ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្ក្រាប​អ្នករិះគន់​​វិធានការ​របស់​ខ្លួន​ក្នុងការ​​ឆ្លើយតប​នឹង​ជំងឺ​ COVID-19


បុគ្គលិក​សុខាភិបាល​មកពីខេត្តក្រុង​នានាដែល​មកជួយទីក្រុង Wuhan បង្ហោះរូបភ្ជាប់​នឹងទង់​បក្សកុម្មុនីស្តចិន​ នៅស្ថានីយ៍​រថភ្លើងទី​ក្រុងWuhan ។ (រូបថត​ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២០)

លេខ​ទូរស័ព្ទ​នេះ​ដូចជា​ធ្លាប់ស្គាល់។ នេះ​ជា​សម្ដី​របស់​មន្រ្តី​ប៉ូលិស​សម្ងាត់​ឈ្មោះ Sun ។

«តើ​អ្នក​នៅកន្លែង​ណា​? សូមផ្ញើ​ទីតាំង​តាម GPS មក​ឲ្យខ្ញុំ»។ នេះជា​សម្ដី​របស់​លោក​ Sun ដែល​ជា​សមាជិក​អង្គភាព ​guobao ដែល​ជា​កងកម្លាំង​សន្តិសុខ​ផ្ទៃក្នុង​ទទួលខុស​ត្រូវលើ​ការតាម​ដាន​ និង​ឃ្លាំមើល​អ្នករិះគន់ ក្នុង​ប្រទេស​ចិន។

លោក​ Gao Fei អាយុ​៣២ឆ្នាំ​ ដែល​មា​ន​ស្រុកកំណើត​នៅតំបន់​ Huanggang នៃ​ខេត្ត Hubei ប្រទេស ចិន មានរបរ​ជា​ជាងផ្សារ​ដែក​នៅក្នុង​ខេត្ត​ Guangdong ។ កាលពី​ឆ្នាំ២០១៤​ ​លោក​ Gao Feiមាន​បញ្ហា និង​បាន​ជួប​លោក​ប៉ូលិស​ Sun ដោយសារ​តែ​លោក​បានចូល​រូម​សកម្មភាព​សិទ្ធិ​មនុស្ស។

លោក​ Gao ត្រឡប់​ពី​ខេត្ត Zhongshan មក​ភូមិ​គាត់​វិញ​កាល​ពី​ចុង​ឆ្នាំមុន​ ក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ករណី​ដំបូង​នៃជំងឺ​ដ៏​ចម្លែក​ ដែល​បង្ក​ដោយ​វីរុស​មួយ​ប្រភេទ​ស្រដៀង​គ្នានឹង​ជំងឺផ្លូវដង្ហើម​ដែល​ផ្ទុះឡើងនៅ​តាម​មន្ទីរ​ពេទ្យ​ក្នុងតំបន់​នោះ។ ដូចទី​ក្រុង​តូចៗ​ក្បែរទីក្រុង​ Wuhan ដែល​ជំងឺ​ COVID-19 ផ្តើម​កើត​ដំបូងដែរ​ តំបន់​Huanggang ក៏បាន​ក្លាយជា​តំបន់​ដែលរង​គ្រោះ​ដោយជំងឺ​ COVID-19 យ៉ាង​ខ្លាំង។

លោក ​Gao ដឹងថា ​មិនយូរ​មិនឆាប់​ប៉ូលិសនឹង​មករក​គាត់។ នៅថ្ងៃ​ទី២៨​ ខែមករា​ មួយ​ថ្ងៃមុន​ពេល​លោក​ប៉ូលិស​ Sun ទូរស័ព្ទ​ទៅគាត់​ លោក​ Gao បានធ្វើ​ទង្វើ«ផ្លូវកាត់​ឬល្មើស​» ដោយ​ប្រើប្រាស់​បណ្តាញ​ VPN ដើម្បី​បញ្ចៀស​ប្រព័ន្ធ​ the Great Firewall ដែល​ចិនប្រើ​សម្រាប់​គ្រប់គ្រង​តាមដាន​ប្រជាជន​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។

ក្រៅ​ពី​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​រឹតត្បិត​ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ លោក​ Gao ថែមទាំង​បានបង្ហោះ​សារតាម​បណ្តាញ​ Twitterថា ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់ Huanggang​ កំពុង​ប្រឈម​នឹងការ​ខ្វះខាត​ការផ្គត់ផ្គង់​សម្ភារៈ​យ៉ាង​ធ្ងន់ធ្ងរ​។ នេះ​បញ្ជាក់ឱ្យ​ឃើញថា​ លោកប្រធានា​ធិបតី​ Xi Jinping មិន​បានគិត​គូរ​ពី​ជីវិត​ពលរដ្ឋ​សាមញ្ញ​ឲ្យ​បាន​ដិតដល់​ឡើយ។ លោកថែមទាំង​បង្ហោះ​សារ​ថា លោក​ប្រធានាធិបតី​ Xi គឺជា​«ជន​ប្រឆាំង​នឹង​មនុស្សជាតិ​»។

«ពាក្យពេចន៍​បង្ហោះនេះ​ ធ្វើឱ្យភ្ញាក់​ផ្អើលដល់​ក្រុម​មន្រ្តីជាន់​ខ្ពស់​» នេះ​បើតាម​សំដីដែល​លោក​ប្រាប់​ VOAផ្សាយ​ជាភាសា​ចិន​កាល​ពីខែមុន​។ «ប៉ូលិស​ប្រចាំ​តំបន់​ប្រាប់​ខ្ញុំថា​ ក្រសួង​សន្តិសុខ​សាធារណៈ បាន​ចេញ​លិខិត​បង្គាប់ចាប់​ខ្លួន​ខ្ញុំ»។

អស់រយៈពេល​៧​ថ្ងៃ​បន្ទាប់​ពីលោក​ Sun​ ទូរស័ព្ទ​ទៅ​លោក​ Gao លោក​ Gao ក៏​ត្រូវ​បាន​គេចាប់​ខ្លួន ​ដែល​ជាដំណាក់​កាល​ដំបូងនៃ​ដំណើរការ​ចាប់​ឃុំ​ខ្លួន​ផ្លូវការ ​បន្ទាប់ពី​មាន​ការយល់​ព្រមពី​មន្រ្តី​រដ្ឋការ។

លោក ​Gao បាន​ប្រាប់​ VOAថា​៖ «វាជា​ការអនុវត្ត​តាមការ​ដឹកនាំ​របស់​បុគ្គល​ម្នាក់នៅ​ពេលនេះ​ គ្មាន​ទេ​នីតិរដ្ឋ។ ពុំមាន​ការធានា​សុខសុវត្ថិភាព​ដល់​ជនណា​ម្នាក់​ឡើយ»។

ការរឹត​បន្តឹង​

ជំងឺ COVID-19 លេច​ឡើង​កាល​ពីចុងឆ្នាំ​មុនក្នុង​ទីក្រុង​ Wuhan ប្រទេស​ចិន។ ត្រឹម​ថ្ងៃ​ទី​១២ ខែមេសា​កន្លង​ទៅ​នេះ មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ចំនួន​ជាង​ ១១០.០០០នាក់ ហើយ​នៅ​ទូទាំង​ពិភពលោក។ សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​ជាង ៥៣០.០០០នាក់ ហើយ​មាន​ករណី​ស្លាប់​ចំនួន ២០.៦៨០នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins University នៅ​ក្នុង​សហរដ្ឋអាមេរិក។

វា​គឺជាជំ​ងឺរាតត្បាត​ទី២​ដែលមា​ន​ប្រភពចេញ​មកពី​ប្រទេសចិន​ក្នុងសត​វត្សទី​២១នេះ​។ រវាង​ខែវិច្ឆិកា​ ឆ្នាំ២០០២ ​ដល់​ខែកក្កដា​ ឆ្នាំ២០០៣​ ជំងឺ​ SARS ដែល​មាន​ប្រភព​ចេញ​ពីខេត្ត​ Guangdong ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​អស់​ចំនួន ​៧៤៤នាក់​ និងបង្ក​ឱ្យមាន​អ្នកកើត​ជំងឺនេះ​ចំនួន​ ៨.០៩៨​នាក់។

នៅ​ពេលដែល​អាជ្ញាធរ​ចិន​ចាប់​ផ្តើម​ចាត់​វិធានការ​ខ្លាំងក្លា​លើការ​ឆ្លង​រាលដាល​ជំងឺ COVID-19​ ពួកគេ​ក៏ផ្តើម​បន្តពង្រឹង​ការតាម​ដាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ។ ប្រជាជន​ដែល​ហ៊ាន​និយាយ​ពី​ជំងឺនេះ​ អាច​នឹង​មាន​បញ្ហា។

ការ​សួរ​សុខទុក្ខ​គ្នា​ពី​ជីវិត​ប្រចាំ​ថ្ងៃ​ក្លាយ​ជា​បទល្មើស​ប្រឆាំង​អង្គភាព​ guobao។ ឧទាហរណ៍ ដូចជា​សំណួរ​សាមញ្ញៗ​ទាំងអស់​នេះ។ ​តើ​មាន​ប្រាប់​ព័ត៌មាន​បន្ដ​អំពី​អ្នក​ជិត​ខាង​របស់​អ្នក​ដែល​ទើប​តែ​ត្រឡប់​មក​ពី​ទីក្រុង​Wuhan វិញ​ឬ​ទេ? តើ​អ្នក​មាន​ប្រាប់​បន្ដ​អំពីរឿង​ជំងឺ​នេះ​ ដែល​អ្នក​បាន​ឮ​នៅ​ហាង​លក់​គ្រឿង​ទេស​ឬ​ទេ? តើ​អ្នក​កំពុង​ពិភាក្សា​គ្នា​ពី​ប្រភព​នៃ​ជំងឺ​នេះ​ឬ? តើ​អ្នក​កំពុង​សម្ដែង​ការ​ខឹងសម្បា​លើ​ចំណាត់ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​លើ​ជំងឺ​នេះ​ឬ? តើ​អ្នក​កំពុង ព្រួយបារម្ភ​ពី​ភាព​លំបាក​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​សព​ឬ?

លោកស្រី​ Sarah Cook អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​អង្គការ Freedom House និយាយ​ថា៖ «ខ្ញុំគិត​ថា​ ធ្វើបែប​នេះវា​ធ្វើ​ឱ្យប្រជាជន​ភ្ញាក់ផ្អើល​វិញទេ​ ពីព្រោះ​ប្រជាជន​មិនគិត​ថា​ (អ្វីដែល​គាត់​ធ្វើ) ជារឿង​នយោបាយ ​ឬជាហេតុ​បង្កគ្រោះថ្នាក់អ្វី​ឡើយ។ ដូច្នេះ​ហើយ​ ពួកគាត់​មិនបាន​ដឹងថា​ ខ្លួនគាត់​អាចមាន​បញ្ហា​នោះ​ទេ។ ចុងក្រោយ​ស្រាប់តែ​មាន​អាជ្ញាធរ​មក​គោះ​ទ្វារផ្ទះ​គាត់ទៅវិញ​»។

ដូចដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​សរសេរ​ថា​៖ «រាល់ថ្ងៃ​នេះ​ ខ្ញុំ​មាន​មិត្តភក្តិ​ខ្លះ​ត្រូវ​បាន​គេចាប់​ខ្លួន​បណ្តើរៗ​ ខ្លះ​លែង​បាន​ទាក់ទង​គ្នា​ ខ្លះ​ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួន​ ហើយ​ខ្លះ​ទៀត​កំពុងតែ​ «ផឹកតែ​»។

ពាក្យ​ «ផឹកតែ» ដែល​ចិនហៅថា​ he cha មាន​ន័យថា​ «ស្ថិតក្រោម​ដីកា​កោះហៅ​ និងចោទ​សួរដោយ​អាជ្ញាធរ​សន្តិសុខ​ជាតិ»។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចិន​ ហៅកាត់ថា​ (CHRD) ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អន្តរជាតិ​និងចិន​ បាន​និយាយ​កាល​ពីថ្ងៃទី១២ ​ខែមីនា ​ថា មាន​៥.៥១១ ករណីពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ចែក​រំលែក​ព័ត៌មាន​ស្តីពី​ជំងឺ​រាតត្បាត​នេះ។ ចំនួននេះ​ ដូចគ្នា​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ដែល​បាន​ផ្សាយ​ដែរ។

ប្រជាជន​ភាគ​ច្រើន​ដែល​ជាប់ឃុំឃាំង​ដោយសារ​ការ​បញ្ចេញ​មតិ​ពីជំងឺ COVID-19 ត្រូវ​ជាប់​ឃុំ​រយៈ​ពេល​ពី៣ ទៅ១៥ថ្ងៃ​ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​ទទួល​ទោស​កំហុស​នោះ។ មនុស្ស​មួយ​ចំនួន​ត្រូវ​រង​ការ​ផាក​ពិន័យ​ ការ​ព្រមាន​ផ្ទាល់មាត់​ ការ​អប់រំ​ និង​ការ​ឃុំខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម។ ក្នុងចំណោម​ករណី​ដែល​សម្ព័ន្ធ CHRD ប្រមូល​ទិន្នន័យ​បាន​ ជន​រង​ការ​ឃុំ​ខ្លួន​ដែល​ក្មេង​ជាង​គេ​ជាប់​ចោទ​ពី​បទ «ចែក​រំលែក​ព័ត៌មាន​ចចាមអារាម» មាន​អាយុ​ត្រឹមតែ​១៥ឆ្នាំ​ប៉ុណ្ណោះ។

វីអូអេ​បាន​ទាក់ទង​ស្ថានទូត​ប្រទេស​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ ប៉ុន្តែ​ត្រូវ​បាន​ផ្តាច់​វិញ​ បន្ទាប់ពី​បាន​រង់ចាំ​ការ​ត​បណ្តាញ​ទូរស័ព្ទ ដែលឮសូរ​តែ​ភ្លេង។

បើ​ទោះ​ជា​អំឡុង​ពេល​ជំងឺ COVID-19 កំពុង​រាតត្បាត​ក៏ដោយ​ ក៏​លោកស្រី Cook និយាយ​ថា ការ​កៀប​សង្កត់​អ្នករិះគន់​គឺ​ជា​អាទិភាព​ចម្បង​របស់​គណបក្ស​កុម្មុយនីស្តចិន​ (CCP) ពីព្រោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ កំពុង​ចាត់​ទុក​វិបត្តិ​សុខភាព​សាធារណៈ​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ។

ឥទ្ធិពល​នៃ​ការ​បំភិតបំភ័យ​នេះ បញ្ជាក់​ឱ្យ​ឃើញ​តាមរយៈ​ការ​ចាប់ខ្លួន​មហា​សេដ្ឋីអចលវត្ថុ​ និង​ជា​សមាជិក​គណបក្ស​ CCP លោក​ Ren Zhiqiang អាយុ​៦៩ឆ្នាំ។

លោក​ Ren ជា​បុគ្គល​មាន​ទំនាក់​ទំនង​ច្រើន​ តួយ៉ាងដូចជា​អនុ​ប្រធានាធិបតី​ចិន​ លោក Wang Qishan គឺជា​អ្នកប្រឹក្សា​ណែនាំ​លោក Ren​ នៅ​ពេល​លោក Ren​ រៀន​នៅ​មធ្យម​សិក្សា​ និង​ជា​អ្នកដាក់​ឈ្មោះ​ក្រៅ​ «The Cannon»ឱ្យ​លោកRen​។ លោក​ Ren​ បាន​រិះគន់​ជា​ញយ​ដង​ដល់​គណបក្ស​កុម្មុនីស្តចិន​ដែល​កំពុង​ដឹកនាំ​ប្រទេស​។ កាលពី​ដើម​ខែ​មីនា​ លោក​បាន​ថ្កោលទោស​អាជ្ញាធរ​ក្រុង​ប៉េកាំង​ពី​ការ​បិទព័ត៌មាន​អំពី​ឥទ្ធិពលនៃការ​ឆ្លង​រាលដាល​នៃជំងឺ​នេះ។

តាម​អត្ថបទ​បរិយាយ​ដែល​មាន​ពាក្យពេចន៍​ស្រួចស្រាវ​ លោកRenបាន​ហៅ​មេដឹកនាំ​កំពូល​ចិន​លោក​ Xi Jinping ថា​ «ជា​ត្លុកកំប្លែង ដែល​អាក្រាត​កាយ ​និងអះអាង​ថា លោក​គឺ​ជា​អធិរាជ»។ មិត្តភក្តិ​របស់​លោក​ Ren បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ ថា​ អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក​នៅថ្ងៃ​ទី១២​ ខែ​មីនា។

បើ​តាម​ប្រភពព័ត៌មាន​មួយ​ដែលស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វីអូអេ​ថា ដំបូង​ឡើយ​ លោក Ren បានចែក​រំលែក​អត្ថបទ​ដែល​មាន​ពាក្យពេចន៍​បែប​នោះ​ក្នុង​ចំណោម​ក្រុម​មិត្តភក្តិលោក​ ដែល​ជា​សហគ្រិន​ឯកជន ដែល​ជា​ម្ចាស់​មូលនិធិ​មួយ​គាំទ្រ​កិច្ចការ​ការពារ​បរិស្ថាន។

ប្រភព​ដដែល​អះអាង​ថា មាន​មិត្តភក្តិ​គាត់​ជាច្រើន​មានចិត្ត​គំនិត​ដូច​លោក Ren​ ដែល​បាន​ប្រាប់​ថា៖ «លោក​ Ren ប្រហែល​ចែករំលែក​អត្ថបទ​នេះ​ជាមួយ​មនុស្ស​ចំនួន ១១នាក់។ បុគ្គល​ដែល​ភ្លេច​គិត​ពី​ភាព​រសើប​ផ្នែក​នយោបាយ​អាច​នឹង​ជា​អ្នក​បន្ត​ចែកចាយ​ខ្លឹមសារ​នេះ​ចេញ»។

ប្រភព​ដដែល​បាន​បន្តថា​៖ «បន្ទាប់មក​ អាច​នឹងមាន​គេ​មករក​ និង​សាកសួរ​ថា​តើគាត់​ជាអ្នក​សរសេរ​អត្ថបទ​បរិយាយ​ហ្នឹងឬ​? មនុស្សមិន​ចេះបត់បែន​ដូចលោក ​Ren ប្រាកដជាឆ្លើយថា​ គាត់​មែន​ ហើយ​ទាំងអស់នេះ​ហើយជា​ហេតុផល​បណ្តាល​ឱ្យមាន​ហេតុការណ៍​បែបនេះ​កើតឡើង​»។

ពាក្យថា​ «បុគ្គល​មិនចេះ​បត់បែន​» នៅទីនេះ​ មាន​ន័យថា​ ជាមនុស្ស​ដែលមិនកេង​ចំណេញ​តាម​កាលៈទេសៈ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​នេះ​ ប្រាប់​វីអូអេ​ ថា អាជ្ញាធរ​បាន​ចាប់​ឃុំខ្លួន​កូនប្រុស​ច្បង​លោក Ren និង​ប្រាប់​សមាជិក​គ្រួសារ​ទាំងអស់​ផ្សេង​ទៀត​ថា​ អាច​នឹង​ជាប់ពាក់ព័ន្ធ​ផង​ដែរ។

លោក​ Ren​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង liuzhi ក្នុង​រូបភាព​ជា​ការ​ឃុំខ្លួន​ក្រៅ​ចំណាត់​ការ​នៃ​ដែន​កំណត់​ច្បាប់ព្រហ្មទណ្ឌ​ចិន​ដែល​មាន។ រដ្ឋាភិបាល​បាន​ចាត់​ទុក​ករណី​គាត់​ជា​ករណី​សំខាន់។

ប្រភព​ដដែលនេះ​បានប្រាប់​ វីអូអេ​ ថា៖ «គ្មាន​នរណា​អាចចូល​ទៅកាន់​កន្លែងនោះ​បាន​ទេ។ ហើយ​ក៏​គ្មាននរណា​អាចជួយ​អន្តរាគមន៍​ដែរ។ គ្មាន​នរណាអាច​ស្នើសុំលើក​លែកទោស​បានទេ។ សូម្បីតែ​លោក​ Wang Qishan ក៏​ដោយ»។

មន្ទីរឃុំឃាំង​ Liuzhi ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណៈកម្មធិការ​ជាតិ​ត្រួតពិនិត្យ​ការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ចិន​ (NSC) ដែល​មាន​គោលដៅ​ចាត់ការ​លើ​សមាជិក​គណបក្ស​ ការបំពេញ​មុខងារ​របស់​ស្ថាប័ន​រដ្ឋ និង​ការ​គ្រប់គ្រង​ស្ថាប័ន​នានា​ ដូចជា​សាលារៀន​ មន្ទីរពេទ្យ​ សាកល​វិទ្យាល័យ និងសហគ្រាស​នានា​ដែលគ្រប់គ្រង​ដោយ​រដ្ឋ។ ជារឿយៗ​ ស្ថាប័នទាំង​នេះ​ត្រូវបាន​គេប្រើប្រាស់​ដើម្បី​ចាត់ការ​លើ​អ្នកសារ​ព័ត៌មាន​ អ្នកជំនួញ​ និង​អ្នក​រកស៊ី​ក្នុងស្រុក​នានា​ផងដែរ។​ មន្ទីរ​ឃុំឃាំង liuzhi ផ្តល់​សិទ្ធិ​ឱ្យ​គណៈកម្មាធិការ​នេះ​ ចាប់ខ្លួន ជនណា​ដែល​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ ឬ​ជន​ដែល​ជាប់​ពាក់ព័ន្ធដោយ​ប្រយោល។

ខ្សែ​បណ្តាញ​របស់​លោកRen គឺ​លោក Wang Qishan មិន​បាន​បង្ហាញវត្ត​មាន​ជាសាធារណៈ​ទេ​ ចាប់តាំង​ពីការផ្ទុះ​រាតត្បាត​នៃជំងឺ​COVID-19មក។ លោក​ក៏មិន​បានចូល​រួម​ទូរសន្និសីទ​ប្រជាជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ​ដែល​លោកប្រធានាធិបតី​ Xi ដឹកនាំ​ផ្ទាល់​ និងបាន​ដាក់​វិធាន​ការច្បាស់លាស់​ប្រាប់ដល់​សមាជិក​គណបក្ស១៧០.០០០​ នាក់ ដែល​បានចូលរួម​ថា អាទិភាព​ចម្បង​បំផុតរបស់​ចិនគឺរក្សា​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​នៅដដែល​ទោះជា​មានការ​បង្អាក់​ពីជំងឺ​ COVID-19ក៏​ដោយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន​ប្រើប្រាស់​ទូរសន្និសីទ​តាម​អ៊ីនធឺណិត​នេះ​ ដើម្បី​បង្ហាញ​ថា​ លោក​ប្រធានាធិបតី​ Xi កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ​ស្របពេល​ដែល​សាធារណជន​កំពុង​ខឹងសម្បា​លើ​វិធានការ​ឆ្លើយតប​លើ​ជំងឺ​នេះ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​បែប​ប្រជាភិថុត។

តាម​ប្រភព​សុំ​មិនបញ្ចេញ​ឈ្មោះ​ដដែល​បាន​ឲ្យដឹង​ថា​៖ «លោក​ Wang Qishan ត្រូវ​បាន​គេ​ទុក​ចោល​មួយ​ឡែក។ គាត់​មិនបាន​ទាមទារ​ការ​រក្សា​លំនឹង​អំណាច​ជាមួយ​លោកXi ទេ​។ ក្នុង​ចំណោម​សមាជិក​គណបក្ស​ និងជន​មិនមែន​សមាជិកគណបក្ស​ សុទ្ធតែ​សំដែង​សមាន​ចិត្តអាណិត​លោក​ Ren ។ ប៉ុន្តែ​មានមនុស្ស​តិចតួច​ប៉ុណ្ណោះដែល​ហ៊ាន​និយាយរឿងនេះ​។ ពេលនេះ​ លោក Ren Zhiqiang បានក្លាយ​សាច់មួយ​ដុំនៅ​លើ​ជ្រុញទៅហើយ​»។

ស្រ្តី​ម្នាក់​ក្នុងចំណោម​ស្រ្តីសហគ្រិន​ដែលល្បី​ឈ្មោះ​បំផុតនៅ​ប្រទេសចិន​ គឺ​លោកស្រី​ Wang Ying គឺជា​មិត្តរបស់​លោក​ Ren និងជា​បុគ្គល​មួយរូប​ដែលហ៊ាន​និយាយ​ក្នុងនាម​លោក​បន្ទាប់ពី​លោក​បាត់វត្ត​មាន។

នៅពេល​ដែលវីអូអេ​ សាកសួរ​លោកស្រី​កាលពី​សប្តាហ៍មុន​ លោក​ស្រី​បាន​និយាយ​ថា៖ «មិនមាន​ការវិវត្ត​អ្វី​ឡើយ​»លើ​ករណី​លោកRen។

លោកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​ភ័យខ្លាច​ក្នុង​ការនិយាយ​អំពី​ករណីនេះ​។ ការ​បញ្ចេញយោបល់​ពាក់ព័ន្ធ​នឹង​រឿងគាត់​នឹងមិនអាច​ជួយគាត់​បានច្រើន​ឡើយ។ គេប្រើប្រាស់​គ្រប់មធ្យោបាយ​ដើម្បី​កម្រិត​លំហូរ​ព័ត៌មាន។ ការ​បំភិតបំភ័យ​ និងការ​តាមដានមនុស្ស​ សុទ្ធតែ​ជាវិធីសាស្រ្ត​មាន​ប្រសិទ្ធ​ភាព។ ការតាម​ដាន​សមាជិក​គ្រួសារក៏​ជាវិធីសាស្រ្ត​ដ៏មាន​ប្រសិទ្ធភាព​ដែរ»។

លោក​ Peter Dahlinជា​សកម្មជន​សិទ្ធិមនុស្ស​ស៊ុយអេដ​ ប្រាប់​វីអូអេ ថា​ ចាប់តាំង​ពីលោក​ប្រធានាធិបតី​ Xi ចូលកាន់​តំណែងក្នុង​ឆ្នាំ២០១២​មក​ ប្រទេស​ចិនបាន​ធ្វើឱ្យ​មន្ទីរ​ឃុំឃាំង liuzhi រីក​ធំធាត់​ និងអាច​ប្រើប្រាស់​ស្ថាប័ន​នេះប្រឆាំង​ប្រជាជន​ប្រមាណ​ដល់​៣០០លាននាក់​ ទាំងក្នុង​ជួរគណបក្ស​ ទាំង​អ្នកផ្សេង​ៗ​ទៀត។

លោក​ Dahlin បាន​និយាយ​តាមប្រព័ន្ធ ​Skype ថា​៖ «វាគឺជា​ប្រព័ន្ធ​បែបវិធី​សាស្រ្ត​ដែល​គ្រោងទុក​ និង​បែប​ស្ថាប័ន​សម្រាប់​ការចាប់ខ្លួន​មនុស្ស​ ឬនិយាយ​ភាសា​សាមញ្ញថា​ ចាប់ឃុំ​មនុស្ស​ទុក​រហូត​ដល់​កន្លះ​ឆ្នាំតាមទំនើង​ចិត្ត»។ លោក​ Dahlin កំពុង​ជាប់​ក្នុង​ស្ថានភាព​បិទប្រទេស​ក្នុងប្រទេសអេស្ប៉ាញ ក្នុងផ្ទះ​របស់លោក​ក្នុងរដ្ឋ​ធានី ​ម៉ាទ្រីត ដោយសារ​ជំងឺ​រាត​ត្បាត។

លោកDahlin និយាយ​ថា បើ​ទោះក្នុង​ហេតុផល​ប្រឆាំង​អំពើពុក​រលួយ​ក៏ដោយ​ គណៈកម្មាធិការ​ជាតិ​ត្រួតពិនិត្យ​ការប្រឆាំង​អំពើ​ពុករលួយ​របស់ចិន នៅតែ​បន្តពង្រឹង​វិធាន​នយោបាយ​តឹងរ៉ឹង​ និង​ដើម្បី​សម្រេច​ការ​ក្តោបក្តាប់​នយោ​បាយ។

យោងតាម​ទិន្នន័យ​បាន​មក​ពី​អង្គការ​របស់លោក​ ដែល​មានឈ្មោះ​ថា​ Safeguard Defenders ក្នុងឆ្នាំ​២០១៩ គណៈ​កម្មាធិការជាតិ​ត្រួតពិនិត្យ​ការប្រឆាំង​អំពើ​ពុករលួយ​របស់ចិន​ ចាប់ផ្តើមស៊ើបលើ​ករណីអង្កេតជិត​២​លានករណី។ ប្រជាជន​ប្រមាណ​ ២៥.០០០ ទៅ​៣០.០០០នាក់​«ត្រូវបាន​ចាប់ខ្លួន​» គឺប្រមាណ​ពី១៦ ទៅ១៨​នាក់ក្នុង​មួយ​ថ្ងៃ។

លោក​ Dahlin បាន​ប្រាប់​ វីអូអេ​ ថា ​អាជ្ញាធរ​ចិនប្រើ​ការ​បាត់ខ្លួនជំនួស​ការចាប់​ឃុំឃាំង​មនុស្ស​ ពីព្រោះ ​អាជ្ញាធ​រ​គិតថា​ «វាជារូបភាព​ភេរវកម្ម​នយោបាយ​មាន​ប្រសិទ្ធិភាព​ខ្លាំង» ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​តែ​ម្នាក់។

លោក Dahlin បាន​និយាយថា​៖ «មន្ទីរ​ឃុំឃាំង Liuzhi គឺជា​វិធីសាស្រ្ត​មួយ​ដើម្បី​ «បន្លាចឱ្យ​ក្រុមមនុស្ស​កាន់​តែ​ច្រើន​ជាងនេះ​ភ័យខ្លាច​ គឺធ្វើឱ្យ​មិត្ត​រួមការងារ​ មិត្តភក្តិ​ និងដៃគូ​បុគ្គល​ណា​ម្នាក់​ភ័យ​ខ្លាចបន្តទៀត​»៕

ប្រែ​សម្រួល​ដោយលោក កោះ​ សុគន្ធី

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG