ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ការ​បង្ខំ​ឲ្យ​ពលករ​អ៊ុយហ្គួរ​ធ្វើ​ការ​អាច​ជា​យុទ្ធសាស្ត្រ​​ថ្មី​របស់​ចិន


ស្ត្រី​ជនជាតិ​អ៊ុយហ្គួរ​ចាកចេញ​ពី​មជ្ឈមណ្ឌល​មួយ​ដែល​គេ​បង្រៀន​មេរៀន​នយោបាយ​នៅ​ក្នុង​ក្រុង Kashgar តំបន់ Xinjiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
ស្ត្រី​ជនជាតិ​អ៊ុយហ្គួរ​ចាកចេញ​ពី​មជ្ឈមណ្ឌល​មួយ​ដែល​គេ​បង្រៀន​មេរៀន​នយោបាយ​នៅ​ក្នុង​ក្រុង Kashgar តំបន់ Xinjiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

អ្នក​ជំនាញ​ព្រមាន​ថា ខណៈ​ដែល​មាន​របាយការណ៍​ថ្មីៗ​ថា​​ ចិន​បាន​បង្ខំ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ឲ្យ​ធ្វើ​ការ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​បោះជំហាន​ចូល​ក្នុង​ដំណាក់កាល​ថ្មី​នៃ​ការ​បង្ក្រាប​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​នេះ​នៅ​ក្នុង​តំបន់​ Xinjiang។

វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី ឬ​ហៅ​កាត់​ថា ASPI ដែល​ជា​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវឯករាជ្យ​មួយ​បាន​ចេញ​របាយការណ៍​មួយ​កាលពី​ដើម​ខែ​មីនា ដែល​មាន​ចំណងជើង​ថា «ពលករ​អ៊ុយហ្គួរ​សម្រាប់​លក់»។ របាយការណ៍​នេះ​អះអាង​ថា ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ចំនួន​ ៨ ម៉ឺន​នាក់​ត្រូវ​បាន​គេ «ចាប់​បង្ខំ» បញ្ជូន​ពី​ស្រុក​កំណើត​របស់​ពួកគេ​នៅ​ក្នុង​តំបន់ Xinjiang ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​ចិន។

វិទ្យាស្ថាន​សិក្សាស្រាវជ្រាវដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​កង់បេរ៉ា (Canberra) នេះបាន​ឲ្យដឹង​ថា ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ដោយ​ផ្ទាល់​ចេញ​ពី​ជំរំ​ដែល​គេ​ហៅ​ថា «ជំរំ​អប់រំ​ឡើង​វិញ» ទៅ​កាន់​រោងចក្រ​នៅ​ទូទាំង​ប្រទេស​ចិន ហើយ​ត្រូវ​ធ្វើ​ការ​ «នៅ​ក្រោម​លក្ខខណ្ឌ​ដែល​គេ​អាច​ហៅ​បាន​ថា «ពលកម្ម​ដោយ​បង្ខំ» នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​នេះ។

របាយការណ៍​របស់​វិទ្យាស្ថាន ASPI បាន​សរសេរ​ថា៖«សម្រាប់​អ្នក​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ពួកគេ​ជា​ធម្មតា​រស់នៅ​ក្នុង​បន្ទប់​ស្នាក់នៅ​រួម​គ្នា​តូច​ចង្អៀត ត្រូវ​ចូលរួម​វគ្គបណ្តុះបណ្តាល​ភាសា​ចិន​កុកងឺ និង​ផ្នែក​មនោគមវិទ្យា​ ក្រៅ​ពី​ម៉ោង​ធ្វើ​ការ ត្រូវ​បាន​គេ​តាម​ដាន​ជា​ប្រចាំ និង​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​ពិធី​សាសនា»។ របាយការណ៍​នេះ​បាន​បន្ថែម​ថា ជនជាតិ​អ៊ុយហ្គួរ​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ការ​មាន​សេរីភាព​ដើរ​ហើរ​តិចតួច និង​ត្រូវ​បាន​គេ​ឃ្លាំមើល​នៅ​ក្នុង​រោងចក្រ។

លោក Darren Byler ​ជា​នរវិទូ​ម្នាក់​នៅ​ក្នុង​ក្រុង Seattle សហរដ្ឋអាមេរិក និង​ជា​អ្នក​ជំនាញ​ផ្នែក​ប្រទេស​ចិន​នៅ​សាកលវិទ្យាល័យ Washington បាន​និយាយ​ថា របាយការណ៍​កាន់​តែ​ច្រើន​ឡើង​អំពី​ពលកម្ម​ដោយ​បង្ខំ​ទៅ​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​បង្ហាញ​ថា ចិន​អាច​នឹង​បោះជំហាន​ចូល​ក្នុង​ដំណាក់កាល​បន្ទាប់​នៃ​គោលនយោបាយ​របស់​ខ្លួន​នៅ​តំបន់ Xinjiang បន្ទាប់​ពី​ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​ភាគច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​ឃុំ​ខ្លួន​បាន «បញ្ចប់​ការ​សិក្សា»។

លោក Byler បាន​និយាយ​ថា៖«នេះ​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា អាជ្ញាធរ​ចិន​បាន​ធ្វើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​នៃ​រោងចក្រ​កាត់ដេរ​របស់​ខ្លួន។ នេះ​ជា​បញ្ហា​ពាក់ព័ន្ធ នឹង​ការ​ផ្គត់ផ្គង់​កប្បាស​ប្រមាណ​ជា​១ភាគ៣​នៅ​ទូទាំង​ពិភពលោក និង​ចំនួន​ដ៏​ច្រើន​នៃ​ការ​ផលិត​សម្លៀកបំពាក់​នៅ​ក្នុង​សាកលលោក»។ លោក​បាន​បន្ថែម​ថា ការ​បោះជំហាន​បែប​នេះ​អាច​នឹង​មាន​ផលប៉ះពាល់​ខ្លាំង​ទៅ​លើ​ប្រជាសាស្ត្រ​នៅ​ក្នុង​តំបន់ Xinjiang ដោយ​បង្ខំ​ឱ្យ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ និង​គ្រួសារ​របស់​ពួកគេ​ជាច្រើន​ចាកចេញ​ពី​តំបន់​នេះ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​នៅ​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត។

លោក Byle បាន​និយាយ​ថា «ទាល់​តែ​យើង​រក​ឃើញភស្តុតាង​ច្បាស់​លាស់​ក្នុង​ការ​បញ្ជាក់​ថា រោងចក្រ​ចិន​មិន​បាន​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​ អ្នក​ដែល​មាន​មនសិការ​គួរ​ចៀសវាង​ទិញ​សម្លៀកបំពាក់ និង​ស្បែក​ជើង​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន។ ម៉ាក​ផលិតផល​ជាច្រើន​ក្នុង​សាកលលោក​ត្រូវ​បាន​ផលិត​នៅ​ទី​នេះ។ ជំហាន​បន្ទាប់​គឺ​ត្រូវ​រៀបចំ​ធ្វើ​ពហិការ​ការ​ប្រើប្រាស់ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ធានា​ថា ម៉ាក​ទាំង​នោះ​ធ្វើ​តាម​ការ​ប្តេជ្ញាចិត្ត​មិន​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ ដែល​ជា​ក្រមសីលធម៌​ក្នុង​អាជីវកម្ម​របស់​ពួកគេ។ គន្លឹះ​សម្រាប់​ការ​ផ្លាស់ប្តូរ​នេះ​គឺ​ការ​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​នេះ»។​

ក្រុម​មន្ត្រី​ចិន​បាន​ហៅ​របាយការណ៍​របស់​វិទ្យាស្ថាន ASPI នេះ​ថា «មិន​មាន​មូលដ្ឋាន» និង​បាន​បន្ថែម​ថា ការ​ចោទប្រកាន់​អំពី​ពលកម្ម​ដោយ​បង្ខំ​លើ​ជនជាតិ​អ៊ុយហ្គួរ​គឺ​ជា​យុទ្ធនាការ​មួយ​ក្នុង​ការ​បង្ខូច​មុខមាត់​របស់​ប្រទេស​ចិន។

បាតុករ​ហុងកុង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គាំទ្រ​ដល់​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​អ៊ុយហ្គួរ នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០១៩។
បាតុករ​ហុងកុង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គាំទ្រ​ដល់​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​អ៊ុយហ្គួរ នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០១៩។

លោក Zhao Lijian អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​បាន​ច្រានចោល​របាយការណ៍​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ប៉េកាំង នៅ​ដើម​ខែ​មីនា និង​បាន​និយាយ​ថា វា​ «គ្រាន់​តែ​ជា​ការ​ចោទប្រកាន់​លាបពណ៌ និង​លម្អៀង​មួយ​ទៀត​ទៅ​លើ​រដ្ឋាភិបាល​តំបន់ Xinjiang ដោយ​ស្ថាប័ន​មួយ​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​របស់​ខ្លួន​ជាមួយ​នឹង​កម្លាំង​ប្រឆាំង​ចិន​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ដើម្បី​វាយប្រហារ​លើ​វិធានការ​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​ចិន​ក្នុង​តំបន់ Xinjiang»។

ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​និយាយ​ភាសា Turkic ហើយ​ភាគច្រើន​កាន់​សាសនា​ឥស្លាម​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​តំបន់ Xinjiang ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន។ តំបន់​នេះ​មាន​ប្រជាជន​ចំនួន​១១,៥លាន​នាក់ ដោយ​ជនជាតិ​អ៊ុយហ្គួរ​មាន​ចំនួន​ប្រមាណ​៥០%​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​តំបន់​នេះ។

អាជ្ញាធរ​ចិន​បាន​រង​ការ​ចោទប្រកាន់​ពី​ការ​ឃុំខ្លួន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ជាង​១លាន​នាក់​នៅ​ជំរំ​អ្នក​ទោស​នយោបាយ​ត ចាប់​តាំង​ពី​ឆ្នាំ២០១៧ ខណៈ​ដែល​បាន​ធ្វើ​ការ​តាមដាន​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដែល​នៅ​ក្រៅ​ជំរំ​នោះ។ អង្គការ​សិទ្ធិមនុស្ស​នានា​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ស្ថិត​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​នោះ​ត្រូវបាន​បង្ខំ​ឲ្យ​ថ្កោល​ទោស​ការ​គោរព​សាសនា​ឥស្លាម​របស់​ពួកគេ។​

អ្នកនាង Elise Anderson មន្ត្រី​ជាន់ខ្ពស់​កាន់​គម្រោង​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រាប់​ VOA ថា៖«ភស្តុតាង​ជាច្រើន​ដែល​យើង​ទទួល​បាន​តាម​ការ​បែកធ្លាយ​ចេញ​ពី​តំបន់​នោះ​ទេ រួម​ទាំង​របៀប​ដែល​រដ្ឋ​កំពុង​ធ្វើ​ការ​បំបែក​សង្គម​អ៊ុយហ្គួរ​ឱ្យ​ទៅ​ជា​សង្គម​គ្រួសារ​វិញ និង​ការ​តាមដាន​ឃ្លាំ​មើល​ជីវិត​ប្រចាំ​ថ្ងៃ​គ្រប់​បែប​យ៉ាង បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្រល័យ​វប្បធម៌ និង​ទម្រង់​នៃ​ការ​បោសសម្អាត​ជាតិ​សាសន៍»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​មន្ត្រី​ចិន​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ដោយ​និយាយ​ថា គោលនយោបាយ​របស់​ពួកគេ​នៅ​ក្នុង​តំបន់​គឺ​មាន​បំណង​ប្រឆាំង​នឹង «គំនិត​អាក្រក់​ទាំង​បី​រួម​មាន ភេរវកម្ម ភាព​ជ្រុល​និយម និង​ការ​ផ្តាច់​ខ្លួន»។ ពួកគេ​បាន​ប្រកាស​ថា ជំរំ​ទាំង​នោះ​គ្រាន់​តែ​ជា «មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ» ដែល​បង្កើត​ឡើង​ដើម្បី «ធ្វើ​ការ​អប់រំ​ឡើង​វិញ» ដល់​សមាជិក​សហគមន៍​អ៊ុយហ្គួរ និង​បង្រៀន​ពួកគេ​នូវ «ជំនាញ​ថ្មី»។

លោក Adrian Zenz ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​សិក្សា​ពី​ប្រទេស​ចិន​នៅ​មូលនិធិ​រំឭក​ដល់​ជនរងគ្រោះ​ដោយសារ​របប​កុំម្មុយនិស្ត​ ឬ Victims of Communism Memorial Foundation បាន​និយាយ​ថា របាយការណ៍​កាន់​តែ​ច្រើន​អំពី​តំបន់ Xinjiang បង្ហាញ​ថា គោលនយោបាយ​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន​នៅ​ក្នុង​តំបន់​នេះ​ជា​គោលនយោបាយ​រយៈពេល​វែង ដោយ​ផ្អែក​លើ​ការ​លុបចោល​នូវ​ការ​គំរាមកំហែង​ណា​មួយ​ដល់​ការ​គ្រប់គ្រង​របស់​ខ្លួន។

លោក Zenz បាន​និយាយ​ថា៖«គោលបំណង​ដ៏​សំខាន់​នៃ​អ្វី​ដែល​គណបក្ស​កុំម្មុយនិស្ត​ចិន​កំពុង​ធ្វើ​នៅ​ក្នុង​តំបន់ Xinjiang និង​កន្លែង​ផ្សេង​ទៀត​គឺ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ក្តោបក្តាប់​អំណាច​រយៈពេល​យូរ​របស់​ខ្លួន។ ការ​គ្រប់គ្រង​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន​ត្រូវ​បាន​គំរាមកំហែង​ដោយ​ប្រតិកម្ម​របស់​ជនជាតិ​អ៊ុយហ្គួរ ដែល​គេ​យល់​ថា​ជា​ការ​រើសអើង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ។ ជនជាតិ​អ៊ុយហ្គួរ​មាន​អត្តសញ្ញាណ​ដាច់​ដោយ​ឡែក និង​មិន​ជាប់​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដូចជា​រដ្ឋាភិបាល​ក្រុង​អ៊ីស្តង់ប៊ុល ឬ​កន្លែង​ផ្សេង​ទៀត​នៅ​អាស៊ី​កណ្តាល​នោះ​ទេ។ យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន​គឺ​វាយប្រហារ​លើ​ផ្នែក​ណា​មួយ​នៃ​អត្តសញ្ញាណ​ដាច់​ដោយ​ឡែក​នេះ»៕

XS
SM
MD
LG