ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​បរិស្ថាន​រិះគន់​សំរាម ​និង​ការ​សាងសង់​ផ្លូវ​នៅ​ភ្នំពេញ


រូបឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​។ (កាន់ វិច្ឆិកា/VOA)

លោក​ ​សាយ សំអាល់​ ​បាន​​លើក​ឡើង​ពី​បញ្ហា​គ្រប់គ្រង​សំរាម​ទូទាំង​ប្រទេស​​តាម​បណ្តា​ខេត្ត​ថា ​មាន​ភាព​ល្អ​ប្រសើរ​ ​ប៉ុន្តែ​លោក​ថា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ការ​គ្រប់​គ្រង​សំរាម​នៅ​មិនទាន់បាន​ល្អ​នៅ​ឡើយ។​

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ​លោក​ ​សាយ សំអាល់​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ស្តី​បន្ទោសការ​សាងសង់​ផ្លូវ​មាន​ភាព​យឺតយ៉ាវ​ ​និង​បញ្ហា​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​គឺ​ជា​ផ្នែក​មួយ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ។​

ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើកទី​៤​ ​ស្តីពី​សេចក្តី​ព្រាងក្រម​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ ​លោក​រដ្ឋ​មន្ត្រី​រូប​នេះ​ ​បាន​លើក​ឡើង​ថា​ ​ក្រម​បរិស្ថានដែល​រដ្ឋាភិបាល​កំពុង​ព្រាង​ ​បង្កើត​ ​នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ​ដោយ​ថែរក្សា​ភាព​សុខដុម​រមនា​របស់​ពលរដ្ឋ​ ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ ​ប្រកប​ដោយ​និរន្តរភាព​ជា​ដើម។​ ​លោក សាយ សំអាល់​ ​បន្ថែម​ថា​ ​ក្រម​នេះ​មាន​ទិសដៅ​ជំរុញ​ទៅ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​ឲ្យ​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ ​និង​ការ​លើក​កម្ពស់​ការ​យល់ដឹង​ស្តីពី​បញ្ហា​បរិស្ថាន។​

ខណៈពន្យល់​ពី​ក្រម​បរិស្ថាន​ ​លោក​ ​សាយ សំអាល់​ ​បានលើក​ឡើង​ពី​បញ្ហា​គ្រប់គ្រង​សំរាម​ទូទាំង​ប្រទេសតាម​បណ្តា​ខេត្ត​ថា ​មាន​ភាព​ល្អ​ប្រសើរ​ ​ប៉ុន្តែ​លោក​ថា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ការ​គ្រប់​គ្រង​សំរាម​នៅ​មិនទាន់បាន​ល្អ​នៅ​ឡើយ។​

រដ្ឋមន្រ្តី​វ័យ​ក្មេង​ ដែល​ជា​កូន​ប្រុស​របស់​លោក​ ​សាយ ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​បញ្ជាក់​ថា៖

«ផ្លូវ​ជាតិ​លេខ​មួយអី តាមពិត​គួរ​តែ​ផាក​ដែរ មិនដែល​ផ្លូវ​៤គីឡូ ​ធ្វើ​រាប់​ឆ្នាំ?​ ​ទី១​ហុយ​លើគេ​ក៏​ប៉ះពាល់​សុខភាព​គេ​ ​ឱកាស​សេដ្ឋកិច្ច​របស់​គេហ្នឹង​ដែល​គេ​លក់​តាម​ហ្នឹង​ លក់​មិនកើត​ ​ក៏​ប៉ះពាល់គេ​ ​អាស្ទះ​ផ្លូវ​ហ្នឹង​ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។​ ​ខ្ញុំ​ថា​ក្រុមហ៊ុន​ខ្លះ​ធ្វើ​ផ្លូវ​អញ្ចឹង​គួរ​តែ​ផាក​ដែរហ្នឹង។​ ​អញ្ចឹង​បាន​ថា គួរគិត​ថ្ងៃ​ក្រោយ​ ​អត់​ធ្វើ​អីចឹ​ង​ទេ។​ ​ធ្វើ​រញ៉េរញ៉ៃ​ច្រើន​ផាក​តែ​អីចឹង​ ព្រោះ​វា​ប៉ះពាល់​គេពេក»។​

ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​ក្រសួង​កំពុង​ចាត់​វិធានការពង្រឹងការ​គ្រប់គ្រង​សំរាមបន្ថែម​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។​

លោក​ ​ឈិត សំអាត​ ​នាយក​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភព​លោក​ ​(WWF)​ ​ប្រចាំ​កម្ពុជា​ ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​នោះ​ ​ប្រាប់​ ​VOA​ ​ថា​ ​ក្រមបរិស្ថាន​ដែល​ក្រសួង​បរិស្ថាន​កំពុង​ព្រាង​ ​នឹង​អាច​ជួយ​ឲ្យ​ការការពារបរិស្ថាន​ ​និង​ធម្មជាតិនៅ​កម្ពុជា​ ​មាន​ភាព​ប្រសើរ​ឡើង។​ ​លោក​បន្ថែម​ដោយ​រំពឹង​ថា​ ​រដ្ឋាភិបាល​នឹង​អនុវត្ត​ក្រមនេះ​ឲ្យ​បាន​តឹងរ៉ឹង​ ​ដើម្បី​ការពារ​ ​និង​ទប់ស្កាត់​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ឲ្យ​បានគង់វង្ស។​

លោក​ ​ឈិត សំអាត​ ​មាន​ប្រសាសន៍​ថា៖​

​«បរិស្ថាន​ហ្នឹង​គឺ​មិនមែន​តែ​រឿង​សំរាម ​លូទឹក​ស្អុយ​ប៉ុណ្ណោះ​ទេ ​បរិស្ថាន​ហ្នឹង​គឺ​គ្រប់គ្រង​ទាំង​ធនធាន​ធម្មជាតិ ​ព្រៃឈើ ​និង​សត្វព្រៃ ​ជីវចម្រុះ​គ្រប់​បែប​យ៉ាង​ហ្នឹង ត្រូវ​បាន​ការពារ។​ ​អញ្ចឹង​ច្បាប់​នេះ​ខ្ញុំថា ដល់​ពេល​ហើយ​ ​មិន​ទាន់​យឺត​ពេល​ទេ គឺថា​ត្រូវ​ពេល​ហើយ​ដែល​យើង​ត្រូវ​មាន​ច្បាប់​ ​ហើយ​យើង​ត្រូវ​អនុវត្ត​ឲ្យបាន​ហ្មត់ចត់​បំផុត​ ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ ​បរិស្ថាន​ ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​ ​បើ​មិន​ដូច្នោះទេគឺថា​ ​គឺ​អាច​យឺត​ពេល​ហើយ»។​

កន្លង​មក​ប្រជាពល​រដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ ​តែង​រិះ​គន់​ការ​ស្ថាបនា​ផ្លូវ​ថ្នល់ថា​ ​ប្រើ​រយៈពេល​យូរ ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ ​ខាត​បង់​ពេល​វេលា​ក្នុង​ការ​ប្រកប​មុខរបរ​ជា​ដើម។​

ចំណែក​បញ្ហា​នៃ​ការ​ប្រមូល​សំរាម​ ​និង​ការ​ចោល​សំរាម​ពាស​វាល​ពាសកាល​ ​ក៏​ជាមូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​បាត់​បង់​សោភ័ណភាព​ ​និង​ខូច​បរិស្ថាន​ផង​ដែរ។​

លោក​ ​យ៉ង់ គឹមអេង​ ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ ​លើក​ឡើង​ថា លោក​យល់ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ​ពី​បញ្ហា​ដែល​កំពុង​កើតមាន​ក្នុងរាជធានី​ភ្នំពេញថា ​ជា​បញ្ហា​ប្រឈម​ដែល​មិនទាន់​មានការ​ដោះ​ស្រាយ​ឲ្យមាន​ប្រសិទ្ធ​ភាពនៅ​ឡើយ។​ ​លោក​បន្ថែម​ថា​ ​ក្រម​បរិស្ថាន​ដែលក្រសួង​កំពុងព្រាង​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​លុះត្រា​តែ​រដ្ឋាភិបាល​ ​និង​អ្នកពាក់ព័ន្ធ មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ច្បាប់នោះ​។​

លោក​ ​យ៉ង់ គឹមអេង​ ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ ​បញ្ជាក់​ថា៖​

«បើ​មិនមាន​ការ​តាំង​ចិត្ត​អនុវត្ត​ ​ប្តេជ្ញា​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ​គឺ​បញ្ហា​អត់​អាច​ហ្នឹង​ដោះ​ស្រាយ​បាន​ទេ​ ​នៅ​តែ​ដដែលៗ​ហ្នឹង។​ ​ហ្នឹង​ជា​បញ្ហា។​ ​ហើយ​ច្បាប់​យើង​ត្រូវ​តែធ្វើ​ ​ប៉ុន្តែ​ទន្ទឹម​នឹង​ច្បាប់​ចេញ​ ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ ​បើសិនជា​ច្បាប់​ចេញ​ហើយ​ឲ្យ​មាន​តែ​ជា​ច្បាប់ៗ​ ​អាហ្នឹង​គឺ​ ​មិន​អាច​នឹង​ធ្វើ​ការ​កែលម្អ​បានទេ​ ​ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហ្នឹង»។​

សេចក្តី​ព្រាង​ក្រម​បរិស្ថានដែល​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​ចាប់​ផ្តើម​ព្រាង​តាំងពី​ដើម​ឆ្នាំ​២០១៥​ ​ដែល​មាន​១២៣៥មាត្រា។​ ​ក្រម​នេះចែង​ពី​ការ​អង្កេត​ ​តាម​ដាន​ ​វាយ​តម្លៃ​និង​គ្រប់គ្រង​បរិស្ថាន​ ​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ធនធាន​ធម្មជាតិ​ ​ការ​អភិរក្ស​ ​និង​ការ​គ្រប់គ្រង​បេតិ​កភណ្ឌវប្បធម៌​ ​ការ​គ្រប់គ្រង​សំណល់​ ​និង​ការ​បំពុល​ ​ការ​អប់រំ​ជាដើម។​ ​ក្នុង​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ដែល​លើក​យក​មក​ពិភាក្សា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​រួម​បញ្ចូល​ ​ការ​ផ្តន្ទាទោស​លើ​ការ​ប្រព្រឹត្ត​បទល្មើស​នេះ​ផង​ដែរ៕

XS
SM
MD
LG