ប្រទេសចំនួន២០បានស្នើផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីដល់ប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយជាមួយសម្ពន្ធមិត្តកាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងកិច្ចប្រជុំលើកទី២របស់ខ្លួន ប្រទេសនិងអង្គការចំនួនរាប់សិបដែលបានបង្កើតជាក្រុមទំនាក់ទំនងការពារអ៊ុយក្រែនបានជួបប្រជុំគ្នាតាមអនឡាញដើម្បីពិភាក្សាពីការជួយដល់ប្រទេសអ៊ុយក្រែន ហើយមានប្រទេសប្រមាណ២០បានសន្យាផ្តល់អាវុធ គ្រាប់រំសេវនិងសម្ភារៈផ្សេងៗទៀតដើម្បីជួយដល់រដ្ឋាភិបាលអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Oleksiy Reznikov បានថ្លែងប្រាប់ក្រុមប្រទេសនៅក្នុងកិច្ចប្រជុំនេះពីស្ថានភាពសង្រ្គាមនៅពេលបច្ចុប្បន្ននៅក្នុងប្រទេសរបស់លោកដែលមានរយៈពេល៣ ខែមកហើយ ដែលក្នុងនោះភាគីជម្លោះទាំងពីរកំពុងបន្តប្រយុទ្ធគ្នានៅក្នុងសមរភូមិជុំវិញទឹកដីដែលរុស្ស៊ីបានដណ្តើមកាន់កាប់នៅភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារអាមេរិកលោក Austin បាននិយាយថា៖ «ថ្ងៃនេះ ជាមួយរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Reznikov និងសហការីរបស់លោក យើងបានដឹងពីតម្រូវការអាទិភាពរបស់អ៊ុយក្រែននិងស្ថានភាពជាក់ស្តែងនៅក្នុងសមរភូមិប្រយុទ្ធ»។
លោកបានបន្ថែមទៀតថា៖ «ប្រទេសជាច្រើនបានសន្យាផ្តល់គ្រាប់កាំភ្លើងធំដែលត្រូវការចាំបាច់ ប្រព័ន្ធការពារតាមឆ្នេរសមុទ្រ រថក្រោះនិងរថពាសដែកផ្សេងៗទៀត»។
លោកក៏បានបញ្ជាក់ផងដែរថា មានប្រទេសផ្សេងៗមួយចំនួនទៀតក៏បានស្នើផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំងយោធាអ៊ុយក្រែនផងដែរ។
លោក Austin បាននិយាយថា ប្រទេសដាណឺម៉ាកបានសន្យាផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងនាវា ហើយសាធារណរដ្ឋឆែកបានស្នើផ្តល់ឧទ្ធម្ភាគចក្រប្រយុទ្ធ រថក្រោះនឹងប្រព័ន្ធការពារគ្រាប់រ៉ុកកែត។
លោក Austin ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ចាប់តាំងពីកិច្ចប្រជុំលើកទី១របស់ក្រុមប្រទេសទាំងនេះកាលពី៤សប្តាហ៍កន្លងមកនៅឯមូលដ្ឋានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់នោះមក សន្ទុះនៃការជួយឧបត្ថម្ភនិងការដឹកជញ្ជូនបរិក្ខារយោធាទៅកាន់អ៊ុយក្រែន មានភាពល្អប្រសើរយ៉ាងខ្លាំង»៕