ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក អូបាម៉ា បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង Rap កញ្ញា Suboi

  • Cindy​ Saine​

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ចូលរួម​វេទិកា​សាធារណៈ​ជាមួយ​សមាជិកបណ្ដាញ​កម្មវិធី​គំនិត​ផ្តួច​ផ្តើម​មេ​ដឹក​នាំ​វ័យក្មេង​អាស៊ី​អាគ្នេយ៍ (YSEALI) នៅ​ឯ​មជ្ឈមណ្ឌល GEM នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ REUTERS/Carlos Barria

លោក ​អូបាម៉ា ​ថ្លែងប្រាប់​យុវជន​វៀតណាម​នៅ​វេទិកាសាធារណៈ​​ថា មាន​វិធី​ច្រើន​ណាស់​ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ សំខាន់​ត្រូវ​​ព្យាយាម​ស្វែង​រក​អ្វី​ដែលខ្លួន​ស្រឡាញ់ ហើយ​ដាក់​ចិត្ត​ដាក់​កាយ និង​ខំ​ប្រឹង​ប្រែង​ធ្វើ​វាឲ្យ​ពេញ​ទំហឹង។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ថា​ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជាមួយ​យុវជនក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​រយៈពេល​៣​ថ្ងៃកន្លង​ទៅ​នេះ ​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ប្រទេស​មួយ​នេះ។ នៅ​ក្នុង​ពេល​ចែក​រំលែក​បទពិសោធន៍​និង​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​លោក ជាមួយ​នឹង​យុវជន​វៀតណាមក្នុង​វេទិកា​សាធារណៈ​ហៅ​ថា Town Hall នៅ​ក្រុង​ហូជីមិញ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី​បាន​សារភាព​ថា​ កាល​ពី​លោក​នៅ​ក្មេង លោក​ក៏​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ដែរ​។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ទៅ​កាន់​យុវជន​ប្រមាណ​៨០០​នាក់​ដែល​ជា​សមាជិក​បណ្ដាញ​កម្មវិធី​គំនិត​ផ្តួច​ផ្តើម​មេ​ដឹក​នាំ​វ័យក្មេង​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា (YSEALI) ហើយ​អ្នក​ទាំង​នោះ​សាទរ​ស្វាគមន៍​លោក​ជាមួយ​នឹង​សម្លេង​ហ៊ោ​កញ្ជ្រៀវ ទង់ជាតិ​អាមេរិកាំង និង​ការ​ក្រោក​ឈរ​ទះ​ដៃ​យ៉ាង​គគ្រឹក​គគ្រេង។ YSEALI គឺ​ជា​កម្មវិធី​ពិសេស​របស់​លោក អូបាម៉ា ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៣ ក្នុង​គោល​បំណង​ពង្រឹង​ការ​អភិវឌ្ឍ​ និង​បណ្តាញ​នៃភាព​ជា​អ្នក​ដឹក​នាំនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ប្រធានាធិបតី​បាន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​កាល​លោក​នៅ​ក្មេង លោក​ធ្លាប់​រស់នៅ ​នៅ​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ថា​តំបន់​នេះ​មាន​ឥទ្ធិពល​មក​លើ​អត្តសញ្ញាណ​គាត់។​

យុវជន​ម្នាក់​សុំ​ដំបូន្មាន​ពី​លោក​ប្រធានាធិបតី​ ពី​របៀប​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​មួយ​រូប ដែល​លោក​ អូបាម៉ា បាន​ឆ្លើយ​តប​វិញ​ថា ពួក​គេ​បាន​រៀបចំ​ខ្លួន​បាន​ល្អ​ជាង​កាល​លោក​មាន​អាយុ​ដំណាល​នេះ​រួច​ទៅ​ហើយ។ លោ​ក​មាន​ប្រសាសន៍​ថា៖

«ជា​ដំបូង ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា កាល​ខ្ញុំ​នៅ​អាយុ​ដំណាល​អ្នក​ទាំង​អស់ ខ្ញុំ​មិន​ចេះ​រៀបចំ​ មិន​សូវ​ប្រឹង​រៀន ហើយ​អត់​ចេះ​ដឹង​ច្រើន​ដូច​អ្នក​ទាំងអស់​គ្នា​ទេ។ ​ហើយ​កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ឡេះឡោះ​ច្រើន​ណាស់ អត់ប្រឹង​រៀន​ហើយ​ ចាប់​អារម្មណ៍​តែ​បាល់​បោះ ​និង​ស្រីៗ។ ខ្ញុំ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា មាន​វិធី​ច្រើន​ណាស់​ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ ហើយ​លោក​បាន​ផ្តល់​ដំបូន្មាន​ថា ព្យាយាម​ស្វែង​រក​អ្វី​ដែល​ពួក​គេ​ស្រឡាញ់ ហើយ​ដាក់​ចិត្ត​ដាក់​កាយ និង​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ពេញ​ទំហឹង។ លោក​ថា៖

«អ្នក​ទាំងអស់​គ្នា​អាច​ផ្លាស់​ប្តូរ​ពិភព​លោក​ឲ្យ​ឆ្លុះ​បញ្ចាំង​គុណ​តម្លៃ​ដ៏​ប្រសើរ​របស់​យើង និង​ផ្លាស់​ប្តូរ​តំបន់​នេះ​ប្រកប​ដោយ​ផ្លូវ​វិជ្ជមាន»។

ការ​ជជែក​នេះ​ក៏​ឈាន​ចូល​ទៅ​ប្រធាន​បទ​អំពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ផង​ដែរ។

យុវនារី​ម្នាក់​ ដែល​ជា​និស្សិត​កំពុង​រៀន​នៅ​រដ្ឋ​ Montana បាន​សួរ​លោក​ប្រធានាធិបតី​ អូបាម៉ា ថា​តើ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត តើ​លោក​គិត​ថា លោក​និង​ពិភពលោក នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​បន្ទាប់​ពី​អាណត្តិ​ប្រធានាធិបតី​បន្ទាប់​ត្រូវ​បញ្ចប់ ដែល​អាច​ជា​អាណត្តិ​របស់​លោក Bernie Sanders លោក​ស្រី Hillary Clinton ឬ​ក៏​លោក Donald Trump

លោក​ថា លោក​នឹង​ត្រឡប់​ទៅ​ធ្វើ​អ្វី​ដែល​លោក​តែង​តែ​ធ្វើ​កន្លង​មក​នេះ គឺ​ព្យាយាម​ជួយ​ប្រជាជន​ក្រី​ក្រ ឲ្យ​បាន​ធូរធារ។

«ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​សហគមន៍​ម្នាក់ គ្រាន់​តែ​ថា​រាង​ល្បីជាង​មុន​បន្តិច»។

បន្ទាប់​ពី​បាន​សំណួរ​មួយ​ទៀត​ដែល​ចង់​ឲ្យ​លោក​បញ្ចេញ​មតិ​ជុំ​វិញ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ឆ្នាំ​២០១៦ លោក​ប្រធានាធិបតី​ថ្លែង​ទាំង​ស្រងូត​ស្រងាត់​ថា៖ «យើង​នឹង​ឆ្លង​ផុត​រឿង​នេះ»។ លោក​ថ្លែង​ថា ពេល​ខ្លះ​អាមេរិក​ធ្វើ​ខុស ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​ នឹង​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ ហើយ​«យើង​នឹង​លែង​អី​ហើយ ខ្ញុំ​សន្យា»។

តារាចម្រៀង Rap កញ្ញា Suboi ច្រៀង Rap ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ស្តាប់​នៅ​ឯ​វេទិកា​សាធារណៈ​នៃ​កម្មវិធីគំនិត​ផ្តួច​ផ្តើម​មេ​ដឹក​នាំ​វ័យ​ក្មេង​អាស៊ី​អាគ្នេយ៍ នៅ​ឯ​មជ្ឈមណ្ឌល GEM ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​ពុធ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ លោក​ អូបាម៉ា បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G7 និង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ហ៊ីរ៉ូ​ស៊ី​ម៉ា។ (AP Photo/Na Son Nguyen)
តារាចម្រៀង Rap កញ្ញា Suboi ច្រៀង Rap ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ស្តាប់​នៅ​ឯ​វេទិកា​សាធារណៈ​នៃ​កម្មវិធីគំនិត​ផ្តួច​ផ្តើម​មេ​ដឹក​នាំ​វ័យ​ក្មេង​អាស៊ី​អាគ្នេយ៍ នៅ​ឯ​មជ្ឈមណ្ឌល GEM ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​ពុធ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ លោក​ អូបាម៉ា បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G7 និង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ហ៊ីរ៉ូ​ស៊ី​ម៉ា។ (AP Photo/Na Son Nguyen)

តារា​ចម្រៀង​ Rap វ័យ​ក្មេង​ល្បី​ឈ្មោះ​ម្នាក់​មក​ពី​ក្រុង​ហូជីមិញ វ័យ​២៦ឆ្នាំ បាន​សួរ​សំណួរ​ចុង​ក្រោយ។ នាង​ថា នាង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​នាម​ជា​តារា​ចម្រៀង​ Rapស្រី ហើយ​សួរ​ទៅ​លោក​ប្រធានាធិបតី​អំពី​ការ​គាំ​ទ្រ​សិល្បៈ​ពី​សំណាក់​រដ្ឋាភិបាល។ លោក​ក៏​សុំ​ឲ្យ​នាង​ច្រៀង Rap ហើយ​ថែម​ទាំង​ប្រើ​មាត់​ធ្វើ​ជា​សំឡេង​បន្ទរ​ឲ្យនាង​ទៀត​ផង។ រួច​នាង​ក៏​ច្រៀង Rap ជា​ភាសា​វៀតណាម។ លោក​ អូបាម៉ា​ ថ្លែង​ថា រដ្ឋាភិបាល​មួយ​ចំនួន​អាច​កើត​ក្តី​ភ័យ​ព្រួយ​អំពី​រឿង​នេះ​ព្រោះ​ថា​ សិល្បៈ​អាច​បង្ក​ឲ្យ​គ្រោះ​ថ្នាក់ ប៉ុន្តែលោក​បន្ថែម​ថា៖ «អ្នក​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ប្រជាជន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន»។

វេទិកា​សាធារណៈ​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​មួយ​នេះ​ បាន​បញ្ចប់​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ក្នុង​អំឡុង​ពេល​នោះ ​លោក​ប្រធានាធិបតី​បាន​ដក​ទណ្ឌកម្ម​នាំ​ចូល​គ្រឿង​សព្វាវុធ​ចូល​វៀតណាម​ដែល​មាន​អាយុ​កាល​៥០​ឆ្នាំ​ ជា​លើក​ដំបូង និង​ថ្លែង​សុន្ទរកថា​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​ពល​រដ្ឋ​ខ្លួន។

ប្រជាជន​វៀតណាម​រាប់​ពាន់​នាក់​ឈរ​ជា​ជួរ​តាម​ដង​ផ្លូវ​ដើម្បី​បាន​ឃើញ​លោក​ប្រធានាធិបតី​ អូបាម៉ា ដែល​លោក​ថ្លែង​ថា សហរដ្ឋ​អាមេរិក​និង​វៀតណាម​គឺ​កំពុង​តែ​ធ្វើ​ដំណើរ​លើ​មាគ៌ា​រួម​គ្នា​មួយ ក្នុង​រយៈពេល​១០០ឆ្នាំ​ទៅ​មុខ​ទៀត។

ទិសដៅ​បន្ទាប់​សម្រាប់​លោក​ប្រធានាធិបតី​ អូបាម៉ា ​គឺ​ប្រទេស​ជប៉ុន ដែល​លោក​នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ Shinzo Abe៕

ប្រែសម្រួល​ដោយ ហឿន សុភ័ក្ត្រ

XS
SM
MD
LG