ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ជិះ​បញ្ច្រាស​ទិស​ ​នៅ​មុខ​ផ្ទះ​លោក​ ​ហ៊ុន សែន​ ​នាំ​ដល់​ការ​បង្ក្រាប​បទ​ល្មើស​ចរាចរណ៍​ទូទាំង​ប្រទេស


ប៉ូលិស​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​យាម​ល្បាត​ចាំ​ចាប់​និង​ផាក​ពិន័​យានយន្ត​បើកបរ​ខុស​ច្បាប់​នៅ​ខាង​មុខ​វិមានឯករាជ្យ​បន្ទាប់​នាយករដ្ឋមន្រ្តី​ហ៊ុន សែន មាន​ប្រតិកម្ម​ខ្លាំងៗ​អំពី​សកម្មភាព​ជិះ​បញ្ច្រាស​ផ្លូវ​នៅ​ខាង​មុខ​ភូមិគ្រឹះ​របស់​លោក។(ទុំ ម្លិះ/VOA)

សកម្ម​ភាព​ល្មើស​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​កំពុង​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង​ ​ដែល​បាន​បណ្តាល​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​បញ្ចេញ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ភ្លាមៗ។​

«រឿង​ដែល​វា​ហួស​ចិត្ត ​វិថី​មួយ​ខ្សែ​គឺ​បាន​កើត​ឡើង​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្រ្តី​តែ​ម្តង​ ជាផ្លូវ​ថ្មី​ចែស​គឺ​នៅ​វិមាន​ឯករាជ្យ​ ជាគន្លង​ផ្លូវ​ថ្មីមួយ​ដែល​កើត​ក្នុង​សម័យ​តេជោ ​ជា​ផ្លូវ​មួយ​ដែល​គួរ​ឲ្យ​មាន​ការ​អៀន​ខ្មាស»។

ខាងលើនេះ​ជាស​ម្តី​របស់​លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​បន្ទាប់​ពី​លោក​បាន​ឃើញ​ពី​សកម្ម​ភាព​ល្មើស​ច្បាប់​ចរាចរណ៍​ដោយ​ការ​ជិះ​បញ្ច្រាស​ផ្លូវ​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​របស់​លោក​ នៅ​វិមាន​ឯករាជ្យ​ ដែល​ជា​ទីប្រជុំ​ដោយ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨។

លោក​ ​ហ៊ុន សែន​ ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ទង្វើ​ល្មើស​ច្បាប់​ចរាចរណ៍​ដោយ​ការ​ជិះ​បញ្ច្រាស​ផ្លូវ​ ​ហើយ​បាន​បញ្ជា​ឲ្យ​មន្រ្តី​ពាក់ព័ន្ធ​គឺ​អភិបាល​ខណ្ឌ​ដូន​ពេញ​ចាត់​វិធានការ​បង្រ្កាប​និង​ធ្វើ​ការ​ផាក​ពិន័យភ្លាមៗ​ កាលពី​យប់​ថ្ងៃទី​៣១ ​ធ្នូ​២០១៧ ​ដែល​ជាយប់​ឆ្លង​ឆ្នាំ​សកល​ ​ចូល​ឆ្នាំ២០១៨ ។​ លោកបាន​ដាក់​ការ​ស្តី​បន្ទោស​ទៅ​លើ​មន្រ្តី​អនុវត្ត​ច្បាប់​ក្នុង​ការមិន​យក​ចិត្ត​ទុកដាក់​ និង​មិន​ដាក់​ស្លាក​សញ្ញា​ចរាចរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ស្វែង​យល់​និង​គោរព។​

ក្នុង​ការ​ជួប​ជុំ​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​កាលពី​ថ្ងៃទី​២ ​មករា​ ​២០១៨​ ​លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជាក់​ថា៖​

«ផ្តាំ​ទៅ​ក្មួយៗ!​ ​ប៉ូលិស​ចាប់​ប៉ុន្មាន​ថ្ងៃ​នេះ​ គឺ​បញ្ជា​របស់​នាយក​រដ្ឋមន្រ្តី​តែ​ម្តង​ មិន​មែន​បញ្ជា​អ្នក​ណា​ទេ»។​ ​

បញ្ជា​បន្ទាន់​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣​ទសវត្សរ៍បាន​ធ្វើ​ឱ្យ​មាន​ការ​បង្រ្កាប​ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ភ្លាមៗ​ឡើងវិញ​ ​ទូទាំង​ប្រទេស។​ ​ទោះ​យ៉ាង​ណាក៏​ដោយ​អ្នក​ជំនាញ​ ​និង​អ្នក​អនុវត្ត​ច្បាប់​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ប្រាប់​ ​VOA​ ​ចំពោះ​ការ​បញ្ជា​ ការ​អនុវត្ត​ច្បាប់​និង​ការ​គោរព​ច្បាប់​ចរាចរណ៍​របស់​ពល​រដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន។

លោក​ ​រុណ រ័ត្នវាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​អំពី​បញ្ហា​ល្មើស​ច្បាប់​ទាំង​នេះ​ថា៖​

«ទោះ​បី​ជា​ភ្លើង​ហ្នឹង​ក្រហម​ក៏​គាត់​នៅ​តែទៅ។​ ចំពោះភ្លើងពណ៌លឿង​ដែល​គេ​យល់​ថា​ ជា​ភ្លើង​ដែលសញ្ញា​ ឲ្យ​ឈប់​ដើម្បី​កុំ​ឲ្យ​វិល​កង់​ទៅ​មុខ​បាន​ ​គឺ​គាត់​នៅ​តែ​ល្មើស ហើយ​បញ្ហា​សំខាន់​មួយ​ទៀត​នោះ​គឺ​ថា​ ពេល​ខ្លះ​គាត់​ជិះ​បញ្រ្ចាស​តែ​ម្តង»។​

លោក​បាន​បន្ត​ថា៖​

«គាត់​អត់​យល់​ថា​ អ្វី​ដែល​ចរាចរ​យើង​បាន​ផ្សព្វផ្សាយ ​ហើយ​ការ​ជិះ​បញ្ច្រាស​ហ្នឹង​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​ បណ្តាល​ឲ្យ​មាន​ការ​កក​ស្ទះ​ហ្នឹង​ គាត់​នៅ​តែ​បំពារ​បំពាន​នូវ​ចំណុច​នេះ»។​

ក្រោយ​ការ​បញ្ជា​ភ្លាមៗ​របស់​លោក​ ហ៊ុន សែន​ ​គេ​សង្កេត​ឃើញ​ថា​ មាន​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ឯកសណ្ឋាន​បាន​ចេញ​ត្រៀបត្រា​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​មាន​ការ​ចាប់​យក​ម៉ូតូ​ជា​ច្រើន​គ្រឿង​ផង​ដែរ។​ ​ក៏ប៉ុន្តែ​មិន​មាន​ឃើញ​ការ​ចាប់​រថយន្ត​ទំនើបៗ​នៅ​ឡើយ​នោះ​ទេ។

ប៉ូលិស​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​យាម​ល្បាត​ចាំ​ចាប់​និង​ផាក​ពិន័​យានយន្ត​បើកបរ​ខុស​ច្បាប់​នៅ​ខាង​មុខ​វិមានឯករាជ្យ​បន្ទាប់​នាយករដ្ឋមន្រ្តី​ហ៊ុន សែន មាន​ប្រតិកម្ម​ខ្លាំងៗ​អំពី​សកម្មភាព​ជិះ​បញ្ច្រាស​ផ្លូវ​នៅ​ខាង​មុខ​ភូមិគ្រឹះ​របស់​លោក។(ទុំ ម្លិះ/VOA)
ប៉ូលិស​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​យាម​ល្បាត​ចាំ​ចាប់​និង​ផាក​ពិន័​យានយន្ត​បើកបរ​ខុស​ច្បាប់​នៅ​ខាង​មុខ​វិមានឯករាជ្យ​បន្ទាប់​នាយករដ្ឋមន្រ្តី​ហ៊ុន សែន មាន​ប្រតិកម្ម​ខ្លាំងៗ​អំពី​សកម្មភាព​ជិះ​បញ្ច្រាស​ផ្លូវ​នៅ​ខាង​មុខ​ភូមិគ្រឹះ​របស់​លោក។(ទុំ ម្លិះ/VOA)

បញ្ហា​ល្មើស​ច្បាប់​ចរាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​មាន​តែ​ការ​ជិះ​បញ្ច្រាស​ផ្លូវ​នោះ​ទេ។ ​ ​ការ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ ​ការ​មិន​ពាក់​មួក​សុវត្ថិភាព​ ​រួម​ទាំង​ការ​បើក​បរ​មិន​គោរព​ស្លាក​សញ្ញា​ចរាចរ​នៅ​លើ​ទ្រូង​ផ្លូវ​ផ្សេងៗ​ជា​បញ្ហា​ចម្បង​ដែល​កំពុង​កើត​មាន​ ហើយ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​និង​គ្រោះ​ថ្នាក់​ចរាចរ​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ៏​តូច​មួយ​នេះ។​ ​

លោក​ ​ឈឹម ទូច​ ​អ្នក​ដំណើរ​តាម​ម៉ូតូម្នាក់​ ​អាយុ​២៦​ឆ្នាំ​ ​រស់​នៅ​ទីក្រុង​ភ្នំពេញ​ ​បាន​ប្រាប់​ ​VOA​ ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​ពង្រឹក​ការ​អប់រំ​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​ដល់​ជនបទ។​ ​ ​លោក​ថា​ ការ​បើក​បញ្ជៀត​គ្នា​និង​គ្មាន​សណ្តាប់ធ្នាប់​របស់​រថយន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ក៏​ជាមូល​ហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ។​

អ្នកដំណើរ​ ​ ​ឈឹម ទូច​ បញ្ជាក់​ថា៖​

«រឿង​ឡាន ​ឡាន​បើក​អត់​សូវ​លក្ខណៈ...​ និយាយ​ឲ្យ​ចំ​ទៅ​ ដូច​អ្នក​អត់រៀន​បើក​ឡាន​អី​ចឹង។ ​បើក​លក្ខណៈ... ​ឧទាហរណ៍​ ដូច​ផ្លូវ​តូច​អីចឹង ​បើក​បី​ជួរ​អីចឹង ​ម៉ូតូ​ពិបាក​ធ្វើ​ដំណើរ»។

លោក​ អ៊ា ចរិយា​ ក៏​បាន​មាន​មតិ​ដូច​គ្នា​នេះ​ដែរ​ថា ​ការ​ពង្រឹង​ និង​ផ្សព្វ​ផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវ​ធ្វើ​គ្រប់​ទី​កន្លែង​ និង​គ្រប់វេលា។​

«ទី​១​ ត្រូវ​តែ​បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ គាត់​នៅ​មិន​ទាន់​បាន​យល់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ដែរ។​ ហើយ​ទីពីរ ​ត្រូវ​តែ​ធ្វើ​ការ​រឹត​បន្តឹង​ឲ្យ​បាន​ជាប់​លាប់​ឲ្យ​បាន​គ្រប់​ទី​កន្លែង​និង​គ្រប់​ពេលវេលា»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​អនុវត្ត​ច្បាប់នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ការតឹង​រ៉ឹងនិងស្មើភាព​ទេ​ ព្រោះនៅ​មាន​អ្នក​ដែល​អាចអង្គុយ​នៅ​លើ​ច្បាប់។ ​ដូច្នេះហើយទើបប្រជា​ពល​រដ្ឋ​មួយ​ចំនួន​មិន​គោរព​តាម។

លោក​មាស នី ​អ្នក​វិភាគ​សង្គម​ម្នាក់ ​បាន​និយាយ​ប្រាប់ ​VOA ​ថា៖​

«គេ​អ្នក​ធំៗនៅ​លើ ​គេមិន​គោរព​ផង​ ហើយ​យើង​ រឿង​អី​ដែល​យើង​ត្រូវ​ខ្វល់​ខ្វាយ​ច្រើន។​ អា​ហ្នឹង​រាល់​ថ្ងៃ​គឺ​យើង​ចូល​ក្នុង​អា​ទម្លាប់​មួយគឺ​វប្បធម៌​មួយ​គឺវប្បធម៌​រុញ​ដាក់​គ្នា​ទៅវិញ​ទៅ​មក»។

យោង​តាម​លោក​ ​រុណ រ័ត្នវាសនា​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​នៃ​ក្រសួង​មហាផ្ទៃ ​ ស្ថិតិ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​២០១៧មាន​ការ​ថយ​ចុះ​១៦៣​ករណី​ ​បើ​ប្រៀប​ធៀប​ទៅ​នឹងស្ថិតិ​គ្រោះ​ថ្នាក់​ចរាចរណ៍ឆ្នាំ​២០១៦ ​ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ពី​១.៧១៧​នាក់​ក្នុង​ឆ្នាំ​២០១៦​មក១.៧៨០​នាក់​ក្នុង​ឆ្នាំ​២០១៧​ ​ដែល​វា​នៅ​តែ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។​

លោក​ ​អ៊ា ចរិយា​ ​បាន​និយាយ​ថា ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ស្លាប់​នេះ​គឺ​បណ្តាល​មក​ពី​ការ​អប់រំ​និង​ការ​រឹត​បន្តឹង​ច្បាប់​មាន​ការ​ថយ​ចុះ​ ​ហើយ​វា​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បាន​ប្រាប់​ ​VOA​ ​ថា៖​

«បើ​ប្រៀបធៀប​រវាង​២០១៦​ ​និង​២០១៧ ​ ​ឆ្នាំ​២០១៧​ការ​អប់​រំ​ផ្សព្វផ្សាយ​ក្នុង​ការ​អនុវត្ត​ច្បាប់​មាន​ភាព​មិន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៦​ទេ។​ ​កាលឆ្នាំ​២០១៦​ ​ទាំង​ការ​អប់រំ​ ទាំង​ការ​រឹត​បន្តឹង​ច្បាប់​មាន​ភាព​តឹង​រ៉ឹង​ជាង​ឆ្នាំ​២០១៧។​ ​ដូច្នេះ​ហើយ​បាន​ជា​លទ្ធផល​ថ្មីៗ​នេះ​និយាយ​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦»។​

លោក​ ​រុណ រ័ត្ន​វាសនា​ ​ក៏​បាន​និយាយ​ដែរ​ថា ​មក​ដល់​ពេល​នេះ​ ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍មិន​អាច​ត្រូវ​បាន​លើក​លែង​បាន​ទៀត​ទេ​ ​ត្រូវ​តែ​មាន​ផាក​ពិន័យ​តាម​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។​

លោក​បាន​និយាយ​ថា៖​

«អឺ! ​ដល់​ពេល​ ដល់​វេលា​ដែល​យើង​គិត​ថា ​មិន​អាច​យោគ​យល់​បាន​ចំពោះ​អ្នក​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​ ​ព្រោះ​យើង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ក៏​ដូចជា​អនុវត្ត​មក​ដល់​ពេល​ហ្នឹងតាំង​ពី​ឆ្នាំ​២០១៦​ ​មក​ដល់​ពេល​ហ្នឹង ​យើង​គិត​ថា​ ល្មមយើង​យល់​ច្បាប់​បាន​ច្រើន​ដែរ​ហើយ»។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​បាន​ដាក់​ជា​សំណួរ​ថា​ ​តើ​យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​លើក​នេះ​តាម​រយៈ​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ ​ហ៊ុន សែន​ តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​ជា​យុទ្ធនាការ​ភ្លើង​ចំបើង ឬ​ យ៉ាង​ណា?

XS
SM
MD
LG