ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានគោលនយោបាយសហភាពអឺរ៉ុបធ្វើទស្សនកិច្ចរដ្ឋធានីកៀវ ក្រោយមានកិច្ចព្រមព្រៀងផ្តល់ជំនួយថ្មី


ទាហាន​អ៊ុយក្រែន​ពិនិត្យ​មើល​រថក្រោះក្រោយ​ជួសជុលរួច នៅ​តំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ទាហាន​អ៊ុយក្រែន​ពិនិត្យ​មើល​រថក្រោះក្រោយ​ជួសជុលរួច នៅ​តំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានគោលនយោបាយ​សហភាព​អឺរ៉ុប លោក Josep Borrell ​និយាយ​ថា​ លោក​នឹង​ពិភាក្សា​លើ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​យោធារបស់​សហភាព​អឺរ៉ុប​ដល់​អ៊ុយក្រែន​ ក្នុងពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ។ ​

ទស្សនកិច្ច​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ជំនួយដែល​មាន​ទឹកប្រាក់​ចំនួន ​៥៤ ពាន់​លានដុល្លារ​អាមេរិក​ ដល់​ប្រទេស​អ៊ុយក្រែន។​

លោក Borrell ​បាន​និយាយ​ថា លោក​នឹង​ប្រើប្រាស់​កិច្ចប្រជុំក្នុង​រដ្ឋធានី​កៀវដើម្បី​ពិភាក្សា​លើ​កំណែ​ទម្រង់​ក្នុង​ប្រទេស​អ៊ុយក្រែន ខណៈដែល​ប្រទេសនេះកំពុងត្រៀមខ្លួន​ដើម្បី​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។​

នៅ​ថ្ងៃ​អង្គារ​នេះ​ផងដែរ លោក​ Rafal Grossi ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ក៏​បានធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ​ ដោយ​លោក​មាន​កំណត់​ទៅ​មើល​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia។​

លោក​ Grossi និយាយ​ថា​ លោក​នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​នៅ​ទី​នោះ​ និង​វាយតម្លៃ​ពី​សុវត្ថិភាពដែលនៅផុយស្រួយ​នៅ​ឡើយ​នៅ​ក្នុងរោងចក្រ​នុយក្លេអ៊ែរនេះ ក៏​ដូច​ជា​ស្ថានភាព​សន្តិសុខ​នៅ​ជុំវិញ​រោងចក្រ​នេះ​ផង​ដែរ​ ដែល​ជា​តំបន់​មួយរបស់​អ៊ុយក្រែន​ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី។​

ក្រៅ​ពី​ការបារម្ភ​លើ​សុវត្ថិភាពប្រេង​នុយក្លេអ៊ែរ​ក្នុង​រោងចក្រ​នោះ​ ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ក៏​បង្ហាញ​ពី​ការបារម្ភ​លើ​ការ​កាត់បន្ថយ​បុគ្គលិក​ធ្វើ​ការ​នៅ​ទី​នោះ​ផង​ដែរ។​

រោងចក្រ ​Zaporizhzhia ជា​រោងចក្រ​នុយក្លេអ៊ែរ​ធំ​ជាង​គេ​បង្អស់​ក្នុង​ទ្វីបអឺរ៉ុប។​

ដោយឡែក ការវាយប្រហាររបស់​រុស្ស៊ី​លើ​អ៊ុយក្រែន​វិញ​ មន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ ​រុស្ស៊ី​បាន​បាញ់​មីស៊ីល​មួយ​គ្រាប់​ទៅ​លើ​តំបន់​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន ដោយ​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​ ៣​នាក់​ផ្សេង​ទៀត។​

អភិបាល​តំបន់ Kharkiv លោកOleg Sinegubov និយាយ​ថា​ មីស៊ីល​រុស្ស៊ី​ប្រភេទ​ S-300 ពីរ​គ្រាប់បាន​បំផ្លាញ​សណ្ឋាគារ​មួយដែល​មាន​កម្ពស់​៣ជាន់​ក្នុង​ទីក្រុង​ Zolochiv។

ក្រសួង​ការពារជាតិ​រុស្ស៊ី​និយាយ​ថា​ ​រុស្ស៊ី​បាន​បំផ្លាញដ្រូន​អ៊ុយក្រែន​ ៧ ​គ្រឿងដែល​ហោះលើ​តំបន់ Belgorod ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​អ៊ុយក្រែន៕​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Agence France-Presse និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG