ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន


ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចប្រជុំ​ពិសេស​មួយ​​ស្ដី​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ (REUTERS/Denis Balibouse)
ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចប្រជុំ​ពិសេស​មួយ​​ស្ដី​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ (REUTERS/Denis Balibouse)

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដោយ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ចំនួន​ ៣២ សំឡេង បោះ​ឆ្នោត​អនុប្បវាទ ១៣ សំឡេង​ និង​បោះ​ឆ្នោត​ប្រឆាំង​ចំនួន​ ២ សំឡេង។ មាន​តែ​ប្រទេស​រុស្ស៊ី និង​ អេរីត្រេ ប៉ុណ្ណោះ​ដែល​បាន​បោះ​ឆ្នោត​បដិសេធ​មិន​ធ្វើ​ការ​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ វាជា​ការ​បញ្ជាក់​មួយ​ថា រុស្ស៊ី​កំពុង​ក្លាយ​ជា​ប្រទេស​ឯកោ ពីព្រោះ​សូម្បី​តែ​សម្ពន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ខ្លួន គឺ​ ចិន គុយបា និង វ៉េណេស៊ុយអេឡា ក៏​សម្រេច​ចិត្ត​បោះ​ឆ្នោត​អនុប្បវាទ ជា​ជាង​ឈរប្រកៀក​ស្មា​គ្នា​នៅ​ខាង​រុស្ស៊ី​ដើម្បី​បដិសេធ​សេចក្ដី​សម្រេច​នេះ។

បើ​ទោះបី​ជា​ប្រទេស​បេឡារុស មិន​មែន​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ​ក៏​ដោយ ប៉ុន្តែ​ប្រទេស​នេះ​បាន​ឡើង​ទៅ​កាន់​វេទិកា​ ដើម្បី​ថ្លែង​ការពារ​រុស្ស៊ី ដែល​ជា​សម្ពន្ធ​មិត្ត​របស់​ខ្លួន។ លោក Andrei Taranda ដែល​ជា​ទីប្រឹក្សា​បេឡារុស ក៏​បាន​យក​ឱកាស​នោះ​វាយបក​ទៅ​លើ​ការ​រិះ​គន់​អំពី​សម្ភន្ធភាព​នៃ​ប្រទេស​របស់​លោក​ជាមួយ​ទីក្រុង​មូស្គូ។

លោក​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា៖

«ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​ថ្កោល​ទោស​បេឡារុស​ ចំពោះ​ការ​គាំទ្រ​ទៅ​លើ​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន។ ប៉ុន្តែ យើង​ត្រូវ​តែ​មានភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​យើង។ តើ​អ្នក​ណា​ជា​អ្នក​បញ្ឆេះ​ភ្លើង​នៃ​ជម្លោះនេះ​ឡើង​នៅ​អ៊ុយក្រែន? វា​មិន​ដូច​សហស្ថាបនិក​នៃ​សេចក្ដី​សម្រេច​នោះ​ បេឡារុសមិន​បញ្ជូន​សព្វាវុធ​ ឬ ទាហាន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ទេ។ លើស​ពី​នេះ​ទៀត ពុំ​មាន​ទាហាន​បេឡារុស​នៅ​លើ​ទឹក​ដី​អ៊ុយក្រែន​នោះដែរ»។

លោក​ថ្លែង​ថា ផ្ទុយ​ទៅ​វិញ ប្រទេស​ប៉ូឡូញ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​ទាហាន​ ២០០ នាក់​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន តែ​លោក​មិន​បាន​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​អះអាង​នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​របស់​បេឡារុស​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិចតួច​ប៉ុណ្ណោះ។ ប្រទេស​ជា​ច្រើន​មក​ពី​តំបន់​ផ្សេង​នៃ​ពិភពលោក​ ដូចជា ​សហភាព​អឺរ៉ុប អាហ្វ្រិក​ អាស៊ី ​និង​អាមេរិក​ខាង​ត្បូង ​បាន​ឡើង​ថ្លែង​ជា​បន្ត​បន្ទាប់​ ថ្កោល​ទោស​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អ្នកស្រី​ Sheba Crocker គឺជា​ឯកអគ្គរដ្ឋទូតតំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​និង អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ។ អ្នកស្រី​ថ្លែង​ថា រុស្ស៊ី ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​ដោយ​យោធា​លើ​អ៊ុយក្រែន ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពិចារណា គិត​ទុក​ជា​មុន និង​ដោយ​គ្មាន​ហេតុផល។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ជីវិត​ជនស៊ីវិល​រាប់​លាន​នាក់​កំពុង​ជួប​ហានិភ័យ មិនថា​ពួក​គេ​ជា​ជនជាតិ​អ៊ុយក្រែន ឬ​មិន​មែន​ជា​អ៊ុយក្រែន​នោះ​ទេ នៅ​ពេល​ដែល​ទាហាន​រុស្ស៊ី​បើក​ការ​បាញ់​ប្រហារ​នៅ​លើ​ដង​ផ្លូវ​នានា​នៃ​ទីក្រុង​កៀវ នៅ​ពេល​ពួក​គេ​ទម្លាក់​គ្រាប់​បែក​លើ​គេហដ្ឋាន​នានាក្នុង​តំបន់​ដែល​មាន​អ្នកស្រុក​រស់នៅ នៅ​ពេល​ពួក​គេ​បាញ់​ផ្តក់​ទៅ​លើ​កូនសិស្សសាលា​មតេ្តយ្យ​ និង​នៅ​សាលារៀន​របស់​ពួកគេ។ រុស្ស៊ី ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​នេះ»។

សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​បាន​អំពាវ​នាវ​ឲ្យ​គណៈកម្មការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​អំពើ​ហិង្សា​ទាំង​អស់ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​កើត​ចេញ​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ គណៈកម្មការ​នេះ​មាន​កាតព្វកិច្ច​ ប្រមូល​ វិភាគ និង​រក្សា​ការពារ​ភស្តុតាង​ទាំង​អស់ ដើម្បី​ប្រើប្រាស់​ក្នុង​នីតិវិធី​ផ្លូវ​ច្បាប់​ណា​មួយ​នា​ពេល​អនាគត ដែល​អាច​នឹង​កើត​ចេញ​ពី​ការ​ស៊ើប​អង្កេត​របស់​ពួកគេ៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG