ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​ថា រុស្ស៊ី​ត្រៀម​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង Odessa របស់​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (Ukrainian Presidential Press Office via AP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​រុស្ស៊ី​មាន​ផែនការ​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង Odessa របស់​ប្រទេស​អ៊ុយក្រែន។ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​តាម​កញ្ចក់​ទូរទស្សន៍​ថា ប្រសិនបើ​ករណី​នេះ​កើតឡើង​មែន វា«នឹង​ក្លាយ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម...ឧក្រិដ្ឋកម្ម​ជា​ប្រវត្តិសាស្ត្រ»។

លោក Zelenskyy បាន​និយាយ​ជា​ភាសា​រុស្ស៊ី​សម្រាប់​ផ្នែក​ខ្លះ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ ដោយ​បាន​ជំរុញ​ប្រជាពលរដ្ឋ​រុស្ស៊ី​ឲ្យ​ជ្រើសរើស​រវាង​ជីវិត​និង​ទាសភាព «នៅ​ពេល​ដែល​វា​នៅ​អាច​ទៅ​រួច​នៅ​ក្នុង​ការ​យក​ឈ្នះ​លើ​អំពើ​អាក្រក់​ដោយ​គ្មាន​ការ​បាត់បង់​ដែល​មិន​អាច​កែប្រែ​បាន»។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ភាព​ជា​ប្រទេស​របស់​ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​ហានិភ័យ ប្រសិនបើ​ប្រទេស​អ៊ុយក្រែន​នៅ​បន្ត​មាគ៌ា​បច្ចុប្បន្ន​របស់​ខ្លួន។

ក្នុង​អំឡុងពេល​ប្រជុំ​ជាមួយ​នឹង​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot លោក Putin បាន​បន្ថែម​ថា «តំបន់​ហាមឃាត់​ការ​ហោះហើរ» ណា​មួយ​នៅ​ពី​លើ​ប្រទេស​អ៊ុយក្រែន​អាច​នឹង​មាន «ផល​វិបាក​មហន្តរាយ​ដ៏​ធំ​មិន​ត្រឹមតែ​សម្រាប់​ទ្វីប​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ពិភពលោក​ទាំងមូល​ផងដែរ»។

រូបឯកសារ៖ ក្រុម​បាតុករនាំគ្នា​កាន់​ទង់ជាតិ​ធំ​មួយ​របស់​ប្រទេស​អ៊ុយក្រែន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Odessa ប្រទេស​អ៊ុយក្រែន ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Emilio Morenatti)
រូបឯកសារ៖ ក្រុម​បាតុករនាំគ្នា​កាន់​ទង់ជាតិ​ធំ​មួយ​របស់​ប្រទេស​អ៊ុយក្រែន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Odessa ប្រទេស​អ៊ុយក្រែន ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Emilio Morenatti)

លោក Zelenskyy បាន​រិះគន់​អង្គការ​អូតង់ (NATO) ថា​មិន​បាន​ដាក់​កំហិត​តំបន់​ហាមឃាត់​ការ​ហោះហើរ។ សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​ធ្លាប់​បាន​បញ្ជាក់​ថា ការ​ដាក់​កំហិត​បែប​នេះ​អាច​ធ្វើ​ឲ្យ​ជម្លោះ​ជាមួយ​ប្រទេស​រុស្ស៊ី​កាន់តែ​រីក​ធំ​ឡើង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​យប់​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy។ លោក​ទាំងពីរ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ចការ​ដែល​សហរដ្ឋ​អាមេរិក សម្ព័ន្ធមិត្ត​របស់​អាមេរិក ដៃគូ និង​វិស័យ​ឯកជន​កំពុង​ធ្វើ​ដើម្បី​លើកឡើង​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​សម្រាប់​ប្រទេស​រុស្ស៊ី។

លោក Biden បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក​កំពុង​បង្កើន​ជំនួយ​ផ្នែក​សន្តិសុខ សេដ្ឋកិច្ច និង​មនុស្សធម៌​ទៅកាន់​ប្រទេស​អ៊ុយក្រែន និង​កំពុង​ធ្វើការ​ជាមួយ​នឹង​សភា​អាមេរិក​ដើម្បី​អនុម័ត​ថវិកា​បន្ថែម​ទៀត​សម្រាប់​ប្រទេស​អ៊ុយក្រែន។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ លោក Zelenskyy បាន​ជួប​ប្រជុំ​តាម​អនឡាញ​ដោយ​ផ្ទាល់​ជាមួយ​នឹង​មនុស្ស​ជាង ៣០០ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​ព្រឹទ្ធសភា​អាមេរិក សមាជិក​រដ្ឋសភា​អាមេរិក​មួយ​ចំនួន និង​ទីប្រឹក្សា​នានា​ផងដែរ។

នៅ​ក្នុង​ជំនួប​នោះ លោក​បាន «អង្វរ​យ៉ាង​ខ្លាំង» ឲ្យ​មាន​ការ​បញ្ជូន​យន្តហោះ​បន្ថែម​ទៀត​មក​ជួយ​ប្រទេស​អ៊ុយក្រែន​ប្រយុទ្ធ​ជាមួយ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​អាមេរិក ដែល​ជា​គណបក្ស​សំឡេង​ភាគច្រើន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ​លោក Zbigniew Rau នៅក្នុង​ទីក្រុង Rzeszow ប្រទេស​ប៉ូឡូញ ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ុយក្រែន។»

លោក Blinken បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​អ៊ុយក្រែន​មួយ​ភ្លែត​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dymtro Kuleba។ លោក Kuleba បាន​ស្នើ​សុំ​ជំនួយ​យោធា​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធ​យក​ឈ្នះ​លើ​ប្រទេស​រុស្ស៊ី។

បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមភាគី​ប៉ូឡូញ​របស់​លោក​មក លោក Blinken បាន​បញ្ជាក់​ជាថ្មី​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សហរដ្ឋ​អាមេរិក «នឹង​ការពារ​ទឹកដី​របស់​ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​អង្គការ​អូតង់»។

ជាង​នេះ​ទៀត លោក Blinken បាន​ប្រកាស​ថា រដ្ឋបាល​របស់​លោក Biden កំពុង​ត្រៀម​ខ្លួន​ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ចំនួន ២.៧៥០ លាន​ដុល្លារ ដល់​ជន​ភៀសខ្លួន​អ៊ុយក្រែន។

លោក Blinken ក៏​បាន​សរសើរ​ប្រទេស​ប៉ូឡូញ​ផងដែរ​ថា​បាន​ជួយ​ពលរដ្ឋ​អ៊ុយក្រែន​រាប់​សែន​នាក់ ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កំណើត​របស់​ពួកគេ។ លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ប្រជាពលរដ្ឋ​នៃ​ប្រទេស​ប៉ូឡូញ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​សេរីភាព»។

រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ​លោក Rau បាន​លើកឡើង​ថា៖ «ប្រទេស​ប៉ូឡូញ​នឹង​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ទឹកដី​ណា​មួយ​ដែល​ធ្វើ​ឡើង​តាម​រយៈ​ភាព​គឃ្លើន​មិន​ត្រឹមត្រូវ​និង​ខុសច្បាប់»។

លោក Blinken បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ុលដាវី​កាលពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​តូច​មួយ​នេះ ដែល​ប្រទេស​នេះ​ក៏​មាន​តំបន់​ផ្ដាច់​ខ្លួន​មួយ​ផង​ដែរ ស្រប​ពេល​ដែល​ប្រទេស​នេះ​ទទួល​យក​ជន​ភៀសខ្លួន​រាប់​ម៉ឺន​នាក់​ពី​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឯណោះ​វិញ រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​បែក​ជាច្រើន​លើ​ទីក្រុង Chernihiv នៅ​ភាគ​ខាងជើង​រដ្ឋធានី​កៀវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ថ្នាក់​តំបន់​ម្នាក់៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

អ្នកស្រី Nike Ching ប្រធាន​ផ្នែក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​ក្រសួង​ការបរទេស លោក Jeff Seldin អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ផ្នែក​សន្តិសុខ​ជាតិ អ្នកស្រី Carla Babb អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​ក្រសួង​ការពារ​ជាតិ អ្នកស្រី Heather Murdock អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​របស់ VOA ប្រចាំ​ទីក្រុង Istanbul ប្រទេស​តួកគី អ្នកស្រី Anita Powell អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រឆាំ​សេតវិមាន និង​អ្នកស្រី Cindy Saine អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់​ផ្នែក​ការទូត រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG