ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​ជំនាញ​វាយ​តម្លៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប.

  • Margaret Beshe

កង​រក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ឈរ​នៅ​ពី​ក្រោយ​ទង់ជាតិ​របស់​អង្គការ​នេះ។

បន្ទាប់​ពី​ការ​ពិនិត្យ​ដ៏​ទូលំទូលាយ​ទៅ​លើ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​មួយ​ក្រុម​បាន​ឲ្យ​អនុសាសន៍​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស៊ីជម្រៅ​មួយ​ដើម្បី​ជួយ​អង្គការ​ពិភពលោក​មួយ​នេះ​សម្រប​ខ្លួន​ទៅ​នឹងបញ្ហា​ប្រឈម​ដែល​វិវត្ត​យ៉ាង​ឆាប់រហ័ស​ដែល​ជា​បញ្ហា​ក្នុង​ពិភពលោក។ នេះ​ជា​ការ​វាយ​តម្លៃ​ការ​រក្សា​សន្តិភាព​ដ៏​ធំ​មួយ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​មក​នេះ។

អង្គការ​សហប្រជាជាតិ​មាន​បុគ្គលិក​រក្សា​សន្តិភាព​ដែល​ជា​មន្រ្តី​យោធា ​នគរបាល​ និង​ស៊ីវិល​ច្រើន​ជាង​១២០.០០០​នាក់​ នៅ​ក្នុង​បេសកកម្ម​ចំនួន​១៦​នៅ​ទូទាំង​ពិភពលោក។ ដោយ​វិបត្តិ​ធ្ងន់ធ្ងរ​នានា​ទំនង​ជា​មិន​អាច​បញ្ចប់​ដោយ​ងាយៗ​នោះ​ទេ ចំនួន​តួ​លេខ​នេះ​ទំនង​ជា​នឹង​មិន​ថយ​ចុះ​ទេ។

ក្រុម​អ្នក​ជំនាញ​ដែល​មាន​សមាជិក​១៦នាក់ ហើយ​បាន​ត្រូវ​តែងតាំង​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​ទីម័រ​ខាង​កើតលោក​ Jose Ramos-Horta បាន​ធ្វើ​ការ​អស់​រយៈពេល​ប្រាំពីរ​ខែ​មក​ហើយ​ ដើម្បី​សម្លឹង​មើល​អ្វី​ដែល​ជា​កង្វះ​ខាត​នៃ​ការ​រក្សា​សន្តិភាព ​និង​អ្វី​ដែល​គួរតែ​ជា​ការ​រំពឹង​ទុក​ឆ្ពោះ​ទៅ​អនាគត។

ក្រុម​អ្នក​ជំនាញ​បាន​ប្រគល់​របាយការណ៍​ទៅ​កាន់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក បាន គីមូន ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ប៉ុន្តែ​វា​មិន​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ទេ។ លោក​ Ramos​-Horta បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​អំពី​ខ្លឹមសារ​សំខាន់ៗ​របស់​របាយការណ៍​នេះ។ លោក​បាន​សង្កត់​ធ្ងន់​ថា​គោលដៅ​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ទាំង​អស់​ត្រូវ​មាន​គោលដៅ​នយោបាយ​ច្បាស់លាស់។

‍«សន្ដិភាព​មិន​អាច​ទទួល​បាន​ និង​រក្សា​បាន​ដោយ​ការ​ចូលរួម​ផ្នែក​យោធា​ ឬ​ការងារ​បច្ចេកទេស​តែ​ប៉ុណ្ណោះទេ។ ប៉ុន្តែ​ដំណោះ​ស្រាយ​ជា​ញឹកញាប់​ដែល​គេ​រក​ឃើញ​គឺ​តាម​រយៈ​ការ​អត់ធ្មត់ ​សកម្មភាពនយោបាយ​ដែល​ជាប់​លាប់‍»។

លោក​បាន​ព្រមាន​ថា ​បេសកកម្ម​របស់​អង្គការ​សហប្រជា​ជាតិ​ត្រូវ​បាន​ដាក់​ពង្រាយ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​បរិយាកាស​ដែល​ងាយ​នឹង​បង្កហេតុ​ និង​គ្រោះថ្នាក់​ដែលមាន​សន្តិភាព​តិចតួច​ ឬ​គ្មាន​ទាល់​តែ​សោះ​ដើម្បី​ធ្វើ​ការ​រក្សា។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង​ពេល​អវត្ដមាន​នៃ​ដំណើរការ​ចរចា​សន្តិភាព។ លោក​បាន​និយាយ​ថា ​ក្រុម​អ្នក​ជំនាញ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​គួរតែ​ការ​ដាក់​ពង្រាយបេសកកម្ម​នេះ​ជា​ផ្នែក​នៃ​ដំណើរការ​នយោបាយទូលំទូលាយ​មួយ​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ។

លោកHortaបាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ពង្រាយបេសកកម្ម​លឿន​ជាង​មុន។ ដោយ​គ្មានកងទ័ព​របស់​ខ្លួន​បច្ចុប្បន្ន​នេះ​ អង្គការ​សហប្រជាជាតិ​ត្រូវ​ការ​ពេលប្រាំបួន​ខែ​ក្នុង​ការ​ជ្រើស​រើស​ និង​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព។

«យើង​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​បង្កើន​សមត្ថភាព​មធ្យម​ក្នុង​ការ​ឆ្លើយតប​ឲ្យ​ឆាប់​រហ័ស​ទៅ​កាន់​វិបត្តិ​ណា​មួយ។ សម្រាប់​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​អាច ឆ្លើយតប​លឿន​ជាង​មុន​ ​អង្គការ​នេះ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​អំពី​បណ្តាញ​ដ៏​រឹង​មាំ​នៃ​ការ​ឆ្លើយតប​ដំបូង​ក្នុង​តំបន់​ ឬ​កងកម្លាំង​ដែល​មក​ពី​រដ្ឋ​ជា​សមាជិក‍»។

ខណៈ​ដែល​មាន​ការ​កើន​ឡើង​ការ​រីក​រាលដាល​ក្រុម​ភេរវករ​ កង​កម្លាំង​មួក​ខៀវ​ដែល​ជា​ទាហាន​អង្គការ​សហប្រជាជាតិ​បានជាប់​នៅកណ្ដាល​ ក្នុង​ដំណើរ​ការ​ការពារ​ជន​ស៊ីវិល ដូចជា​នៅ​ Golan Heights​ ដែល​ជា​កន្លែង​ដែល​ក្រុម​ប្រដាប់​អាវុធ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជម្លោះ​ស៊ីរី​បាន​ចាប់ខ្លួន​ និង​បាន​វាយ​ប្រហារ​ពួកគេ​ ឬ​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ដែល​ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​ភេរវករ ​al-Qaida ​ដោយ​រួម​ទាំង​នៅ​ក្នុង Islamic Maghreb។ ក្រុម​អ្នក​ជំនាញ​បាន​ដាស់​តឿន​ថា​ កង​រក្សា​សន្តិសុខនៅ​មាន​កម្រិតដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការ​ទទួល​យក​ការ​ការពារ​រក្សា​ និង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​ទេ។

ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ដោយ​កង​រក្សា​សន្តិភាព​ទៅ​លើ​ប្រជាជន​ ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ការពារ​ បាន​បង្កើត​ស្នាម​អាប់ឱន​កេរ្តិ៍​ឈ្មោះ​លើ​អង្គការ​សហប្រជាជាតិ។ សប្តាហ៍​កន្លង​ទៅ​នេះ​ របាយការណ៍​ផ្ទៃ​ក្នុង​បាន​ចេញ​ផ្សាយ​ឱ្យ​ដឹង​ថា ​ខណៈ​ពេល​ដែល​ការ​ចោទ​ប្រកាន់​ត្រូវថយ​ចុះ​ជា​រួម ​បញ្ហា​នេះ​បាន​បន្ត​កើត​ទៀត។ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ២០១៣ មាន​ការ​ចោទ​ប្រកាន់​ 480 ករណី ​មួយ​ភាគ​បី​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អនីតិជន។ លោកHortaបាន​ឱ្យ​ដឹង​ថា ​គោលនយោបាយ​«គ្មាន​ការ​អត់ឱន‍» (zero tolerence) របស់​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​តែ​អនុវត្ត​យ៉ាង​ច្បាស់​ហើយ​ថា ​អភ័យឯកសិទ្ធិមិន​អាច​មាន​ន័យ​ថា​ ជា​និទ្ទណ្ឌភាព​សម្រាប់​អំពើ​បែប​នេះ​ទេ។

សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ញូវយ៉ក​ និង​ជា​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​លោក Richard Gowan និយាយ​ថា​ របាយការណ៍​នោះ​មាន​ការ​ផ្តោត​អារម្មណ៍​លើ​ចំណុច​ពីរ​ គឺ​ការ​កែ​លម្អ​ពី​របៀប​ដែល​ត្រូវ​គ្រប់គ្រង​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​រួម​ជាមួយ​នឹង​ការ​ដាស់តឿន​នយោបាយ។

«កុំ​ជំរុញ​អង្គការ​សហប្រជាជាតិ​ទៅ​កន្លែងនៅ​អាហ្វ្រិក​ខាង​ជើង ​និង​មជ្ឈិម​បូព៌ា​ដែល​ជា​កន្លែង​ដែល​ពួកគេ​នឹង​ប្រឈម​មុខ​នឹង​ក្រុម​ភេរវកម្ម​ធ្ងន់ធ្ងរ​ដូច ISIS។ កុំ​ស្រមៃ​ថា​អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​ការ​អនុវត្ត​ប្រតិបត្តិការ​សន្តិភាព​ទ្រង់ទ្រាយ​ធំ​បាន។ គួរ​យល់ថា ការ​រក្សា​សន្តិភាព​ជា​ឧបករណ៍​មួយ​ដែល​អាច​មាន​ប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​ប្រទេស​ដូច​ប្រទេស​លីបេរីយ៉ា​ ឬ​ហៃទី​ ប៉ុន្តែ​នៅ​តែ​មាន​ដែន​កំណត់​របស់​ខ្លួន​នៅ​ក្នុង​បរិយាកាស​ដែល​មាន​គ្រោះថ្នាក់​បំផុត‍»។

លោក Gowan បាន​បន្ថែម​ទៀត​ថា​ ការ​ពិនិត្យ​រក្សា​សន្តិភាព​នឹង​មាន​ប្រយោជន៍​ ប្រសិន​បើ​រដ្ឋ​ជា​សមាជិក​ដែល​រួម​មាន​ទាំង​ប្រទេស​ធំ​ជាង​គេ​បំផុត​ដូចជា​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ក្រុម​អ្នក​ជំនាញ​នេះ៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស​

XS
SM
MD
LG