ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងបើកចំហសម្រាប់ការចរចាជាមួយប្រទេសរុស្ស៊ី ក៏ប៉ុន្តែជាការពិភាក្សាគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin ។
ថ្លែងតាមរយៈវីដេអូនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លោកZelenskyy បាននិយាយថា វាមានសក្តានុពលក្នុងការស្វែងរកដំណោះស្រាយតាមវិធីការទូតលើជម្លោះដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកPutin «យល់ពីស្ថានភាពជាក់ស្តែងនោះ»។
លោក Zelenskyy បានបន្ថែមទៀតថា ជំហានដំបូងឆ្ពោះទៅកាន់ការពិភាក្សាជាមួយរុស្ស៊ីនោះគឺថា រុស្ស៊ីត្រូវដកកងទ័ពរបស់ខ្លួនទៅកាន់ទីតាំងដែលខ្លួនធ្លាប់ឈរជើង មុនពេលចូលឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈកន្លងទៅជាមុនសិន។
គេនៅមិនទាន់ឃើញមានសញ្ញាណាមួយក្នុងការឆ្ពោះទៅរកការបញ្ចប់ជម្លោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅឡើយទេ ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការគ្មានឆន្ទៈក្នុងការជួបចរចាគ្នា។
ស្របពេលដែលកងទ័ពរុស្ស៊ីកំពុងធ្វើការវាយប្រហារទៅលើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនដែលក្នុងនោះរួមមានទីក្រុង Severodonetsk ក្នុងតំបន់ Luhansk ផងនោះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានជំរុញឱ្យរដ្ឋាភិបាលបរទេសចាត់វិធានការលើប្រទេសរុស្ស៊ីដើម្បីបញ្ចប់ការប្រយុទ្ធរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។
លោក Podolyak បានបង្ហោះសារក្នុង Twitter ដែលមានខ្លឹមសារថា៖ «ថ្ងៃនេះ អនាគតនៃទ្វីបអឺរ៉ុបមិនត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងព្រុចសែលឬដាវ៉ូសនោះឡើយ។ វាកំពុងត្រូវបានបង្កើតឡើងនៅក្នុងលេណដ្ឋានជិតទីក្រុង Severodonetsk និងទីក្រុង Bakhmut ក្នុងប្រទេសអ៊ុយក្រែន។ រយៈពេលនៃសង្គ្រាមនេះគឺវាអាស្រ័យលើល្បឿននៃការដាក់ទណ្ឌកម្មខាងថាមពលប្រឆាំងនឹងរុស្ស៊ីនិងការផ្គត់ផ្គង់អាវុធមកឱ្យអ៊ុយក្រែន។ តើអ្នកចង់បញ្ចប់សង្គ្រាមឬអត់? កូនសោឆ្ពោះទៅរកសន្តិភាព កំពុងស្ថិតនៅក្នុងរដ្ឋធានីរបស់លោកអ្នក»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters