ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពី​លោក Museveni ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ូហ្គាន់ដា ក្រុម​យោធា​បាន​ឡោមព័ទ្ធ​គេហដ្ឋាន​បេក្ខជន​បក្ស​ប្រឆាំង


រូបឯកសារ៖ មេដឹកនាំបក្ស​ប្រឆាំង​លោក Robert Kyagulanyi ដែល​ត្រូវបាន​គេស្គាល់​ថា Bobi Wine ដើរ​ទៅ​គេហដ្ឋាន​របស់​លោក​វិញ បន្ទាប់ពី​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ខាងក្រៅ​ទីក្រុង​កំប៉ាឡា ប្រទេស​អ៊ូហ្គាន់ដា នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មួយថ្ងៃ​បន្ទាប់ពី​ពលរដ្ឋ​អ៊ូហ្គាន់ដា បាន​ទៅ​បោះឆ្នោត។
រូបឯកសារ៖ មេដឹកនាំបក្ស​ប្រឆាំង​លោក Robert Kyagulanyi ដែល​ត្រូវបាន​គេស្គាល់​ថា Bobi Wine ដើរ​ទៅ​គេហដ្ឋាន​របស់​លោក​វិញ បន្ទាប់ពី​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ខាងក្រៅ​ទីក្រុង​កំប៉ាឡា ប្រទេស​អ៊ូហ្គាន់ដា នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មួយថ្ងៃ​បន្ទាប់ពី​ពលរដ្ឋ​អ៊ូហ្គាន់ដា បាន​ទៅ​បោះឆ្នោត។

មន្ត្រី​ប៉ូលិស​និងយោធា​ច្រើនជាង​១០រថយន្ត បាន​បើក​កាត់​អ្នក​សារព័ត៌មាន​ដែល​បាន​បោះ​ជំរំ​ប៉ុន្មាន​ម៉ែត្រពី​ Kyagulanyi Sentamu គេហដ្ឋាន​របស់​លោក Bobi Wine។ មន្ត្រី​យោធា​ផ្សេង​ទៀត​យាម​ល្បាត​ដោយ​ថ្មើរជើង​នៅ​ក្បែរ​នោះ។

គេហដ្ឋាន​របស់​បេក្ខភាព​ប្រធានាធិបតី​ប្រឆាំង​កំពូល​ គឺ​លោក Robert Kyagulanyi ដែល​ត្រូវបាន​គេស្គាល់ថា Bobi Wine ​ត្រូវ​បាន​បិទ​ឡោម​ព័ទ្ធ​ដោយអាជ្ញាធរ​និង​បិទការចេញ​ចូល​ពី​សាធារណៈ​ជន​រួមទាំង​អ្នក​សារព័ត៌មាន​ផងដែរ។

សមាជិក​សភា​លោក Francis Zaake និង​ជា​អ្នក​គាំទ្រ​លោក Wine ដែល​ធ្លាប់​ត្រូវបាន​ចាប់​ខ្លួន​និង​ធ្វើ​ទារុណកម្ម​ដោយ​កងកម្លាំង​សន្តិសុខ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​តាំងពី​កន្លែង​បិទផ្លូវ។ លោក​ត្រូវ​បាន​គេ​ទាញ​ចេញ​ពី​រថយន្ត ​ហើយ​ត្រូវបាន​គេ​វាយដំ​មុននឹង​រុញ​ច្រាន​ចូល​រថយន្ត​ប៉ូលិស​មួយ។ អ្នក​សារព័ត៌មាន​ត្រូវបាន​គេ​ឲ្យ​នៅ​ទីតាំង​ឆ្ងាយ ហើយ​នៅពេល​ដែល​រថយន្ត​ប៉ូលិស​បើក​កាត់ សំឡេង​ស្រែក​របស់​លោក Zaake អាច​ឮ​ចេញ​ពី​ក្នុង​រថយន្ត។

សមាជិក​សភានៃ​គណៈបក្ស National Unity Platform អ្នក​ស្រី Joyce Bagala ដែល​ទើប​នឹង​ជាប់​ឆ្នោត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ពី​អ្វី​ដែល​អ្នក​ស្រីបាន​ឃើញ។

«នៅពេល​ដែល​ពួកគេ​បាន​ចេញ​មក ខ្ញុំ​បាន​តាមពួកគេ​ដើម្បី​ដឹង​ថា​តើ​ពួកគេ​នាំ​លោក Zaake ទៅ​ទី​ណា។ ​ដោយសារ​តែ​នៅពេល​ដែល​គាត់​បាន​ចេញ​មក គាត់កំពុង​ស្រែក ហើយ​អ្នក​អាច​ឮ​សំឡេង​ស្រែក​នោះបាន។ ដូច្នេះ​ខ្ញុំ​បានតាមដាន​ពួកគេទៅ​កាន់ស្ថានីយ៍ប៉ូលិស Kasangati។ ពួកគេ​បានទម្លាក់គាត់​នៅទីនោះ។​ ពួកគេ​បាន​ទាញ​គាត់​ចេញ​ពីឡាន ប៉ុន្តែ​ខ្ញុំ​គិត​ថា​គាត់​ត្រូវបានគេ​វាយ​ដំយ៉ាង​ខ្លាំង»។

នាយក​គណៈកម្មការ​បោះឆ្នោត លោកSimon Byabakam បានប្រកាស​បន្ទាប់​ពី​ម៉ោង​៤ល្ងាចថ្ងៃ​សៅរ៍​ ទី១៦ ខែមករា​ថា​ លោកYoweri Museveni បាន​ឈ្នះ​ឆ្នោត ហើយ​ទទួល​បាន​តំណែង​ប្រធានាធិបតី​លើក​ទី​៦ ក្នុង​អាណត្តិ​ដែល​មាន​រយៈពេល​៥ឆ្នាំ។

«បេក្ខជន​លោក​ Yoweri Museveni Tibuhaburwa Kaguta ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ខ្ពស់​បំផុតក្នុង​ការ​បោះឆ្នោត ​គឺ​ច្រើនជាង​៥០ភាគរយនៃ​សំឡេង​ឆ្នោត​មាន​ដែល​មាន​សុពល​ភាព​នៅ​ពេល​បោះឆ្នោត គណៈកម្មការ​បោះឆ្នោត​ ប្រកាស​ថា​លោក Yoweri Museveni Tibuhaburwa Kaguta ជា​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សាធារណៈរដ្ឋ​អ៊ូហ្គាន់ដា»។

មន្ត្រីនានា​និយាយ​ថា​ លោក​ប្រធានាធិបតី Museveni ទទួល​បាន​សំឡេង​ឆ្នោត​៥៨.៦៤ភាគរយ​ហើយ​លោក​ Wine ទទួល​បាន​៣៤.៨៣ភាគរយ នៃ​សំឡេង​ឆ្នោត​សរុប​កាលពី​ការ​បោះឆ្នោត​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែមករា។

លោក Byabakama អំពាវនាវ​ប្រជាជន​អ៊ូហ្គាន់ដា​ជាពិសេស​អ្នកគាំទ្រ​បេក្ខជន​ដែល​ចាញ់​ឆ្នោត​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់។

បន្ទាប់​ពី​ការ​ប្រកាសភាពស្ងប់ស្ងាត់​ដ៏គួរ​ឲ្យ​ខ្លាច ផ្លូវ​ដែល​គ្មាន​មនុស្ស​ធ្វើ​ដំណើរ និង​វត្តមាន​របស់​កង​កម្លាំង​សន្តិសុខ​យ៉ាង​ច្រើន​បាន​កើតឡើង។ ពលរដ្ឋ​អ្នក​បោះឆ្នោតម្នាក់​គឺ​លោក Dennis Kimbugwe និយាយ​ថា​លោក​មិន​ជឿ​លើ​លទ្ធផល​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មការ​បោះឆ្នោត​ឡើយ។

លោក​និយាយ​ថា ​លោក​ជ្រើស​រើស​ការ​តាមដាន​ការ​បោះឆ្នោត​ពី​ទីតាំង​របស់​លោក​ដើម្បី​បញ្ជាក់​បាន​ថា​បេក្ខជន​ដែល​លោក​បាន​បោះឆ្នោត​ឲ្យ​ឈ្នះ​ឬចាញ់។ ប៉ុន្តែ​លោក​មិន​ចង់ឲ្យ​គេ​ប្រាប់​ថា​លោក​គួរ​តែ​ទៅ​ស្តាប់​វិទ្យុ ដោយ​បានបន្ថែម​ថា​អាជ្ញាធរ​បាន​ពង្រាយ​យោធា។​

មិនមែន​មានតែ​លោក Kimbugwe នោះ​ទេ។ លោក Kalibala John Bosco ​និយាយ​ថា​វាដល់ពេល​ហើយ​ដែល​រដ្ឋាភិបាល​គួរ​តែ​លុបចោល​ការ​បោះឆ្នោត។

លោក ​Bosco និយាយ​ថា សំណើ​របស់​លោក​គឺ​ថា​លោក Museveni គួរ​តែ​លុបចោល​ការ​បោះឆ្នោត​បើសិន​ជា​លោក​នៅតែ​ចង់​ធ្វើ​ប្រធានាធិបតី ដោយសារ​តែ​វា​គឺ​គួរ​ឲ្យ​តានតឹង​ណាស់​សម្រាប់​ប្រជាជន​អ៊ូហ្គាន់ដា​។ លោក​បាន​និយាយថា​រដ្ឋាភិបាល​មិន​បាន​រាប់​សំឡេង​ឆ្នោត​របស់​ប្រជាជន​ទេ​ ហើយ​ពួកគេ​ធ្វើ​អ្វី​ដែលពួកគេ​ចង់ធ្វើ។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​អត្ថាធិប្បាយ​មួយ​ពី​គណៈបក្ស​កាន់អំណាច​ត្រូវ​បរាជ័យ ហើយពួកគេ​មិន​ទទួល​ទូរស័ព្ទ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ។

មេដឹកនាំ​គណៈប្រឆាំង​នានា​បាន​ច្រាន​ចោល​លទ្ធផល​ឆ្នោត​ដោយ​និយាយ​ថា​ ពួកគេ​នឹង​មិន​រស់នៅ​ដូច​ជនវណ្ណៈ​ទាប​ឡើយ ​ហើយ​លទ្ធផលឆ្នោត​គឺ​ត្រូវបាន​ប្រឌិត​ឡើង​ទាំងស្រុង។ នៅ​ថ្ងៃ​បោះឆ្នោត អ្នក​អង្កេត​ការ​ច្រើនជាង​៣០នាក់​ត្រូវបាន​ចាប់ខ្លួន។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​ បដិសេធ​ចូល​រួម​អង្កេត​ការ​បោះឆ្នោត​បន្ទាប់​ពី​អាជ្ញាធរ​បាន​បដិសេធ​ច្រើន​ជាង​៧៥ភាគរយ​នៃ​សំណើសុំ​ទទួល​ស្គាល់​ជាផ្លូវការរបស់​ពួកគេ៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ

XS
SM
MD
LG