ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាណាដា​អំពី​បញ្ហា​អ៊ុយក្រែន​និង​សេដ្ឋកិច្ច​


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាណាដា​លោកស្រី Chrystia Freeland និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី Janet Yellen (ឆ្វេង) ពិភាក្សា​គ្នា​ក្នុង​អំឡុង​ការ​ថត​រូប​ជុំ​គ្នា​មួយ​នៅ​កិច្ច​ប្រជុំ​កំពូល G-7 នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាណាដា​លោកស្រី Chrystia Freeland និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី Janet Yellen (ឆ្វេង) ពិភាក្សា​គ្នា​ក្នុង​អំឡុង​ការ​ថត​រូប​ជុំ​គ្នា​មួយ​នៅ​កិច្ច​ប្រជុំ​កំពូល G-7 នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោកស្រី​ Janet Yellen ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាណាដា ​លោកស្រី​ Chrystia Freeland ​កាលពី​ថ្ងៃ​ច័ន្ទ​ ដោយ​បាន​សន្យា​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​បញ្ហា​ជាច្រើន​ ចាប់ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​រហូត​ដល់​ការ​បង្កើន​ផលិត​កម្ម​ថាមពល​ និង​ការ​ពង្រឹង​សង្វាក់​ផ្គត់ផ្គង់។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​អំឡុង​ទស្សន​កិច្ច​នេះ​ លោកស្រី​ Yellen​ បាន​បង្ហាញ​ពី​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ដ៏​រឹងមាំ​រវាង​សម្ព័ន្ធ​មិត្ត​អាមេរិក​ខាង​ជើង​នេះ​ បាន​ទៅ​ទស្សនា​អាជីវកម្ម​ភ្ញាស់​សត្វ​ និង​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នៅ​សាកល​វិទ្យាល័យ​ Toronto (តូរ៉ុនតូ)។​ នៅ​ពេល​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុទាំង​ពីរ​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ទ្វេភាគី​ ​លោកស្រី​ Freeland ​បាន​និយាយ​ថា៖ ​«ខ្ញុំ​ទន្ទឹង​រង់​ចាំ​យ៉ាង​ខ្លាំង​ពិភាក្សា​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី​ Yellen ​អំពី​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ ដែល​ប្រទេស​របស់​យើង​ទាំង​ពីរ​ប្រឈម​មុខ» ។​

លោកស្រី​ Freeland ​បន្ត​ថា ​បញ្ហា​នានា​រួមមាន​ការ​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ និង​ការ​ជំរុញ​កំណែ​ទម្រង់​ពន្ធ​សកល។ ​លោកស្រី​ Yellen ​បាន​និយាយ​ថា៖​ «យើង​ក៏អាច​ធ្វើការ​រួមគ្នា​ជំរុញ​ផលិតកម្ម​ថាមពល​ ដែល​អឺរ៉ុប​ និង​ប្រទេស​ផ្សេង​ទៀត​ត្រូវ​ការ​យ៉ាង​ខ្លាំង»។​

លោកស្រី​ Yellen ​ថ្លែង​ថា ​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​នឹង​ពិភាក្សា​អំពី​ផែនការ​រយៈ​ពេល​មធ្យម​ក្នុង​ការ​ផ្លាស់ប្តូរ​ទៅ​កាន់​ប្រភព​ថាមពល​ស្អាត​ផង​ដែរ។​

ក្រសួង​ហិរញ្ញវត្ថុសហ​រដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ រដ្ឋមន្ត្រី​ទាំងពីរ​នឹង​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​អតិផរណា។​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ញាក់​ថា៖ «រដ្ឋមន្ត្រី​ទាំងពីរ​ក៏នឹង​ពិភាក្សា​ផង​ដែរ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​កាត់​បន្ថយ​ផល​វិបាក​ជា​សាកលដោយ​សារ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ​រួមទាំង​តម្រូវការ​ជំរុញ​ការ​ផលិត​ឥន្ធនៈ​ហ្វូស៊ីល​ក្នុង​រយៈ​ពេល​ខ្លី​ ដើម្បី​ទប់ទល់​តម្លៃ​សាំង​ថ្លៃ ​ព្រមទាំង​បញ្ជាក់​សា​ជាថ្មី​អំពី​សារៈ​សំខាន់​នៃ​បច្ចេកវិទ្យា​ថាមពល​ស្អាត​ សម្រាប់​ដោះស្រាយ​ក្នុង​រយៈ​ពេល​មធ្យម»។​

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោកស្រី​ Yellen ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។ ​នៅ​ថ្ងៃ​អង្គារ​នេះ ​លោកស្រី​ Yellen​ នឹង​ទៅ​សួរ​សុខទុក្ខ​កុលសម្ព័ន្ធ ​Rosebud Sioux ​ក្នុងរដ្ឋ ​South Dakota​ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​នៃ​ការ​ផ្តល់​មូលនិធិ​ចំនួន ​២០​ ពាន់​លាន​ដុល្លារ​សម្រាប់​សហគមន៍​កុល​សម្ព័ន្ធ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​គម្រោង​ជំនួយ​អាមេរិក​អំឡុង​មាន​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ កាលពី​ឆ្នាំ​មុន៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters

XS
SM
MD
LG