ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​កម្ពុជា​ត្រៀម​សួរ​លោក​អូបាម៉ា​នៅ​ឡាវ​

  • ហ៊ាន សុជាតា

លោក បារ៉ាក់ អូបាម៉ា ស្តាប់​សំណួរ​របស់​​យុវជន រិទ្ធី ឧត្តម ពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​​វេទិកា town hall ជាមួយ​ក្រុម​មេដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ YSEALI នៅ​សាកលវិទ្យាល័យ Taylor's University នៅ​ទី​ក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៥។ (AP Photo/Susan Walsh)

កិច្ច​ប្រជុំ​យុវជន​ YSEALI ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា ​​​នឹង​ធ្វើឡើង​​នៅ​ក្នុង​ប្រទេស​ឡាវ​ នា​ខែ​កញ្ញា​​ខាង​មុខ​នេះ ​មាន​យុវជន​ប្រមាណ​​២០០​នាក់​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ចូលរួម​។

ឆ្នាំមុន​ វីដេអូ​ខ្លី​ដែល​យុវជន​កម្ពុជា​មួយ​រូប​បាន​សួរ​សំណួរ​ទៅ​កាន់​មេ​ដឹកនាំ​កំពូល​នៃ​ប្រទេស​មហាអំណាច​សហ​រដ្ឋ​អាមេរិក​ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ចុងឆ្នាំ​២០១៥​ ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា។ ​ពលរដ្ឋ​កម្ពុជា​ យល់ថា​នេះ​ជា​មោទនភាព​មួយ​ ដែល​យុវជន​កម្ពុជា​រូប​នេះ​បាន​សួរ​សំណួរ​ទៅ​កាន់​មេដឹកនាំ​កំពូល​ដូចជា​ លោក​អូបាម៉ា​ដោយ​ផ្ទាល់​ ហើយ​នេះ​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​យុវជន​នេះ​ បាន​ពាំនាំ​ឈ្មោះ​នៃ​ «ប្រទេស​កម្ពុជា»​ ទៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

យុវជន​នោះ​បាន​ថ្លែង​ថា៖​

«ខ្ញុំ​ឈ្មោះ​ រិទ្ធី ​ឧត្តម​ មក​ពី​ប្រទេស​កម្ពុជា។ សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​នោះ​គឺ៖​ ដោយ​សារ​លោកផ្ទាល់​កំពុង​តែ​ឈាន​ទៅ​រក​វ័យ​ចំណាស់​ តើ​លោក​រំពឹង​ចង់​ឃើញ​អ្វី​ពី​យុវជន​ដូចជា​ពួក​យើង​ នា​ពេល​អនាគត​ នៅ​ពេល​ដែល​លោក​ចាស់​ទៅ?»

នៅ​ក្នុង​វីដេអូ​រយៈ​ពេល​ជាង​២​នាទី ដែល​ពោរពេញ​ដោយ​សំណើច​ និង​ភាព​ស្និទ្ធស្នាល​រវាង​លោក​អូប៉ាម៉ា​ និង​យុវជន​អាស៊ីអាគ្នេយ៍​ប្រមាណ​៥០០​នាក់​ក្នុង​កិច្ច​ប្រជុំ​កំពូល YSEALI​ ឬ YSEALI ​Summit ​នោះ​ លោក​ អូប៉ាម៉ា ​ឆ្លើយនឹង​សំណួរ​របស់​ រិទ្ធី ​ឧត្តម​ ថា៖

«ចំណុច​ដំបូង​បង្អស់ដែល​ខ្ញុំ​ចង់​ឃើញ​ពី​យុវជន​ពេល​នេះ​ គឺ​ឈប់​ហៅ​ខ្ញុំ​ថា«​ចាស់»។ វា​ធ្វើ​ឲ្យ​ ខ្ញុំ​ឈឺ​ចិត្ត​ណាស់​។ ខ្ញុំ​គិត​ថា​ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​យុវជន​នោះ​ គឺ​កុំ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ក្នុង​អតីត​កាល»។​

នៅ​ក្នុង​វីដេអូ​នោះ​ លោក​អូប៉ាម៉ា​បន្ត​ថា៖​

«ឥទ្ធិពល​របស់​យុវជន​នៅ​ត្រង់​សំណួរ​ថា«ហេតុអ្វី»។ ហេតុអ្វី​បាន​ជាខ្ញុំ​រស់​នៅ​ក្នុងសហគមន៍ក្រីក្រ? ហេតុអ្វីបាន​ជា​មាន​ការ​បំពុល​បរិយាកាស? ហេតុអ្វី​បាន​ជា​យើង​មិន​ឲ្យ​តម្លៃស្ត្រី​ដូចបុរស​ នៅ​ពេល​ដែល​ពួក​គាត់​ចូល​រៀន​នៅ​សាលា? ហេតុ​អ្វី​បាន​ជា​មាន​ការរើសអើង​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​របស់​យើង?»

យុវជន​ រិទ្ធី ​ឧត្តម​ វ័យ​១៩ឆ្នាំ​ គឺ​ជា​និស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​សិក្សា​អន្តរជាតិ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA ​ឧត្តម​យល់​ថា​ លោក​ប្រធានាធិបតី​អូប៉ាម៉ា​ មិន​ត្រឹម​តែ​ជាអ្នក​នយោបាយ​នៃ​ប្រទេស​មហា​អំណាច​នោះ​ទេ តែ​លោក​ក៏​អាច​ដើរ​តួ​ជា​មិត្តភក្តិ​ជាមួយ​យុវជន​ផង​ដែរ។​

«ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាងគេ​លើលោក​អូប៉ាម៉ា​នៅ​ត្រង់​គាត់​ជា​មេដឹកនាំ​ជឿនលឿន ​គាត់​អាច​ដើរ​តួ​ជា​មិត្តភក្តិ​របស់​យុវជន​ទាំង​អស់​ ម្យ៉ាង​ទៀត​នៅ​ពេល​គាត់​ឆ្លើយ​សំណួរ​ និយាយ​ស្តី គាត់​មាន​លក្ខណៈ​ជា​ statesman ​ជា​អ្នក​នយោបាយ​ដែល​មាន​ប្រសិទ្ធភាព​។ ខ្ញុំ​គិត​ថា​បទពិសោធន៍​សំខាន់​ដែល​ខ្ញុំ​ទទួល​បាន​សំខាន់ពី​លោក​អូប៉ាម៉ា​ គឺខ្ញុំ​ត្រូវ​បើ​ក​ទទួល​យក​នូវ​ការ​រិះគន់​ ទទួល​យក​គំនិត​អ្នក​ដទៃ»។

កិច្ច​ប្រជុំ​កំពូល​នៃគម្រោង​ផ្តួច​ផ្តើម​សម្រាប់​អ្នក​ដឹកនាំ​វ័យក្មេង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​ហៅ​ថា YSEALI ​Summit​ គឺ​ជា​កម្មវិធី​មួយ​ដែល​ផ្តួចផ្តើម​ឡើង​ដោយប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អូប៉ាម៉ា​ក្នុង​ឆ្នាំ​២០១៣ ​ដើម្បី​ផ្សាភ្ជាប់​ទំនាក់​ទំនង​រវាង​លោកអូប៉ាម៉ា​ និង​អ្នក​ដឹក​នាំ​វ័យ​ក្មេង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​ YSEALI ​Summit​ គឺ​ជា​ការ​ជួយ​ជំរុញដល់​ការ​អនុវត្ត​គោល​នយោបាយ​ការបរទេស​សហរដ្ឋអាមេរិក​មួយ ហៅថា​ ​«ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ឡើង​វិញ​ទៅ​កាន់​តំបន់​អាស៊ី ​» ឬ​ជា​ភាសា​ អង់គ្លេស​ថា​ "The U.S. Rebalance to Asia” ​បង្កើត​ដោយ​លោក​ អូបាម៉ា​ក្នុង​ឆ្នាំ​២០១៥​ផង​ដែរ។ នេះ​បើ​តាម​លោក ​ឃើតនី វូដ ​(Courtney Woods) ​អ្នក​នាំ​ពាក្យស្ថានទូត​ស.រ.អា.​ប្រចាំ​កម្ពុជា បញ្ជាក់​ប្រាប់ VOA ​តាម​រយៈ​សារ​អេឡិកត្រូនិក។​

កិច្ច​ប្រជុំ​ YSEALI ​មួយ​ទៀតនឹង​ធ្វើឡើង​ នៅ​ក្នុង​ប្រទេស​ឡាវ​ នា​ខែ​កញ្ញាខាង​មុខ​នេះ ​មាន​យុវជន​ប្រមាណ២០០​នាក់​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ចូលរួម​។ វា​ជាឱកាស​មួយ​អនុញ្ញាត​ឲ្យ​យុវជន​អាស៊ាន​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​លោក​ប្រធានាធិបតី​អូបាម៉ា​ ហើយ​ក្នុង​នោះមាន​យុវជន​កម្ពុជា​ចំនួន​២០​រូប​នឹង​ចូលរួម។ ​

កញ្ញា​ ជា​ គឹមហ្គិច ​វ័យ​២៤ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី៣​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ យល់​ថា​លោកបារ៉ាក់​ អូបាម៉ា​ គឺ​ជា​មេ​ដឹក​នាំគំរូ​មួយ​រូប​ដែល​ប្រកប​ដោយ​តម្លា​ភាព​ក្នុង​ការ​ដឹក​នាំ​។ ​

«អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ត្រង់​ចំណុច​មួយ​គឺ​ គាត់​ជា​មេដឹក​នាំ​មួយ​ដែល​សាមញ្ញ​ គាត់​អត់​ប្រកាន់​ខ្លួន​ទេ​។ ខ្ញុំត្រៀម​ប៉ុន្មាន​សំណួរ​ដែរ​ ទាក់ទង​នឹង​គោល​នយោបាយ​ ឬ​យុទ្ធសាស្ត្រ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​អាមេរិក​ នៅ​ពេល​ដែល​វា​ជា​ប្រទេស​មួយ​ចម្រុះ​ជាតិ​សាសន៍​។​ ប្រជាជន​គាត់​មក​ពី​ប្រភព​ផ្សេង​គ្នា​ ហើយ​ ទោះ​ជា​គាត់​ជា​ស្បែក​ស ឬ​ស្បែក​ខ្មៅ​ ក៏​អាច​ឡើង​[ជា​ប្រធានាធិបតី​]ដូចគ្នា»។​

កញ្ញា​ ធាម​ សុ​ធីតា​នាថ​ វ័យ​២៣​ឆ្នាំ ​ជា​បុគ្គលិក​ធនាគារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ សម្រាប់​ ធីតា​នាថ ​ចង់​ដឹង​ពី​របៀប​ដែល​មេដឹកនាំ​ស្បែក​ខ្មៅ​រូប​នេះ​ ដោះ​ស្រាយ​បញ្ហា​សង្គម​នៅ​ក្នុង​ប្រទេស​របស់​លោក ហើយ​ថា​ តើ​យុវជន​ជំនាន់​ក្រោយ​ដូចជា​កញ្ញា ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព។​

«គាត់​គិត​ពី​ប្រជាជន​គាត់​ស្មើៗគ្នា​ ពាក្យ​មួយ​ដែល​ខ្ញុំ​ មើលឃើញ​គាត់ជា​អ្នក​ដឹកនាំ​ គឺ​Fair។ ហើយ​ខ្ញុំ​ចង់​លើក​យក​ពី​ការ​អប់រំ​ សិទ្ធិ​ដែល​ក្មេង​ៗ​ជំនាន់​ក្រោយ​ទទួល​បាន​ការ​អប់រំ​ស្មើគ្នា​។ គឺ​ភាសា​អង់គ្លេស​ ដែល​ជា​ Way Out»។​

លោក ​ទី​ លីម​កុសល វ័យ​២៣​ឆ្នាំ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​តាម​ដាន​គោល​នយោបាយ​របស់​លោក​អូប៉ាម៉ា​តាំង​ពី​កុសល​នៅ​ជា​សិស្ស​វិទ្យាល័យ​ម្ល៉េះ​។​

«សម្រាប់​ខ្ញុំ​គិត​ថា​គាត់​ Very inspiring ព្រោះ​គាត់​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​នៅ​អាមេរិក​ ហើយ​គាត់​កាន់​ដំណឹង​ហ្នឹង​ក្នុង​ពេល​អាមេរិក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច។ មួយ​ទៀត​ដែល​ខ្ញុំ​ចាប់អារម្មណ៍​គឺ ពេល​ជួប​គាត់​ហើយ​ចង់​សួរ​គាត់​ថា​យល់​យ៉ាង​ណា​ចំពោះ​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​នេះ។ ហើយ​គាត់​គិត​ម៉េច​បើ​ Donald Trump ​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី?»​

បើ​ទោះ​ជា​លោក​ ប៉ារ៉ាក់​ អូប៉ាម៉ា ​នឹង​បញ្ចប់​តួនាទី​ជាប្រធានាធិបតី២​អាណត្តិ​របស់​លោក​នា​ដើមឆ្នាំ​២០១៧​ខាង​មុខ​យ៉ាងណា​ក្តី ​លោក​ អូប៉ាម៉ា​ រំពឹង​ថា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​បន្ទាប់​ នឹង​នៅ​តែ​បន្ត​ធ្វើ​កិច្ច​ការ​ដូច​ដែល​លោក​បាន​ធ្វើ​ជា​មួយ​កម្មវិធី​ YSEALI​ កន្លង​មក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG