រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីបានទទួលផលនឹងធ្វើឱ្យប្រទេសនេះមានការឈឺចាប់ ស្របពេលដែលលោកស្រីនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បានពិភាក្សាគ្នាដើម្បីរកវិធានការថ្មីៗបន្ថែមទៀតមួយថ្ងៃមុនពេលខួបមួយឆ្នាំនៃការចូលឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រីបានថ្លែងក្នុងប្រទេសឥណ្ឌាថា«វិធីដែលខ្ញុំមើលឃើញនោះគឺថាការដាក់ទណ្ឌកម្មរបស់យើងបានបង្កផលប៉ះពាល់ជាអវិជ្ជមានខ្លាំងលើប្រទេសរុស្ស៊ីរហូតមកដល់ពេលនេះ។បើទោះបីជាវិធានការខ្លះនៅតែធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីមានភាពប្រសើរជាងការគិតពីដំបូងក្តី ក៏នៅពេលនេះរុស្ស៊ីកំពុងប្រឈមនឹងបញ្ហាឱនភាពថវិកាគួរឱ្យកត់សម្គាល់ដែរ»។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Bengaluru នៃប្រទេសឥណ្ឌាថា ការត្រួតពិនិត្យការនាំចេញបានធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូជួបបញ្ហាលំបាកខ្លាំងក្នុងការបំពេញបន្ថែមគ្រាប់រំសេវរបស់ខ្លួន ដែលក្នុងនោះរួមមានការជួសជុលរថក្រោះចំនួន៩ពាន់គ្រឿង ដែលត្រូវបានបំផ្លាញក្នុងសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ។
ប្រទេសជាច្រើនជាពិសេសចិននិងឥណ្ឌាបានជួយដល់រដ្ឋាភិបាលក្រុងមូស្គូដើម្បីបន្ថយការ ប៉ះពាល់ដោយសារការដាក់ទណ្ឌកម្មដោយបង្កើនការទិញប្រេងពីប្រទេសរុស្ស៊ី។
រដ្ឋាភិបាលក្រុងមូស្គូក៏មានលទ្ធភាពបញ្ជៀសផលប៉ះពាល់ដោយសារការដាក់ទណ្ឌកម្ម ដោយនាំចូលទំនិញមួយចំនួនពីប្រទេសទី៣មួយចំនួនដែរ។
ផលទុនសរុបGDPរបស់រុស្ស៊ីមានការធ្លាក់ចុះប្រមាណតែ២,១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២។ នេះបើយោងតាមតួលេខផ្លូវការរបស់រុស្ស៊ីដែលមានចំនួនខុសគ្នាឆ្ងាយពីការប៉ាន់ ស្មានកាលពីឆ្នាំទៅថាមានការចុះថយជាខ្លាំងនោះ ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួននិយាយថានេះតួលេខក្លែងក្លាយទេ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា«សេដ្ឋកិច្ចនិងប្រព័ន្ធដឹកនាំរុស្ស៊ីមានភាពរឹងមាំប្រសើរជាការរំពឹងទុករបស់ប្រទេសលោកខាងលិច»។ លោកបន្ថែមថាក្រុមប្រទេសលោកខាងលិចចង់ឃើញពលរដ្ឋសាមញ្ញរុស្ស៊ីទទួលរងការ«ឈឺចាប់»។
លោកស្រី Yellen ក៏បាននិយាយផងដែរថាសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពល្អ ជាងការប៉ាន់ស្មានកាលពីបីបួនខែមុន នៅចំពោះមុខនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ ក្រែនក៏ដូចជាការឡើងថ្លៃខ្ពស់នៃប្រេងឥន្ធនៈ ស្បៀងអាហារនិងរបស់របរចាំបាច់ជាច្រើនមួយចំនួនទៀត។
ការថ្លែងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះកើតមានឡើង នៅមុនជំនួបនៃបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នៅក្នុងទីក្រុង Bengaluruក្នុងប្រទេសឥណ្ឌាដើម្បីពិភាក្សាការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីនិងការស្វែងរកជំនួយហិរញ្ញវត្ថុថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន៕