ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ស្រករ​ក្រោយ​កម្ពុជា​កំពុង​ឈាន​មក​ឆាក​នយោបាយ​ជាតិ

  • សំ រីណា

អ្នក​បោះឆ្នោត​​មួយ​រូប​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២​នៅ​​រាជធានី​ភ្នំពេញ។
គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោតខាងមុខ​នេះ​បាន​បញ្ចូល​បេក្ខជន​តំណាងរាស្ត្រ​វ័យ​ក្មេង​ជា​ច្រើន​ដែល​កើត​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ​ដែល​ក្រុម​អ្នក​សង្កេត​ការណ៍​មើលឃើញថា​ពេល​វេលា​នៃ​ការផ្ទេរការទទួល​ខុសត្រូវ​នយោបាយ​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​ចាប់​ផ្តើ​ម​ជា​បណ្តើរៗ​ហើយ។

ក្នុង​ចំណោម​គណបក្ស​នយោបាយ​៨​ដែល​បាន​ចុះ​ឈ្មោះ ចូលរួម​ប្រកួត​ប្រជែ​ង​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​គឺគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ដាក់​បេក្ខជន​វ័យ​ក្មេង​ទាំងពេញ​សិទ្ធិ​និង​បម្រុង​ចំនួន​១០​នាក់​ រីឯ​ដៃ​គូ​ប្រកួត​ដ៏​ធំ​គឺ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​កឹម សុខា​និង​លោក​សម រង្ស៊ី​បានដាក់​បេក្ខជនវ័យ​ក្មេងចំនួន​៣៩​នាក់ និងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច​មាន​ចំនួន​១៤​នាក់។

ក្នុង​ចំណោម​គណបក្ស​ទាំង​៨​នេះ​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យរបស់​លោក​ខឹម​ វាសនា​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​បក្ស​ដែល​មាន​បេក្ខជន​តំណាងរាស្ត្រវ័យក្មេង​ច្រើន​ជាង​គេ​គឺ​ទាំង​ពេញ​សិទ្ធិ​និង​បម្រុង​មាន​រហូត​ដល់​១២៨​នាក់​ដែល​កើត​ក្រោយ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩។

លោក​ជាង សុខា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធីអភិវឌ្ឍន៍​ធនធាន​យុវជន​បាន​បញ្ជាក់​ថា៖

«ចំណុចនេះ​គឺ​ជា​ចំណុច​ដែល​គួរ​ឱ្យចាប់​អារម្មណ៍​ហើយ​វា​ក៏​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​គោលដៅ​សំខាន់​របស់​អង្គការ​យុវជន​....ដែល​តែង​តែ​លើក​ទឹកចិត្ត​យុវជន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ការ​សង្គម​មិន​ថា​នៅ ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ឬក៏​នយោបាយ​ទេហើយ​ពេល​ដែល​ឃើញ​គណបក្ស​នយោបាយ​លោក​បាន​ដាក់​បេក្ខជន​តំណាង​រាស្ត្រ​ជា​យុវជន​ហើយ​ពិសេស​ទៅ​ទៀត​នោះ គឺ​យុវជន​ដែល​កើត​នៅ​ក្រោយ​របបខ្មែរ​ក្រហម​ទៀត​យើង​គិត​ថា​វារឹតតែពិសេស​ទៅ​ទៀត​សម្រាប់​ឱ្យ​យុវជន​មាន​ឱកាស​ក្នុង​ការ​ចូលរួម​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​កម្រិត​គោល​នយោបាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។

ខុស​ពី​ការ​បោះឆ្នោត​លើក​ទីមួយ​ក្នុង​ឆ្នាំ​១៩៩៣​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចេញ​ពី​ត្រកូល​កសិករ​និង​អ្នក​តស៊ូដែល​យល់​ដឹង​ច្បាស់​ពី​ទុក្ខ​ធុរៈ​ប្រជាពលរដ្ឋ​ផ្ទាល់​ហើយ​គូ​ប្រកួត​ត្រូវបាន​គេ​មើល​ឃើញ​ថា​ជា​ខ្មែរ​ដែល​ទៅ ពីក្រៅ​ប្រទេស​មិន​សូវ​យល់​ពី​សភាព​ការណ៍​ពិត​ក្នុង​ប្រទេស​ ប៉ុន្តែ​២០​ឆ្នាំ​ក្រោយ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះប៉ូល​នៃ​អ្នក​តំណាង​ប្រជាពលរដ្ឋ​បាន​ផ្លាស់​ប្តូរ​វិញ​ម្តង។ ​គណបក្ស​កាន់​អំណាច​បាន​ដាក់​កូន​របស់​ពួកខ្លួន​ដែល​មាន​ការ​សិក្សា​ខ្ពស់​ពី​បរទេស​និង​រស់​ក្នុង​ជីវភាព​ដ៏​សម្បូរណ៍​ធូរធា​រនិង​ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ​មើល​ឃើញ​ថា​នៅ​ឆ្ងាយ​ពី​សភាព​ការណ៍​ពិត​ក្នុង​ប្រទេសរីឯ​គណបក្ស​ប្រកួត​បាន​ដាក់​បេក្ខ​ភាព​ដែល​ពួកគេ​អះ​អាង​ថា​ចេញ​មក​ពី​ស្រទាប់​យុវជន​ដែល​ជា​កូន​អ្ន​កក្រ​ប៉ុន្តែ​មាន​សមត្ថភាព​និង​បាន​ចូល​ប្រឡូក​ក្នុង​កិច្ច​ការ​ជួយ​ប្រជាពលរដ្ឋ​និង​គណបក្ស​ជា​យូរ​មក​ហើយ។

លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា៖

«ភាគ​ច្រើន​គឺ​យើង​ជ្រើ​សរើស​តាម​រយៈ​ការ​ចូលរួម​របស់​យុវជន។ យុវជន​ដែលគាត់​
ចូលរួម​សកម្ម​នៅ​ក្នុង​គណបក្ស​យើង​ នៅ​ថ្នាក់​មូលដ្ឋាន​ក៏​ដោយ​ថ្នាក់​ជាតិ​ក៏ដោយ។​ យើង​អត់មាន​ថា​តើ​ចាំ​បាច់​ជាកូន​អ្នក​ណា​ទេឱ្យ​តែ​គាត់​សកម្ម​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ​ហើយ​យើង​យក​មក​បណ្តុះ​ គាត់​ បណ្តុះ​ហើយ​។ ទីពីរ​យើង​មើល​សមត្ថភាព​របស់​គាត់​។ សមត្ថភាព​របស់​គាត់​អាចទៅ​ធ្វើ​ការ​ហ្នឹង​បាន​ ឈរ​ឈ្មោះ​បាន​យើង​ដាក់គាត់​ទៅ​តាម​សមត្ថភាព​គាត់​។ ទីបី​ពាក់​ព័ន្ធ​នឹង​គុណធម៌​របស់​គាត់​ដែរ​។ ប៉ុន្តែ​ភាគ​ច្រើន​យើង​ដឹង​ហើយ​ថា​យុវជន​គាត់​មិន​ទាន់​មាន​បញ្ហា​អ្វី​ទេ។ បញ្ហា​ធំ​ជាង​គេ​របស់​គាត់​ដែល​ពិបាក​ចូល​ក្នុង​ការ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​គឺ​គាត់​អត់​មធ្យោបាយ​ព្រោះ​គាត់​ភាគច្រើន​កូន​អ្នកក្រ»។

រីឯ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​បេក្ខជនវ័យ​ក្មេង​របស់​បក្សទាំង​១០​នាក់​ជាកូននិង​កូន​ប្រសាររបស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ដូច​ជា​កូន​លោក​ហ៊ុន សែន ​លោក​សុខ អាន លោក​ស ខេង និង​លោក​ឌិត មន្ទី​ជាដើម។

នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​មួយ​របស់​ទីស្តី​ការ​គណរដ្ឋមន្ត្រី​បាន​បញ្ជាក់​ទាក់​ទង​នឹង​ការ​បញ្ចេញ​តួរអង្គ​យុវជនដែល​ជា​កូន​មន្ត្រី​ថ្នាក់​ធំៗក្នុង​គណបក្ស​ប្រជាជន​ថា៖

«ការ​បញ្ចេញ​តួអង្គយុវជន​ ដែល​ពោរពេញ​ទៅ​ដោយ​សក្កានុពល​ដើម្បី​ប្រឡូក​ក្នុង​ឆាក​នយោបាយជួរមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​មិន​មាន​អ្វី​គួរឲ្យ​ចម្លែក​នោះ​ដែរ ព្រោះ​ថា​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ដែលប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ មួយ​ចំនួន​នៅ​លើ​សកលលោក​ មេដឹកនាំ​សុទ្ធតែ​ចេញ​មកពី​ស្រទាប់​យុវជន​ ហើយ​ស្ថិត​នៅ​ក្នុង​ត្រកូល​ជា​មេដឹកនាំ​តែ​មួយ​ទៀត​ផង»។

អត្ថាធិប្បាយ​នោះ បន្ថែម​ទៀត​ថា​ការ​ដាក់​នេះ​ផ្អែក​លើ​សមត្ថភាព​និង​ការយល់ព្រម​ក្នុង​បក្សប៉ុន្តែ​ការ​សម្រេច​ឱ្យ​ជាប់​ឬ​មិន​ជាប់​ជា​តំណាងរាស្ត្រវា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ជា​អ្នក​សម្រេច​ទេ។​

បេក្ខជន​ដែល​ក្មេង​ជាងគេ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កើត​នៅ​ឆ្នាំ​១៩៨៥​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ១៩៨៦​និង​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ឆ្នាំ​១៩៨៨។

លោក​ ទូច វិបុល​អតីត​ប្រធាន​ចលនា​យុវជន​ខ្មែរ​ដែល​បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា៖

«វា​ជា​ការណ៍​ពិត​គណបក្ស​ប្រជាជន​មាន​ការ​គ្រប់​គ្រង​តាម​បែប​កំម្មុយនីស្ត​ជាយូរ​ឆ្នាំ​មក​ហើយ​ហើយ​គេ​នៅ​តែ​ប្រើ​ដដែល​អញ្ចឹង​យុវជន​គ្រាន់​តែ​យក​មក​បន្លែបន្លំ​សន្លឹក​ឆ្នោត​ឱ្យ​ប្រជាពលរដ្ឋ​មើលឃើញថាគណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​បោះ​ជំហាន​លើក​ដម្កើង​យុវជន។ នេះ​ជា​ចំណុច​មួយ​ដែល​ត្រូវ​សាធារណៈមតិ​សំឡឹង​មើល​ឃើញ​ឱ្យ​ច្បាស់​លាស់​ចំណែក​ខាង​ប្រជាធិបតេយ្យ​វិញ​គឺ​ថា​យុវជន​គេក្រោក​ឈរ​ឡើង​គេ​ចង់​ផ្លាស់​ប្តូរ​សង្គម​តាម​បែប​ប្រជាធិបតេយ្យ​។ អញ្ចឹង​លក្ខណៈ​ពីរ​នេះ​គឺផ្សេង​គ្នា»។​

មាន​មណ្ឌលខ្លះ​បេក្ខជន​ដែល​ត្រូវ​ឈរ​ឈ្មោះ មាន​លក្ខណៈ​គួរ​ឱ្យ​ចង់​តាម​ដាន។ ដូច​ជា​នៅ​ខេត្ត​កំពង់ស្ពឺ​លោក​ ហ៊ុន ម៉ានី​កូនប្រុស​លោក​ហ៊ុន សែន​ដែល​មាន​អាយុ​៣០​ឆ្នាំ​ត្រូវ​ប្រកួត​ជា​មួយ​នឹង​លោក​ប៉ែន សុវណ្ណ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​មតិ​ទូទៅ​ទទួល​ស្គាល់ថា​ជា​អ្នក​ដឹកនាំ​សំខាន់​ម្នាក់​នៃ​ថ្ងៃរំដោះ៧​មករា១៩៧៩។ ហើយ​នៅ​ខេត្ត​ប៉ៃលិន​លោក​សួង​ សុភ័ណ​ដែល​កើត​ក្នុង​រយៈ​ពេល​ជាង​៨​ឆ្នាំ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ​ត្រូវ​មក​ឈរ​ជា​បេក្ខជន​តំណាងរាស្រ្ត​ នៅ​ខេត្ត​ប៉ៃលិន​ដែល​ជា​អតីត​តំបន់​ឈរ​ជើង​ដ៏​រឹងមាំ​ចុងក្រោយ​មួយ​ចំនួន​របស់​ក្រុម​ខ្មែរ​ក្រហម។

ជា​រឿយៗ​ ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហមនិង​ថ្ងៃ​៧​មករា​តែង​តែ​ត្រូវ​បាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ឱ្យ​ប្រជា​ពលរដ្ឋ​ដឹង​គុណ​ដោយ​សារ​បាន​រំដោះ​ពួកគេ​ចេញ​ពី​របប​ដ៏​ឃោរឃៅ​នេះហើយ​ជា​ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​លាប​ពណ៌​គូ​ប្រជែង​របស់​លោក​ថា​អាច​នឹង​នាំ​របប​ខ្មែរ​ក្រហម​នេះ​មក​វិញ​បើ​លោក​ចាញ់​ឆ្នោត​។ ការបំភ័យ​ដូច​នេះ​កើត​ឡើង​បើ​ទោះ​បីជា​រូបលោក​ផ្ទាល់​ធ្លាប់​ជា​មេដឹកនាំ​ម្នាក់​នៃ​ក្រុម​នេះ​ហើយ​ជា​អ្នក​ដែល​បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​មិន​ឱ្យ​សាលាក្តី​ខ្មែរ​ក្រហម​បន្ថែមសំណុំ​រឿង​កាត់​ទោស​អតីត​សមមិត្ត​របស់​គាត់​ជា​បន្ត​ទៀត​ក៏​ដោយ៕
XS
SM
MD
LG