ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​មហាសេដ្ឋី​មាន​បំផុត​នៅ​រុស្ស៊ី


រូបឯកសារ៖ លោក Alexei Mordashov ថ្លែង​ក្នុង​អំឡុងពេល​ផ្ដល់​បទសម្ភាស​មួយ​នៅ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

លោក Alexei Mordashov ដែល​ជា​មហា​សេដ្ឋី​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​ជា​អ្នក​មាន​ភាគហ៊ុន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ក្រុមហ៊ុន Severstal ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែក​ថែប​ដ៏​ធំ​បំផុត​មួយ​របស់​រុស្ស៊ី ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​កាលពី​សប្ដាហ៍​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន USA Today។

លោក Mordashov ក៏​ជា​ប្រធាន​ក្រុមហ៊ុន Severgroup ផង​ដែរ។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​គឺជា​អ្នក​គ្រប់គ្រង​ស្ថានីយ៍​ទូរទស្សន៍​នានា​ដែល​ជំរុញ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​អ៊ុយក្រែន​គ្មាន​ស្ថិរភាព។

សហភាព​អឺរ៉ុប​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ធនាគារ Rossiya ដែល​លោក Mordashov មាន​ភាគហ៊ុន​ផង​ដែរ​នោះ គឺជា «ធនាគារ​ផ្ទាល់​ខ្លួន» របស់​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​នានា ដែល​ទទួល​បាន​ប្រយោជន៍​ពី​ការ​កាន់កាប់​តំបន់ Crimea។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន USA Today។

កាលពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov និង​មន្ត្រី​រុស្ស៊ី ២៤ រូប​ផ្សេង​ទៀត ដែល​មាន​ដូចជា​អ្នក​នយោបាយ ពាណិជ្ជករ អ្នក​គ្រប់គ្រង​កំពូលៗ និង​អ្នក​សារព័ត៌មាន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

លោក Mordashov បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Severstal នៅ​ឆ្នាំ ១៩៩៦ នៅ​ពេល​លោក​មាន​អាយុ ៣១ ឆ្នាំ និង​មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន​ប្រហែល ២១.៩០០ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​សន្ទស្សន៍​មហា​សេដ្ឋី​របស់​ក្រុមហ៊ុន Bloomberg។

លោក Mordashov បាន​និយាយ​ថា លោក​យល់​ថា ទណ្ឌកម្ម​ដែល​ដាក់​លើ​រូប​លោក​នេះ​នឹង​មិន​អាច​ជួយ​ដោះស្រាយ «ជម្លោះ​ដ៏​អាក្រក់​បំផុត» នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បានទេ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​លោក​ដែល​ថ្លែង​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី។

បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​លោក​មក លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​អ្វី​ទាំងអស់​ជាមួយ​នឹង​ការ​លេច​ឡើង​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។ ខ្ញុំ​មិន​យល់​សោះ​ថា​ហេតុអ្វី​បានជា​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រូប​ខ្ញុំ»។

លោក Mordashov បាន​អះអាង​ថា លោក​មិន​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​នយោបាយ​នោះ​ទេ និង​ពាក់ព័ន្ធ​តែ​នៅ​ក្នុង​រឿង​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​តែ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG