ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ស្តី​បន្ទោស​ប្រទេស​លោក​ខាង​លិច​នៅ​ពេល​ដែល​រុស្ស៊ី​ខិត​កាន់​តែ​ជិត​ទៅ​កាន់​ទីក្រុង​សំខាន់​របស់​អ៊ុយក្រែន


រូប​ឯកសារ៖ មន្ទីរពេទ្យ​មួយ​កន្លែង​​ត្រូវ​រង​ការ​ខូចខាត​ដោយ​សារ​ការវាយប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង Severodonetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Luhansk កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២២។
រូប​ឯកសារ៖ មន្ទីរពេទ្យ​មួយ​កន្លែង​​ត្រូវ​រង​ការ​ខូចខាត​ដោយ​សារ​ការវាយប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង Severodonetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Luhansk កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ចេញ​ការ​ស្តីបន្ទោស​ដ៏​ល្វីងជូរចត់​មួយ​ដល់​ប្រទេស​លោក​ខាង​លិច​ចំពោះ​ការ​មិន​បាន​ធ្វើ​ឱ្យ​ល្មម​គ្រប់គ្រាន់​ដើម្បី​ជួយ​រដ្ឋាភិបាល​របស់​លោក​ ដើម្បី​យក​ឈ្នះ​សង្គ្រាម នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​បាន​រាលដាល​នៅ​ក្នុង​តំបន់​ខាង​កើត​អ៊ុយក្រែន​ ហើយ​កងទ័ព​រុស្ស៊ី​បាន​ខិត​កាន់តែ​ជិត​ដើម្បី​ឡោមព័ទ្ធ​ទីក្រុង​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដោយ​អំពាវនាវ​រក​ជំនួយ​«ដោយ​គ្មាន​កំណត់» ជា​ពិសេស​ការ​ដឹក​ជញ្ជូន​អាវុធ​ធុន​ធ្ងន់ លោក Zelenskyy ក៏​បាន​ស្តីបន្ទោស​ការ​ស្នើ​កាល​ពី​ពេល​ថ្មីៗនេះ​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​មួយ​ដែល​អាច​រួមបញ្ចូល​ទាំង​ការ​ផ្តល់​សម្បទាន​ទឹក​ដី​ផង។

លោក Sergiy Gaiday អភិបាល​តំបន់ Luganskបាន​និយាយ​ថា នៅ​ខាង​ក្រៅ​ទីក្រុង Severodonetsk ឥឡូវ​នេះ ចំណុច​នៃ​តំបន់​ប្រសព្វ​គ្នា​ក្នុង​ការ​បន្ត​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីក្នុង​តំបន់ Donbas នៃ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យការ​ប្រយុទ្ធ​មាន​ការ​លំបាក​ជា​ខ្លាំង។

ក៏ប៉ុន្តែ លោក​បាន​និយាយ​នៅ​ក្នុង​វីដេអូ​ដែល​បាន​ចុះផ្សាយ​នៅ​លើ Telegram កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ទីក្រុង​ឧស្សាហកម្ម​នេះ​ នៅ​មិនទាន់​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ឡើយ​នោះទេ។
ដោយ​មាន​ការ​ទស្សន៍ទាយ​ថា​«ក្នុង​មួយ​សប្តាហ៍​ខាង​មុខ​នឹង​ក្លាយ​ជា​ការ​សំខាន់» នោះ​ លោក Gaiday បាន​និយាយ​ទៀត​ថា ទីក្រុង​នេះ​នឹង​ត្រូវ​ទទួលរង​ការ​បាញ់​ផ្តក់​ដោយ​កងទ័ព​រុស្ស៊ី​ដែល​កំពុង​ប៉ុនប៉ង​ប្រយុទ្ធ​ដណ្ដើម​កាន់កាប់​ទីក្រុង​នេះ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ប្រាប់​អ្នក​ចូលរួម​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង Davos ថា ប្រទេស​របស់​លោក​ត្រូវការ​ប្រព័ន្ធបាញ់​គ្រាប់​រ៉ុក្កែត​ដែ​អាច​បាញ់​ចេញបាន​ច្រើន​គ្រាប់​ដើម្បីទប់ទប់នឹង​អាវុធ​ប្រហាក់​ប្រហែល​នេះរបស់​រុស្ស៊ី​ដែល​កំពុង​ប្រើប្រាស់ក្នុង​សមរភូមិនៅក្នុង​តំបន់ Donbas ផងដែរ។

លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​ទៅ​កាន់​ប្រទេស​ជាតិ​ថា៖ «យើង​ត្រូវការ​ជំនួយ​របស់​ដៃគូ​យើង​គឺ​អាវុធ​សម្រាប់​អ៊ុយក្រែន។ ការ​ជួយ​ឱ្យ​បាន​ពេញលេញ​ដោយ​គ្មាន​ការលើកលែង ដោយ​គ្មាន​កំណត់​ដែល​ល្មម​គ្រប់គ្រាន់​ដើម្បី​ឈ្នះ»៕

XS
SM
MD
LG