ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទទួលស្គាល់ថា វាមានការលំបាកក្នុងការព្យាយាមការពារតំបន់ខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែកងកម្លាំងរុស្ស៊ីនឹងបន្តប្រឈមនឹងការតស៊ូដ៏ស្វិតស្វាញរបស់កងកម្លាំងអ៊ុយក្រែន។
នៅក្នុងសុន្ទករថាពេលរាត្រីរបស់លោកកាលពីយប់ថ្ងៃចន្ទ លោក Zelenskyy និយាយថា កងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីការពារទីក្រុង Lysychansk និងទីក្រុង Sievierodonetsk នៅភាគខាងកើតអ៊ុយក្រែន និងតំបន់ទាំងមូលផងដែរ។
លោកបាននិយាយនៅក្នុងសុន្ទកថានោះថា «យើងមានការលំបាកខ្លាំងបំផុតនៅក្នុងការប្រយុទ្ធនៅទីនោះ ប៉ុន្តែយើងមានកងកម្លាំងដ៏ខ្លាំងរបស់យើង ទាំងបុរស និងស្ត្រី នៅទីនោះ។ អ្នកឈ្លានពានប្រឈមការទប់ទល់ចំពោះសកម្មភាពរបស់ពួកគេមកលើពួកយើង»។
អភិបាលតំបន់ Luhansk លោក Serhiy Haidai បាននិយាយតាមទូរទស្សន៍ជាតិកាលពីថ្ងៃចន្ទថា ស្ថានភាពនៅក្នុងខេត្តភាគខាងកើតមានការ«លំបាកខ្លាំងណាស់»។
លោកបាននិយាយថា កងកម្លាំងរបស់រុស្ស៊ីបានគ្រប់គ្រងទីក្រុង Sievierodonetsk របស់ខេត្តនេះស្ទើរតែទាំងស្រុង ហើយកងកម្លាំងអ៊ុយក្រែននៅគ្រប់គ្រងតែមួយផ្នែកតូចនៃទីក្រុងនេះប៉ុណ្ណោះ គឺនៅជុំវិញតំបន់រោងចក្រគីមី Azot ដែលជាកន្លែងដែលកងទ័ពអ៊ុយក្រែន និងជនស៊ីវិលប្រមាណ៥០០នាក់កំពុងជ្រកកោន។
លោក Zelenskyy កាលពីថ្ងៃចន្ទនេះ ក៏បានចោទប្រកាន់ប្រទេសរុស្ស៊ីថា បានយកទ្វីបអាហ្វ្រិកធ្វើជាចំណាប់ខ្មាំង ក្នុងការរាំងខ្ទប់មិនឱ្យដឹកជញ្ជូនស្រូវសាឡីចេញទៅកាន់ទីនោះ ដែលជំរុញឱ្យតម្លៃស្បៀងអាហារនៅក្នុងទ្វីបនេះឡើងថ្លៃជាខ្លាំងនោះ។
ប្រទេសរុស្ស៊ីបានបដិសេធថា ខ្លួនមិនមានបំណងរាំងខ្ទប់ការនាំចេញស្រូវសាឡីពីប្រទេសអ៊ុយក្រែន ហើយបានដាក់ការស្តីបន្ទោសថា ការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចធ្វើឱ្យស្បៀងអាហារសាកលឡើងថ្លៃ។
នៅថ្ងៃចន្ទម្សិលមិញនេះផងដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី Chrystia Freeland បានជួបប្រជុំគ្នានៅក្នុងទីក្រុង Toronto ប្រទេសកាណាដា ដើម្បីពិភាក្សាលើការដាក់ទណ្ឌកម្ម និងវិធីផ្សេងៗទៀត ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោកស្រី Yellen បាននិយាយនៅពេលចាប់ផ្តើមនៃជំនួបនោះថា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទាំងពីរក៏នឹងពិភាក្សាគ្នាផងដែរ ទៅលើការធ្វើការរួមគ្នា ដើម្បីជំរុញការផលិតថាមពលដើម្បីទប់ទល់នឹងការឡើងថ្លៃខ្ពស់នៃថាមពលឧស្ម័ននោះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។)