ក្រោយការប៉ាន់ស្មានអស់ជាច្រើនថ្ងៃមក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍បានបណ្តេញនាយឧត្តមសេនីយ៍លោក Valerii Zaluzhnyi មេបញ្ជាការយោធាកំពូលនៃកងកម្លាំងអ៊ុយក្រែន ដែលបានដឹកនាំការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេល ២ ឆ្នាំកន្លងទៅនេះ នឹងដាក់ឧត្តមសេនីយ៍ឯកលោក Oleksandr Syrskyi ជំនួសវិញ។
ដោយសង្គ្រាមដែលកំពុងនៅជាប់គាំងនៅឡើយនោះ លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានជួបជាមួយនាយឧត្តមសេនីយ៍ Zaluzhnyi និងបានអរគុណលោកដែលបានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅពេលដែលអ្នកវិភាគយោធាជាច្រើនគិតថា អ៊ុយក្រែននឹងត្រូវបានរុស្ស៊ីគ្រប់គ្រងបានយ៉ាងយ៉ាងឆាប់រហ័សនោះ។
មនុស្សមួយចំនួនបានចាត់ទុកនាយឧត្តមសេនីយ៍យោធាអ៊ុយក្រែនរូបនេះថា ជាវីរបុរសរបស់ប្រទេសក្នុងការការពារអ៊ុយក្រែន។
បើទោះបីជាយ៉ាងណាក៏ដោយ ក៏លោក Zelenskyy និយាយថា វាដល់ពេលវេលាហើយ ក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំយោធាអ៊ុយក្រែន។
លោក Zelenskyy បន្ថែមថា លោកបានស្នើសុំដល់នាយឧត្តមសេនីយ៍រូបនេះឱ្យស្ថិតនៅក្នុងក្រុមយោធាដដែល។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន លោកនាយឧត្តមសេនីយ៍ Zaluzhnyi និយាយថា លោកបានជួបសន្ទនាជាសំខាន់និងហ្មត់ចត់ជាមួយលោក Zelenskyy ហើយថា មានការសម្រេចចិត្តដើម្បីធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រនិងយុទ្ធវិធីក្នុងសមរភូមិប្រយុទ្ធ។
លោក Zaluzhnyi ដែលមានវ័យ ៥០ ឆ្នាំ មានការពេញចិត្តជាច្រើនក្នុងជួរកម្លាំងទ័ពអ៊ុយក្រែន ហើយអ្នកវិភាគនយោបាយមួយចំនួនក្នុងប្រទេសអ៊ុយក្រែនបានព្យាករណ៍ថា លោកអាចជាមនុស្ស ដែលអាចប្រកួតប្រជែងជាមួយលោក Zelenskyy ដើម្បីធ្វើជាប្រធានាធិបតីអ៊ុយក្រែន នៅពេលមានការបោះឆ្នោតក្នុងប្រទេសនេះ ក្រោយពេលសង្គ្រាមបញ្ចប់។
ដោយឡែកលោកឧត្តមសេនីយ៍ឯក Syrskyi ដែលជាអ្នកជំនួសថ្មីវ័យ ៥៨ ឆ្នាំ អាចមានការប្រឈមច្រើនជាមួយក្រុមកងទ័ព។ លោកធ្លាប់បញ្ជាកងទ័ពជើងគោកអ៊ុយក្រែន និងមានស្នាដៃល្អក្នុងការពាររដ្ឋធានីកៀវក្នុងខែទី ១ នៃសង្គ្រាម និងទទួលបានជោគជ័យក្នុងការវាយបកប្រឆាំងរុស្ស៊ីក្នុងតំបន់ Kharkiv ភាគឦសានប្រទេសអ៊ុយក្រែនក្នុងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ២០២២ផងដែរ។
ប៉ុន្តែកងទ័ពអ៊ុយក្រែនខ្លះថា លោកជាមេបញ្ជាការអ៊ុយក្រែនម្នាក់ ដែលមានរបៀបដឹកនាំតាមបែបអតីតសហភាពសូវៀត ដែលទុកកម្លាំងក្នុងសមរភូមិស្ថិតក្រោមវាយប្រហារក្នុងរយៈពេលយូរ នៅទីក្រុង Bakhmut ភាគខាងកើត ដែលនៅពេលនោះកងទ័ពអ៊ុយក្រែនគួរត្រូវបានដកចេញភ្លាមៗ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ