នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកជាមួយ VOA និស្សិតកុងហ្គោម្នាក់នៅក្នុងទីក្រុងវូហាន អើតតាមទ្វាបែកបាក់មួយ និងបានអង្វរសុំការអនុញ្ញាតចេញពីអាផាតមិនរបស់លោក។ និស្សិតរូបនេះ បាននិយាយភាសាចិនប្រាប់អ្នកធ្វើការចិនដែលមានពាក់ម៉ាស់ថា គាត់បានស្នាក់នៅក្នុងផ្ទះរយៈពេលពីរខែហើយ ហើយគ្មានរោគសញ្ញានៃមេរោគកូរ៉ូណាប្រភេទថ្មីឡើយ។ អ្នកធ្វើការរូបនោះបានតបទៅកាន់និស្សិតវិញថា គាត់ត្រូវបន្តនៅក្នុងផ្ទះ ១៤ ថ្ងៃទៀត។
អ្នកធ្វើការចិននោះបានប្រាប់ទៅនិស្សិតថា៖ «វាជាការងាររបស់ពួកយើង យើងត្រូវតែអនុវត្ត ពីព្រោះតែស្ថានភាព [រោគរាតត្បាត] មានសភាពធ្ងន់ធ្ងរនៅអាហ្រ្វិក។ និស្សិតបានតបថា៖ «ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរទៅអាហ្រ្វិកទេ»។
ស្របពេលដែលប្រទេសចិនព្យាយាមបើកឡើងវិញក្រោយពីការវាយលុកដោយមេរោគកូរ៉ូណាប្រភេទថ្មី ជនជាតិអាហ្វ្រិកដែលរស់នៅក្នុងប្រទេសចិន បានឲ្យដឹងថាពួកគេកំពុងត្រូវបានគេដាក់ឲ្យនៅដោយឡែក សម្រាប់ការធ្វើតេស្តបន្ថែម ហើយក្នុងករណីខ្លះ ត្រូវបានគេជម្លៀសចេញពីផ្ទះ។ នៅក្នុងកិច្ចសម្ភាសន៍មួយ ជនជាតិអាហ្វ្រិកដែលរស់នៅក្នុងប្រទេសចិនបានប្រាប់ VOA ថា ពួកគេគឺជាជនរងគ្រោះនៃយុទ្ធនាការរើសអើងមួយ ដែលមានគោលបំណងទម្លាក់កំហុសមកលើជនជាតិអាហ្រ្វិក សម្រាប់ករណីថ្មីៗរបស់មេរោគកូរ៉ូណាប្រទេសថ្មីនៅក្នុងប្រទេសចិន។
លោក Thierry Ndayigengesere ជាអ្នកជំនួញម្នាក់មានដើមកំណើតមកពីរប្រទេស Burundi ដែលបានរស់នៅក្នុងប្រទេសចិនប្រមាណ ១២ឆ្នាំ។ លោកបាននិយាយថាបុគ្គលិកពេទ្យចិន ដែលមានកងកម្លាំងសន្តិសុខនៅពីក្រោយ កំពុងតែកំណត់គោលដៅមកលើជនជាតិអាហ្រ្វិក។ ពួកគេដើរគោះទ្វាផ្ទះ និងទាមទារឲ្យពលរដ្ឋអាហ្រិកធ្វើតេស្ត និងឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ។ អ្នកជំនួញរូបនេះបាននិយាយថា ការធ្វើតេស្តនេះបានធ្វើឲ្យពលរដ្ឋមួយចំនួនភ័យខ្លាចថា ពួកគេកំពុងត្រូវបានគេយកទៅពិសោធន៍។
លោក Ndayigengesere ក៏បានប្រាប់ VOA សេវាអាហ្រ្វិកកណ្ដាលថា៖ «យើងក្នុងនាមជាពលរដ្ឋអាហ្វ្រិកភ្ញាក់ឡើងរាល់ព្រឹក ឃើញមនុស្សឈរនៅមុខផ្ទះរបស់យើង ពួកគេនិយាយថាយើងត្រូវតែធ្វើតេស្តនេះ។ ដូច្នេះវាគឺជាស្ថានការណ៍ច្របូកច្របល់មួយ ពីព្រោះគ្នាយើងមួយចំនួនយល់ថា អូ! ឥឡូវពួកគេចង់ចាក់មេរោគចូលខ្លួនយើង មិនមែនគ្រាន់តែចង់ពិនិត្យយើងទេ»។
ការភ័យខ្លាចនេះក៏បណ្ដាលមកពីកង្វះការពន្យល់ពីសំណាក់អាជ្ញាធរផងដែរ។ លោកNdayigengesere បាននិយាយថា៖ «គ្មានការផ្ដល់ព័ត៌មាន ឬការជូនដំណឹងមុន រឿងនេះកើតឡើង។ វាច្របូកច្របល់មែនទែន»។
លោក Zhao Lijian អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិនបាននិយាយថា ជនបរទេសមិនត្រូវបានដាក់ឲ្យនៅដោយឡែក សម្រាប់ការព្យាបាលដែលមានលក្ខណៈរើសអើង ស្របពេលដែលអជ្ញាធរកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ។
លោក Zhoa បាននិយាយកាលពីពេលថ្មីៗនេះថា៖ «យើងនៅតែប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីករណីឆ្លងដែលនាំមកពីក្រៅប្រទេស និងការកើតឡើងវិញនៅក្នុងស្រុក។ ជាពិសេស ស្របពេលដែលមេរោគនេះកំពុងរាតត្បាតជុំវិញ ពិភពលោក ការឆ្លងដែលដែលនាំមកពីក្រៅប្រទេសបង្កឲ្យមានសំពាធយ៉ាងខ្លាំង។ យើងចាត់ទុកជនបរទេសទាំងអស់ដូចគ្នា។ យើងមិនធ្វើការរើសអើង ហើយយើងមិនអត់ឱនឲ្យការរើសអើងឡើយ»។
ទោះជាយ៉ាងនេះក្ដី អ្នកតស៊ូមតិសម្រាប់ពលរដ្ឋអាហ្រ្វិកបានឲ្យដឹងថា ពួកគេត្រូវបានបានរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន។ លោក Mamane Bashir អ្នកនាំពាក្យសមាគមជនជាតិនីហ្សេរីយ៉ារស់នៅប្រទេសចិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ VOA សេវា Hasua ៖ «យើងមានរូបថត មនុស្សមួយចំនួនត្រូវបានឃុំឃាំងក្នុងអាផាតមិនរបស់ពួកគេដោយគ្មានចំណីអាហារ។ អ្នកមិនអាចចេញក្រៅបានទេ បើសិនអ្នកជាពលរដ្ឋអាហ្រ្វិក»។ លោកថា៖ «យើងទទួលស្គាល់ការពិតថា គ្រប់គ្នាគួរតែធ្វើតេសត្ត ប៉ុន្តែបើលទ្ធផលបង្ហាញថាអវិជ្ជមាន អ្នកគួរឲ្យអាចត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះ មិនមែនបង្ខាំងទុកនោះទេ»។
ទីក្រុង Guangzhou មានពលរដ្ឋអាហ្វ្រិករស់នៅច្រើនបំផុតក្នុងប្រទេសចិន ដែលមានចំនួនប្រហាក់ប្រហែលចន្លោះពី ១សែន ទៅ ២សែននាក់។ កាលពីថ្ងៃទី៧ ខែមេសា អជ្ញាធរចិនបានប្រកាសថា មានករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីចំនួន ១៦ ករណីថ្មីក្នុងចំណោមពលរដ្ឋអាហ្រ្វិក រួមទាំងនៅក្នុងតំបន់មួយដែលត្រូវបានគេហៅថា «Little Africa»។ ចាប់ពីពេលនោះមក ពលរដ្ឋអាហ្រ្វិកបាននិយាយថា ពួកគេត្រូវបានគេរើសអើងតែម្តង។
ជនអន្តោរប្រវេសន៍ម្នាក់មកពីប្រទេសកេនយ៉ា ដែលកំពុងរស់នៅក្នុងទីក្រុង Guangzhou បានប្រាប់ VOA ថាពីមុន ឃើញមានពលរដ្ឋអាហ្វ្រិកដើរតាមផ្លូវ តាមធម្មតា ប៉ុន្តែឥឡូវនេះស្ទើរតែគ្មានអ្នកណាហ៊ានដើរចេញពីផ្ទះឡើយ។
ជនអន្តោប្រវេសន៍រូបនេះបានប្រាប់ VOA សេវា Swahili ថា៖ «អ្នកនឹងមិនឃើញមានពលរដ្ឋអាហ្វ្រិកនៅតាមផ្សារឡើយ។ អ្នកនឹងមិនឃើញពលរដ្ឋអាហ្រិ្វកនៅតាមហាងឡើយ។
អ្នកនាងបន្ថែមថា នាង និងពលរដ្ឋអាហ្រ្វិកផ្សេងទៀត និយាយទៅកាន់ពិភពលោកជាលក្ខណៈអនាមិក ដោយសារតែភ័យខ្លាចការសងសឹង។ «អ្នកនឹងឃើញតែពលរដ្ឋអាហ្វ្រិកដើរឆ្លេរឆ្លាតាមផ្លូវ ព្រោះមិនដឹងថាត្រូវធ្វើអ្វី និងដោយសារតែគ្មានអ្នកណាជួយទោះបីខំប្រឹងស្រែករកជំនួយយ៉ាងណាក្ដី»។
ស្ត្រីជនជាតិកេនយ៉ារូបនេះ បានបន្ថែមថាអ្នកស្នាក់នៅជាមួយនាងម្នាក់ត្រូវបានធ្វើតេស្តរកមេរោគកូរ៉ូណាប្រភេទថ្មី ហើយត្រូវបានអាជ្ញាធរនាំខ្លួនយកទៅបាត់។
នាងបាននិយាយថា៖ «បន្ទាប់ពីធ្វើតេស្តហើយ ពួកគេបាននាំខ្លួនអ្នកស្នាក់នៅជាមួយខ្ញុំទៅបាត់។ ខ្ញុំមិនដឹងថានាងនៅទីណានោះទេ។ ខ្ញុំមិនដឹងពីអ្វីដែលយើងកំពុងឆ្លងកាត់នោះទេ។ ស្ថានការណ៍កាន់តែលំបាកទៅៗហើយនៅទីនេះ»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា