ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បារាំង​រឹប​អូស​នាវា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សម្ពន្ធមិត្ត​លោក​ ពូទីន


នាវា Amore Vero ចត​នៅ​រមណិយដ្ឋាន​មួយ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
នាវា Amore Vero ចត​នៅ​រមណិយដ្ឋាន​មួយ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​បារាំង​ នៅ​ក្នុង​ស​ប្ដាហ៍​នេះ​ បាន​រឹប​អូស​នាវា​មួយ​គ្រឿង ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​ជំនួញ​ប្រេង​កាត​រុស្ស៊ី គឺ​លោក Igor Sechin ដែល​ជា​សម្ពន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin។ ​ការ​រឹប​អូស​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅ​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​បង្ហោះ​លើ​បណ្ដាញ​Twitter ផ្លូវ​ការ ​លោក​ Olivier Dussopt រដ្ឋមន្ត្រី​វិធានការ​សាធារណៈ​ និង​គណនេយ្យ​ នៃ​ប្រទេស​បារាំង បាន​ថ្លែង​ថា នាវា​ដែល​មាន​ប្រវែង​ ៨៥.៦ ម៉ែត្រ​មួយ​គ្រឿង​ឈ្មោះ​ថា Amore Vero ត្រូវ​បាន​រឹបអូស​ដោយ​ភ្នាក់ងារ​គយ​បារាំង នៅ​ឯ​កន្លែង​ចត​នាវា​មួយ នៅ​ក្រុង​កំពង់ផែ​ La Ciotat ក្បែរ​ទីក្រុង Marseille ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។ សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា នាវា​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ ដែល​មាន​លោក Sechin ជា​ម្ចាស់​ភាគហ៊ុន​ច្រើន​ជាង​គេ។

លោក Sechin បើក​ដំណើរ​ការ​ក្រុមហ៊ុន​ប្រេងកាត​រុស្ស៊ី Rosneft ហើយ​លោក​ក៏​ជា​អតីត​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ផងដែរ។

គណនី Twitter ​របស់​រលោក​រដ្ឋ​មន្ត្រី Dussopt ក៏​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៃ​នាវា​នោះ ដែល​បង្ហាញ​ពី​អាង​ហែលទឹក​មួយ​ដែល​អាច​ប្រែក្លាយ​ជា​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ​ ក៏​ដូចជា​ជាន់​ជាច្រើន​នៃ​នាវា ព្រមទាំង​អាង​ហែល​ទឹក​ក្ដៅ​មួយ​ផង​ដែរ។

សេចក្ដីថ្លែងការណ៍​ដដែល​បន្ត​ថា នាវា​នេះ​បាន​ចូល​មក​ដល់​ក្រុង​កំពងផែ La Ciotat កាល​ពី​ថ្ងៃ​ទី ៣ ខែ​មករា ដើម្បី​ជួសជុល ហើយ​គ្រោង​នឹង​បន្ត​ស្ថិត​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មេសា។ មន្ត្រី​គយ​បារាំង​និយាយ​ថា ពួក​គេ​បាន​មក​ពិនិត្យ​នាវា​នេះ ខណៈ​ដែល​ក្រុម​នាវិក​កំពុង​តែ​ត្រៀម​ខ្លួន​បើក​នាវា​នេះ​ចេញ​ក្នុង​ស្ថានភាព​បន្ទាន់​មួយ បើ​ទោះបីជា​ការ​ជួសជុល​នោះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។ នាវា​នេះ​ត្រូវ​បាន​រឹប​អូស​ដើម្បី​ទប់​ស្កាត់​ការ​លួច​បើក​ចេញ។

ទស្សនាវដ្ដី Forbes បាន​រាយការណ៍​ថា អាជ្ញាធរ​អាល្លឺម៉ង់​ ក៏​បាន​រឹប​អូស​នាវា​ដ៏​ធំ​មួយ​ឈ្មោះ Dilbar ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​រុស្ស៊ី ​Alisher Usmanov ដែរ ប៉ុន្តែ​សេចក្ដី​រាយការណ៍​នេះ មិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ដក​ស្រង់​ចេញ​ពី​របាយការណ៍​នៃ​ទីភ្នាក់ងារ​ព័ត៌មាន Associated Press, Reuters and Agence France-Presse

XS
SM
MD
LG