ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា៖ កងទ័ព​រុស្ស៊ី​កំពុង​ប្រព្រឹត្ត «អំពើ​​ភេរវកម្ម​​ដោយ​​ចេតនា»


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​ពី​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​មក​ថា ប្រទេស​របស់​លោក​កំពុង​ព្យាយាម​បំបែក​ការ​ឡោមព័ទ្ធ​ទីក្រុង​ Mariupol ពី​រុស្ស៊ី​វិញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​ពី​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​មក​ថា ប្រទេស​របស់​លោក​កំពុង​ព្យាយាម​បំបែក​ការ​ឡោមព័ទ្ធ​ទីក្រុង​ Mariupol ពី​រុស្ស៊ី​វិញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ចោទប្រកាន់​កងទ័ព​រុស្ស៊ី​ពី​ការ ពាក់ព័ន្ធ​នឹង​«អំពើ​ភេរវកម្ម​ដោយ​ចេតនា»ដោយ​ធ្វើ​ការវាយ​ប្រហារដោយកាំភ្លើង​ធំ​និង​កាំភ្លើង​ត្បាល់​លើ​សង្កាត់​នានា​ដែល​មាន​អ្នក​ស្រុក​រស់​នៅ​ក្នុង​ទីក្រុង Kharkiv ខណៈ​ដែល​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Mariupol ភាគ​ខាង​ត្បូង បាន​បំពាន​ពេល​កំណត់​របស់​រុស្ស៊ី​ឲ្យ​ទម្លាក់​អាវុធ​របស់​ពួកគេ​នោះ។

លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា លោក​រំពឹង​ថា រុស្ស៊ី​នឹង​ចាប់ផ្តើម​វាយ​ប្រហារ​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត«ក្នុង​ពេល​ឆាប់ៗ នេះ»។

ការដក​កងទ័ព​របស់​រុស្ស៊ី​ចេញពី​តំបន់​នានា​នៅ​ជុំវិញ​រដ្ឋធានី​កៀវ និង​ផ្នែក​នានា​នៃ​តំបន់​ភាគ​ខាង​ជើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​កន្លង​ទៅ​នេះ បាន​បណ្តាល​ឲ្យ​មាន​ការវាយ​តម្លៃ​ដោយក្រុម​មន្ត្រី​យោធា​ប្រទេស​លោក​ខាង​លិច​ថា រុស្ស៊ី​បាន​ពង្រឹង​កម្លាំង​និង​ដាក់​ពង្រាយ​កងទ័ព​ឡើង​វិញ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

ការកាន់កាប់​តំបន់ Donbas ដែល​រួមមាន​តំបន់ LuhanskនិងDonetsk រួម​ជាមួយ​ទីក្រុង​កំពង់ ផែ Mariupol នៅភាគ​ខាង​ត្បូង​ផង នឹង​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ត្រួតត្រា​របៀង​ដីគោក​នៅ​ឧបទ្វីប Crimea ដែល​ខ្លួន​បាន​កាន់កាប់ក្នុង​ឆ្នាំ២០១៤។

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍CNNកាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយដែល​ត្រូវ​បាន​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Zelenskyy បាន​និយាយ​ថា ការ​ប្រយុទ្ធ​ដើម្បី​តំបន់ Donbas នឹង​ក្លាយ​ជា​រឿង​សំខាន់​មួយ​ ហើយ​ថា​ប្រសិន​បើ​រុស្ស៊ី​ដណ្តើម​យក​បាន​តំបន់​នោះ រុស្ស៊ី​អាច​ព្យាយាម​ម្តង​ទៀត​ដណ្តើម​យក​រដ្ឋធានី​កៀវ។

លោក​ប្រធានាធិបតី Zelenskyy បាន​មាន​ប្រសាសន៍​ទៀត​ថា «វា​មាន​សារៈសំខាន់​សម្រាប់​យើង​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​លើ​ដី​របស់​យើង​ ពីព្រោះ​សមរភូមិ​នេះ​អាច​មាន​ឥទ្ធិពលទៅ​លើ​សង្គ្រាម​ទាំង​មូល»។

រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​ពួក​អ្នក​ប្រយុទ្ធ​ដែល​នៅ​សេសសល់​នៅ​ក្នុង​ទីក្រុង Mariupol ចុះចាញ់ ដោយ​និយាយ​ថា ខ្លួន​បាន​ត្រួតត្រា​តំបន់នានា​នៃ​ទីក្រុង ស្របពេល​ដែល​មាន​ទាហាន​អ៊ុយក្រែន​ប្រហែល២ពាន់៥រយនាក់​និង​ទាហាន​ស៊ីឈ្នួល៤រយនាក់​ស្ថិត​នៅ​រោងចក្រ​ដែក​ថែប Azovstal។

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal បាន​ប្រាប់​កម្មវិធី«This Week»របស់​ទូរទស្សន៍ ABC កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា កងទ័ព​អ៊ុយក្រែន «នឹង​ប្រយុទ្ធ​ដល់​ទីបញ្ចប់» នៅ​ក្នុង​ទីក្រុង Mariupol។ លោក​បន្ត​ទៀត​ថា​ ទីក្រុង​នេះ​នៅ​មិន​ទាន់​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​រុស៊្សី​នៅ​ឡើយ​ទេ​គឺ​ប៉ុន្មាន​ម៉ោង​ក្រោយផុត​កាល​បរិច្ឆេទដែល​ប្រកាស​ដោយ​រុស្ស៊ី​នោះ។

នៅពេល​សួរ​អំពី​សេចក្តីរាយការណ៍​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជឿ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​ឈ្នះ​សង្គ្រាម​នេះ លោក Shmyhal បាន​និយាយ​ថា ខណៈដែល​ទីក្រុង​ជា​ច្រើន​កំពុងស្ថិត​នៅ​ក្នុង​ការឡោមព័ទ្ធ​នោះ​ មានតែ​ទីក្រុង Kherson តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​អ៊ុយក្រែន​ ដែល​បាន​ធ្លាក់​នៅ​ក្នុង​ការត្រួតត្រា​របស់​រុស្ស៊ី។

លោក Shmyhal និយាយ​ទៀត​ថា៖ «ទីក្រុង ទីប្រជុំជន ​និង​ភូមិ​ជាង៩០០ បាន​ត្រូវ​រួចផុត​ពី​ការ ត្រួតត្រា​របស់​រុស្ស៊ី»។ លោក​បាន​បន្ថែម​ទៀត​ថា អ៊ុយក្រែន មិន​មាន​បំណង​ចុះចាញ់​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន APទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG