ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធាអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ទម្លាក់ដ្រូនរុស្ស៊ី ១៤ គ្រឿង


អ្នកពន្លត់អគ្គិភ័យ​កំពុងប្រតិបត្តិការ​នៅ​សំណង់អគារ​លំនៅឋាន​មួយ​កន្លែង ក្នុងក្រុង Kharkiv ប្រទេសអ៊ុយក្រែន ក្រោយការ​វាយប្រហារ​របស់​រុស្ស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកពន្លត់អគ្គិភ័យ​កំពុងប្រតិបត្តិការ​នៅ​សំណង់អគារ​លំនៅឋាន​មួយ​កន្លែង ក្នុងក្រុង Kharkiv ប្រទេសអ៊ុយក្រែន ក្រោយការ​វាយប្រហារ​របស់​រុស្ស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​និយាយនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ រុស្ស៊ីបានវាយប្រហារ​កាល​ពី​យប់មិញ​ដោយប្រើ​ដ្រូន​ចំនួន​ ១៧ ​គ្រឿង​ និង​គ្រាប់មីស៊ីល​ស្វ័យ​នាំផ្លូវ​ជាច្រើន​គ្រាប់ទៀត។

ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​ធុន Shahed​ ដែលផលិត​នៅ​ប្រទេស​អ៊ីរ៉ង់​ចំនួន​ ១៤ ​គ្រឿង​ ​និង​មីស៊ីល​មួយ​គ្រាប់​ផង​ដែរ។

ការ​ស្ទាក់​បាញ់ទម្លាក់​នោះ​កើត​មាន​នៅ​ក្នុង​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន ​ក្នុង​នោះ​រួម​មាន​តំបន់ ​Khmelnytskyi តំបន់ Vinnytsia តំបន់ Kirovohrad តំបន់​ Mykolaiv តំបន់ Dnipropetrovsk និង​តំបន់​ Zaporizhzhia។

អភិបាល​តំបន់​ Dnipropetrovsk​ បាន​រាយការណ៍​ថា អគារ​ផលិត​ថាមពល​មួយ​កន្លែងបាន​រងការឆេះ​ពាក់ព័ន្ធនឹង​ការវាយប្រហារ​ដោយ​ដ្រូន​របស់រុស្ស៊ី។​

មិន​មាន​សេចក្តី​រាយការណ៍ពី​គ្រោះថ្នាក់​ដល់អាយុជីវិត​មនុស្សនៅ​ឡើយ​ទេ​។​

ទន្ទឹម​នឹង​នេះ ​លោក ​Mykhailo Fedorov​ រដ្ឋមន្ត្រី​ក្រសួង​ឌីជីថល​អ៊ុយក្រែន​ បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ថា​ ប្រទេស​អ៊ុយក្រែនមាន​គម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយ​រាប់ពាន់គ្រឿង​របស់​ខ្លួនក្នុង​ឆ្នាំ​នេះ​ ដែល​មាន​សមត្ថភាព​អាច​វាយប្រហារចូលជ្រៅ​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី។​

ប្រធានាធិបតី​អ៊ុយក្រែន ​លោក​ Volodymyr Zelenskyy​ និយាយនៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃរបស់​លោកកាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អ៊ុយក្រែនកំពុងលើក​កម្ពស់ប្រព័ន្ធការពារដែន​អាកាស​និង​ឧបករណ៍​សង្គ្រាម​អេឡិចត្រូនិក​ ដោយកំណត់​ថា ​វា​ជាអាទិភាព​ដ៏​សំខាន់​សម្រាប់​អ៊ុយក្រែនក្នុង​ឆ្នាំ​នេះ។

ទាំង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាសក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយសំដៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន​ យោធា និង​ថាមពល​សំខាន់ៗរបស់​គ្នា​ទៅ​វិញ​ទៅ​មក​៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG