ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ថ្មីនៃ​ក្រុម​អាល់កៃដា​ក្នុង​ប្រទេស​យេម៉ែន​លេច​​មុខ​ហើយ


រូបថតឯកសារ៖ រូបថត​ភ្ជាប់​គ្នា​ថត​ចេញ​ពី​ឯកសារ​ចេញផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​យេម៉ែន​ កាលពីឆ្នាំ២០១០ ដែល​ង្ហាញ​រូបភាព​ពីរ​ផ្សេងគ្នារបស់ Qasim al-Rim សញ្ជាតិ​យេម៉ែន ដែល​ជា​មេដឹកនាំ​យោធាថ្មី​របស់​ក្រុមអាល់កៃដានៅ​ឧបទ្វីប​អារ៉ាប់។
រូបថតឯកសារ៖ រូបថត​ភ្ជាប់​គ្នា​ថត​ចេញ​ពី​ឯកសារ​ចេញផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​យេម៉ែន​ កាលពីឆ្នាំ២០១០ ដែល​ង្ហាញ​រូបភាព​ពីរ​ផ្សេងគ្នារបស់ Qasim al-Rim សញ្ជាតិ​យេម៉ែន ដែល​ជា​មេដឹកនាំ​យោធាថ្មី​របស់​ក្រុមអាល់កៃដានៅ​ឧបទ្វីប​អារ៉ាប់។

ក្រុម​អាល់​កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់​បាន​ប្រកាស​បង្ហាញ​មេ​ដឹកនាំ​ថ្មី​របស់​ខ្លួនកាលពី​ពីរ​សប្តាហ៍​មុន ភ្លាមៗ​បន្ទាប់​ពី​វីដេអូ​មួយ​មាន​ប្រភព​ចេញពី​ក្រុមនេះ​ ត្រូវ​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​។ វីដេអូ​នោះ​និយាយ​ថា​ ការ​វាយប្រហារ​ដោយ​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​មេដឹកនាំ​អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់​ រួម​ទាំង​សមាជិក​ក្រុម​នោះ​ពីរ​នាក់​ផ្សេង​ទៀត។ ក៏ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា​ ក្រុម​នោះ​ធ្លាប់​មាន​ភាព​រឹង​មាំ​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​អតីតកាល​ ហើយ​ពេល​ខ្លះ​ការ​យល់​ឃើញ​អំពី​ក្រុម​អាល់កៃដា​ក្នុង​ប្រទេស​យេម៉ែន​មាន​ការ​ផ្លាស់ប្តូរ​ ដោយសារ​តែ​ក្រុម​នោះ​ក៏​ជា​សត្រូវ​របស់​ក្រុម​មួយ​ទៀត​ដែល​ជា​សត្រូវ​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​របស់​ក្រុម​អាល់កៃដា​បាន​អាន​សេចក្តីថ្លែងការណ៍​មួយ​នៅ​ក្នុង​វីដេអូ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៦ ខែ​មិថុនានេះ​ ដោយ​និយាយថា​ Nasser al-Wuhayshi បាន​ស្លាប់​ហើយ​ និងថា​អតីត​មេដឹកនាំ​អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់​ Qasim al-Raymi​ បាន​ឡើង​កាន់​តំណែង​ជា​មេបញ្ជាការ​នៅ​ពេល​នេះ ។

លោក Musa Shteiwi គឺ​ជា​នាយក​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​នៅ​សាកលវិទ្យាល័យ​នៃ​ប្រទេស​ហ្ស៊កដានី។
«ការ​បាត់​បង់​មេដឹកនាំ​ណា​មួយ​ គឺ​ជា​ការ​បាត់​បង់​ដ៏​សំខាន់។ ក៏ប៉ុន្តែ​ពួក​អាល់កៃដា​ ពី​ពេលមួយ​ទៅពេលមួយ​ កាន់​តែ​មាន​ភាព​រឹង​មាំ ហើយ​ពួក​គេ​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​អាច​ជំនួស​មេដឹកនាំ​ចាស់​នោះ​បាន។ ហើយ​ក្រុម​អាល់កៃដា​នេះ​ មិនដែល​បញ្ឈប់​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ណា​មួយ​ដោយគ្រាន់​តែ​មេដឹក​នាំ​របស់​ពួកគេ​ត្រូវ​បាន​សម្លាប់​នោះ​ឡើយ។ ផ្ទុយទៅវិញ​ វា​ពិតណាស់​ ការ​ស្លាប់​នេះ​ គឺ​ជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​មួយ​សម្រាប់​ពួកគេ»។

មេដឹកនាំ​ដែល​គេរាយការណ៍​ថា​ បាន​ស្លាប់​នោះ​ គឺ​ជា​ជន​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​អាល់កៃដា​អស់​ជា​យូរ​មក​ហើយ ដែល​ពី​ដើមឡើយ​ធ្លាប់​នៅ​ជា​មួយ​ អូសាម៉ាប៊ិន ឡាដិន​ (Osama bin Laden) ហើយ​បាន​ដឹកនាំ​ក្រុម​អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់ ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​ជា​ច្រើន​លើក​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​រាប់​រយ​នាក់ ដែលរួម​មាន​ទាំង​ការ​បាញ់ប្រហារ​ដ៏​ប្រល័យ​មួយ​លើ​កាសែត​ Charlie Hebdo ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ។ បុរស​ដែល​ចូ​លមក​ដឹកនាំ​ថ្មី​នេះ​ មាន​ប្រវត្តិ​ស្រដៀង​គ្នា​ទៅ​នឹង​អ្នក​ដែល​ស្លាប់​ដែរ​ ហើយ​អ្នក​ទាំង​ពីរ​នាក់​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វាយលុក​ដោះលែង​អ្នក​ទោស​កាល​ពី​ឆ្នាំ២០០៦​ ក្នុង​ទីក្រុង​សាណា (Sanaa) រដ្ឋធានី​នៃ​ប្រទេស​យេម៉ែន​ ដែល​នៅ​ពេល​នោះ​ សមាជិក​អាល់កៃដា​ចំនួន​២៣​នាក់​ បាន​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​នយោបាយ​ប្រកប​ដោយ​សន្តិសុខ​យ៉ាង​តឹង​រឹង​បំផុត។

លោក Shteiwi​ និយាយ​ថា​ សហរដ្ឋអាមេរិក​ថ្មីៗ​នេះ​បាន​ពន្យឺត​ពេល​វេលា​នៃ​ការ​វាយប្រហារ​របស់​ខ្លួន​លើ​ក្រុម​អាល់កៃដា​ ដោយសារ​តែ​ខ្លួន​កំពុង​តែ​ផ្តោត​គោលដៅ​លើ​ក្រុម​មួយ​ដែល​គេហៅ​ថា​ «រដ្ឋអ៊ីស្លាម»។ លោក​បន្ថែម​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​ប្រហែល​គ្រាន់​តែ​ជា​សារ​មួយ​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម Houthi​ ក្នុង​ប្រទេស​យេម៉ែន​តែ​ប៉ុណ្ណោះ។

«សហរដ្ឋអាមេរិក​ មិន​បាន​ផ្លាស់​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​ក្រុម​អាល់កៃដា​ទេ​ ហើយ​ភាព​ចលាចល​ក្នុង​ប្រទេស​យេម៉ែន​ក៏​មិន​គួរ​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​គាំទ្រ​ក្រុម​អាល់កៃដា​ ឬ​ការ​ប្រើប្រាស់​ក្រុម​អាល់កៃដា​ ដើម្បី​ធ្វើ​ជា​ការ​វាយ​ប្រហារ​ក្នុង​ប្រទេស​យេម៉ែន​ដែរ»។

ក៏ប៉ុន្តែ​ នៅ​ខណៈ​ដែល​សង្គ្រាម​នៅ​តែ​អូស​បន្លាយ​ ហើយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​មានរយៈពេល​បី​ខែ​មក​ហើយ​មិនមាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​បង្ខំ​ក្រុម​ឧទ្ទាម Houthi​ ​ឲ្យ​ចូល​តុ​ចរចារ​នោះ​ លោក​ Labib Kamhawi ​អ្នក​វិភាគ​នយោបាយ និយាយ​ថា​ ស្ថានភាព​នៃ​ការ​ចង​សម្ព័ន្ធ​មិត្ត​នេះ​កំពុង​តែ​ជួប​ភាព​អស់​សង្ឃឹម​កាន់​តែ​ខ្លាំង។ ក្រុម​ឧទ្ទាម ​Houthis​ ធ្លាប់​បាន​ស្បថ​ថា​ ខ្លួន​ជា​សត្រូវ​របស់​ក្រុម​អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់។

«អារ៉ាប៊ីសាអូឌីត​ នឹង​មិន​អាច​យក​ឈ្នះ​ក្រុម​នៅ​យេម៉ែន​ ឬ​ក្រុម​ Houthis​ ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ឡើយ​ ហើយ​ពួក​គេ​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​នោះ​ដោយ​ការ​ប្រយុទ្ធ​នៅ​លើ​ដី​ដែរ។ ដូច្នេះ​ នេះ​ជា​ភាព​រប៉ាត់រប៉ាយ​សម្រាប់​ពួក​គេ។ ខ្ញុំ​មិន​ដឹង​ថា​ ហេតុអ្វី​បាន​ជា​គេ​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហានេះ​ដោយរបៀប​នេះ​ទេ។ ក៏ប៉ុន្តែ​ នៅទីបញ្ចប់​ ខ្ញុំគិត​ថា​ អារ៉ាប៊ីសាអូឌីត​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អ្វី​មួយ​ដែល​ខ្លួន​គេ​មិន​អាច​យក​ឈ្នះ​បាន»។

លោក​បន្ថែម​ថា​ ក្រុម​ជ្រុល​និយម​ ដូច​ជា​ពួក​អាល់កៃដា​នេះ​ គឺ​ជា​អ្នក​ដែល​ទទួល​បាន​លាភ​សក្ការៈ​ធំ​ជាង​គេ​នៃ​ការ​ធ្វើសង្គ្រាម​ក្នុង​ប្រទេស​យេម៉ែន ដោយ​មាន​ការ​រីក​លូតលាស់​នៅ​ពេល​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង ហើយ​ពួក​គេ​ក៏​កំពុង​តែ​ជ្រើសរើស​សមាជិក​ថ្មី​បន្ថែម​ទៀត​ចេញ​ពី​អ្នក​ដែល​កំពុង​រង​គ្រោះ៕

ប្រែសម្រួល​ដោយ​ នៀម​ ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG