ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃពុធនេះបានសម្លាប់មនុស្សយ៉ាងតិច ៣ នាក់នៅក្នុងទីក្រុងកៀវនិងទីក្រុង Mykolaiv។
យោធាអ៊ុយក្រែនបានរៀបរាប់លម្អិតថា នៅក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ីនេះ រុស្ស៊ីបានប្រើដ្រូន ២០ គ្រឿង មីស៊ីលស្វ័យនាំផ្លូវ ៣៦ គ្រាប់ មីស៊ីលបញ្ជា S-300 ៥ គ្រាប់ និងមីស៊ីលបាលីស្ទិក ៣ គ្រាប់។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់កម្ទេចដ្រូន ១៥ គ្រឿងក្នុងចំណោម ២០ គ្រឿង និងមីស៊ីល ២៩ គ្រាប់ក្នុងចំណោម ៤៤ គ្រាប់។
លោក Zelenskyy បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីនេះបានសម្លាប់មនុស្សម្នាក់នៅក្នុងទីក្រុង Mykolaiv និងបានបំផ្លាញផ្ទះរាប់សិបខ្នងនៅក្នុងទីក្រុងនោះ។
លោក Zelenskyy បានបន្ថែមថា មនុស្ស ២ នាក់ត្រូវបានសម្លាប់និងយ៉ាងតិច ១០ នាក់ទៀតបានរងរបួសនៅក្នុងរដ្ឋធានីកៀវ។
អភិបាលក្រុងកៀវលោក Vitali Klitschko បានបញ្ជាក់តាម Telegram ថា អគារខ្ពស់មួយខ្នងត្រូវបានបាញ់ចំ និងថាការវាយប្រហារនោះក៏បានកាត់ផ្ដាច់អគ្គិសនីនៅក្នុងតំបន់ខ្លះផងដែរ។
ប្រធានគោលនយោបាយសហភាពអឺរ៉ុបលោក Josep Borrell ដែលធ្វើទស្សនកិច្ចនៅក្នុងទីក្រុងកៀវ បានបង្ហោះសារនៅលើបណ្ដាញសង្គមអនឡាញ X ថា នៅថ្ងៃដំបូងនៃទស្សនកិច្ចរបស់លោកនៅថ្ងៃពុធនេះ លោកបានស្នាក់នៅក្នុងជម្រកស្នាក់នៅគ្រាអាសន្ននៅចំពេលដែលមានការជូនដំណឹងឱ្យប្រុងប្រយ័ត្នអំពីការវាយប្រហារតាមអាកាស។
លោក Zelenskyy បានប្រកាសនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារអំពីការបង្កើតសាខាយោធាថ្មីដែលផ្ដោតលើដ្រូន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters។
វេទិកាបញ្ចេញមតិ