ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​អ៊ីរ៉ង់​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម​សុខចិត្ត​ចុះចាញ់​លោក Raisi


លោក Ebrahim Raisi ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ៊ីរ៉ង់ ស្ថិត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់ ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
លោក Ebrahim Raisi ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ៊ីរ៉ង់ ស្ថិត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់ ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

លោក Abdolnasser Hemmati ដែល​ជា​អតីត​នាយក​ធនាគារ​កណ្ដាល​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម​បាន​សុខចិត្ត​ចុះចាញ់​លោក Ebrahim Raisi ដែល​ជា​ប្រធាន​ចៅក្រម​ប្រកាន់​ទស្សនៈ​អភិរក្ស​និយម​ជ្រុល នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់។

លោក Hemmati បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ថា៖ «ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​របស់​លោក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​កំពូល​លោក Ayatollah Ali Khamenei នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​សប្បាយ​និង​វិបុលភាព​ជូន​ប្រទេស​ជាតិ​របស់​យើង»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដោយ​មាន​អ្នក​ចេញ​មក​បោះឆ្នោត​ក្នុង​ចំនួន​តិច និង​ខ្វះ​បេក្ខជន​ខ្លាំងក្លា​សម្រាប់​ប្រជែង​ជាមួយ​នឹង​លោក Raisi។

ក្រសួង​មហាផ្ទៃ​អ៊ីរ៉ង់​មិន​ទាន់​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ផ្លូវការ​ណាមួយ​អំពី​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​នៅឡើយ​ទេ នៅ​ពេល​ដែល​ការិយាល័យ​បោះឆ្នោត​នានា​បាន​បិទ​នៅ​ម៉ោង ២ ព្រឹក ម៉ោង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

អាជ្ញាធរ​បាន​បន្ថែម​ពេល​បោះឆ្នោត​ពីរ​ម៉ោង​ទៀត​ក្រោយ​ផុត​ម៉ោង​បិទ​បញ្ចប់​ការិយាល័យ​បោះឆ្នោត​ដែល​បាន​កំណត់​ត្រឹម​ពាក់​កណ្ដាល​យប់ ក្នុង​ក្ដី​សង្ឃឹម​ថា​នឹង​មាន​អ្នក​បោះឆ្នោត​បន្ថែម​ទៀត​ចេញ​មក​បោះឆ្នោត។

ទីភ្នាក់ងារ​ព័ត៌មាន Fars ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ពាក់​កណ្ដាល​ផ្លូវការ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​រាយការណ៍​ថា នៅ​ត្រឹម​ម៉ោង ៧:៣០ ល្ងាច ម៉ោង​ក្នុង​ប្រទេស​អ៊ីរ៉ង់ មាន​អ្នក​បោះឆ្នោត​ចំនួន ៣៧% ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន ៥៩ លាន​នាក់ បាន​បោះឆ្នោត​រួចរាល់។ ក្រសួង​មហាផ្ទៃ​អ៊ីរ៉ង់​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​ការ​បោះឆ្នោត​នេះ​មិន​បាន​បញ្ជាក់​អះអាង​ណា​មួយ​អំពី​តួលេខ​នេះ​នៅ​ឡើយ​ទេ។

កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ង់​លោក Abdolreza Rahmani Fazli បាន​និយាយ​ថា លោក Raisi ទទួល​បាន​ការ​គាំទ្រ​ចំនួន​ជាង ១៧ លាន ៩ សែន សំឡេង ដែល​ស្មើ​នឹង​ជិត ៦២% នៃ​សន្លឹក​ឆ្នោត​ជិត ២៩ លាន​សំឡេង​ដែល​បាន​បោះ។

លោក Rahmani Fazli បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​សរុប ដែល​មាន​ចំនួន ៥៩.៣១០.៣០៧ នាក់ ចំនួន​សន្លឹក​ឆ្នោត​សរុប​ដែល​បាន​បោះ​មាន​ចំនួន ២៨.៩៣៣.០០៤ សំឡេង ដែល​ចំនួន​នេះ​បង្ហាញ​ថា អ្នក​ចេញ​មក​បោះឆ្នោត​មាន​ចំនួន ៤៨,៨%»។

ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ៊ីរ៉ង់ លោក Ebrahim Raisi អបអរ​សាទរ​ ក្រោយ​ពី​លោក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ៊ីរ៉ង់ លោក Ebrahim Raisi អបអរ​សាទរ​ ក្រោយ​ពី​លោក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

លោក Mohsen Rezaei អតីត​មេបញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដ៏​ស្វាហាប់ គឺជា​បេក្ខជន​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​លំដាប់​ទី​ពីរ​ដែល​មាន​ចំនួន ១១,៨%។ បន្ទាប់មក​គឺ​លោក Hemmati ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៨,៤%។ ចំណែក​ឯ​លោក Amirhossein Ghazizadeh-Hashemi ដែល​ជា​បេក្ខជន​អភិរក្ស​និយម​ជ្រុល​វិញ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ចុងក្រោយ​គេ​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៣,៥%។

អ្នក​វិភាគ​បាន​និយាយ​ថា អ្នក​បោះឆ្នោត​ភាគ​ច្រើន​នៅ​ប្រទេស​អ៊ីរ៉ង់​ហាក់​លែង​ទុកចិត្ត​មេដឹកនាំ​ឥស្លាម​នានា​របស់​ពួកគេ ដោយសារតែ​មេដឹកនាំ​ទាំង​នោះ​ដឹកនាំ​មិន​បាន​ល្អ​នូវ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ដោយសារ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ជំងឺ​កូវីដ១៩ និង​អំពើ​ពុករលួយ។

អ្នក​រៀបចំ​ការ​ស្ទង់​មតិ​ដែល​មាន​ការ​អនុញ្ញាត​ដោយ​រដ្ឋ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ទស្សន៍ទាយ​មុន​ការ​បោះឆ្នោត​ថា ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​អាច​មាន​ចំនួន​ជាង ៤០% តិចតួច

ចំនួន​នេះ​អាច​ជា​ចំនួន​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​តាំងពី​ពេល​បដិវត្តន៍​ឥស្លាម​ឆ្នាំ ១៩៧៩ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​មក។ នៅ​ក្នុង​បដិវត្តន៍​នោះ បព្វជិត​ដឹកនាំ​សាសនា​ឥស្លាម​និកាយ​ស៊ីអ៊ីត (Shiite) បាន​ដណ្ដើម​អំណាច​ពី​របប​រាជា​និយម​ដែល​ស្រុតចុះ។

ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​ដែល​មាន​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​ទាប​បំផុត​មុន​ការ​បោះឆ្នោត​លើក​នេះ​គឺ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ ១៩៩៣ ដែល​អ្នក​ចេញ​មក​បោះឆ្នោត​នៅ​ពេល​នោះ​មាន​ចំនួន ៥០%។

សារ​បង្ហោះ​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​អនឡាញ​នានា​ក៏​បាន​បង្ហាញ​ផងដែរ​ថា អ្នក​ចេញ​មក​បោះឆ្នោត​មាន​ចំនួន​តិចតួច​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នានា​នៅ​ទូទាំង​ប្រទេស។

ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​ថត​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជិត​នូវ​ជួរ​អ្នក​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ ស្រប​ពេល​ដែល​បុគ្គល​នយោបាយ​នានា​អង្វរ​ពលរដ្ឋ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត។

ក្នុង​ចំណោម​បុគ្គល​នយោបាយ​ទាំង​នោះ គេ​ក៏​ឃើញ​មាន​ផងដែរ​នូវ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ប្រធានាធិបតី​ចប់​អាណត្តិ​លោក Hassan Rouhani និង​លោក Raisi ដែល​ជា អ្នក​ដែល​ត្រួសត្រាយ​ផ្លូវ​ដោយ​លោក Khamenei។ លោក Raisi គឺជា​បេក្ខជន​ដែល​ពលរដ្ឋ​អ៊ីរ៉ង់​ជា​ច្រើន​បាន​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ​ដោយ​ងាយស្រួល។

ក្រុមប្រឹក្សា​គាំពារ​អ៊ីរ៉ង់​ដែល​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អ៊ីរ៉ង់​ដែល​មាន​កាតព្វកិច្ច​សម្រេច​លើ​បេក្ខភាព​របស់​បេក្ខជន​ប្រធានាធិបតី​នីមួយៗ បាន​អនុញ្ញាត​ឲ្យតែ​លោក Raisi និង​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក Khamenei ៦ រូប​ផ្សេង​ទៀត ដែល​គេ​មិន​សូវ​ស្គាល់​តែ​ប៉ុណ្ណោះ ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត ដោយ​បាន​រារាំង​បេក្ខជន​រាប់​រយ​នាក់​ផ្សេង​ទៀត​ដែល​ចង់​ឈរ​ឈ្មោះ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​មាន​ប្រវត្តិ​សាធារណៈ​ក្រាស់ក្រែល​ផងដែរ​បើ​ប្រៀប​ជាមួយ​នឹង​លោក Raisi។

ការ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​ទាំង​នោះ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​បាន​បង្ក​ឲ្យ​មាន​យុទ្ធនាការ​តវ៉ា​រាប់​សប្ដាហ៍​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​រិះគន់​លោក Khamenei ដែល​ជា​ពលរដ្ឋ​អ៊ីរ៉ង់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​លើក​ទឹកចិត្ត​អ្នក​បោះឆ្នោត​ឲ្យ​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG