មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសសំប៊ីលោក Hakainde Hichilema ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីគឺឈ្នះជាង៥០%នៃសំឡេងឆ្នោតដោយមិនចាំបាច់មានការបោះឆ្នោតផ្តាច់ព្រ័ត្រ។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសសំប៊ីបានប្រកាសកាលពីថ្ងៃច័ន្ទនៅក្នុងរដ្ឋធានី Lusaka ថា លោក Hakainde Hichilema បានទទួលសន្លឹកឆ្នោតជាង២,៨លានសំឡេង ហើយប្រធានាធិបតីបច្ចុប្បន្នគឺលោក Edgar Lungu ទទួលបាន១,៨លានសំឡេង។
លោក Hichilema អាយុ៥៩ ឆ្នាំជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិ និងជាមេដឹកនាំគណបក្សរួបរួមអភិឌ្ឍន៍ជាតិកំពុងទាមទារតំណែងប្រធានាធិបតីក្នុងការព្យាយាមលើកទី៦ របស់គាត់។
ជ័យជម្នះរបស់លោក Hichilema ត្រូវបានជំរុញដោយការមិនពេញចិត្តរាលដាល ដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះដួលរលំ ដោយការធ្លាក់ចុះតម្លៃទង់ដែង ដែលជាទំនិញនាំចេញសំខាន់ ការកើនឡើងអតិផរណា និងភាពអត់ការងារធ្វើ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនៅអាហ្វ្រិកដំបូងបង្អស់ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ មិនអាចសងបំណុលបរទេសកាលពីឆ្នាំមុន។
លោក Lungu បានថ្កោលទោសថា ការបោះឆ្នោតនេះ«មិនសេរីនិងយុត្តិធម៌» កាលពីថ្ងៃសៅរ៍ បន្ទាប់ពីលទ្ធផលបោះឆ្នោតជុំទី១ត្រូវបានប្រកាស ដោយលោកចោទថា មានអំពើហិង្សាលើអ្នកគាំទ្រ និងសមាជិកនៃគណបក្សរណសិរ្សស្នេហាជាតិរបស់លោកដែលកំពុងកាន់អំណាច។ ប៉ុន្តែកងកម្លាំងរដ្ឋាភិបាលបានរារាំងមិនឱ្យលោក Hichilema ធ្វើយុទ្ធនាការនៅក្នុងតំបន់មួយចំនួន ខណៈសកម្មជនបានចោទប្រកាន់រដ្ឋាភិបាលថា រឹតត្បិតយ៉ាងខ្លាំងទៅលើការធ្វើបាតុកម្មជាសាធារណៈ។
លោក Lungu ឈរឈ្មោះធ្វើប្រធានាធិបតីអាណត្តិទី២ដោយបានឈ្នះលោក Hichilema នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ គាត់អួតអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលរដ្ឋាភិបាលរបស់គាត់បានកសាងក្នុងអំឡុងពេលគាត់កាន់តំណែង៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press, Reuters និង Agence France-Presse។)