដូចជា​ផល​ប៉ះពាល់​នៃ​អស្ថិរភាព​នៃសង្វាក់​ផ្គត់ផ្គង់​សាកល​ និង​ទំនិញទី​ផ្សារ​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងកម្លាំ​រុស្ស៊ី បានបន្តបាញ់ ផ្លោងដាក់​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ហើយ​កងកម្លាំង​របស់​អ៊ុយក្រែន បាន​ធ្វើការ​វាយប្រហារ​ទប់​ទល់វិញ​ ដែល​បណ្តាល​ឲ្យខូចខាត​រថក្រោះ រថយន្ត​យោធានិង​កាំភ្លើង​ធំ​ រុស្ស៊ីមួយ​ចំនួន។

ជម្លោះ​នេះ បាន​បង្ខំ​ពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ១ភាគ៤នៃ​ពលរដ្ឋអ៊ុយក្រែន​សរុប​ទាំង​អស់​ប្រមាណ​៤៤លាន​នាក់ឲ្យរត់​គេចចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ហើយ​អង្គការ​សហប្រជាជាតិ បាន​រាយការណ៍​ថា មាន​ជន​ភៀស​ខ្លួនអ៊ុយក្រែន​ប្រមាណជាង៤លាន៥សែន​នាក់ បាន​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន។

ទន្ទឹម​នឹងនេះ​ដែរ ប្រទេស​នូវែលសេឡង់នៅ​ថ្ងៃចន្ទ​នេះ បាន​ប្រកាស​ថា ខ្លួន​កំពុងបញ្ជូន​ជំនួយ​បន្ថែមសម្រាប់​កិច្ចប្រឹង​ប្រែងធ្វើ​សង្គ្រាម​របស់​អ៊ុយក្រែន​ដែលក្នុង​នោះ​មាន​យន្តហោះ​ដឹក​ជញ្ជូន​យោធាមួយ​គ្រឿង​និង​បុគ្គលិក​ប្រមាណ៥០នាក់​ដើម្បី​ជួយដឹកឧបករណ៍​ទៅ​កាន់​មជ្ឈមណ្ឌល​ចែក​ចាយ​នៅ​ក្នុង​ប្រទេសអឺរ៉ុប​ដែល​នៅ​ទីនោះជំនួយ​ទាំង​នេះ​ អាចត្រូវ​ដឹក​បន្ត​តាម​ផ្លូវ​គោក​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដកស្រង់​មកពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG