សហរដ្ឋអាមេរិកនៅតែបន្តបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសទាំងឡាយនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈការបង្កើតកម្មវិធីជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមកម្មវិធីទាំងនោះគឺមានកម្មវិធីមួយមានឈ្មោះថា កម្មវិធីផ្តួចផ្តើមភាពជាអ្នកដឹកនាំដល់យុវជនអាស៊ីអាគ្នេយ៍ (YSEALI) ដែលបង្កើតឡើងដោយលោកបារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីស.រ.អា. នៅឆ្នាំ២០១៣ក្នុងគោលបំណងដើម្បីអភិវឌ្ឍអ្នកដឹកនាំដែលមានអាយុក្រោម៣៥ឆ្នាំនៅក្នុងតំបន់នេះ។
លោកឃើតនី វូដ (Courtney Woods) ប្រធានស្តីទីនៃកិច្ចការសាធារណៈនៃស្ថានទូតស.រ.អា.ប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់វីអូអេខ្មែរថា កម្មវិធីនេះបង្កើតឡើងដើម្បីធានាឲ្យបានថា អ្នកដឹកនាំវ័យក្មេងរបស់ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ «មានធនធានសំភារៈ និងបណ្ដាញក្នុងដៃដែលពួកគេត្រូវការជាមូលដ្ឋាន ដើម្បីឲ្យពួកគេអាចគ្រប់គ្រងស្ថានភាពនៅក្នុងសហគមន៍របស់ពួកគេ នាពេលអនាគតក៏ដូចជាពេលបច្ចុប្បន្ន»។
លោកបានបន្ថែមថា សកម្មភាព កម្មវិធីនានា និងអាហារូបករណ៍ ក៏ដូចជាសិក្ខាសាលាជាច្រើន ត្រូវបានបង្កើតឡើងដើម្បីឲ្យប្រជាជនក្មេងៗទាញយកផលប្រយោជន៍ពីកម្មវិធីនេះហើយនិងចាប់យកតួនាទីជាអ្នកដឹកនាំ និងចេះមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាសង្គមនានាផងដែរ។
លោកនិយាយថា៖
«បញ្ហាទាំងនោះជាធម្មតាគឺការយល់ដឹងអំពីបរិស្ថាន និងការចូលរួមរបស់ពលរដ្ឋ។ បញ្ហាមួយទៀតគឺពិនិត្យមើលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដែលនឹងកើតមានឡើង។ ការអភិវឌ្ឍសេដ្ឋកិច្ចគឺជាបញ្ហាធំមួយសម្រាប់ប្រជាជនវ័យក្មេងនៅក្នុងតំបន់នេះផងដែរ»។
កម្មវិធីផ្តួចផ្តើមភាពជាអ្នកដឹកនាំដល់យុវជនអាស៊ីអាគ្នេយ៍ហៅកាត់ថា (YSEALI) នេះមានសមាជិកចំនួន២៥៥៨នាក់ ដែលសមាជិកមួយចំនួនក្នុងចំណោមពួកគេទាំងនោះ ត្រូវបានជ្រើសរើសឲ្យចូលរួមសិក្ខាសាលាក្នុងតំបន់ ព្រមទាំងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាផងដែរ។
កម្មវិធីកំនិតផ្តួចផ្តើមនេះបានបង្កើតបណ្ដាញគាំទ្រមួយ ដែលជួយឲ្យយុវជននៅក្នុងតំបន់មានទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា ហើយក៏ជួយពួកគេក្នុងការធ្វើឲ្យមានការផ្លាស់នៅក្នុងសហគមន៍របស់ពួកគេផងដែរ។ តាមរយៈការចូលរួមក្នុងកម្មវិធីនេះ យុវជនក៏មានឱកាសបានទៅសហរដ្ឋអាមេរិកជួបជាមួយសមាជិករដ្ឋាភិបាល អ្នកជំនួញ និងមន្ត្រីសង្គមស៊ីវិលផងដែរ ដើម្បីចែករំលែកបទពិសោធន៍ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកឃើតនី វូដ។
លោកកេត មុន្នីវឌ្ឍនា ២៣ឆ្នាំគឺជាយុវជនដែលបានផ្លាស់ប្តូរការសិក្សារយៈពេល៥សប្ដាហ៍ទៅកាន់សហរដ្ឋអាមេរិកតាមរយៈកម្មវិធីនេះ។ លោកបាននិយាយថា YSEALI ខុសប្លែកពីកម្មវិធីផ្សេងៗ ព្រោះវាផ្ដល់ឲ្យ ទាំងចំណេះ និងជំនាញ។
លោកវឌ្ឍនាបានឲ្យដឹងទៀតថា រយៈពេល៥អាទិត្យខ្លី ហើយនិស្សិតអត់អាចរៀនជាលក្ខណៈផ្លាស់ប្តូរចំណេះដឹង សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាបានទេ។ ប៉ុន្តែវាផ្ដល់ជាជំនាញ ដែលគេពិបាកនឹងរកបាននៅក្នុងសាលា។ ជំនាញទាំងនោះទាក់ទងនឹងការសរសេរសំណើគម្រោង និងជំនាញនៅក្នុងការបង្កើតឲ្យចេញជាគម្រោង។
លោកវឌ្ឍនាលើកឡើងថា៖
«ឧទាហរណ៍ថា យើងចង់ធ្វើគម្រោងអីមួយ អញ្ចឹងយើងត្រូវមានលំដាប់កាលអី្វខ្លះ ហើយយើងរៀបចំគម្រោងហ្នឹងយ៉ាងម៉េច? យើងបង្កើតជាក្រុមដើម្បីធ្វើ គម្រោងហ្នឹងយ៉ាងម៉េច»។
យុវជន ដែលមានការចាប់អារម្មណ៍ទៅលើបញ្ហាបរិស្ថានរូបនេះ បានបន្តទៀតថា នៅពេលដែលលោកទៅសហរដ្ឋអាមេរិក លោកត្រូវបានគេនាំឲ្យទៅមើលភ្នំទឹកកកកំពុងរលាយ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ហើយក៏បានសិក្សាផងដែរថា តើបញ្ហាបរិស្ថាននៅសហរដ្ឋអាមេរិកខុសគ្នាយ៉ាងណាខ្លះ បើប្រៀបនឹងបញ្ហាបរិស្ថាននៅកម្ពុជា មានដូចជាគ្រោះរាំងស្ងួត និងការកាប់បំផ្លាញព្រៃឈើ។
លោកវឌ្ឍនាបានប្រាប់បន្តទៀតថា៖
«ខ្ញុំគិតថា កម្មវិធីហ្នឹងវាធ្វើឲ្យខ្ញុំមានចំណេះដឹងទី១។ ហើយទី២ វាបានជំរុញឲ្យខ្ញុំស្រឡាញ់ផ្នែកហ្នឹង(បរិស្ថាន) ហើយវាធ្វើឲ្យខ្ញុំចង់ធ្វើសកម្មភាពតទៅមុខទៀត ទាក់ទងជាមួយនឹងការសិក្សាក៏ដូចជាការងាររបស់ខ្ញុំទាក់ទងនឹងបញ្ហាបរិស្ថាន។ អញ្ចឹង ពេលខ្ញុំត្រឡប់មកវិញហ្នឹងគឺក្រុមខ្ញុំបានបង្កើតជាគម្រោងមួយដែលយើងទៅដាំកូនឈើជាមួយជនជាតិដើមភាគតិច ហើយក៏យើងបាននាំសិស្សភ្នំពេញហ្នឹងចូលទៅក្នុងព្រៃសហគមន៍ជនជាតិដើមភាគតិច ដើម្បីឲ្យពួកគេបានសិក្សា ឲ្យពួកគេបានយល់ដឹងពីទាក់ទងទៅនឹង៖ ទី១ បញ្ហាដែលប៉ះពាល់ដល់អ្នកដែលរស់នៅពឹងផ្អែកទៅលើព្រៃឈើ។ ទី២ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ទី៣ យើងឲ្យដឹងថា តើជីវិតអ្នកដែលរស់នៅទីក្រុង ហើយនិងជីវិតអ្នកដែលរស់នៅផ្អែកទៅលើព្រៃឈើហ្នឹង គឺវាខុសគ្នាយ៉ាងម៉េច»។
នាងស៊ីផា កញ្ចនី ជាយុវតីដែលជាសមាជិករបស់ YSEALI ហើយក៏ធ្លាប់បានទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីនេះដែរនោះ បានបញ្ជាក់ថា រូបគេទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីនេះ ដូចជាការកសាងបណ្ដាញជាមួយយុវជនដទៃនៅក្នុងតំបន់ ការស្នាក់នៅ និងការសិក្សានៅសហរដ្ឋអាមេរិក ដែលជាកន្លែងដែលនាងបានរៀនពីវប្បធម៌អាមេរិកកាន់តែច្រើន រួមទាំងបានទទួលនូវជំនាញភាពជាអ្នកដឹកនាំហើយនឹងការអនុវត្តជាក់ស្ដែង ដូចជាទំនាក់ទំនង និងការសម្រួលខ្លួនជាមួយអ្នកដទៃជាដើម។
បច្ចុប្បនេះកញ្ញាកញ្ចនីកំពុងតែធ្វើការក្នុងក្រុមតូចមួយជាមួយនឹងមិត្តភក្តិរបស់នាងមួយចំនួនផ្សេងទៀត ដើម្បីរៀបចំដំណើរទស្សនកិច្ចជិះកង់ ដោយសារតែនៅឆ្នាំក្រោយនេះប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការជួបជុំសម្រាប់សមាជិកដែលបានផ្លាស់ប្តូរការសិក្សា។
នាងកញ្ចនីបានបន្ថែមយ៉ាងដូច្នេះថា៖
«ពួកបងៗដឹកនាំគេឲ្យជិះកង់(អ្នកចូលរួម)ទៅក្នុងបរិវេណអង្គរវត្ត សិក្សាពីវប្បធម៌ខ្មែរយើង ហើយនិងរបៀបថែរក្សាប្រាសាទជាមួយដៃគូផ្សេងៗទៀត»។
កញ្ចនីក៏បានចែករំលែកនូវបទពិសោធន៍របស់នាងជាមួយសិស្សនិស្សិតកម្ពុជាផ្សេងទៀតផងដែរ ជាពិសេសអ្នកដែលនៅតាមខេត្តដែលទទួលបានព័ត៌មានតិចពីកម្មវិធីនេះ។
លោកអ៊ូ រិទ្ធី ដែលជាស្ថាបនិកតុកាហ្វេនយោបាយ បានប្រាប់វីអូអេខ្មែរថា កម្មវិធីនេះ ក៏ដូចជាកម្មវិធីផ្សេងៗទៀតដែលផ្ដល់ដោយសហរដ្ឋអាមេរិកដែរគឺជាកម្មវិធីល្អសម្រាប់ប្រទេសកម្ពុជា។
លោកអ៊ូ រិទ្ធីបានបញ្ជាក់បន្ថែមថា៖
«វាជារឿងល្អទៅវិញទេ នៅពេលដែលប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យ ហើយនិងទីផ្សារសេរី។ ខ្ញុំគិតថា របបប្រជាធិបតេយ្យហើយនិងទីផ្សារសេរីគឺវាបានផ្សព្វផ្សាយទូទាំងពិភពលោកទៅហើយ»។
លោកអ៊ូ រិទ្ធីបានពន្យល់ថា ប្រសិនបើកម្ពុជាសម្រេចចិត្តថា យករបបប្រជាធិបតេយ្យ ដូច្នេះការទៅសិក្សានៅអាមេរិកវាជារឿងល្អ ព្រោះស.រ.អា.ជាប្រទេសប្រជាធិបតេយ្យមានជំនាញ និងចំណេះដឹងទាក់ទៅនឹងការផ្តួចផ្តើមភាពជាអ្នកដឹកនាំដល់យុវជន៕